សាលាក្រុង​ភ្នំពេញ​អំពាវនាវ​ដល់​ពលរដ្ឋ​រក្សាទុក​សំរាម​នៅផ្ទះ​រៀងៗ​ចំនួន ៣​ថ្ងៃ ពេល​ភ្ជុំបិណ្ឌ

អាស៊ីសេរី
2018.10.07
សំរាម ភ្នំពេញ ២០១៦ ៨៥៥ គំនរ​សំរាម​ដែល​គេ​បោះ​ចោល​នៅ​ច្រាំង​ទន្លេ ស្ថិត​នៅ​ភូមិ​ដើមស្លែង សង្កាត់​ច្បារអំពៅទី២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

ប្រសិនបើ​លោកអ្នក​នាង​មាន​សំរាម ក្នុងអំឡុងពេល​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចំនួន ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី៨ ដល់​ទី ១០​តុលា កុំ​បញ្ចេញ​សំរាម​មក​ដាក់​នៅ​តាម​ដង​ផ្លូវ​សាធារណៈ។ នេះ​បើ​តាម​ការ​អំពាវនាវ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ។

សាលា​រាជធានី​លើកឡើង​ថា ក្រុមហ៊ុន​ស៊ីនទ្រី​នឹង​មិន​បាន​ប្រមូល​សំរាម​ចាប់ពី​ថ្ងៃទី៨ ដល់​ថ្ងៃទី១០ នោះ​ទេ ដោយសារ​បុគ្គលិក និង​កម្មករ​របស់​ក្រុមហ៊ុន ដែល​បម្រើ​ការងារ​សម្អាត និង​ដឹកជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ឈប់សម្រាក​ពី​ការងារ ហើយ​កម្មករ​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​ពួកគេ ដែល​ធ្វើ​ឱ្យ​ការ​ផ្ដល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​ក្នុង​ក្រុង មាន​ភាព​រអាក់រអួល និង​មិនបាន​ពេញលេញ។

អាជ្ញាធរ​បញ្ជាក់​ថា ការ​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម ឬ​សេវាកម្ម រក្សាទុក​សំរាម​នៅ​ទីតាំង​រៀងៗ​ខ្លួន​នេះ គឺ​ដើម្បី​ថែរក្សា​សោភ័ណភាព អនាម័យ និង​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ការ​ប្រមូល​សំរាម​នឹង​វិល​មក​ជា​ធម្មតា​វិញ​នៅ​ថ្ងៃ​ទី១២ តុលា។

ជា​រៀងរាល់​ឆ្នាំ ឱ្យ​តែ​នៅ​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ម្តងៗ សំរាម​ជាច្រើន​ត្រូវ​បាន​គេ​គរ​ចោល​ពាស​វាល​ពាស​កាល ពេញ​នៅ​តាម​ដង​ផ្លូវ និង​ទីតាំង​មួយ​ចំនួន ដែល​បង្ក​ក្លិនស្អុយ​អសោច​នៅ​ជុំវិញ​នោះ។ មូលហេតុ​គឺ​ដោយសារ​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក ហើយ​អាជ្ញាធរ​ក្រុង​មិនបាន​រៀបចំ​ក្រុម​ប្រមូល​សំរាម​ណាមួយ​សម្រាប់​ធ្វើ​ការ​នៅ​ថ្ងៃបុណ្យ​ទាំងនោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។