ពលរដ្ឋ​ជាង ២០០គ្រួសារ​រិះគន់អាជ្ញាធរ​ខេត្ត​កោះកុង​ថា មិន​ទប់​ស្កាត់​ជន​ល្មើស​កាប់​ព្រៃ​កោងកាង

ដោយ ឡេង ម៉ាលី
2021-10-28
Share
ពលរដ្ឋ​ជាង ២០០គ្រួសារ​រិះគន់អាជ្ញាធរ​ខេត្ត​កោះកុង​ថា មិន​ទប់​ស្កាត់​ជន​ល្មើស​កាប់​ព្រៃ​កោងកាង ព្រៃកោងកាង ក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានគេកាប់ទន្ទ្រាន ដើម្បីយកដី ថត​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។
រូប៖ សមាគម ADHOC

ព្រៃ​កោងកាង​ទំហំ ៦៣ហិកតារ ដែល​ជា​ប្រភព​ចំណូល​នេសាទ​យ៉ាង​សំខាន់ របស់​ពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ​ក្នុង​ខេត្ត​កោះកុង​កំពុង​ប្រឈម​ការ​កាប់​ទន្ទ្រាន ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល​អស់​ជា​ច្រើន​ហិកតារ។ ពលរដ្ឋ​ជាង ២០០គ្រួសារ​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឃុំ​ស្រុក​ខេត្ត និង​ក្រសួងបរិស្ថាន ដើម្បី​ទប់ស្កាត់ និង​ស៊ើបអង្កេត​រក​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ។

ពលរដ្ឋ​ជាង ២០០គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ចំនួន៨​ ក្នុង​ឃុំ​ជ្រោយ​ស្វាយ ស្រុក​ស្រែអំបិល​រិះគន់ អាជ្ញាធរ​ខេត្ត​កោះកុង​ថា មិន​អើពើ​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​ពួក​គាត់ ដែល​ពឹង​ឱ្យ​អាជ្ញាធរ​ជួយ​ទប់​ស្កាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​កោងកាង​អស់​ជាង ១២ហិកតារ​ជា​ថ្មី​ទៀត នៅ​រយៈ​ពេល ៦ខែ​ចុង​ក្រោយ​នេះ។ អ្នកភូមិ​អះអាង​ថា ពួកគាត់​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ៥នាក់ ដែល​ជា​មេខ្លោង​ឃុបឃិត​កាប់​ព្រៃ​កោង​កាង​ខុស​ច្បាប់ ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​រារែក មិន​អើពើ​ចាត់​វិធានការ​ច្បាប់។

តំណាង​ពលរដ្ឋ​នៅ​ស្រុក​ស្រែអំបិល លោក អ៊ុយ សារ៉ុន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៧ តុលា​ថា ព្រៃ​កោងកាង​នៅ​តំបន់​នោះ មាន​ទំហំ​សរុប ៦៣ហិកតារ ដែល​ជា​ជម្រក​ត្រី​ពង​កូន និង​ជីវចម្រុះ​សំបូរ​បែប​កំពុង​ប្រឈម​ការ​បាត់បង់​ជា​បន្ត​បន្ទាប់។ លោក​បន្ត​ថា ពលរដ្ឋ​នៅ​មូលដ្ឋាន ៥នាក់ បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មួយ​ចំនួន និង​មេ​សហគមន៍​នេសាទ សម្រុក​កាប់​ទន្ទ្រាន​ព្រៃ​កោង​កាង​អស់​ជាង ១០ហិកតារ​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​កើត​ទុក្ខ​មិន​សុខ​ចិត្ត៖ «សម្បត្តិ​ជាតិ សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ​នេះ ​វា​សំខាន់​ណាស់! បើ​និយាយ​ពី​ធនធាន​ធម្មជាតិ​វិញ ​គឺ​វា​បាត់បង់​ជីវចម្រុះ ​ក្ដាម​ខ្យង ​ត្រី​បង្គា ​អា​ហ្នឹង​វា​ប៉ះពាល់​ច្រើន​ណាស់។ ប៉ះពាល់​ដល់​រដ្ឋ ​ពី​ព្រោះ​ជន​ប្រព្រឹត្ត​ហ្នឹង​ វា​កាប់​យក​ធ្វើ​ឯកជន ​យក​ដី​រដ្ឋ​ហ្នឹង»

ពលរដ្ឋ​រូប​នេះ​បន្ថែម​ថា អ្នកភូមិ​ជាង ២០០គ្រួសារ បាន​រួមគ្នា​ដាក់​ពាក្យ​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត​ ជាច្រើន​លើក​មក​ហើយ ​តែ​គ្មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ​។ រី​ឯ​ជន​ល្មើស​នៅតែ​បន្ត​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​កោងកាង ដើម្បី​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ នៅ​កន្លែង​ដែល​ពលរដ្ឋ​នេសាទ​ត្រី​ចិញ្ចឹម​ជីវិត។

ប្រជា​សហគមន៍​នេសាទ គឺ​លោក ញាវ ហាច ស្ដាយ​ព្រៃ​កោងកាង ដែល​ជា​ជម្រក​ត្រី​ពង​កូន និង​ជា​ឆ្នាំងបាយ​របស់​ពលរដ្ឋ​ជា​ច្រើន​ភូមិ​ក្នុង​ឃុំ​ជ្រោយ​ស្វាយ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត​កំពុង​ប្រឈម​វិនាស​ហិនហោច។ លោក​បញ្ជាក់​ទៀត​ថា អ្នកភូមិ​អាច​រក​ប្រាក់​ចំណូល ពី​ការ​នេសាទ​ត្រី ចាប់​ពី ៤ម៉ឺនរៀល​ដល់​ជាង ១០ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ពី​ព្រៃ​កោងកាង​នៅ​តំបន់​នោះ ដូច្នេះ​ប្រសិន​បើ​បាត់​បង់ ពួក​គាត់​នឹង​គ្មាន​កន្លែង​នេសាទ​ត្រី​ចិញ្ចឹម​ជីវិត​ទៀត​ទេ៖ «ពលរដ្ឋ​ខំ​តស៊ូ​ទោះ​បី​ជា ​ជាប់​រនាំង​ក៏​ដោយ ក៏​គាត់​នៅ​តែ​ព្យាយាម​ គឺ​ជា​កន្លែង​ដែល​គាត់​រក​ស៊ី​ប្រកប​មុខ​របរ​រាល់​ថ្ងៃ។ មិន​ដឹង​ថា ​ខែ​ណា? ឆ្នាំ​ណា? ដែល​គេ​រក​ដំណោះ​ស្រាយ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលាខេត្ត​កោះកុង លោក ​សុខ សុទ្ធី បាន​នៅ​ឡើយ​ទេ ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក នៅ​ថ្ងៃ​ទី២៧ ខែតុលា។

ប៉ុន្តែ​មេឃុំ​ជ្រោយ​ស្វាយ លោក ប៊ុន រ៉េ ទទួល​ស្គាល់​ថា​ពិត​ជា​មាន​ការ​កាប់​ទន្ទ្រាន​ព្រៃ​កោងកាង អស់​ជាង ១០ហិកតារ ហើយ​លោក​ថា លោក​បាន​ផ្តល់​ដំណឹង​នេះ​ទៅ​ថ្នាក់​លើ​រួច​អស់​ហើយ។ លោក​បញ្ជាក់​ថា កន្លង​ទៅ​លោក​បាន​ចាត់​ឱ្យ​មេភូមិ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ចុះ​ស្រាវ​ជ្រាវ​រឿង​នេះ ដើម្បី​ធ្វើ​របាយការណ៍ ស្នើ​ឱ្យ​ថ្នាក់​លើ​ចាត់​វិធានការ​បន្ត​ទៀត ព្រោះ​ភារកិច្ច​ដោះស្រាយ​រឿង​នេះ​ហួស​ពី​សមត្ថភាព​អាជ្ញាធរ​ឃុំ៖ «សួរ​នាំ​តាម​អាជ្ញាធរ​ពាក់ព័ន្ធ ថ្នាក់​ក្រោម​មេភូមិ ​ហើយ​ធ្វើ​របាយការណ៍​យក​ទៅ​លើ​អស់​ហើយ​តើ»

ដោយ​ឡែក​ប្រធាន​គណៈកម្មការ​សហគមន៍​នេសាទ​តំបន់​ឆ្នេរ​សមុទ្រ​ជ្រោយស្វាយ លោក ហាវ ឡាញ់ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ព្រៃ​កោងកាង​ដែល​ពលរដ្ឋ​ប្ដឹង​ទាមទារ​នោះ មិន​ឋិត​ក្នុង​តំបន់​សហគមន៍​ដែល​លោក​គ្រប់គ្រង​នោះ​ទេ។ លោក​បញ្ជាក់​ថា ដី​ព្រៃ​កោង​នៅ​តំបន់​នោះ គឺ​ឋិត​ក្នុង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ដងពែង ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន៖ «អត់​មាន​ទេ សហគមន៍​នេសាទ​គេ​ដាក់​ឱ្យ​នៅ​ក្នុង​សមុទ្រ ​ទឹក​សមុទ្រ​តែ​ម្ដង ព្រៃ​កោងកាង ហើយ​ពលរដ្ឋ​គាត់​ទៅ​រក​ក្ដាម​ខ្យង ​គាត់​ទៅ​រក​ធម្មតា ​ដល់​ពេល​គេ​កាប់​បំផ្លាញ​ ខ្ញុំ​ក៏​អត់​ដឹង​ដែរ មិន​ដឹង​ខាង​ណា ​អ្នក​កាប់»

វិទ្យុអាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង លោក ហ៊ុន ម៉ារ៉ាឌី ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៧ តុលា​នេះ។

អ្នក​ភូមិ​ចាត់​ទុក ព្រៃ​កោងកាង​នៅ​តំបន់​នោះ អាច​បង្កើត​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ រក្សា​ការពារ​តម្លៃ​នៃ​ធនធាន​ធម្មជាតិ​ឲ្យ​មាន​និរន្តរភាព​ជូន​ពលរដ្ឋ និង​បង្កើត​ឱកាស​ការងារ​ដល់​ប្រជា​សហគមន៍​ដោយ​អាច​ទាញ​យក​ប្រាក់​ចំណូល​បាន តាម​រយៈ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​តំបន់​នោះ។ អ្នកភូមិ​មាន​បំណង​ចង់​ថែទាំ​ព្រៃ​កោងកាង​ទាំង​នេះ​ឱ្យ​គង់វង្ស ដើម្បី​ប្រយោជន៍​យូរ​អង្វែង​របស់​ពលរដ្ឋ​សុវត្ថិភាព​បរិស្ថាន និង​ជម្រក​សត្វ​ស្លាប​ជាច្រើន​ប្រភេទ។

ជុំ​វិញ​រឿង​នេះ​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ខេត្ត​កោះកុង លោក ថោង ច័ន្ទតារា សង្កេត​ឃើញ​ថា ជន​ល្មើស​ជាប់​សែស្រឡាយ​អ្នកធំ និង​ជា​អ្នក​មាន​លុយ​មាន​អំណាច អាជ្ញាធរ​មិន​យក​ចិត្ត​ទុក​ដាក់ ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​នោះ​ទេ ដែល​ជា​ដើម​ចម ធ្វើ​ឱ្យ​ព្រៃ​កោង​កាង​នៅតែ​បន្ត​បាត់បង់។ លោក​ថា លោក​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​ខេត្ត​នេះ​មិន​ជួយ​ការពារ​ធនធាន​ធម្មជាតិ ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ស្រប​តាម​ច្បាប់​នោះ​ទេ បើ​ទោះ​បី​ជា​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​កោង​កាង​កើត​ឡើង​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ក្ដី៖ «អាជ្ញាធរ​អត់​មាន​ឆន្ទៈ​ការពារ​ធនធាន​ធម្មជាតិ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ទេ ​យើង​ឃើញ​មាន​សកម្មភាព​កាប់​រាន​ទន្ទ្រាន​កន្លង​មក ច្រើន​កន្លែង​មក​ហើយ ទាល់​តែ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ច្រើន ​បាន​គាត់​ទប់ស្កាត់​ទេ និង​មាន​វិធានការ។ អត់​មាន​វិធានការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ទេ​ ពេល​ខ្លះ​ដោះស្រាយ​តាម​របៀប​បែប​រដ្ឋបាល»

ប្រជា​សហគមន៍​នេសាទ​ប្រាប់​ថា ព្រៃ​កោងកាង ឋិត​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​ជ្រោយ​ស្វាយ នៃ​ភូមិ​ជ្រោយ​ស្វាយ​លិច ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែ​អំបិល​ជា​ប្រភព​សេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់​ពលរដ្ឋ ៨ភូមិ នេសាទ​ត្រី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព និង​ទទួល​ប្រយោជន៍​ពី​ភ្ញៀវ​ទេសចរ ទៅ​ទស្សនា​កម្សាន្ត។ អ្នក​ភូមិ​បារម្ភ​ថា ប្រសិនបើ​បាត់បង់​ព្រៃ​កោងកាង នោះ​នឹង​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ជម្រក​ត្រី​ពង​កូន សត្វ​ស្លាប ជីវចម្រុះ​សមុទ្រ និង​ជីវភាព​សហគមន៍​ធ្លាក់​ចុះ​ជា​ដើម៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល