ដើមឈើ​ធំៗ​នៅ​ជួរ​ភ្នំក្រវាញ ខេត្ត​កោះកុង​រង​ការ​កាប់​បំផ្លាញ ប៉ះពាល់​តំបន់​ទេសចរ​សហគមន៍

ដោយ ជីវិតា
2024.05.30
ដើមឈើ​ធំៗ​នៅ​ជួរ​ភ្នំក្រវាញ ខេត្ត​កោះកុង​រង​ការ​កាប់​បំផ្លាញ ប៉ះពាល់​តំបន់​ទេសចរ​សហគមន៍ សកម្មភាបកាប់ឈើក្នុងតំបន់អេកូទេសចរល្អាងគ្រី ក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងខេត្តកោះកុង កាលពី២០ ឧសភា ២០២៤។
រូប៖ សហគមន៍ផ្តល់ឱ្យ

ដើមឈើ​ធំៗ​ដែល​មាន​អាយុកាល​រាប់​រយ​ឆ្នាំ ឋិត​ក្នុង​តំបន់​អេកូ​ទេសចរ​ល្អាង​គ្រី នៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ក្នុង​ខេត្ត​កោះកុង បន្ត​ទទួល​រង​ការ​កាប់​រំលំ​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការ​ទប់ស្កាត់។

ពលរដ្ឋ​ចំនួន ៤​ភូមិ​រស់នៅ​ស្រុក​ស្រែអំបិល ដែល​ទទួល​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​នោះ សោកស្តាយ​ចំពោះ​ការ​បាត់បង់​មរកត​ធម្មជាតិ​ទាំងនេះ។

ប្រជា​សហគមន៍​រស់នៅ​ឃុំ​ដងពែង ស្រុកស្រែ​អំបិល ព្រួយបារម្ភ​ពី​អនាគត​ដើមឈើ​ធំៗ​ដែល​មាន​តម្លៃ នៅ​កៀក​នឹង​ភូមិ​កំណើត​របស់​ពួកគាត់ ក្នុង​តំបន់​អេកូ​ទេសចរ​ល្អាងគ្រី នឹង​វិនាស​ហិនហោច​អស់ ប្រសិនបើ​ក្រសួងបរិស្ថាន​នៅតែ​មិន​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​កំពុង​កើត​មាន​ក្នុង​តំបន់​នោះ។

ប្រធាន​សហគមន៍​អេកូ​ទេសចរ​ល្អាងគ្រី លោក ស៊ីម ខ្មៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៩ ឧសភា ថា ក្រុម​ជនល្មើស​លួច​កាប់​ឈើ​ធំៗ​ជាច្រើន​ដើម ក្នុង​ខែ​ឧសភា​នេះ​។ លោក​ថា ទីតាំង​បទល្មើស​ព្រៃឈើ​នោះ ឋិត​ក្នុង​តំបន់​ដែល​ភ្ញៀវ​ទេសចរ​តែងតែ​បោះតង់​កម្សាន្ត​គយគន់​ទេសភាព ហើយ​ទីនោះ​ក៏​ជា​ជម្រក​សំខាន់​របស់​សត្វព្រៃ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។

លោក​ថា ប្រជា​សហគមន៍​មាន​គ្នា​តិច​មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទាំង​នេះ​បាន​ទេ ហើយ​ពួក​លោក​បាន​ផ្តល់​ដំណឹង​នេះ​ឱ្យ​មន្ត្រី​បរិស្ថាន​ចុះ​អន្តរាគមន៍​រួចហើយ ក៏ប៉ុន្តែ​គ្មាន​បាន​ផល​ឡើយ។

លោក ស៊ីម ខ្មៅ៖ «ព្រួយបារម្ភ​ដែរ ប៉ះពាល់​ខ្លាំង​ភ្ញៀវ​ដើរ​ទេសចរ​តាម​ហ្នឹង គាត់​មើល​ឃើញ​ការ​បំផ្លាញ​អ៊ីចឹង​ទៅ គាត់​បារម្ភ​ថ្ងៃមុខ​ហ្នឹង​អស់។ បទល្មើស​ហ្នឹង​ភ្ញៀវ​សួរនាំ ខ្លាច​មាន​រឿង​ដល់​ភ្ញៀវ​។ ការ​បំផ្លាញ​នេះ​វា​ធ្ងន់ធ្ងរ​ដល់​ខាងមុខ​ដែរ»

កាលពី​សប្តាហ៍​មុន​ប្រជា​សហគមន៍​មួយ​ក្រុម និង​ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន​នាក់​បាន​ប្រទះឃើញ ដើមឈើ​ធំៗ​ជាច្រើន​ដើម មាន​មុខ​កាត់ ៥​តឹក ដល់​ជាង ២​ម៉ែត្រ ត្រូវ​គេ​កាប់​ផ្តួល​ឋិត​ក្នុង​តំបន់​អេកូទេសចរណ៍​ល្អាង​គ្រី នៃ​ភូមិ​ពោធិ៍​បឹង ឃុំ​ដងពែង ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។

ប្រជា​សហគមន៍​ចាត់ទុក​បទល្មើស​ព្រៃឈើ​ទាំងនេះ​ជា​ដំណើរ​ឈាន​ទៅ​រក​​ការ​វិនាសកម្ម​ធនធានធម្មជាតិ​កេរ​ដូនតា ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បង្ក​ប៉ះពាល់​ជម្រក​សត្វ​ខ្ទីង ប្រើស ជ្រូកព្រៃ និង​ខ្លាឃ្មុំ ជាដើម។

logging_kk2.jpg
សកម្មភាបកាប់ឈើក្នុងតំបន់អេកូទេសចរល្អាងគ្រី ក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងខេត្តកោះកុង កាលពី២០ ឧសភា ២០២៤ ។ រូប៖ សហគមន៍ផ្តល់ឱ្យ

អ្នកនាំ​ភ្ញៀវ​ទេសចរ​ទស្សនា​ព្រៃឈើ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ លោក លី រ៉ាន់ ឱ្យ​ដឹង​ថា ក្នុង​ពេល​ពួក​លោក ចុះ​ល្បាត​ព្រៃ កាលពី​សប្តាហ៍​មុន លោក​ប្រទះឃើញ​អន្ទាក់​ចាប់​សត្វព្រៃ​ជាច្រើន​កន្លែង​ដែល​ក្រុម​ជនល្មើស​ដាក់​ពង្រាយ​ចាប់​សត្វ​ខ្លាឃ្មុំ ខ្ទីង និង​ជ្រូកព្រៃ​ជាដើម ក្នុង​តំបន់​នោះ។ លោក​ថា ភ្ញៀវ​ទេសចរ​នឹង​មិន​ទៅ​កម្សាន្ត​ក្នុង​តំបន់​នោះ​ទៀត​ទេ ប្រសិនបើ​គ្មាន​ព្រៃឈើ និង​សត្វព្រៃ។

លោក លី រ៉ាន់៖ «ឆ្នាំនេះ​ខ្លាំង​ជាង​រាល់​ឆ្នាំ​រឿង​កាប់ ហើយ​ក្តៅ​ក៏​ក្រៅ សត្វ​ឃើញ​តែ​ងាប់​ពេញ​តែព្រៃ យ៉ាប់​ដល់​ក​ហើយ មិនដឹង​រក​កន្លែង​ណា​ទប់ស្កាត់​មិន​ឃើញ​សោះ»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង លោក ហ៊ុន ម៉ារ៉ាឌី បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី២៩ ឧសភា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។ រីឯ​អភិបាល​ខេត្ត​កោះកុង លោកស្រី មិថុនា ភូថង ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន សង្កេត​ឃើញ​ថា បទល្មើស​ព្រៃឈើ​នា​ពេល​បច្ចុប្បន្ន​នេះ បើ​មើល​ពី​ខាង​ក្រៅ​ហាក់ដូចជា​ទ្រង់ទ្រាយ​តូចៗ ក៏ប៉ុន្តែ​វា​តែងតែ​កើតមានឡើង​យ៉ាង​ជាប់លាប់ ធ្វើ​ឱ្យ​ព្រៃឈើ​បន្ត​បាត់បង់​យ៉ាង​លឿន ខណៈ​ដែល​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​មិន​ទាន់​មាន​លទ្ធភាព​ទប់​ស្កាត់​នៅឡើយ​ទេ។

លោក អូត ឡាទីន៖ «បើសិនជា​ក្នុង​អាណត្តិ​របស់​រដ្ឋាភិបាល​ថ្មី អត់​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹង​យន្តការ​អនុវត្ត​ច្បាប់ និង​បើក​ចំហ​ចូលរួម​សមូហភាព​ទេ។ បញ្ហា​ធនធាន​ធម្មជាតិ​របស់​យើង យើង​មិនអាច​ទប់ស្កាត់​បាន​ទេ»

ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង មាន​ផ្ទៃដី ជាង ៤ សែន ១ ម៉ឺន​ហិកតារ (៤១០.៣៩២) ឋិត​ក្នុង​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ។ ឧទ្យាន​ជាតិ​នេះ​ទទួលស្គាល់​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១៦ តាម​សំណើ​របស់​ក្រសួង​បរិស្ថាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។