រដ្ឋអាជ្ញាតុលាការសហព័ន្ធអាមេរិកប្រចាំតំបន់ លាតត្រដាងវីដេអូ ដែលជាភស្តុតាងរឹងមាំ ក្នុងការបញ្ជាក់ថា លោក គ្រី ម៉ះផល ពិតជាបាននាំយកសត្វស្វាក្ដាម ដែលត្រូវបានគេចាប់ពីព្រៃទៅផ្គត់ផ្គង់ដល់ក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (Vanny Bio-Research) ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរសហការស៊ើបអង្កេតជាមួយតុលាការអាមេរិក និងឈប់ការពារ លោក គ្រី ម៉ះផល ដើម្បីរក្សាមុខមាត់លើឆាកអន្តរជាតិ។
ប្រធានរដ្ឋអាជ្ញាតុលាការសហព័ន្ធអាមេរិកប្រចាំតំបន់ លោក ថូម៉ាស់ វ៉ាត់ ហ្វីតហ្គើរ៉ល (Thomas Watts-Fitzgerald) កាលពីថ្ងៃអង្គារ ទី៦ ធ្នូ បានប្ដឹងទាស់ទៅនឹងសេចក្ដីសម្រេចរបស់ចៅក្រមតុលាការក្រុងញូវយ៉ក (New York) ដែលបានយល់ព្រមតាមសំណើរបស់ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក លោក កែវ ឈា ស្នើឱ្យតុលាការផ្ទេរលោក គ្រី ម៉ះផល ពីមន្ទីរឃុំឃាំងនៅទីក្រុងញូវយ៉ក ទៅនៅស្ថានទូតខ្មែរក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) វិញ។
លោក ថូម៉ាស់ វ៉ាត់ ហ្វីតហ្គើរ៉ល បានសំអាងលើហេតុផល២យ៉ាងធំៗ ចំពោះការប្ដឹងទាស់នេះ។ ទី១ អាជ្ញាធរអាមេរិកមានភស្តុតាងជាវីដេអូ បញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម លោក គ្រី ម៉ះផល ពិតជាពាក់ព័ន្ធនឹងការនាំយកសត្វស្វាក្ដាមដែលត្រូវបានគេចាប់ព្រៃយកទៅផ្គត់ផ្គង់ដល់ក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច ដោយបន្លំឯកសារដាក់ថាជាស្វាក្ដាមចិញ្ចឹមពីកសិដ្ឋាន ដើម្បីនាំចេញស្របច្បាប់។ ហេតុផលទី២ លោក ថូម៉ាស់ ថា ការស្នើសុំរបស់ស្ថានទូតខ្មែរដែលសន្យាថា នឹងលះបង់អភ័យឯកសិទ្ធិស្ថានទូត ដើម្បីឱ្យសមត្ថកិច្ចអាមេរិកចូលពិនិត្យវត្តមាន ឬនាំខ្លួនលោក គ្រី ម៉ះផល ឡើងតុលាការ គឺប្រៀបដូចជារឿងបោកបញ្ឆោត ហើយលោក គ្រី ម៉ះផល អាចនឹងគេចខ្លួនតាមរយៈការគាំទ្រពីរដ្ឋាភិបាលកម្ពុជា។
លោកបន្ថែមថា ឯកអគ្គរាជទូតខ្មែរ លោក កែវ ឈា ឬមន្ត្រីស្ថានទូតខ្មែរថ្នាក់ក្រោមរបស់លោក នឹងមានភាពងាយស្រួលក្នុងការសម្រួលដល់ការគេចខ្លួនរបស់លោក គ្រី ម៉ះផល បើសិនជាគាត់ត្រូវបានផ្ទេរឱ្យទៅរស់នៅក្នុងបរិវេណស្ថានទូតខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោន។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា ប្រាប់វិទ្យុអាស៊ីសេរីថា ក្រសួងកសិកម្មនៅតែបន្តស្វែងរកយុត្តិធម៌ដល់លោក គ្រី ម៉ះផល និងចង់ឃើញមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះនៅក្រៅឃុំបណ្ដោះអាសន្ន។ កញ្ញាបន្តបញ្ជាក់ថា មកដល់ពេលនេះលោក គ្រី ម៉ះផល នៅតែជាជនមិនទាន់មានទោសនៅឡើយទេ៖ « នៅក្នុងពេលដែលមេធាវីការពារក្ដីកំពង់តែ តតាំងជាមួយតុលាការដើម្បីស្វែងរកយុត្តិធម៌ជូនដល់មន្ត្រីកម្ពុជាយើង ការលើកឡើងពីករណីនេះ នៅគ្រប់ដំណាក់កាលទាំងអស់ វាមិនអាចជួយអ្វីបានច្រើនក្រៅតែពីផ្ដល់ព័ត៌មានទី១ ទី២វាអាចនឹងធ្វើឲ្យប្រជាពលរដ្ឋលោកមានការបែកខ្ញែកមតិគ្នានៅក្នុងសំណុំរឿងនេះ »។
ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃក្រសួងកសិកម្ម លោក គ្រី ម៉ះផល កំពុងជាប់ឃុំបណ្ដោះអាសន្ននៅមន្ទីរឃុំឃាំងក្រុងញូវយ៉ក សហរដ្ឋអាមេរិក (Brooklyn's Metropolitan Detention Center) រង់ចាំសវនាការលើអង្គសេចក្ដី។ លោកត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងពេលដែលលោកកំពុងធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកនៅឯអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ ខេននឺឌី (John F. Kennedy International Airport) នៅក្រុងញូវយ៉ក ដើម្បីទៅចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅឯប្រទេសប៉ាណាម៉ា (Panama)។
កន្លងមកក្រសួងកសិកម្មរបស់រដ្ឋាភិបាលកម្ពុជា រួមទាំងរដ្ឋបាលព្រៃឈើ បានចេញសេចក្ដីថ្លែងការណ៍មួយជាបន្ទាន់អំពីការចាប់ខ្លួនលោក គ្រី ម៉ះផល ថារដ្ឋាភិបាលកម្ពុជានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួន ជាពិសេសអ្នកដែលបំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេសស្របតាមអនុសញ្ញាអន្តរជាតិ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះនៅឡើយទេនាថ្ងៃទី៧ ខែធ្នូ។
ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ កម្ពុជាបានរាយការណ៍ពីការនាំចេញសត្វស្វាក្ដាម ឬស្វាកន្ទុយវែងចំនួនជាង៩ម៉ឺន៣ពាន់ក្បាល (៩៣.៨៣៤ក្បាល) ក្បាលនៅទូទាំងពិភពលោក។ ក្នុងនោះសហរដ្ឋអាមេរិកបាននាំចូលសត្វស្វាក្ដាមចំនួនជាង ៧ម៉ឺន៦ពាន់ក្បាល (៧៦.៥៦៨ក្បាល) បន្ទាប់ពីការចាប់ផ្ដើមនៃជំងឺរាតត្បាតកូវីដ ១៩ ក្នុងឆ្នាំ២០២០។
ប្រភពឲ្យដឹងថា សត្វស្វាកម្រនេះ ត្រូវបានគេរត់ពន្ធដោយសារតែការបង្កាត់ពូជថ្មីត្រូវការចំណាយថវិកា និងពេលវេលាយូរ ព្រោះសត្វ
ស្វាញីកើតកូនបានតែម្ដងប៉ុណ្ណោះក្នុងរយៈពេលពីរឆ្នាំ ហើយវាត្រូវបំបៅកូនរយៈពេល ៤២០ថ្ងៃ។ ប្រភពបន្តថា ខណៈការទិញស្វាយកទៅពិសោធន៍មានតម្រូវការខ្ពស់ ដូច្នេះហើយទើបធ្វើឱ្យក្រុមហ៊ុននាំស្វាចេញទទួលយកស្វាព្រៃមកចិញ្ចឹមក្នុងរយៈពេលខ្លី ហើយធ្វើការនាំចេញតែម្ដង។
ពាក់ព័ន្ធនឹងរឿងនេះដែរ មន្ត្រីផ្នែកតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា យល់ឃើញថា រដ្ឋាភិបាលកម្ពុជាគួរចូលរួមសហការជាមួយតុលាការអាមេរិក ហើយធ្វើស៊ើបអង្កេតបន្ថែមជុំវិញការជួញដូរសត្វស្វាក្ដាមព្រៃនេះ ជាជាងបន្តការពារលោក គ្រី ម៉ះផល ដោយគ្មានអំណះអំណាងច្បាស់លាស់ដូចនេះ។ លោកថា កន្លងមកសហគមន៍ព្រៃឈើនៅខេត្តពោធិ៍សាត់ និងតាមជួរភ្នំក្រវ៉ាញផ្សេងៗក៏ធ្លាប់បានលើកឡើងពីការចាប់ទាក់យកសត្វស្វាព្រៃដោយខុសច្បាប់យ៉ាងសន្ធឹកសន្ធាប់ដែរ៖ « ឥរិយាបថរដ្ឋាភិបាលធ្វើបែបនេះនៅពេលដែល អាមេរិកជំនុំជម្រះនិងមានសាលក្រមបញ្ជាក់ថាលោក គ្រី ម៉ះផល ពិតជាមានបទល្មើសមែនវានឹងធ្វើឲ្យបាក់មុខ ខូចកិត្តិយសរបស់កម្ពុជាដែលព្យាយាមការពារមន្ត្រីខិលខូច រដ្ឋាភិបាលកម្ពុជាគួរតែធ្វើការស៊ើបអង្កេតបន្ថែមនិង ចាប់ខ្លួនបក្សពួករបស់លោក គ្រី ម៉ះផល មកផ្ដន្ទាទោសនៅតុលាការកម្ពុជាបន្ថែមទើបជារឿងសមគួរ និងអាចទទួលយកបាន »។
ចៅក្រមតុលាការអាមេរិកប្រចាំក្រុងញូវយ៉ក នៅមិនទាន់ចេញសេចក្ដីសម្រេចលើបណ្ដឹងទាស់របស់ប្រធានរដ្ឋអាជ្ញាតុលាការសហព័ន្ធអាមេរិកប្រចាំតំបន់ ជុំវិញការសម្រេចឱ្យលោក គ្រី ម៉ះផល នៅក្រៅឃុំនៅឡើយទេ ខណៈរង់ចាំសវនាការលើអង្គសេចក្ដីលើសំណុំរឿងនេះ។ លោក គ្រី ម៉ះផល អាចប្រឈមនឹងជាប់ពន្ធនាគារនៅអាមេរិករហូតដល់ ១៤៥ឆ្នាំ ប្រសិនបើតុលាការរកឃើញថា លោកពិតជាបានប្រព្រឹត្តបទល្មើសជួញដូរសត្វព្រៃមែន។ ទន្ទឹមនឹងនេះ សំណុំរឿងនេះ ក៏អាចជាប់ពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលយកលុយ ១ម៉ឺនដុល្លារ ពីក្រុមហ៊ុន Vanny Bio Research ដែលសហរដ្ឋអាមេរិកចោទប្រកាន់ថា នៅពីក្រោយអំពើរត់ពន្ធជួញដូរសត្វស្វាក្ដាមព្រៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។