សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​បារម្ភ​ខ្លាច​បទល្មើស​ព្រៃ​ឈើ​កើន​ឡើង​អំឡុង​បុណ្យ​ចូល​ឆ្នាំ

ដោយ សូត សុខប្រាថ្នា
2017.04.12
កាប់​ឈើ​ព្រៃ​ឡង់ កំពង់ធំ ២០១៧ ១៤៤០ គំនរ​ឈើ​ដែល​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ និង​សមត្ថកិច្ច​មូលដ្ឋាន ប្រទះ​ឃើញ​ពេល​ចុះ​ល្បាត​ព្រៃ​ឡង់​កាល​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៧។ រូបថត​ផ្ដល់​ដោយ​សហគមន៍​ព្រៃ​ឡង់
រូបថត​ផ្ដល់​ដោយ​សហគមន៍​ព្រៃ​ឡង់

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បារម្ភ​ថា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ គឺ​ជា​ពេលវេលា​មន្ត្រី​រាជការ មន្ត្រី​ជំនាញ និង​សហគមន៍​សម្រាក ហើយ​ក៏​ជា​ឱកាស​ល្អ​សម្រាប់​ក្រុម​ជន​ល្មើស​ធ្វើ​សកម្មភាព​កាប់​ឈើ​ដែរ។ សហគមន៍​កត់​សម្គាល់​ថា រាល់​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ ជន​ល្មើស​តែង​ឆក់​ឱកាស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​នៅ​តំបន់​ព្រៃ​ការពារ។

ប្រជា​សហគមន៍​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត ពិសេស​មន្ត្រី​ជំនាញ គប្បី​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ការពារ ដែល​នឹង​អាច​កើត​ឡើង​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

បណ្ដាញ​ស្នូល​ការពារ​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព មាន​ប្រសាសន៍​ថា បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​អភិរក្ស​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ នៅ​តែ​មាន​សភាព​ស្ងប់ស្ងាត់​នៅ​ឡើយ។ ការ​បញ្ជាក់​ដូច្នេះ បន្ទាប់​ពី​ប្រជា​សហគមន៍​ព្រៃ​ឡង់​នាំ​គ្នា​ចុះ​ល្បាត​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៨ មេសា ដល់​ថ្ងៃ​ទី​១០ មេសា។ ការ​ចុះ​ល្បាត​ប្រចាំ​ខែ​មេសា គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ទេ ប៉ុន្តែ​ខាង​សហគមន៍​រឹប​អូស​បាន​រណារ​យន្ត​មួយ​គ្រឿង ឧបករណ៍​ឆក់​ត្រី​មួយ​គ្រឿង និង​ឮ​សំឡេង​ម៉ាស៊ីន​អារ​ឈើ​ក្នុង​ព្រៃ​មួយ​ចំនួន ដោយ​មិន​អាច​បង្ក្រាប​បាន ព្រម​ទាំង​ករណី​រាន​ដី​ព្រៃ​ថ្មី​ខ្លះ​ដែរ។

លោក​បន្ថែម​ថា ដ្បិត​តែ​ស្ថានភាព​បទល្មើស​មិន​សូវ​មាន​ច្រើន​ក្តី ប៉ុន្តែ​សហគមន៍​បារម្ភ​ថា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក្រុម​ជន​ល្មើស​នឹង​ធ្វើ​សកម្មភាព​កាន់​តែ​ច្រើន​ជាក់​ជា​មិន​ខាន៖ «កម្មវិធី​ធំៗ​ទាំងអស់​នោះ គឺ​ជា​កម្មវិធី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ព្រោះ​ជា​ឱកាស​របស់​អ្នក​ដែល​រង់ចាំ​បំផ្លាញ​ព្រៃ​ឈើ»

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ និង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ល្បាត​ព្រៃ​ឡង់​កាល​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៧។ រូបថត​ផ្ដល់​ដោយ​សហគមន៍​ព្រៃ​ឡង់
ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ និង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ល្បាត​ព្រៃ​ឡង់​កាល​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៧។ រូបថត​ផ្ដល់​ដោយ​សហគមន៍​ព្រៃ​ឡង់
រូបថត​ផ្ដល់​ដោយ​សហគមន៍​ព្រៃ​ឡង់

កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល​ប្រកាស​បង្កើត​តំបន់​ព្រៃ​ឡង់​ជា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ) គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន ៤ រួម​មាន​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ច​ការពារ​ធម្មជាតិ​ក្នុង​តំបន់​មួយ​នេះ ហើយ​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ លោក តុប កក្កដា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ មេសា ថា ការ​ព្រួយ​បារម្ភ​របស់​សហគមន៍ គឺ​ជា​រឿង​ត្រឹមត្រូវ​ម្យ៉ាង ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​រៀបចំ​ផែនការ និង​បែងចែក​កម្លាំង​ដើម្បី​ឃ្លាំ​មើល​សកម្មភាព​បទល្មើស​រួច​ទៅ​ហើយ។ លោក​បន្ត​ថា ស្ថានភាព​បទល្មើស​នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ គឺ​ស្ងប់ស្ងាត់​ដដែល មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។ លោក តុប កក្កដា ចង់​ឲ្យ​មាន​កិច្ច​សហការ​ល្អ​ជាមួយ​សហគមន៍​បន្ត​ទៀត ដោយ​ផ្តល់​ព័ត៌មាន​ពិត​ជាក់ស្តែង មិន​បំភ្លៃ​ការពិត និង​មិន​ត្រូវ​លាប​ពណ៌​គ្នា​នោះ​ឡើយ៖ «ប្រជុំ​បាន​ដាក់​ផែនការ​ហើយ គឺ​យើង​មក​ផ្លាស់​វេន​គ្នា គឺ​មួយ​កន្លែង​នៅ​ប្រចាំ​នៅ​ស្នាក់ការ​ហ្នឹង​បី​នាក់។ គឺ​យើង​មិន​ឲ្យ​គាត់​មក​ទាំងអស់​ទេ។ អ៊ីចឹង​ការងារ​បង្ក្រាប​នៅ​ដដែល​ទេ»

ព្រៃ​ឡង់​ក្រោយ​ពេល​ដាក់​ជា​តំបន់​ព្រៃ​អភិរក្ស ជម្រក​សត្វ បទល្មើស​គឺ​ថយ​ចុះ​ច្រើន​នៅ​តំបន់​ខ្លះ ដូចជា​នៅ​ខេត្ត​កំពង់ធំ ជាដើម ប៉ុន្តែ​នៅ​ខេត្ត​ផ្សេង​ទៀត បទល្មើស​នៅ​តែ​កើត​ឡើង​ច្រើន​ដដែល។

អ្នក​សម្របសម្រួល​បណ្ដាញ​ការពារ​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត លោក សេង សុខហេង កត់​សម្គាល់​ថា មិន​ត្រឹម​តែ​រដូវ​កាល​បុណ្យ​ទាន​ធំៗ​ប៉ុណ្ណោះ​ទេ សូម្បី​ក្នុង​រដូវ​វស្សា​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន ជន​ល្មើស​តែង​ឆក់​ឱកាស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​បាន​ដដែល។ លោក​ថា ក្រុម​ជន​ល្មើស​មិន​ខ្វល់​រឿង​បុណ្យ​ទាន​ទេ ព្រោះ​តម្លៃ​ខ្លួន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ឱកាស​បុណ្យ​ទាន​កាន់​តែ​ខ្ពស់​ជាង​ថ្ងៃ​ធម្មតា ម្យ៉ាង​មន្ត្រី​ពាក់ព័ន្ធ ឬ​សហគមន៍​ត្រូវការ​សម្រាក​ជួបជុំ​ក្រុម​គ្រួសារ៖ «នៅ​ក្នុង​តំបន់​នោះ​តិចតួច​ទេ ហើយ​អ្នក​នៅ​ខាង​ក្រៅ​ដែល​គាត់​មិន​បាន​នេះ គឺ​គាត់​ចូល​ទៅ​កាប់ ដោយ​មាន​កម្រៃ​ខ្ពស់​ជាង​ថ្ងៃ​ធម្មតា និង​ទី​២ គឺ​ជនជាតិ​វៀតណាម ក៏​សំខាន់​ដែល​ចូលរួម​ចំណែក​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្លាំង​មែនទែន​នៅ​ប្រទេស​កម្ពុជា»

លោក​យល់​ថា រាជ​រដ្ឋាភិបាល​គប្បី​ផ្តល់​ប្រាក់ ឬ​ពាន​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ជំនាញ និង​ប្រជា​សហគមន៍​ដែល​លះបង់​ពេលវេលា​សម្រាក​ផ្ទាល់​ខ្លួន​ក្នុង​រដូវ​បុណ្យ​ទាន មក​ជួយ​ការពារ​ព្រៃ​ឈើ។ ក្រៅ​ពី​នេះ អាជ្ញាធរ​ត្រូវ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត និង​ស្រាវជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។