
ពលរដ្ឋនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អះអាងថា ព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងព្រៃនៅតំបន់ក្បែរនោះ កំពុងរងការកាប់បំផ្លាញធ្ងន់ធ្ងរ។
មន្ត្រីការពារដែនជម្រកទទួលស្គាល់ថា ក្រុមពលរដ្ឋដែលខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃពិតជាបានចូលកាប់ឈើក្នុងដែនជម្រកខ្លះមែន ខណៈកម្លាំងការពារដែនជម្រកមានតិច ហើយពលរដ្ឋតែងតែឆ្មក់លួចចូលកាប់ឈើ។
រទេះគោយន្តប្រមាណ ៧០គ្រឿង និងរ៉ឺម៉កធ្យូង ៦គ្រឿងយ៉ាងតិចក្នុងមួយថ្ងៃ សម្រុកដឹកឈើប្រភេទដុំសំបក អុសស្ទែរ និងធ្យូង ចេញពីចំណុចចម្ការម៉ុច ឋិតនៅភូមិកោះខ្ទុំ ឃុំជៀប ដោយគ្មានសមត្ថកិច្ចណាចុះទប់ស្កាត់។ ការកាប់បំផ្លាញដូចគ្នានេះ ក៏មាននៅតំបន់យ៉ោក ក្នុងទឹកដីរដ្ឋបាលខេត្តពោធិ៍សាត់ ដែលឋិតនៅជាប់តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នោះដែរ។
ប្រជាពលរដ្ឋម្នាក់រស់នៅឃុំជៀប ស្រុកទឹកផុស លោក អ៊ុក ផាត់ ឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា ថា ចាប់តាំងពីដើមឆ្នាំ២០១៤ សកម្មភាពដឹកឈើធ្វើអាជីវកម្មកាត់តាមឃុំជៀប ឃុំខ្លុងពពក ឆ្ពោះមកទីរួមស្រុកទឹកផុស ដើម្បីបែងចែកលក់បន្តទៅតាមដេប៉ូក្នុង និងក្រៅខេត្ត កំពុងបង្កឲ្យព្រៃឈើហិនហោច។
លោកថា ក្រុមឈ្មួញចាប់ផ្ដើមបើកគោយន្តចូលព្រៃកាប់ឈើបន្តកន្ទុយគ្នាដូចហែកឋិននៅម៉ោង ៤ទៀបភ្លឺ និងបើកគោយន្តដឹកឈើចុះពីព្រៃភ្នំ មកវិញ ចាប់ពីម៉ោងពីររសៀលរហូតដល់ម៉ោង ១២យប់ រៀងរាល់ថ្ងៃ៖ «ខ្ញុំបារម្ភ! ព្រោះវាអស់ព្រៃឈើវាចប់ហើយ ដូចថា មានព្រៃមានជីវិត ដល់អស់ព្រៃឈើ ជីវិតសត្វមិនដឹងនៅណា វារលាយហិនហោចអស់ហើយ គ្មាននរណាមួយទប់ស្កាត់ ហើយអានាធិបតេយ្យចំ គ្មានច្បាប់គ្មានទម្លាប់»។
ឆ្លើយតបបញ្ហានេះ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងជាមន្ត្រីការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ម្នាក់ លោក បឿ ប៊ុនថន ថ្លែងថា បទល្មើសភាគច្រើនកើតមាននៅក្រៅដែនជម្រកដូចជា នៅតាមដីក្បាលស្រែពលរដ្ឋ ឬនៅតំបន់ត្រួតស៊ីគ្នានៃតំបន់ការពាររបស់បរិស្ថានផង និងរដ្ឋបាលព្រៃឈើផង។
លោកថា កត្តាជីវភាព និងខ្វះទឹកធ្វើស្រែឆ្នាំនេះបានជំរុញឲ្យពលរដ្ឋប្រព្រឹត្តបទល្មើស៖ «ការដឹកឈើចេញមកហ្នឹងយើងឃើញគាត់ចេញមែន ក៏ប៉ុន្តែ មិនមែនជាលក្ខណៈអាជីព ជួនកាលគាត់ឆក់កណ្ដៀតបានមួយជើងគ្រាន់សល់លុយទិញអង្កហូប ឬទិញជី (ជីបាចស្រូវ)។ យើងនិយាយជាស្ថានភាពរួមវាមានផលប៉ះពាល់មួយចំនួនដែរ ដោយសារគាត់ចូលពីក្រោមមកឆ្លងកាត់ព្រៃការពារ បានចូលដល់ដែនជម្រក»។
មន្ត្រីគម្រោងនៃអង្គការបង្កើនសមត្ថភាពសហគមន៍ដើម្បីអភិវឌ្ឍ លោក គង់ ចំរើន ថ្លែងថា សកម្មភាពដឹកជញ្ជូនឈើចេញពីភូមិមួយចំនួននៃឃុំជៀប ពិតជាកើតមានច្រើនដូចសេចក្ដីរាយការណ៍របស់ពលរដ្ឋ ប៉ុន្តែលោកមិនដឹងច្បាស់ពីទំហំនៃការកាប់បំផ្លាញនៅក្នុង និងក្រៅដែនជម្រកប៉ុន្មាននោះទេ។ ប៉ុន្តែលោកទទូចឲ្យសមត្ថកិច្ចជំនាញបង្កើនការទប់ស្កាត់បទល្មើស មិនដូច្នេះទេ ព្រៃឈើនៅតំបន់នោះនឹងត្រូវអស់ក្នុងរយៈពេលយ៉ាងយូរបីឆ្នាំទៀត៖ «មានវេទិការៀបចំដោយ អិន.ឌី.អាយ (NDI) សូម្បីអភិបាលរងខេត្ត លោក ចេង ញ៉ាន់ ក៏គាត់ថា គាត់នឹងរៀបចំទប់ស្កាត់តែតាំងពីខែមិថុនា ឆ្នាំ២០១៥ មកអាចំណាត់ការរបស់គាត់អត់ទាន់មានទេ អ៊ីចឹងព្រៃឈើសព្វថ្ងៃនៅតែកាប់»។
យ៉ាងណាអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង លោក បឿ ប៊ុនថន បញ្ជាក់ថា មន្ត្រីរបស់លោកខិតខំការពារព្រៃឈើក្នុងដែនជម្រក ដែលកំណត់ដោយបង្គោលព្រះរាជ្យក្រឹត្យក្នុងខេត្តកំពង់ឆ្នាំង ទំហំ ៣៥.៧៧២ហិកតារ។ លោកបន្តថា ផ្ទៃដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានទំហំធំធេងដែលមិនសម្មាមាត្រគ្នាទៅនឹងកម្លាំងការពាររបស់លោកសរុបចំនួន ១៥នាក់នោះទេ។ បច្ចុប្បន្ន កម្លាំងការពាររបស់លោកបានបែងចែកជាបីក្រុមដើម្បីប្រចាំការការពារនៅឃុំក្បាលទឹក និងឃុំទួលខ្ពស់មួយក្រុម នៅឃុំជៀប មួយក្រុម និងមួយក្រុមទៀតនៅឃុំក្រាំងស្គារ នៃស្រុកទឹកផុស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។