សង្គម​ស៊ីវិល​និង​ទេសចរ​ស្ដាយ​ស្រណោះ​ព្រៃ​ឈើ​នៅ​កោះរ៉ុង​ដែល​ត្រូវ​គេ​កាប់​បំផ្លាញ

ដោយ ដែន អយុធ្យា
2017-04-29
Share
កាប់​ឈើ​កោះ​រ៉ុង ២០១៧ ៨៥៥ ទីតាំង​ព្រៃ​ឈើ​ដែល​ត្រូវ​គេ​កាប់​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​នៅ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

អ្នក​ឃ្លាំ​មើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ បន្ត​បារម្ភ​ខ្លាច​ព្រៃ​ឈើ​ធម្មជាតិ​ដែល​ដុះ​នៅ​លើ​កោះរ៉ុង ត្រូវ​រលាយ​ហិនហោច ព្រោះ​រាល់​ថ្ងៃ​នេះ​ឃើញ​មាន​សកម្មភាព​របស់​ឈ្មួញ និង​មន្ត្រី​មាន​អំណាច បាន​បន្ត​កាប់​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ។

មន្ត្រី​សង្គម​ស៊ីវិល និង​ភ្ញៀវ​ទេសចរ ហួស​ចិត្ត​ដែល​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មិន​មាន​លទ្ធភាព​ការពារ​ព្រៃ​ឈើ​មាន​ដើម​ដុះ​ធំៗ​នៅ​លើ​កោះរ៉ុង ដោយ​ទុក​ឲ្យ​មាន​ការ​កាប់​រាន​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​ឯកជន។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ទទូច​ដល់​ថ្នាក់​ដឹកនាំ​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ចេញ​បទបញ្ជា​ក្ដៅ​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ធម្មជាតិ​នៅ​លើ​កោះរ៉ុង ឲ្យ​បាន​ទាន់​ពេល ព្រោះ​សព្វថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ គ្មាន​លទ្ធភាព​ទប់ស្កាត់​ទេ។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ​រិះគន់​ថា កន្លង​មក រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​ដាក់​ពាក្យ​ប្ដឹង​ពលរដ្ឋ​ក្រីក្រ​ដែល​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​រដ្ឋ​បន្តិចបន្តួច​ដើម្បី​ធ្វើ​ជម្រក បញ្ជូន​ទៅ​កាន់​តុលាការ ហើយ​ត្រូវ​បាន​តុលាការ​កោះ​ហៅ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយ​ចំនួន។ ប៉ុន្តែ​សម្រាប់​មន្ត្រី​កំពុង​មាន​តួនាទី​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ឈ្មួញ​មាន​ទ្រព្យ​ដែល​ជួល​កម្មករ​ឲ្យ​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​ធម្មជាតិ​នៅ​លើ​កោះរ៉ុង មិន​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ចេញ​មុខ​ទប់ស្កាត់ ឬ​ប្ដឹង​អ្នក​ប្រព្រឹត្តិ​ល្មើស​ទៅ​កាន់​តុលាការ​នោះ​ទេ។

អ្នកស្រី សុធារី ទទូច​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះសីហនុ គួរ​ពិចារណា​រាល់​ទង្វើ និង​សកម្មភាព​របស់​ខ្លួន ដែល​បាន​អនុវត្ត​ច្បាប់​កន្លង​ទៅ​នេះ ថា​តើ​បាន​អនុវត្ត​ស្មើ​ភាព​គ្នា​រវាង​មន្ត្រី​មាន​អំណាច ឈ្មួញ​មាន​ទ្រព្យ និង​ពលរដ្ឋ​ក្រីក្រ​ដែរ​ឬ​យ៉ាង​ណា?«បន្ទាប់​ពី​មាន​សកម្មភាព​នៃ​ការ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ពី​អាជ្ញាធរ​រួច​មក យើង​ឃើញ​ថា​សកម្មភាព​នៃ​ការ​កាប់​រាន​ដី​ព្រៃ​នៅ​លើ​កោះរ៉ុង បាន​បន្ត​កើត​មាន​ដដែល គឺ​មិន​ទាន់​បាន​ថយ​ចុះ​ទេ ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​ពិនិត្យ​មើល​រឿង​នេះ។ គោល​នយោបាយ​នៃ​ការ​វាស់វែង​របស់​អាជ្ញាធរ បាន​បញ្ជាក់​ថា ការ​វាស់វែង​ដី​ជូន​ពលរដ្ឋ គឺ​វាស់​ជូន​ដី​ដែល​មាន​ដំណាំ​ដាំ​ដុះ និង​ដី​ដែល​បាន​ប្រើប្រាស់ ប៉ុន្តែ​ជាក់ស្តែង ដី​មិន​ទាន់​មាន​ការ​ប្រើប្រាស់​ជាក់ស្តែង​ផង ឲ្យ​តែ​មាន​អ្នក​មក​ចង្អុល​បង្ហាញ​ដល់​មន្ត្រី​ចុះ​វាស់​ដី​ជូន​ពលរដ្ឋ គឺ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ចាប់​ផ្តើម​ពិនិត្យ និង​ចុះ​វាស់​ជូន​ភ្លាម ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​កាប់​ឆ្ការ​ដី​ព្រៃ​ឈើ​ទាំងនោះ​ចោល ដើម្បី​ឲ្យ​ស្ថានភាព​ដី​របស់​ពួក​គាត់​ជា​ដី​បាន​ប្រើប្រាស់ និង​បាន​ដាំ​ដុះ​ជាក់ស្តែង»

ភ្ញៀវ​ទេសចរ​ជាតិ​ភាគច្រើន​មក​ពី​រាជធានី​ភ្នំពេញ ដែល​បាន​ចូល​ទៅ​ទស្សនា​កោះរ៉ុង ហើយ​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ធម្មជាតិ​នៅ​លើ​កោះរ៉ុង ក៏​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃ​ធម្មជាតិ​នេះ​ដែរ។ ពួក​គេ​បារម្ភ​ខ្លាច​ទៅ​ថ្ងៃ​អនាគត ភ្ញៀវ​ទេសចរ​អន្តរជាតិ​លែង​ចាប់​អារម្មណ៍ និង​ឈប់​ចូល​មក​កម្សាន្ត​នៅ​លើ​កោះរ៉ុង​ទៀត​ទេ។

ភ្ញៀវ​ទេសចរ​ជាតិ បាន​អះអាង​ថា ព្រៃ​ឈើ​ធម្មជាតិ​មាន​ដុះ​ដើម​ធំៗ​ពិត​ជា​ត្រូវ​កាប់ និង​ដុត​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ មាន​វិសាលភាព​ធំធេង ហើយ​ទំនង​ជា​ត្រូវ​បំផ្លាញ​រលាយ​ហិនហោច​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ឲ្យ​ដឹង​ថា សកម្មភាព​កាប់​រាន​ដី​ព្រៃ​នៅ​តាម​តំបន់​ខ្លះ​នៅ​លើ​កោះរ៉ុង បាន​កើត​មាន​ស្រប​ពេល​ដែល​មន្ត្រី​ជំនាញ​ក្រសួង​ដែនដី និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ដទៃ​ទៀត មាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាដើម បាន​ចុះ​វាស់​កាត់​ឆ្វៀល​កំណត់​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឈាន​ដល់​មាន​សិទ្ធិ​កាន់​កាប់​ដី​ស្រប​ច្បាប់។

លោក​ទទួល​ស្គាល់​ថា ព្រៃ​ឈើ និង​តំបន់​ឆ្នេរ​នៅ​លើ​កោះរ៉ុង គឺ​ជា​សក្ដានុពល​ដ៏​សំខាន់​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ឲ្យ​ចូល​មក​ទស្សនា​តំបន់​កោះ ប៉ុន្តែ​បើ​ព្រៃ​ឈើ​ត្រូវ​រលាយ​ហិនហោច ទេសចរ​នឹង​លែង​ចាប់​អារម្មណ៍​ចូល​ទៅ​កម្សាន្ត​តាម​តំបន់​កោះ​ទៀត​ទេ​នា​ថ្ងៃ​អនាគត។

លោក យន្ត មីន បញ្ជាក់​ថា នៅ​ថ្ងៃ​ខាង​មុខ ប្រសិន​បើ​ប្រជាពលរដ្ឋ ឬ​ប្រតិបត្តិករ​ទេសចរ​ត្រូវ​ការ​កាប់​ដើម​ឈើ​ដែល​ដុះ​នៅ​លើ​ចំណែក​ក្បាល​ដី​រៀងៗ​ខ្លួន​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​អ្វី​មួយ គឺ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ជូន​ដំណឹង ឬ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​មុន បើ​មិន​ដូច្នេះ​ទេ នឹង​ប្រឈម​មុខ​ច្បាប់​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល