សហគមន៍​ខេត្ត​ក្រចេះ​ថា​ក្រុមហ៊ុន​សម្បទាន​នៅ​តែ​កាប់​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​ឡង់

ដោយ ម៉ែន សុធីរ
2017-01-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឈើ​កកោះ​ត្រូវ​បាន​គេ​កាប់​ឋិត​ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៦។
ឈើ​កកោះ​ត្រូវ​បាន​គេ​កាប់​ឋិត​ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៦។
RFA

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ បារម្ភ​ពី​សកម្មភាព​កាប់​ឈើ​មូល​ក្នុង​បរិវេណ​ព្រៃ​ឡង់​ដោយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ក្រុមហ៊ុន ស៊ី បាយអូថេច (Ci-Biotech)។ អ្នក​ភូមិ​ថា សកម្មភាព​កាប់​ឈើ​មាន​តម្លៃ​មាន​មុខ​កាត់​ធំៗ ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២១ ធ្នូ រហូត​បច្ចុប្បន្ន ពុំ​ទាន់​ឃើញ​មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ឡើយ។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ មករា ថា គ្រឿងចក្រ​បី​គ្រឿង​កំពុង​ប្រតិបត្តិការ​ឈូស​ឆាយ​យក​ឈើ​មាន​តម្លៃ​នៅ​តំបន់​ព្រៃ​ឡង់ ឋិត​នៅ​ចំណុច​អូរ​ប្រធំ ស្រោប​នាង និង​ចំណុច​វាល​រន្ទះ ឆ្ងាយ​ពី​ទន្លេ​មេគង្គ​ជិត ២០​គីឡូម៉ែត្រ ហើយ​ឈើ​ទាំងនោះ​ត្រូវ​គេ​ដឹក​អារ​ច្រៀក​នៅ​ដេប៉ូ​អារ​ឈើ​របស់​ក្រុមហ៊ុន ស៊ី បាយអូថេច រួច​មាន​រថយន្ត​យីឌុប​ត្រៀម​ដឹក​ចេញ​ក្រៅ ទំនង​យក​ទៅ​ប្រទេស​វៀតណាម។

ជនជាតិ​ដើម​ភាគតិច​កួយ និង​ជា​សមាជិក​សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្ត​ក្រចេះ លោក សំ ណូ អង្កេត​ឃើញ​ថា ក្រុមហ៊ុន ស៊ី បាយអូថេច បាន​ផ្អាក​ប្រតិបត្តិការ​កាប់​ឈើ​មួយ​រយៈ ពោល​គឺ​ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦ ហើយ​មក​ទល់​ពេល​នេះ សកម្មភាព​កាប់​ឈើ​របស់​ក្រុមហ៊ុន​នេះ ធ្វើ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ឋិត​ក្នុង​តំបន់​ព្រៃ​ឡង់​ខេត្ត​ក្រចេះ និង​ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​តំបន់​នោះ។

លោក​មាន​មន្ទិល​ថា កន្លង​ទៅ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ដាក់​ព្រៃ​ឡង់​ជា​ព្រៃ​អភិរក្ស ដែល​មាន​ក្រសួង​បរិស្ថាន មាន​កាតព្វកិច្ច​មើល​ការ​ខុស​ត្រូវ ក៏ប៉ុន្តែ​ការ​កាប់​បំផ្លាញ​ឈើ​មាន​តម្លៃ​ដោយ​ក្រុមហ៊ុន​ឯកជន និង​ឈ្មួញ នៅ​តែ​បន្ត​កើត​មាន​ដដែល៖ «ឥឡូវ​គាត់​ធ្វើ​សកម្មភាព គាត់​បិទ​ច្រក​ចេញ​ចូល​ទាំងអស់​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ចូល​តំបន់​នោះ​ទេ។ វា​កំពុង​តែ​សម្រុក​យក​ឈើ អត់​មាន​វ៉ៃ​ធ្វើ​ចម្ការ​ទេ គឺ​វ៉ៃ​អូស​យក​ឈើ។ ដេប៉ូ​វា​លេច​ក្បាល​ដេប៉ូ​មិន​ដឹង​ប៉ុន្មាន​ម៉ែត្រ​គូប​ទេ​ច្រើន​ណាស់»

ជនជាតិ​ដើម​ភាគតិច​កួយ និង​ជា​សមាជិក​ការពារ​ព្រៃ​ឡង់ ខេត្ត​ក្រចេះ លោក សំ ណូ ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr
ជនជាតិ​ដើម​ភាគតិច​កួយ និង​ជា​សមាជិក​ការពារ​ព្រៃ​ឡង់ ខេត្ត​ក្រចេះ លោក សំ ណូ ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr RFA/Men Sothyr

លោក សំ ណូ ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​កាប់​ឈើ​តាម​តម្លៃ​របស់​ក្រុមហ៊ុន ស៊ី បាយអូថេច ឬ​ស្ថានីយ​ស្ដារ​ព្រៃ​ឈើ​ឡើង​វិញ ដើម្បី​សង្គ្រោះ​ធម្មជាតិ​នៅ​តំបន់​នោះ។ លោក​រំឭក​ថា កាល​ពី​ឆ្នាំ​២០១៥ ដើម​ឈើ​ទាល ឬ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​រាប់​ពាន់​ដើម ក្រុមហ៊ុន​កាប់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ គេ​យក​មក​អារ​ច្រៀក​ជា​សសរ​ផ្ទះ​ក្នុង​រោង​អារ​ឈើ​របស់​ក្រុមហ៊ុន ស៊ី បាយអូថេច ឋិត​នៅ​ឃុំ​កំពង់ចាម៖ «ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ឈប់​ផ្តល់​ស្ថានីយ​ស្ដារ​ឡើង​វិញ ស្ដារ​ព្រៃ​ចាស់​ធំៗ ឈើ​ទាល សុក្រំ ស្រឡៅ ដើម​តា​សេក សុទ្ធតែ​ឈើ​លេខ​១ កុំ​ទៅ​កាប់​វា​ទៀត។ ទុក​វា​ទៅ!»

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ស៊ី បាយអូថេច (Ci-Biotech) លោក សុ ម៉េងធា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ មករា។

មេ​ឃុំ​បឹងចារ លោក ហ៊ុល សឿង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​ពុំ​ទាន់​ទទួល​ដំណឹង​នេះ​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​នឹង​រាយការណ៍​ករណី​នេះ​ទៅ​ថ្នាក់​លើ និង​អន្តរាគមន៍​មន្ត្រី​បរិស្ថាន​ប្រចាំ​ការ​នៅ​តំបន់​នោះ ប្រសិន​បើ​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​កាប់​ឈើ​បែប​អនាធិបតេយ្យ​នៅ​តំបន់​នោះ៖ «ខ្ញុំ​ក៏​តេ​ដែរ ដែល​ខ្ញុំ​នឹង​ជួយ​បើ​គាត់​មិន​តេ​ទេ។ គាត់​អាច​ពឹង​មន្ត្រី​អនុរក្ស​មន្ត្រី​អី ហើយ​អាច​ចាត់​ការ​ទៅ​កុំ​ឲ្យ​ពួក​នោះ​ធ្វើ​តាម​អំពើ​ចិត្ត»

ក្រុមហ៊ុន ស៊ី បាយអូថេច គឺ​ជា​ក្រុមហ៊ុន​តំណាង​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​អភិវឌ្ឍន៍ រួម​គ្នា​នឹង​រដ្ឋាភិបាល​កម្ពុជា វិនិយោគ​ដំណាំ​ឧស្សាហកម្ម​អាកាស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃ​ឈើ​ឡើង​វិញ ដែល​វិនិយោគ​លើ​ផ្ទៃដី​ចំនួន​ជាង ៣​ម៉ឺន​ហិកតារ (៣៤.០០៧​ហិកតារ) កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ ឋិត​នៅ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង។

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សង្កេត​ឃើញ​ថា បច្ចុប្បន្ន​ឈើ​មាន​តម្លៃ​នៅ​សេសសល់​ឋិត​ក្នុង​តំបន់​ព្រៃ​ការពារ​ដោយ​អនុក្រឹត្យ និង​ព្រះរាជ្យក្រឹត្យ ដូចជា​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ជាដើម ដែល​ឈ្មួញ​កំពុង​សម្រុក​កាប់ ខណៈ​ឈើ​មាន​តម្លៃ​នៅ​តំបន់​ផ្សេងៗ​ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម​ស្ទើរ​ផុត​ពូជ​ទៅ​ហើយ។

ព្រះតេជព្រះគុណ​មើល​ឃើញ​ថា រដ្ឋាភិបាល និង​មន្ត្រី​រដ្ឋាភិបាល ហាក់​ដូចជា​អសមត្ថភាព​ក្នុង​ការ​ការពារ​ព្រៃ​អភិរក្ស។ ព្រះតេជព្រះគុណ​យល់​ថា រដ្ឋាភិបាល​បាន​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ​ដើម្បី​ការពារ​ព្រៃ​ឈើ គឺ​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ ដរាប​ណា​មន្ត្រី​រដ្ឋាភិបាល​នៅ​តែ​តាំង​ខ្លួន​ជា​ទេវតា​បម្រើ​មនុស្ស និង​ជិះ​យន្តហោះ​ចង្អុល​បង្ហាញ​ពី​លើ​អាកាស​អភិរក្ស​ព្រៃ៖ «អាត្មា​មើល​ឃើញ​រដ្ឋាភិបាល​ធ្វើ​ការ​កាន់​តែ​យូរ កាន់​តែ​ល្ងង់ និង​មន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន។ ទី​១ ដើម្បី​បោះ​បង្គោល​ផែនទី​ការពារ​ព្រៃ​ពិត​ប្រាកដ យើង​ជិះ​យន្តហោះ​មើល យើង​មើល​លើ​អាកាស​មក​ក្រោម ហើយ​យើង​តាំង​ខ្លួនជា​ទេវតាធ្វើ​ខ្លួន​ជា​ទេវតា​ការពារ​ព្រៃ​ទៅ​អត់​រួច​ទេ​ចម្រើន​ពរ»

ព្រៃ​ឡង់​ឋិត​ក្នុង​ចន្លោះ​ខេត្ត​ចំនួន​បួន ដូចជា​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ) ដែល​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។ ខ្លឹមសារ​អនុក្រឹត្យ​នោះ​បញ្ជាក់​ថា ក្រសួង​បរិស្ថាន មាន​កាតព្វកិច្ច​ធានា​កិច្ច​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ច​ការពារ​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​ត្រូវ​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល