សកម្មជន​និង​មន្ត្រី​មូលដ្ឋាន​អំពាវនាវ​ឲ្យ​ស៊ើប​អង្កេត​សកម្មភាព​កាប់​ឈើ​នៅ​ស្ទឹងត្រែង

ដោយ រដ្ឋា វិសាល
2015-01-31
Share
កាប់​ឈើ​ក្រៅ​អាង​ស្តុក​ទឹក ស្ទឹងត្រែង ៦២០ កំណាត់​ឈើ​ដែល​គេ​កាប់​ក្នុង​ព្រៃ​ក្រៅ​បរិវេណ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នា​ខេត្ត​ស្ទឹងត្រែង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
Photo Adhoc

សកម្មជន​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ និង​មន្ត្រី​មូលដ្ឋាន​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ជាពិសេស​ក្រសួង​កសិកម្ម ស៊ើប​អង្កេត​សកម្មភាព​កាប់​យក​ឈើ​មាន​តម្លៃ​ពី​តំបន់​ព្រៃ​ស្រោង នៅ​ជាប់​នឹង​តំបន់​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ចំណែក​សហគមន៍​នៅ​តំបន់​នោះ​អះអាង​ដែរ​ថា សកម្មភាព​កាប់​ឈើ​នេះ​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​ស្តុក​ទឹក​របស់​ឧកញ៉ា លឹម ប៊ុនណា។

ឈើ​មូល​មាន​តម្លៃ​រួម​មាន​ឈើ​ប្រណិត និង​ឈើ​ប្រភេទ​លេខ​១ លេខ​២ រាប់​ម៉ឺន​ដើម ត្រូវ​បាន​គេ​កាប់​អនាធិបតេយ្យ​ធ្វើ​អាជីវកម្ម​នាំ​ចេញ​ទៅ​ទីផ្សារ​ខុស​ច្បាប់។

អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (adhoc) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល រៀបរាប់​ថា ឈើ​មូល​មាន​តម្លៃ​ក្នុង​ព្រៃ​ស្រោង​ចាប់​ពី​ភូមិ​ស្រែគរពីរ រហូត​ព្រំប្រទល់​ស្រុក​សៀមប៉ាង ត្រូវ​បាន​មនុស្ស​ជាច្រើន​ក្រុម​កាប់ ហើយ​ដឹក​ជញ្ជូន​ចូល​ការដ្ឋាន​ស្តុក​ឈើ​របស់​ក្រុមហ៊ុន​ម៉ៅការ​សម្អាត​អាង​ទឹក​ចាប់​ពី​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន។ លោក​បន្ត​ថា ក្រុមហ៊ុន​ម៉ៅការ​សម្អាត​ផ្ទៃ​អាង​ស្តុក​ទឹក គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​កាប់​ឈើ ហើយ​ប្រមូល​ឈើ​ដែល​កាប់​ពី​ក្រៅ​បរិវេណ​អាង ដាក់​បញ្ចូល​ក្នុង​តួលេខ​ឈើ​ប្រមូល​ក្នុង​ផ្ទៃ​អាង ជា​លេស​ដើម្បី​នាំ​ចេញ​ស្រប​ច្បាប់​ទៅ​ទីផ្សារ៖ «ជាក់ស្តែង បើ​ប្រជាពលរដ្ឋ​ពី​ក្រៅ​ចូល​កាប់ ក៏​ក្រុមហ៊ុន​មិន​ឲ្យ​កាប់​ដែរ គេ​យក​លេស​ថា​ជា​បាត​អាង​របស់​គេ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​កាប់​លក់​ឲ្យ​ក្រុមហ៊ុន គឺ​អូខេ (OK)។ កាប់​យក​តែ​ឈើ​ធំ ឈើ​ក្រំ ឈើ​មាន​តម្លៃ ឈើ​អត់​តម្លៃ​គេ​អត់​កាប់​ទេ»

ក្រសួង​កសិកម្ម កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អាំង អេន អាសូស៊ីអេត ឡយ័រ (ANG & Associates Lawyer) កាប់​ឈើ​សម្អាត​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ ក៏ប៉ុន្តែ ក្រុមហ៊ុន​នេះ​មាន​ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​អ្នក​ម៉ៅការ​កាប់​សម្អាត​ផ្ទៃ​អាង​បន្ត គឺ​ឧកញ៉ា លឹម ប៊ុនណា។

មេការ​ក្រុមហ៊ុន​ម៉ៅការ​បោស​សម្អាត​អាង គឺ​លោក រេត កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ លោក​ធ្លាប់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា កន្លង​ទៅ មន្ត្រី​មូលដ្ឋាន និង​សហគមន៍​ឃុំ​ស្រែគរ បាន​ចុះ​ទៅ​ពិនិត្យ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​បាន​វាយ​តម្លៃ​ថា នេះ​គឺ​ជា​វិនាសកម្ម​ព្រៃ​ឈើ ប្រសិន​អាជ្ញាធរ​ថ្នាក់​ជាតិ​មិន​ចាត់​វិធានការ​ទប់ស្កាត់​ទាន់​ពេល​វេលា​នោះ​ទេ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ទទួល​ស្គាល់​ដែរ​ថា សកម្មភាព​កាប់​ឈើ​មូល​ក្រៅ​តំបន់​ផ្ទៃ​អាង ពិត​ជា​កើត​មាន​ច្រើន​ករណី។ លោក​ថា ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ខ្លះ​ចូល​ព្រៃ​កាប់​ឈើ​លក់​ឲ្យ​ក្រុមហ៊ុន ខ្លះ​ធ្វើ​កម្មករ​កាប់​ឈើ​ឲ្យ​ក្រុមហ៊ុន។ លោក​អះអាង​ថា បាន​លើក​ឡើង​ករណី​នេះ​ក្នុង​វេទិកា​សាធារណៈ​នៅ​មូលដ្ឋាន ប៉ុន្តែ​មិន​ឃើញ​មាន​ចំណាត់​ការ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត​នោះ​ឡើយ៖ «អនាគត​ក្មេង​ជំនាន់​ក្រោយ​អត់​ឈើ​ធ្វើ​ផ្ទះ​ទេ កាប់​ហិនហោច​អស់​រលីង​ហើយ។ ស្រែគរ ខ្ញុំ​មាន​ក្រុមប្រឹក្សា​ទាំង​ប្រាំ បាន​អនុម័ត​បាន​ទទូច​ថា ធ្វើ​យ៉ាង​ណា​ជួយ​ការពារ​ជួយ​ទប់​ព្រៃ​ឈើ​ត្រើយ​ម្ខាង​ឲ្យ​ក្មេង​ជំនាន់​ក្រោយ»

របាយការណ៍​របស់​មន្ត្រី​ខេត្ត​ស្ទឹងត្រែង សកម្មភាព​ឈូស​ឆាយ​ព្រៃ​ប្រមូល​ឈើ​ក្នុង​ផ្ទៃ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​ដំណើរ​ការ​បាន​ប្រមាណ ២០​ភាគរយ​នៃ​ផ្ទៃដី ៣​ម៉ឺន ៦​ពាន់​ហិកតារ។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​ស្រែគរ អះអាង​ថា ឈើ​មាន​តម្លៃ​ក្នុង​តំបន់​ផ្ទៃ​អាង​ក្រុមហ៊ុន​បាន​កាប់​យក​អស់​ហើយ គឺ​នៅ​សល់​តែ​ព្រៃ​ដែល​ត្រូវ​ឈូស​ឆាយ​ចោល​សម្អាត​ផ្ទៃ​អាង​តែ​ប៉ុណ្ណោះ។ ទាំង​មន្ត្រី​មូលដ្ឋាន​ឃុំ និង​សហគមន៍​អះអាង​ថា នឹង​ធ្វើ​ពាក្យ​ប្ដឹង​រួម​គ្នា​ពី​ករណី​នេះ ដាក់​ជូន​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​អន្តរាគមន៍​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល