អាជ្ញាធរខេត្តស្ទឹងត្រែងរារាំងសកម្មជនការពារព្រៃឈើ ព្រះសង្ឃ និងអង្គការសង្គមស៊ីវិល ប្រមាណ៦០០នាក់ មិនឱ្យចូលធ្វើដំណើរទៅចូលរួមធ្វើបុណ្យសុំសេចក្ដីសុខនៅតំបន់ព្រៃឡង់ នៅព្រឹកថ្ងៃទី២១ កុម្ភៈ។សហគមន៍ព្រៃឡង់ ចាត់ទង្វើរបស់អាជ្ញាធរនេះ ថាជាចេតនាមិនល្អ។
អ្នកសម្របសម្រួលសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង កញ្ញា ឈឿ លី ថ្លែងនៅរសៀលថ្ងៃទី២១ កុម្ភៈថា ប៉ូលិសមូលដ្ឋានស្រុកថាឡាបរិវ៉ាត់ ហាមឃាត់ពួកកញ្ញា និងសហគមន៍ដទៃទៀតមិនឱ្យធ្វើដំណើរចេញពីឃុំរៀងៗខ្លួន ដើម្បីទៅចូលរួមធ្វើបុណ្យសុំសេចក្ដីសុខនៅក្នុងព្រៃឡង់នោះទេ។ កញ្ញាបន្ថែមថា ប៉ូលិសទប់ស្កាត់ក្រុមសហគមន៍នេះ ដោយមានបទបញ្ជាពីសាលាខេត្តស្ទឹងត្រែង ដើម្បីរាំងខ្ទប់កុំឱ្យពួកគេចូលទៅដល់គោលដៅ។សកម្មជនព្រៃឈើរូបនេះ ចាត់ទុកវិធានការរបស់អាជ្ញាធរនេះ ថា ការរួមចំណែកធ្វើឱ្យហិនហោចព្រៃឈើកាន់តែឆាប់រហ័ស៖ «ខ្ញុំសួរគាត់ថាគ្រាន់តែខ្ញុំទៅធ្វើបុណ្យមូលហេតុអីបានជាមិនឱ្យពួកខ្ញុំទៅធ្វើបុណ្យ គាត់និយាយច្រើន គាត់ថាមេគាត់ចេញពីក្រសួងមិនឱ្យធ្វើតែម្ដង។ ខ្ញុំថាគ្រាន់តែធ្វើបុណ្យអត់មានរឿងអីត្រូវខុសទេ ហើយបើចុះពួកគាត់ដែលជាមន្ត្រីក្របខ័ណ្ឌមានប្រាក់ខែ ឃើញបទល្មើសដឹកឈើម៉េចបានជាគាត់មិនចាប់ផង ហើយមានបទល្មើសព្រៃឈើមានពាសពេញព្រៃហេតុអីមិនមានចំណាត់ទៅ ដើម្បីការពារព្រៃឱ្យបានគង់វង្ស»។
កញ្ញាបន្ថែមថា គម្រោងចូលទៅបុណ្យនេះ ក្នុងបំណងជាការដឹងគុណព្រៃឈើដែលបានផ្ដល់ទីជម្រកដល់មនុស្សនិងសត្វ ការរំលឹកគុណដល់អ្នកដែលបាត់បង់ជីវិតដោយសារការពារព្រៃឈើតំបន់នោះ ព្រមទាំងដើម្បី ធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចកួយដែលធ្លាប់ប្រារព្ធកន្លងទៅ។
សហគមន៍ព្រៃឡង់ គ្រោងរៀបចំពិធីបុណ្យព្រៃឈើនេះចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ កុម្ភៈ នៅចំណុចអូរពពែល ដែលជាចំណុចប្រសព្វរបស់ព្រៃឡង់ រវាងខេត្ត រួមមានក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ប្រាប់អាស៊ីសេរីថា មូលហេតុដែលហាមឃាត់ពលរដ្ឋចូលទៅធ្វើបុណ្យនៅក្នុងព្រៃឡង់ ដើម្បីរក្សាសន្តិសុខនៅក្នុងសង្គមព្រោះអ្នកទាំងនោះមិនបានសុំច្បាប់ពីអាជ្ញាធរចូលទៅធ្វើបុណ្យនោះទេ៖ «បើតាមរបាយការណ៍ពីមូលដ្ឋានមកគឺ បញ្ជាក់ថា សហគមន៍ដែលគាត់ធ្វើហ្នឹងគឺជាសហគមន៍ដែលមិនមានឯកសារទទួលស្គាល់ស្របច្បាប់ទេ ហើយកន្លងទៅនេះនៅក្នុងតំបន់ព្រៃឡង់ គឺ មានក្រសួងបរិស្ថានជាមួយហ្នឹងមូលដ្ឋានគេបានរៀបចំធ្វើពិធីហ្នឹងម្ដងហើយ ស្រដៀងគ្នាហ្នឹងពិធីហ្នឹង»។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ប្រជាពលរដ្ឋរួមគ្នាទៅបុណ្យនៅក្នុងព្រៃជារឿងល្អ ព្រោះជាការរួមចំណែកថែរក្សាព្រៃឈើឱ្យបានគង់វង្ស គឺមិនខុសច្បាប់ឡើយ។លោកបន្ថែមថា អាជ្ញាធរដែលរារាំងសហគមន៍ទៅវិញទេដែលខុសច្បាប់ ព្រោះជាការរួមចំណែកធ្វើឱ្យជនល្មើសលួចកាប់ព្រៃឈើបានដោយសេរី៖ «គាត់អត់មានបិទសិទ្ធិមិនឱ្យធ្វើទេ ហើយថ្មីៗនេះសារាចរដែលចេញដោយលោក ស ខេង អនុញ្ញាតឱ្យសង្គមស៊ីវិល ហើយនៅក្នុងនោះក៏មានសហគមន៍ដែរ។អីចឹងលោកបើថា មិនបាច់ជូនដំណឹងទៅអាជ្ញាធរទៀតផង ធ្វើសកម្មភាពទៅឱ្យតែសហគមន៍មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃទៅ ហើយអីចឹងយើងគិតថានេះជាអំពើមួយទប់ស្កាត់ដំណឹងកុំបែកខ្ចាយក្នុងព្រៃឡង់វិញ ជាជាងរឿងច្បាប់ទម្លាប់។ ពីព្រោះការបាត់បង់ព្រៃឡង់ហ្នឹងគឺវាពាក់ព័ន្ធជាមួយអាជ្ញាធរដែនដីហើយមន្ត្រីជំនាញទាំងអស់ហ្នឹង»។
របាយការណ៍សិក្សាស្រាវជ្រាវផ្ដល់ដោយបណ្ដាញសហគមន៍ព្រៃឡង់ឱ្យដឹងថា ព្រៃឡង់ គឺជាព្រៃធំជាងគេបង្អស់ និងជាប្រភេទព្រៃស្រោង នៅសេសសល់ក្នុងប្រទេសកម្ពុជា និងឧបទ្វីបឥណ្ឌូចិន ដែលមានទំហំប្រមាណ ៣.៦០០គីឡូម៉ែត្រក្រឡា និងមានតំបន់ស្នូលទំហំប្រមាណពី ៨ ទៅ ១០ ម៉ឺនហិកតារ ឋិតក្នុងស្រុករវៀង ស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខេត្តព្រះវិហារ ស្រុកសៀមបូក និងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងស្រុកសំបូរខេត្តក្រចេះ។
អ្នកចូលរួមធ្វើបុណ្យព្រៃឈើ កញ្ញា ឈឿ លី ឱ្យដឹងថា គិតត្រឹមម៉ោង៤រសៀលថ្ងៃសុក្រ ទី២១កុម្ភៈដដែល ប្រជាពលរដ្ឋ ក្រុមសហគមន៍ព្រៃឡង់ ព្រះសង្ឃ និងមន្ត្រីអង្គការសង្គមស៊ីវិល ដែលចូលរួមពិធីនេះ មិនទាន់បានចូលទៅក្នុងព្រៃឡង់នៅឡើយទេ ដោយសារអាជ្ញាធរហាមឃាត់។ កញ្ញា បន្ថែមថា ពួកគាត់កំពុងប្រឹក្សាគ្នារកវិធីដើម្បីធ្វើការងារនេះបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។