សមត្ថកិច្ច​រក​ឃើញ​ឈើ​ជាង​១​ពាន់​ដុំ​នៅ​ក្បែរ​ព្រំដែន​ខេត្ត​រតនគិរី

ឈើ​ប្រណិត​ប្រភេទ​ឈើ​ធ្នង់​ប្រមាណ​ជាង ១​ពាន់​ដុំ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រក​ឃើញ​នៅ​ក្នុង​ព្រៃ​មួយ​ក្បែរ​ព្រំដែន​ខេត្ត​រតនគិរី ជាប់​នឹង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ក៏​ប៉ុន្តែ​មន្ត្រី​ព្រៃ​ឈើ​មិន​ទាន់​កំណត់​បាន​ថា​តើ​ម្ចាស់​ឈើ​ជា​នរណា​នៅ​ឡើយ។
ដោយ រដ្ឋា វិសាល
2013-10-20
Share
ឈើ រតនគិរី ៦១០ គំនរ​ឈើ​ប្រណិត​ដែល​សមត្ថកិច្ច​ព្រៃ​ឈើ​ខេត្ត​រតនគិរី រក​ឃើញ​នៅ​ព្រៃ​ជិត​ព្រំដែន​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​នឹង​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣។
Adhoc Photo

ឈើ​ជាង ១​ពាន់​ដុំ​នេះ​ត្រូវ​គេ​លួច​អារ​ចេញ​ពី​ក្នុង​ព្រៃ​មួងតូម ក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ។ឈើ​ប្រណិត​ទាំង​អស់​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​ឡំ រក​ឃើញ​គរ​ទុក​ក្នុង​តំបន់​ព្រៃ​សម្បទាន​របស់​ក្រុមហ៊ុន ម៉ែន សារុន ដែល​បាន​ផ្ទេរ​សិទ្ធិ​ធ្វើ​អាជីវកម្ម​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ​ក្រុមហ៊ុន ៧៥ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ហើយ​បាន​ផ្ដល់​ព័ត៌មាន​ជូន​មន្ត្រី​ព្រៃឈើ​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​រតនគិរី លោក ផាន់ ភិន មាន​ប្រសាសន៍​បញ្ជាក់​ថា ឈើ​ប្រណិត​ទាំង​អស់​ត្រូវ​បាន​មន្ត្រី​ព្រៃ​ឈើ​ដឹក​ជញ្ជូន​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បរកែវ និង​កំពុង​កសាង​សំណុំ​រឿង​ករណី​នេះ​ទៅ​តុលាការ។

លោក​បន្ត​ថា សមត្ថកិច្ច​មិន​ទាន់​កំណត់​មុខ​សញ្ញា​ជា​ម្ចាស់​ឈើ​នោះ​បាន​នៅ​ឡើយ៖ «គឺ​ត្រូវ​តែ​ដាក់​ទៅ​តុលាការ​ទាំង​អស់ សំណុំរឿង​ឥឡូវ​កំពុង​ផ្ដិត​ឯកសារ​ការងារ ឥឡូវ​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ឥឡូវ​នេះ។ ជូន​ដំណឹង​ហើយ មេ​ឃុំ មេ​ស្រុក​ហ្នឹង​មិន​ដឹង​អ្នក​ណា បើ​រក​មិន​ឃើញ ជួនកាល​មិន​ចេះ​តែ​ចោទ​គេ​ទេ ទាល់​តែ​មាន​ភស្តុតាង​មាន​ស្អី​ណា!»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា តាម​ការ​អង្កេត​ជំហាន​ដំបូង​របស់​លោក​រក​ឃើញ​ថា ឈើ​នេះ​សង្ស័យ​មាន​ពាក់ព័ន្ធ​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​ជា​អ្នក​ឃុបឃិត​លួច​កាប់​ចេញ​ពី​ព្រៃ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម។ លោក​អំពាវនាវ​ឲ្យ​មន្ត្រី​ព្រៃ​ឈើ និង​មន្ត្រី​ស្ថាប័ន​អយ្យការ​ស៊ើប​អង្កេត​រក​អត្តសញ្ញាណ​ជន​ប្រព្រឹត្ត​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

កាល​ពី​ឆ្នាំ​២០១២ មន្ត្រី​សមាគម​អាដហុក និង​សហគមន៍​ភូមិ​ឡំ បាន​រក​ឃើញ​គំនរ​ឈើ​មូល​រាប់​ពាន់​ដើម ត្រូវ​គេ​កាប់​នៅ​តំបន់​នោះ​ដូច​គ្នា ដើម្បី​នាំ​ចេញ​តាម​ច្រក​របៀង​ទៅ​ប្រទេស​វៀតណាម ក្នុង​នោះ​សមត្ថកិច្ច​ព្រៃ​ឈើ​ចាប់​បាន​ពលរដ្ឋ​វៀតណាម ៧​នាក់ និង​សម្ភារៈ​ប្រព្រឹត្ត​បទល្មើស​មាន​រណារ​យន្ត និង​រថយន្ត​ដឹក​ជញ្ជូន​ឈើ​បញ្ជូន​ទៅ​តុលាការ​ក្នុង​បទ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល