អង្គការ​អភិរក្ស​ព្រៃឈើ៖ មួយ​ថ្ងៃ​ឈើ​ប្រមាណ​១០០​ម៉ែត្រ​គូប​ត្រូវ​ឈ្មួញ​ដឹក​ចេញ​តាម​ច្រក​ទាន់ហន់

ដោយ អាស៊ីសេរី
2017-11-03
Share
បទ​ល្មើស​ព្រៃ​ឈើ កំពង់ស្ពឺ ពោធិ៍សាត់ កោះកុង កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​កំពង់ស្ពឺ កោះកុង និង​ខេត្ត​ពោធិ៍សាត់ ចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ កាល​ពី​អំឡុង​ឆ្នាំ​២០១៦។
Photo provided

អង្គការ​ប្រឆាំង​អំពើ​ពុករលួយ និង​ការពារ​ធនធាន​ធម្មជាតិ រក​ឃើញ​ថា ក្នុង​មួយ​ថ្ងៃៗ​ឈ្មួយ​សម្រុក​ដឹក​ឈើ​ចេញ​ពី​ជួរ​ភ្នំពេញ​ក្រវាញ ឆ្លង​កាត់​ច្រក​ទាន់ហន់ ខេត្ត​កំពត ទៅ​ប្រទេស​វៀតណាម មិន​តិច​ជាង ១០០​ម៉ែត្រ​គូប​ឡើយ។ បទល្មើស​ព្រៃឈើ​ទាំង​នេះ អាច​ដំណើរការ​ទៅ​បាន គឺ​មាន​ការ​សហការ​ជា​ប្រព័ន្ធ ក្រោម​រូបភាព​អំពើ​ពុករលួយ​រវាង​ឈ្មួញ មន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន និង​អង្គការ​ដែល​អនុវត្ត​គម្រោង​លើ​អភិរក្ស​ព្រៃឈើ​ផង។

អ្នក​ជំនាញ​បរិស្ថាន​វាយ​តម្លៃ​ថា ឈើ​ប្រណិត​នៅ​តាម​ជួរ​ភ្នំ​ក្រវាញ ចាប់​ពី​ខេត្ត​ពោធិ៍សាត់ កំពង់ស្ពឺ និង​ខេត្ត​កោះកុង អាច​នឹង​ត្រូវ​រលាយ​ក្នុង​រយៈពេល ៣​ឆ្នាំ​ទៀត​យ៉ាង​យូរ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​លោក ជា ហ៊ាន ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ​ឈើ​ប្រណិត​រួម​មាន​ធ្នង់ នាងនួន និង​គ្រញូង ជាដើម ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ជិត​ផុត​ពូជ​ទៅ​ហើយ នៅ​តាម​ជួរ​ភ្នំ​ក្រវាញ។ លោក​បន្ត​ថា អ្នក​ដែល​នៅ​ពី​ក្រោយ​នៃ​ការ​កាប​បំផ្លាញ​នេះ គឺ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ជាដើម។

មន្ត្រី​ជំនាញ​រូប​នេះ​បន្ត​ថា ឈើ​ដែល​កាប់​បាន​តាម​រយៈ​ការ​ជួល​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​កាប់​នោះ គឺ​ត្រូវ​ប្រមូល​ដឹកនាំ​ចេញ​ពី​តំបន់​ចំនួន ៣ រួម​មាន ច្រក​អូរត្រាវ និង​ច្រក​ជាំ ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះកុង។ នៅ​មាន​ច្រក​សំខាន់​មួយ​ទៀត គឺ​ដឹក​ចេញ​ពី​ឃុំ​ចំបក់​ស្រុក​ភ្នំស្រួច កំពង់ស្ពឺ។ អនុផល​ព្រៃឈើ​ទាំង​នេះ ត្រូវ​ដឹក​ចូល​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទាន់ហន់​ខេត្ត​កំពត ដែល​មាន​ជនជាតិ​វៀតណាម ឈ្មោះ សឺរ ស ត្រូវ​ជា​កូនប្រសា​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ជា​អ្នក​ឈរ​ជើង​ទិញ៖ «ការ​សង្កេត​របស់​ខ្ញុំ​ឈ្មួយ​ឈើ​គាត់​បាន​ជួល​ពលរដ្ឋ ឬ​ទិញ​ពី​ពលរដ្ឋ​ដែល​គាត់​ចូល​ទៅ​កាប់​នៅ​ក្នុង​តំបន់​អភិរក្ស បន្ទាប់​មក​គាត់​បាន​ដឹក​តាម​គោយន្ត​ហើយ​ឆ្ពោះ​មក​តាម​ភូមិ​អ៊ីចឹង​ទៅ ហើយ​លើក​បន្ត​ទៅ​ប្រទេស​វៀតណាម។ ឈ្មួញ​ធំៗ គាត់​បាន​ទិញ​ពី​ពលរដ្ឋ​ខ្លះ ហើយ​មួយ​ផ្នែក​ទៀត​គាត់​ជួល»

របាយការណ៍​របស់​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ បង្ហាញ​ថា ក្នុង​មួយ​ថ្ងៃៗ អនុផល​ព្រៃឈើ​ទាំង​នេះ ត្រូវ​ដឹក​ជញ្ជូន​យ៉ាង​តិច​ណាស់ ១០០ម៉ែត្រ​គូប​ដែរ​ចូល​ទៅ​ប្រទេស​វៀតណាម។ ដោយ​ឡែក លោក ប្រាក់ ស៊ីឡេង ដែល​ជា​មន្ត្រី​ឧទ្យានុរក្ស​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ប្រចាំ​ការ​នៅ​ច្រក​អូរត្រាវ វិញ រង​ការ​ចោទ​ប្រកាន់​ថា ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំង​បំផុត​ពី​បទល្មើស​ព្រៃឈើ​នេះ។

បដិសេធ​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ លោក ប្រាក់ ស៊ីឡេង បាន​លើក​ទូរស័ព្ទ​រួច​ក៏​ផ្ដាច់​ទៅ​វិញ នៅ​ពេល​សួរ​ថា តើ​លោក​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ពុករលួយ​ជា​ថ្នូរ​បើក​ផ្លូវ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើត​ឡើង​មែន ឬ​យ៉ាង​ណា?

អាស៊ីសេរី ពុំ​អាច​ស្វែង​ប្រភព​ទាក់ទង​ពី​លោក ឆេង ឡុង ដែល​ជា​សេនាធិការ​រង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ដែល​រង​ការ​ចោទ​ប្រកាន់​ថា ជា​មេ​ឈ្មួយ​បិទ​មុខ​ដ៏​ធំ​ក្នុង​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ជួរ​ភ្នំក្រវាញ។

មន្ត្រី​ជំនាញ​ផ្នែក​អភិរក្ស​បរិស្ថាន នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​អះអាង​ថា សព្វថ្ងៃ​នេះ​លោក ឆេង ឡុង នៅ​តែ​រួម​ចំណែក​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ តែ​មិន​ចេញ​មុខ​រក​ស៊ី​ដោយ​ផ្ទាល់​ទេ គឺ​ប្រើ​មេការ​ដើរ​តួ​ជំនួស។

លោក ផាន់ វាសនា ដែល​ត្រូវ​គេ​អះអាង​ថា ជា​មេការ​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ និង​ជា​អ្នក​ចាត់ចែង​ការងារ​ទូទៅ​ក្នុង​ការ​ប្រមូល​អនុផល​ព្រៃឈើ បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ។ ធ្លាប់​ជា​អ្នក​ទោស​ព្រោះ​បទល្មើស​ព្រៃឈើ​នេះ លោក ផាន់ វាសនា ទទួល​ស្គាល់​ថា ពី​មុន​លោក​ធ្លាប់​រក​ស៊ី​មុខ​របរ​នេះ​មែន ប៉ុន្តែ​សព្វថ្ងៃ​នេះ​បាន​បោះបង់​ចូល​អស់​ហើយ៖ «អត់​ផង! ខ្ញុំ​អត់​ដែល​បាន​ទៅ​ធ្វើ​អី​នៅ​​ហ្នឹង​ផង!។ ខ្ញុំ​នៅ​តែ​ផ្ទះ តែ​គេ​ចេះ​តែ​ចោទ​ប្រកាន់​ខ្ញុំ។ ពី​មុន​ខ្ញុំ​ធ្លាប់​ធ្វើ​មាន​រឿង​មាន​បញ្ហា ដល់​ពេល​មាន​ទោស​ទណ្ឌ ខ្ញុំ​ក៏​ផ្អាក ឈប់​ធ្វើ​តាំង​ពី​ហ្នឹង​មក​រហូត»

លោក ជា ហ៊ាន ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​សកម្ម​នឹង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ នៅ​តាម​ជួរ​ភ្នំ​ក្រវាញ លើក​ឡើង​ថា ការ​រលាយ​ទៅ​នៃ​ឈើ​ប្រណិត​នៅ​ជួរ​ភ្នំ​ក្រវាញ​នេះ ក៏​រួម​ចំណែក​ការ​ទទួល​ខុស​ត្រូវ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែរ។ លោក​បន្ត​ថា អង្គការ​អន្តរជាតិ​មួយ​នេះ ដែល​មាន​បេសកកម្ម​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ ដែល​គ្រប់​ដណ្ដប់​ក្នុង​តំបន់​ខេត្ត​ពោធិ៍សាត់ កោះកុង និង​ខេត្ត​កំពង់ស្ពឺ ប៉ុន្តែ​មិន​បាន​អនុវត្ត​តាម​គោលការណ៍​ដែល​ខ្លួន​មាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​មួយ​នេះ ក៏​បើក​ផ្លូវ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ដែរ ក្រោម​រូបភាព​អំពើ​ពុករលួយ។

អាស៊ីសេរី ពុំ​អាច​សុំ​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​នេះ​បាន​ភ្លាមៗ​ទេ ពី​តំណាង​អង្គការ សម្ព័ន្ធមិត្ត​សត្វព្រៃ ដោយសារ​ទូរស័ព្ទ​ពុំ​អាច​ទាក់ទង​បាន។ យ៉ាង​នេះ​ក្ដី លោក ជា ហ៊ាន យល់​ឃើញ​ថា ព្រៃ​ឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ នឹង​ត្រូវ​រលាយ​បាត់​បង់​ក្នុង​ពេល​យ៉ាង​យឺត​បំផុត ៣​ឆ្នាំ​ខាង​មុខ​នេះ ប្រសិន​បើ​ឈ្មួយ​​ឈើ​នៅ​តែ​បិទ​មុខ ជ្រក​ក្រោម​ផ្លាក​នគរបាល និង​មន្ត្រី​បរិស្ថាន ដូច​សព្វថ្ងៃ​នេះ​ទៀត។ កាន់​តែ​អាក្រក់​ជាង​នេះ គឺ​កត្តា​អំពើ​ពុករលួយ បើ​នៅ​តែ​ចាក់​ឫស​ដ៏​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ និង​ឯកជន ធនធាន​ធម្មជាតិ​នឹង​ត្រូវ​រលាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល