អាជ្ញាធរ និង​ក្រុមហ៊ុន​សម្រេច​មិន​សង់​ភូមិ​ថ្មី​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទំនប់​វារីអគ្គិសនី

ដោយ អាស៊ីសេរី
2017-11-12
Share
ជឿន ស្រីមុំ ហ្វុត ឃឿន ៦២២ (ឆ្វេង) យុវជន​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ក្បាលរមាស ខេត្ត​ស្ទឹងត្រែង កញ្ញា ជឿន ស្រីមុំ និងសហគមន៍​ស្រែគរ ក្នុង​ទំនប់​សេសានក្រោម២ ខេត្ត​ស្ទឹងត្រែង លោក ហ្វុត ឃឿន ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៧។
RFA

គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់ និង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ក្នុងស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង សម្រេច​មិន​ឯកភាព​សាងសង់​ភូមិ​ថ្មី ជូន​ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​ពីរ​ក្រុមហ៊ុន​នោះ​ទេ ដោយ​លើក​ហេតុផល​ថា ចំណាយ​ធនធាន​ច្រើន និង​លំបាក​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ។

អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ថា គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ខែត្រ និង ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​បន្ត​ព្យាយាម​ផ្សព្វផ្សាយ​គោលនយោបាយ​សំណង​ជូន​ពលរដ្ឋ ដែល​បដិសេធ​មិន​ទទួល​សំណង​ជាង ១០០​គ្រួសារ រស់នៅ​ភូមិ​ស្រែគរ និង​ភូមិ​ក្បាល​រមាស​ចាស់ បើ​ទោះ​បី​ជា ពលរដ្ឋ​មិន​ឯកភាព​ឲ្យ​ក្រុម​ការងារ​ខែត្រ និង​ក្រុមហ៊ុន​ស្រង់​ស្ថិតិ​ទ្រព្យ​សម្បត្តិ​ក្ដី។

មេឃុំ​ស្រែគរ​មក​ពី​គណបក្ស​សង្គ្រោះជាតិ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា ក្រុមហ៊ុន និង​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ខែត្រ បាន​សាងសង់​លំនៅឋាន ត្រៀម​បម្រុង​ជូន​ពលរដ្ឋ​អស់​ហើយ និង​កំណត់​ដីស្រែ​សម្រាប់​ធ្វើ​កសិកម្ម ក្នុង​មួយ​គ្រួសារ​ទទួល​បាន ៥​ហិកតារ រីឯ​ពលរដ្ឋ​បំបែក​គ្រួសារ​ទទួល​បាន ២​ហិកតារ។ លើស​ពី​នេះ បើ​ពលរដ្ឋ​ចង់​ប្ដូរ​ឥរិយាបថ​ចង់​រស់នៅ​ភូមិ​ថ្មី ក្រុមហ៊ុន​នឹង​សហការ ២៤​ម៉ោង ចុះ​ស្រង់​ស្ថិតិ​ផ្ដល់​សំណង​ជូន​ពលរដ្ឋ ផ្អែក​តាម​គោលនយោបាយ​របស់​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់។ លោក​បន្ថែម​ថា ទីតាំង​ភូមិ​ថ្មី​ដែល​ពលរដ្ឋ​គ្រោង​ស្នើសុំ​បង្កើត​ភូមិ​ថ្មី ជា​តំបន់​ហ៊ុមព័ទ្ធ​ដោយ​ទឹក លំបាក​ធ្វើដំណើរ គ្មាន​សាលារៀន និង​មន្ទីរពេទ្យ ហើយ​ផែនការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី នៅ​តំបន់​នោះ​ត្រូវ​ចំណាយ​ធនធាន​ច្រើន បូក​ផ្សំ​ពេលវេលា​ច្រើន​ផង បង្ក​ប៉ះពាល់​ការ​សិក្សា​របស់​កុមារ សុខភាព​ពលរដ្ឋ និង​ការ​ផ្ដល់​សេវា​សាធារណៈ៖ «គេ​មិន​អាច​ទៅ​ធ្វើ​អី​ក្នុង​ភូមិ​ចាស់​ហ្នឹង​បាន​ទេ ពីព្រោះ​ស្ពាន​ស្រែពក គេ​ផ្តាច់​អស់​រលីង​ហើយ ដល់​អ៊ីចឹង​គេ​ឲ្យ​ងាក​មក គេ​រៀបចំ​ភូមិ​ថ្មី ត្រូវ​ចំណាយ​លុយ​ក្រុមហ៊ុន គេ​មិន​អាច​មាន​ថវិកា​ទៅ​បង្កើត​ភូមិ​ថ្មី​ទេ»

លោក សៀក មេគង្គ បន្ថែម​ថា ទីតាំង​ភូមិ​ថ្មី ដែល​សហគមន៍​ជាង ៥០​គ្រួសារ​គ្រោង​ស្នើសុំ​បង្កើត​ជា​ភូមិ​ថ្មី ដើម្បី​រស់នៅ​ជំនួស​ភូមិ​ចាស់ គឺជា​តំបន់​គ្មាន​សេវា​ទូរស័ព្ទ និង​ផ្លូវ​លំបាក​ធ្វើដំណើរ។ លោក​ថា ពលរដ្ឋ​ដែល​ក្រាញ​ននៀល​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​កំពុង​ជួប​គុណវិបត្តិ​ច្រើន​រួមមាន ខ្វះ​ស្បៀង​អាហារ បញ្ហា​សុខភាព ផ្លូវ​លំបាក​ធ្វើដំណើរ កង្វះ​ទឹក​ស្អាត ហើយ​កុមារ ៥០​នាក់​បោះបង់​ការសិក្សា។

របាយការណ៍​អាជ្ញាធរ​ឃុំ​ស្រែគរ អោយ​ដឹង​ថា ពលរដ្ឋ ៦​គ្រួសារ​ថ្មី​ទៀត នៅ​ឃុំ​ស្រែគរ បាន​យល់ព្រម​ទទួល​សំណង និង​ចាក​ចេញពី​ភូមិ​ចាស់ ទៅ​រស់នៅ​ភូមិ​ថ្មី ហើយ​បច្ចុប្បន្ន​ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស​ជាង ៥០​គ្រួសារ បន្ត​រស់នៅ​ទី​ទួល​ខ្ពស់ ព្រោះ​ទឹកជំនន់​បាន​ពន្លិច​លំនៅឋាន​ពួកគាត់​ទាំងស្រុង។

អ្នកភូមិ​ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន រស់​នៅ​ភូមិ​ស្រែគរ ជា​ជនជាតិ​ភាគតិច​ឡាវ លោក ហ្វុត ឃឿន ធ្លាប់​បញ្ជាក់​ថា អ្នកភូមិ​សុខចិត្ត​ស្លាប់ មិន​ចុះ​ចាក​ចេញពី​ភូមិកំណើត​ដាច់ខាត និង​នៅ​ក្រាញននៀល​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន ត្បិត​ការ​ជម្លៀស​ចេញពី​ភូមិកំណើត នាំ​ឲ្យ​អ្នកភូមិ​បាត់បង់​ប្រពៃណី​វប្បធម៌ បាត់បង់​ផ្នូរ​ដូនតា ព្រៃ​ជំនឿ និង​បាត់បង់​ទឹកទន្លេ​ដែល​ជា​ប្រភព​ប្រាក់​ចំណូល​របស់​អ្នកភូមិ​មិន​ចេះ​រីងស្ងួត៖ «អត់​មាន​គ្រូបង្រៀន​តាំង​ពី​ចុង​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០១៧ នេះ គឺ​ពលរដ្ឋ​មាន​ផល​លំបាក​យ៉ាង​ច្រើន​នៅ​ក្នុង​ហ្នឹង»

អ្នកឃ្លាំមើល​បរិស្ថាន លោក ភូ ប៊ុនថាន់ យល់​ថា បើ​អាជ្ញាធរ និង​ក្រុមហ៊ុន​មិន​ឯកភាព​ស្ថាបនា ភូមិ​ថ្មី តាម​សំណូមពរ​របស់​សហគមន៍ គឺ​ជា​ករណី​ផ្ទុយ​ពី​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល។ លោក​បញ្ជាក់​ថា ការ​បដិសេធ​មិន​ទទួលយក​ការ​អំពាវនាវ​របស់​ប្រជាជន គឺជា​ចំណុច​មួយ​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​មិន​សប្បាយចិត្ត៖ «ប្រសាសន៍​របស់​សម្ដេច​នាយក គឺ​និយាយ​ថា យើង​ធ្វើ​តាម​សំណូមពរ​របស់​ប្រជាជន បើ​មិន​ធ្វើ​តាម​ប្រជាជន គឺ​មាន​ន័យ​ថា មិន​ធ្វើ​តាម​សម្ដេច​នាយក​ក្នុង​ពេល​ហ្នឹង»

លិខិត​ជូនដំណឹង​របស់​អភិបាលខែត្រ​ស្ទឹងត្រែង​លោក មុំ សារឿន ចុះ​ថ្ងៃ​​១១ តុលា បញ្ជាក់​ថា ក្នុង​ករណី​ដែល​ពលរដ្ឋ​មិន​ទទួល​សំណង រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​បាន​ផ្ដល់​ជម្រើស​នានា ជូន​ពលរដ្ឋ​ដែល​ចង់​យក​ទីតាំង​ថ្មី ឋិត​នៅ​ក្បែរ​ភូមិ​ចាស់ និង​ធ្លាប់​អាស្រ័យ​ផល​ស្រាប់ ដែល​ជា​ទីតាំង​មាន​សុវត្ថិភាព ដើម្បី​សាងសង់​លំនៅឋាន​ថ្មី​រស់នៅ។ លើស​ពី​នេះ រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​អះអាង​ថា នឹង​បន្ត​សហការ​ដោះស្រាយ​ផល​ប៉ះពាល់ ផ្អែក​តាម​គោលនយោបាយ​សមស្រប​ជូន​ពលរដ្ឋ​ផ្ទាល់។

កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៧ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ពោធ​ចុច​កុងតាក់​បិទទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ជា​ស្ថាពរ ដោយ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឲ្យ​អ្នកភូមិ​ដែល​បដិសេធ​មិន​ទទួល​សំណង​រស់នៅ​ភូមិ​ស្រែគរ និង​ភូមិ​ក្បាល​រមាស​ចាស់ អាច​តាំង​ទី​លំនៅ​ភូមិ​ថ្មី​បាន។ ក៏​ប៉ុន្តែ មក​ទល់​ពេល​នេះ ក្រុមហ៊ុន និង​អាជ្ញាធរ​មិន​អនុវត្ត​តាម​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល