មនុស្សជាង ៤០០នាក់ចូលរួមកម្មវិធីរត់ប្រណាំងដើម្បីអបអរទិវាសត្វខ្លាធំ ។ ពិធីរត់ប្រណាំងដើម្បីធម្មជាតិនេះ ធ្វើនៅទីរួមខេត្តមណ្ឌលគិរី ថ្ងៃទី២៨ ខែកក្កដា និងសហការរៀបចំដោយអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំនៅកម្ពុជា (WWF-កម្ពុជា) និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ។
ហ្វេសប៊ុករបស់អង្គការ WWF-កម្ពុជា ឱ្យដឹងថា ទិវាសត្វខ្លាធំឆ្នាំនេះ លើកឡើងពីអត្ថប្រយោជន៍នៃការអភិរក្សសត្វខ្លាធំ និងការបង្ហាញពីក្តីកង្វល់គ្រោះថ្នាក់នៃអន្ទាក់ដែលព្រានព្រៃប្រើសប្រាស់ដាក់ទាក់សត្វព្រៃ និងពីអត្ថប្រយោជន៍នៃប្រព័ន្ធជីវៈចម្រុះផ្សេងទៀត ។
អង្គការដែលធ្វើការងារទាក់ទងនឹងបរិស្ថានដដែលនេះឱ្យដឹងទៀតថា ការបរិភោគសាច់សត្វព្រៃ ក៏ជាកត្តាគំរាមកំហែងធំមួយដែរ ដែលប៉ះពាល់ដល់សត្វព្រៃ និងប្រព័ន្ធជីវចម្រុះ ។
WWF-កម្ពុជា យល់ថា ដើម្បីអភិរក្សសត្វខ្លាធំបាន គឺត្រូវការពារសត្វព្រៃ និងព្រៃឈើដែលជាជម្រករបស់វា ។ អង្គការនេះអំពាវនាវដល់ពលរដ្ឋ និងអ្នកពាក់ព័ន្ធត្រូវរួមគ្នា លុបបំបាត់អន្ទាក់គ្រប់ប្រភេទ និងមិនត្រូវបរិភោគសាច់សត្វព្រៃឡើយ ដូចដែលពាក្យមួយលើកឡើងថា៖ «មានខ្លាធំ មានសត្វព្រៃ មានព្រៃឈើ មានជីវចម្រុះ មានការរស់នៅល្អប្រសើរ» ។
បន្ទាប់ពីកម្មវិធីរត់ប្រណាំងនេះ ថ្ងៃទី២៩ ខែកក្កដា ស្អែកនេះ អង្គការ WWF-កម្ពុជា និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏នឹងមានកម្មវិធីដើរក្បួន និងសម្ដែងសិល្បៈ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការអភិរក្សសត្វខ្លាធំ និងកិច្ចការពារធនធានធម្មជាតិក្នុងខេត្តមណ្ឌលគិរី ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
