សន្និសីទ​ស្តីពី​កិច្ច​សហការ​ឆ្លង​ដែន​គ្រប់គ្រង​ធនធាន​ទឹក​ទន្លេ​មេគង្គ​ឱ្យ​បាន​ល្អ​ប្រសើរ

ដោយ ជី វិតា
2019-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សន្និសីទ​ស្ដីពី​ការ​គ្រប់គ្រង​ធនធាន​ទឹក​ទន្លេ​មេគង្គ​ឱ្យ​បាន​ល្អ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ២០១៩។
សន្និសីទ​ស្ដីពី​ការ​គ្រប់គ្រង​ធនធាន​ទឹក​ទន្លេ​មេគង្គ​ឱ្យ​បាន​ល្អ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ២០១៩។
រូប៖ ជី វិតា

កិច្ចសហការ​ឆ្លងដែន ដើម្បី​គ្រប់គ្រង​ធនធាន​ទឹក​នៅ​ក្នុង​ដង​ទន្លេ​មេគង្គ​ឱ្យ​បាន​ល្អ​ប្រកប​ដោយ​និរន្តរភាព គឺ​ជា​គន្លឹះ​សំខាន់​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ប្រជាជន​ប្រមាណ ៦៥លាន និង​បរិស្ថាន ដែល​ពឹង​ពាក់​លើ​ទន្លេ​ដ៏​វែង​មួយ​នេះ។

បញ្ហា​ដែល​ប្រទេស​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ (Mekong River Commission or MRC) ទាំង​បួន មាន​ថៃ ឡាវ កម្ពុជា និង​វៀតណាម កំពុង​ប្រឈម រួម​មាន​កង្វះ​ការ​ចែក​រំលែក​ព័ត៌មាន​ស្តីពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៃ​ប្រទេស​នៅ​ខ្សែ​ទឹក​ខាង​លើ បញ្ហា​ទឹក​ជំនន់ ការ​ថយ​ចុះ​នៃ​បរិមាណ​ត្រី និង​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ នៅ​ក្នុង​ដង​ទន្លេ​មេគង្គ។

បញ្ហា​ទាំង​អស់​នេះ ជំរុញ​ឱ្យ​មាន​ជួប​ប្រជុំ​គ្នា​រក​ដំណោះ​ស្រាយ​ក្នុង​ចំណោម​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​មួយ នៅ​ទីក្រុង​បាងកក។

ការ​ចែក​រំលែក​ព័ត៌មាន និង​បទ​ពិសោធន៍​ពី​បញ្ហា​នៅ​ក្នុង​ដង​ទន្លេ​មេគង្គ ដើម្បី​ផ្លាស់​ប្ដូរ​យោបល់​ក្នុង​ចំណោម​អ្នក​ចូលរួម​ប្រមាណ ២០០នាក់​នេះ ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​សន្និសីទ​ស្ដីពី​កិច្ច​សហការ​ឆ្លង​ដែន​គ្រប់គ្រង​ធនធាន​ទឹក​ទន្លេ​មេគង្គ នៅ​ថ្ងៃ​ទី២០ ឧសភា នៅ​សណ្ឋាគារ សូហ្វីតេល (Sofitel) ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។ សន្និសីទ​រៀបចំ​ដោយ​គណៈកម្មការ​ទន្លេ​មេគង្គ ហៅ​កាត់​ថា អិមអស៊ី (Mekong River Commission or MRC) ដែល​មាន​ប្រទេស​សមាជិក​ទាំង​បួន គឺ​មាន ថៃ ឡាវ កម្ពុជា និង​វៀតណាម​នេះ មាន​អ្នក​ចូល​រួម​ពី​ច្រើន​វិស័យ រួម​មាន ប្រតិភូ​នៃ​ប្រទេស​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ គ្រូ​បង្រៀន តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ថៃ ឡាវ និង​វៀតណាម ព្រម​ទាំង​ប្រតិភូ​មក​ពី​រដ្ឋាភិបាល​ចិន មីយ៉ានម៉ា អូស្ត្រាលី និង​ធនាគារ​ពិភព​លោក ក្នុង​នាម​ជា​ដៃគូ​សន្ទនា​ផង​ដែរ។

ពី​កម្ពុជា សាស្ត្រាចារ្យ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក គង់ សំអុល ដែល​បាន​មក​ចូលរួម​ដែរ​នោះ មាន​ប្រសាសន៍​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​បញ្ហា​ប្រឈម​នឹង​ការ​ខ្វះខាត​ទិន្នន័យ​ទាក់ទង​នឹង​ធនធាន​ធម្មជាតិ​ក្នុង​ទន្លេ​មេគង្គ ដើម្បី​បង្រៀន​សិស្សានុសិស្ស ហេតុ​ដូច្នេះ​ទើប​លោក​ចូលរួម​ក្នុង​សន្និសីទ​នេះ៖ «មែនទែន​ទៅ​ឯកសារ​ទាក់ទង​ខាង​ធនធាន​ធម្មជាតិ​តាម​ដង​ទន្លេ​មេគង្គ ក៏​ដូច​ជា​ទន្លេសាប​ហ្នឹង យើង​មិន​ទាន់​មាន​ទូលំទូលាយ​ក្នុង​ការ​ចែក​រំលែក ឬ​ក៏​យើង​ទាញ​យក​មក​ផ្សព្វផ្សាយ​ទៅ​លើ​សិស្សានុសិស្ស​ជំនាន់​ក្រោយ​បាន​ទេ។ ខ្ញុំ​មក​ក្នុង​នេះ គឺ​ដើម្បី​ឱ្យ​ដឹង​ថា តើ​ទិន្នន័យ​ក្នុង​កម្មវិធី MRC ហ្នឹង តើ​គាត់​មាន​អី​ខ្លះ ដើម្បី​យើង​យក​ទៅ​សិក្សា​ស្រាវជ្រាវ ឬ​ក៏​ចែករំលែក​ទៅ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ។ អ៊ីចឹង​ហើយ ខ្ញុំ​អត់​បាន​ដឹង​ថា តើ​ក្នុង​នោះ​វា​មាន ដេតា (Data) អី​ខ្លះ ដែល​បាន​ចែក​រំលែក។ មែនទែន​ទៅ ជិត​មួយ​ថ្ងៃ​នេះ ព័ត៌មាន​ដែល​បាន​មក ដូច​ជា​វា​មាន​លក្ខណៈ​ទូលំទូលាយ​អំពី​គម្រោង ប៉ុន្តែ​គាត់​អត់​បាន​លើក​ឡើង​អំពី​លទ្ធផល​ដែល​គាត់​បាន​ស្រាវជ្រាវ ហើយ​បញ្ហា​ជា​ដើម​ចម ដែល​ធ្វើ​ឱ្យ​បញ្ហា​ហ្នឹង​កើត​ឡើង គាត់​អត់​បាន​លើក​ឡើង​ទេ។ ខ្ញុំ​ចង់​បាន​អ្វី​ដែល​បាន​ឃើញ​អ៊ីចឹង»

ទោះ​ជា​យ៉ាង​ណា ពី​ខាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​វិញ ប្រធាន​គម្រោង​គ្របគ្រង​គ្រោះ​មហន្តរាយ លោក ហ្វេដេរីកូ (Federico) មានប្រសាសន៍ថា វេទិកា​ពិភាក្សា​រៀបចំ​ដោយ គណៈកម្មការ​ទន្លេ​មេគង្គ ហៅ​កាត់​ថា អិមអស៊ី (Mekong River Commission or MRC) មួយ​នេះ គឺ​ជា​កិច្ច​ចាប់​ផ្តើម​ចែក​រំលែក​ព័ត៌មាន​គ្នា​ដ៏​ល្អ​មួយ រវាង​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ មាន​ប្រទេស​ចិន មីយ៉ានម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម៖ «នេះ​គឺ​ជា​ឱកាស​មួយ​ដ៏​ល្អ ដើម្បី​ឱ្យ​គ្រប់​ភាគី​ប៉ះពាល់​ទន្លេ​មេគង្គ ហើយ​ការងារ​ទាក់ទង​នឹង​ធនធាន​ទឹក ដែល​មាន​នៅ​តំបន់​មេគង្គ ហើយ​យើង​មាន​កន្លែង​មួយ ដើម្បី​ទាក់ទង​គ្នា ហើយ​បើក​សហប្រតិបត្តិការ​ជា​មួយ​គ្នា ហើយ​និង​មួយ​ទៀត​គឺ ដើម្បី​ស្គាល់​ពី​គម្រោង​ដែល​យើង​កំពុង​តែ​ប្រតិបត្តិ​ម្នាក់ៗ កុំ​ឱ្យ​ការងារ​របស់​យើង​ជាន់​គ្នា»

ចំណែក​នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេ​គង្គ ហៅ​កាត់​ថា អិមអស៊ី បណ្ឌិត អាន ពេជ្រហត្ថដា (An Pich Hatda) មាន​ប្រសាសន៍​ថា តាម​គម្រោង​ដែល​គាំទ្រ និង​ស្នើ​ដោយ​ធនាគារ​ពិភព​លោក ប្រទេស​ជិត​ខាង​ជាប់​ព្រំដែន ត្រូវ​សហការ​គ្នា​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​ដង​ទន្លេ​មេគង្គ រួម​មាន ជលផល នាវាចរ និង​ការ​ការពារ​បឹង​ធម្មជាតិ។ លោក​ថា សម្រាប់​កម្ពុជា​រហូត​មក​ដល់​បច្ចុប្បន្ន មិន​មាន​បញ្ហា​អ្វី​ជា​ដុំ​កំភួន​ទេ ក្នុង​ការ​សហការ​ជាមួយ​ប្រទេស​ឡាវ និង​វៀតណាម៖ «ជា​រួម ប្រទេស​ទាំង​អស់​ធ្វើការ​រួម​គ្នា​ល្អ ហើយនិង​សហការ​ជា​មួយ​គ្នា។ ប៉ុន្តែ អ្វី​ដែល​យើង​ប្រមើល បើសិនជា​ការ​អភិវឌ្ឍ​ហ្នឹង​មិន​មាន​ការ​សម្របសម្រួល​គ្នា​ទេ​ណ៎ា អូខេ។ ប៉ុន្តែ​ជា​បញ្ហា​សព្វ​ថ្ងៃ​នេះ តាម​រយៈ​កិច្ច​ព្រមព្រៀង​ឆ្នាំ១៩៩៥ គឺ​ផ្ដោត​ការ​ចាប់​អារម្មណ៍​លើ​ការ​បែងចែក​ប្រើប្រាស់​ទឹក។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ បើសិនជា​យើង​មើល​ទៅ លំហូរ​នៃ​ទឹក ជា​ពិសេស លំហូរ​នៃ​ទឹក​នៅ​រដូវ​ប្រាំង វា​មិន​សូវ​ចោទ​ជា​បញ្ហា​ប៉ុន្មាន​ទេ ដោយ​សារ​កម្រិត​នៃ​លំហូរ​មាន​ការ​កើន​ឡើង តាម​រយៈ​ការ​អភិវឌ្ឍ​ពី​ខាង​លើ​មក។ អ៊ីចឹង អ្វី​ដែល​សំខាន់ គឺ​ទាក់ទង​រឿង​ជលផល ឬ​មួយ​កំណក​កករ​ដី ហើយ​ទាក់ទង​នឹង​អេកូឡូហ្ជី (Ecology) ជា​ដើម។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​រវាង​ប្រទេស​ទាំង​អស់​ចូលរួម​ធ្វើ​ការងារ​ហ្នឹង»

គណៈកម្មការ​ទន្លេ​មេគង្គ (Mekong River Commission or MRC) ដែល​មាន​ប្រទេស​ថៃ ឡាវ កម្ពុជា និង​វៀតណាម ជា​សមាជិក​រង​ការ​រិះគន់​ថា មិន​មាន​ធ្មេញ ឬ​មិន​មាន​អំណាច​ក្នុង​ការ​ផ្លាស់ប្ដូរ​សេចក្ដី​សម្រេច​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​លើ​ដង​ទន្លេ​មេគង្គ​នៃ​ប្រទេស​នៅ​ខ្សែ​ទឹក​ខាង​លើ មាន​ដូចជា​នៅ​ក្នុង​ប្រទេស​ឡាវ និង​ប្រទេស​ចិន​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា បណ្ឌិត ពេជ្រហត្ថដា ពន្យល់​ថា គេ​ត្រូវ​យល់​អំពី​អាណត្តិ​របស់​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) គឺ​មិន​មាន​អំណាច​បង្គាប់​បញ្ជា​ទេ។ ទោះ​បែប​នោះ​ក្តី លោក​ថា តាម​រយៈ (MRC) បាន​ជួយ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​យោបល់​គ្នា រវាង​ប្រទេស​ជិត​ខាង​បាន​ច្រើន​ណាស់ ទាក់ទង​ទៅ​នឹង​ការ​សាងសង់​ទំនប់ និង​ធនធាន​ធម្មជាតិ៖ «ជា​វេទិកា​ដើម្បី​ជជែក​គ្នា។ កន្លង​មក បើ​យើង refer ទាក់ទង​ទៅ​រឿង សាយាប៊ុរី អី តាម​រយៈ MRC ព្រោះ​តាម​រយៈ MRC ហ្នឹង​ហើយ បាន​ជា​មាន​ការ​ជជែក​គ្នា។ យើង​គិត​មើល បើ​សិន​ជា​អត់ អឹមអស៊ី (MRC) តើ​ប្រទេស​មួយ ការ​ធ្វើ​វា​ជា​ការ​សម្រេច​ផង​គេ ព្រោះ​វា​ជា​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​នីមួយៗ ប៉ុន្តែ​សំខាន់ គឺ MRC បាន​ប្រូវ៉ាយ ផ្លែតហ្វម (provide platform) ប្រទេស មាន​ការ​ជជែក​គ្នា ផលិត​ចេញ​ជា​របាយការណ៍​ត្រួតពិនិត្យ​បច្ចេកទេស​របស់​គម្រោង ហើយ​គឺ​តាម​រយៈ​របាយការណ៍ MRC ហ្នឹង​ហើយ ដែល​អ្នក​អនុវត្ត រដ្ឋាភិបាល​របស់​ប្រទេស​ឡាវ គាត់​យក​អា​ហ្នឹង​ពិចារណា ហើយ​មាន​ការ​កែ​លម្អ ដែល​គេ​ហៅ​ថា ឌីហ្សាញ (Design)។ សួរ៖ ឯកឧត្ដម ទំនប់​ទាំង​អស់​ហ្នឹង​នៅ​តែ​សាងសង់​ដដែល អាច​ប៉ះពាល់​ដល់​បរិស្ថាន និង​ទន្លេ​មេគង្គ​អី​ហ្នឹង អ៊ីចឹង​បាន​គេ​ថា នៅ​ខ្សោយ ឯកឧត្ដម? នេះ​ជា​ការ​វាយ​តម្លៃ​របស់​សាធារណជន ប៉ុន្តែ​អ្វី​ដែល MRC អាច​ធ្វើ​បាន គឺ​តាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង នៅ​ឆ្នាំ១៩៩៥ ជា​សិទ្ធិ​អំណាច ព្រោះ MRC មិន​មាន​សិទ្ធិ​អំណាច​ទៅ​បង្គាប់​បញ្ជា​ថា អ្នក​ឯង​កុំ​ធ្វើ​នេះ កុំ​ធ្វើ​នោះ ព្រោះ​គេ​ហៅ​ថា សូវើរ៉េង ឌីស៊ីហ្សិន (Sovereign Decision) របស់​ប្រទេស​នីមួយៗ»

ទាក់ទង​ទៅ​នឹង​ទឹក​ជំនន់​នៅ​ដង​ទន្លេ​មេគង្គ​វិញ លោក ហ្វេដេរីកូ (Federico) ឱ្យ​ដឹង​ថា បណ្ដាល​មក​ពី​ទឹក​ភ្លៀង​ផង និង​មក​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ផង។ ទោះ​ជា​បណ្ដាល​ពី​មូលហេតុ​ណា​មួយ​ក៏​ដោយ លោក​ថា ប្រជាជន​កម្ពុជា​ត្រៀម​ខ្លួន​រក​ទី​សុវត្ថិភាព​ក្រោយ​ពី​ទទួល​ដំណឹង​អំពី​ទឹក​ជំនន់៖ «ប្រជាពលរដ្ឋ​នៅ​ជនបទ​មាន​បញ្ហា​ជា​ច្រើន ដោយសារ​ទឹក​ជំនន់។ អ៊ីចឹង ភាគ​ច្រើន វា​មក​ពី​ទឹក​ជំនន់ ហើយ​ជួន​កាល វា​អាច​កើត​ឡើង​ដោយសារ​ទំនប់​ទឹក ដែល​នៅ​ជិត​តំបន់​គាត់​ដែរ។ អ៊ីចឹង អ្វី​ដែល​សំខាន់ គឺ​ប្រជាពលរដ្ឋ​ខ្មែរ គាត់​អាច​ដឹង​មុន​ពី​បញ្ហា​ទឹក​ជំនន់​នៅ​តំបន់​គាត់។ គាត់​គ្រាន់​តែ​ត្រូវ​ចុះ​ឈ្មោះ​ក្នុង​ប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹង​មុន ១២៩៤ ក្នុង​ទូរស័ព្ទ​ដៃ ទូរស័ព្ទ​ធម្មតា ហើយ​គាត់​ជ្រើសរើស​ខេត្ត​របស់​គាត់ ស្រុក ហើយ​និង​ឃុំ ហើយ​បន្ទាប់​មក គឺ​ទឹក​ជំនន់​ហ្នឹង​ជិត​កើត​ឡើង គឺ​គាត់​បាន​ទទួល​ការ​ខល ២ ប្រព័ន្ធ ដែល​មាន​នៅ​ក្នុង​ស្រុក​ខ្មែរ ដែល​អង្គការ ភីន បាន​ការ​អភិវឌ្ឍ​ជា​មួយ​នឹង អ៊ឹនស៊ីឌីអឹម (NCDM) ដែល​ជា​អាជ្ញាធរ ក្នុង​រដ្ឋាភិបាល​ខ្មែរ»

នៅ​ក្នុង​បទ​បង្ហាញ​របស់​ខ្លួន​ទៅ​កាន់​អង្គ​សន្និសីទ ប្រធាន​ស្ដីទី​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹក​សាប​នៃ​រដ្ឋបាល​ជលផល លោក ទូច ប៊ុនថង មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​រួម​គ្នា ដែល​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ​កំពុង​ជួប​ប្រទះ ទាក់ទង​នឹង​ជលផល មាន​ប្រាំ​ចំណុច គឺ​ការ​ថយ​ចុះ​នៃ​បរិមាណ​ត្រី ការ​កើន​ឡើង​នៃ​ការ​នេសាទ គឺ​មាន​ន័យ​ថា វត្តមាន​អ្នក​នេសាទ​កាន់​ច្រើន​ឡើង ភាព​កម្សោយ ឬ​គ្មាន​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​ជលផល ការ​ចាប់​កូន​ត្រី​តូចៗ គ្មាន​រើស​មុខ​របស់​អ្នក​នេសាទ និង​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ។ លោក ទូច ប៊ុនថង បន្ត​ថា ប្រទេស​តាម​ដង​ទន្លេ​មេគង្គ ជា​ពិសេស ប្រទេស​ជិត​ខាង ត្រូវ​សហការ និង​ចែក​រំលែក​ព័ត៌មាន​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​រួម​គ្នា។

អ្នក​ជំនាញ​សំដែង​ក្ដី​បារម្ភ​ពី​ផល​ប៉ះ​ពាល់​បរិស្ថាន និង​ជីវិត​មនុស្ស​ប្រមាណ ៦៥លាន​នាក់ ដែល​ពឹង​ផ្អែក​លើ​ទឹក និង​ធនធាន​ធម្មជាតិ​ក្នុង​ដង​ទន្លេ​មេគង្គ ប្រសិន​បើ​ការ​ធ្វើ​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ​នៅ​បន្ត ហើយ​ជា​ពិសេស គឺ​ការ​មិន​ចែក​រំលែក​ព័ត៌មាន​រវាង​ប្រទេស​ជាប់​ដង​ទន្លេ។ សន្និសីទ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​អង្គារ ទី២១ ឧសភា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល