មន្ត្រី​អភិរក្ស​នៅ​ប៉ៃលិន​ចោទ​ក្រុមហ៊ុន​មរតក​ជីម​រុក​រក​ត្បូង​និង​រ៉ែ​មាស​ខុស​ច្បាប់

0:00 / 0:00

មន្ត្រី​អភិរក្ស​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត អះអាង​ថា ក្រុមហ៊ុន​មរតក​ជីម កំពុង​ធ្វើ​សកម្មភាព​រុក​រក​ត្បូង និង​រ៉ែ​មាស នៅ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ដោយ​ខុស​ច្បាប់ ហើយ​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​ឡើយ។ ក្នុង​ករណី​នេះ អភិបាល​ខេត្ត​ប៉ៃលិន បញ្ជាក់​ថា លោក​ពុំ​ទទួល​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​ដែល​ជា​មន្ត្រី​អភិរក្ស​ក្នុង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​សកម្មភាព​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ​នេះ ហើយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធានការ​ជា​បន្ទាន់ ជៀសវាង​កុំ​ឲ្យ​បញ្ហា​រាល​ដាល​ទៅ​មុខ​ទៀត។

មន្ត្រី​អភិរក្ស​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​ម្នាក់ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ថា ក្រុមហ៊ុន​មរតក​ជីម កំពុង​ដាក់​គ្រឿងចក្រ​ជីក​គាស់​កកាយ​រុក​រក​រ៉ែ​ត្បូង​នៅ​ចំណុច​ធូរេន ២​ដើម និង​រ៉ែ​មាស នៅ​ចំណុច​អូរ​១៦ សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ជាប់​ព្រំដែន​កម្ពុជា​ថៃ ប្រទះ​ឃើញ​ធ្វើ​សកម្មភាព​ប្រមាណ​មួយ​ខែ​មក​ហើយ។

មន្ត្រី​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​នេះ​ធ្វើ​ឡើង​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ឡើយ ហើយ​ពុំ​ទាន់​មាន​អាជ្ញាធរ​ណា​ចេញ​មក​ទប់ស្កាត់​នៅ​ឡើយ​ទេ៖ «ដូចជា​អត់​មាន​សកម្មភាព​ទប់ស្កាត់​អី​ទេ​បង និយាយ​រួម​ទៅ​ខាង​រដ្ឋាភិបាល​ហ្នឹង​ដូចជា​ពិបាក​ណាស់ គាត់​ហាត់​បី​ដូច​ជា​ត្រូវ​គ្នា​អ៊ីចឹង។ បើ​អ្នក​ទប់ស្កាត់​មាន​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​ស្ថានភាព​ហ្នឹង​វា​ដូច​ទៅ​ទាំង​ព្រម​ម៉េច។ ខ្សែ​គេ​ធំ អា​ហ្នឹង​ធ្វើ​នោះ​ខ្សែ​គេ​ធំ ដល់​ពេល​ខ្សែ​ធំ​ទៅ​ជា​អត់។ បើ​ធម្មតា អា​រឿង​អ្វី​ដែល​ត្រូវ​ច្បាប់ គឺ​មិន​ហាម​ឃាត់​ទេ គាត់​ធ្វើ​ចុះ ប៉ុន្តែ​មិន​ទាន់​ច្បាប់​ផង​គាត់​មាន​សកម្មភាព ដូចជា​អត់​ត្រូវ»

មន្ត្រី​អភិរក្ស​រូប​នេះ​បន្ត​ថា ការ​ជីក​រុក​រក​រ៉ែ​របស់​ក្រុមហ៊ុន ធ្វើ​ឲ្យ​បរិស្ថាន​ទឹក​ដែល​ហូរ​តាម​ជ្រលង​អូរ​ពី​ប្រទេស​ថៃ មក​កម្ពុជា ឡើង​ក្រហម​ខូច​គុណភាព​ទឹក ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​មិន​អាច​ប្រើប្រាស់ ឬ​បរិភោគ​បាន​ឡើយ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​ប៉ៃលិន លោក កើត សុធា មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ជុំវិញ​ការ​រុក​រក​រ៉ែ​ដោយ​ខុស​ច្បាប់​របស់​ក្រុមហ៊ុន​មរតក​ជីម នេះ​ទៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា​នឹង​តាម​ដាន​លើ​ការងារ​នេះ៖ «ណែ! មាន​ណា! ខ្ញុំ​ដូចជា​មិន​មាន​ព័ត៌មាន​អី​សោះ​បាទ! ចាំ​មើល​ខ្ញុំ​សួរ​គេ​តាម​នេះ​ថែម​ទៀត ព្រោះ​យើង​គ្រប់គ្រង​យើង​មើល»

សកម្មភាព​រុក​រក​រ៉ែ​ត្បូង​របស់​ក្រុមហ៊ុន​មរតក​ជីម នៅ​ចំណុច​ធូរេន​២​ដើម សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៤។
សកម្មភាព​រុក​រក​រ៉ែ​ត្បូង​របស់​ក្រុមហ៊ុន​មរតក​ជីម នៅ​ចំណុច​ធូរេន​២​ដើម សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៤។ (Photo Provided)

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ប្រចាំ​ខេត្ត​ប៉ៃលិន អ្នកស្រី ប្រាក់ សុភិមា មាន​ប្រសាសន៍​ពី​ការ​ជីក​រក​រ៉ែ​ត្បូង​នេះ​ថា អាជ្ញាធរ​គួរ​មាន​វិធានការ​ស្រាវជ្រាវ​រក​ការ​ពិត​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ថែរក្សា​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​ខ្មែរ៖ «ពាក់ព័ន្ធ​នឹង​រ៉ែ​ហ្នឹង​អី​អា​ហ្នឹង​យើង​ពិបាក​ជួល​កាល​អឺ! ដឹង​ថា​គេ​មាន​ច្បាប់​មក​ពី​លើ ឬ​ក៏​យ៉ាង​ម៉េច? ប៉ុន្តែ​បើ​សិន​ជា​ពាក់ព័ន្ធ​នឹង​ធនធាន​ធម្មជាតិ ទោះ​បី​ជា​ព្រៃ​ឈើ​ក៏ដោយ រ៉ែ​ក៏ដោយ អឺ! ក្នុង​នាម​ពលរដ្ឋ​ខ្មែរ​មួយ​រូប ចាំបាច់​ត្រូវ​តែ​ការពារ»

តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត ជា​ជំនួយ​អភិរក្ស​ឧបត្ថម្ភ​ដោយ​តារា​ភាពយន្ត​ហូលីហ្វូត (Hollywood) របស់​អាមេរិក​ឈ្មោះ កញ្ញា អេនជេលីណា ចូលី (Angelina Jolie) ដែល​អភិរក្ស​ដោយ​អង្គការ អិមជីភី (MJP)។ របាយការណ៍​របស់​អង្គការ អិមជីភី បង្ហាញ​ថា នៅ​ឆ្នាំ​១៩៩៣ ចំនួន​ដី​ព្រៃ​នៅ​តំបន់​អភិរក្ស​ប្រមាណ ៦​ម៉ឺន​ហិកតារ។ ផ្ទៃ​ដី​ចំនួន​នេះ បាន​ថយ​ចុះ​ជា​បន្តបន្ទាប់ ដោយសារ​ការ​កាប់​រុក​រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ។ បើ​តាម​របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ ដី​ព្រៃ​ដែល​នៅ​សេសសល់​មាន​ប្រមាណ ៤​ម៉ឺន​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។