អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​កំពង់ធំ​ស៊ើបអង្កេត​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ភ្នំ​ជី

ដោយ យន់ សាមៀន
2019-08-03
Share
ផែនទី​ខេត្ត​កំពង់ធំ ៨៥៥ ផែនទី​ខេត្ត​កំពង់ធំ។
Photo: RFA

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​កំពង់ធំ ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់​ភ្នំ​ជី ឋិត​ក្នុង​ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។ ការ​អំពាវនាវ​នេះ ក្រោយពី​ពួកគេ​ទទួល​ដំណឹង​ថា មាន​ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​តំបន់​នោះ កំពុង​ភ័យ​ព្រួយ ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​បរិស្ថាន និង​ជីវភាព​ប្រជាជន នៅ​គ្រា​ដែល​ពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​រងគ្រោះ​ដោយសារ ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ធំ លោក សុក រដ្ឋា ឱ្យ​ដឹង​នៅ​ថ្ងៃទី៣ សីហា ថា មាន​ចំណុច​សង្ស័យ​ជាច្រើន ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពង់ធំ ហាក់​បិទបាំង​ព័ត៌មាន ពី​អាជីវកម្ម​រ៉ែ​មាស នៅ​តំបន់​ភ្នំ​ជី ចំណុច​ស្នងអរ ចំណុច​កំណប់​នាង​ពៅ និង​ចំណុច​អូរផ្អាវ ក្នុង​ឃុំ​សុចិត្រ នៃ​ស្រុក​សណ្ដាន់។ លោក​ថា ការ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​តំបន់​នោះ ជា​បទល្មើស​ឧក្រិដ្ឋ ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន ត្រូវ​ទទួលខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់​។ លោក​បន្ថែម​ថា សមាគម​អាដហុក​នឹង​តាមដាន និង​ស៊ើបអង្កេត​ករណី​នេះ ឱ្យ​ស៊ីជម្រៅ ខណៈ​ដែល​មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​ដេក​ភ័យ​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ដោយសារ​អាជីវកម្ម​រ៉ែ​មាស​ទាំងនោះ៖ «ក្នុងនាម​យើង​ជា​អង្គការ​សង្គម​ស៊ីវិល យើង​មានការ​ព្រួយបារម្ភ​ខ្លាំង​នៅ​ពេល​ដែល​មាន​ការ​ចូល​ទៅ​រក​អាជីវកម្ម​រ៉ែ ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ។ បាតុភាព​នេះ​នៅតែ​កើតមាន​ពុំ​មាន​ការទប់ស្កាត់ និង​ពុំ​មាន​ការអនុវត្ត​ច្បាប់​។ អាហ្នឹង​វា​ជា​អំពើ​មួយ​ដែល​បិទបាំង​ចំពោះ​បទល្មើស​ឧក្រិដ្ឋ​កើតឡើង។ ករណី​ហ្នឹង​ទាំងអស់​ហ្នឹង​ត្រូវតែ​មានការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​អ្នក​ដែល​ជា​សមត្ថកិច្ច​ដែនដី​នៅ​តំបន់​ហ្នឹង»

ពលរដ្ឋ​ខេត្ត​កំពង់ធំ ឱ្យ​ដឹង​ថា ពួកគេ​ប្រទះ​ឃើញ ការដ្ឋាន​អាជីវកម្ម​រ៉ែ​មាស​មួយ​កន្លែង​បាន​ប្រើ​គ្រឿងចក្រ​ខួង​រណ្ដៅ​ជ្រៅ​ក្នុង​ដី និង​បាន​ប្រើ​រំសេវ​បំផ្ទុះ​ថ្ម​នៅ​ចំណុច​ស្អងអរ និង​ចំណុច​អូរផ្អាវ ក្នុង​ឃុំ​សុចិត្រ។ អាជីវកម្ម​រ៉ែ​មាស​ទាំងនោះ អ្នកភូមិ​មិន​ប្រាកដ​ថា ជា​របស់​ក្រុមហ៊ុន​ណា​នោះ​ទេ តែ​គេ​ឃើញ​មាន​ជនជាតិ​ចិន​ជា​ក្រុមៗ ដឹក​គ្រឿងចក្រ​ចូល​ទៅ​តំបន់​នោះ និង​មាន​សំឡេង​ផ្ទុះ​ថ្ម​ជា​ញឹកញាប់។

ពលរដ្ឋ​រស់នៅ​ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ លោកស្រី ភី សុរិយា ឱ្យ​ដឹង​ថា កន្លង​ទៅ​មាន​ពលរដ្ឋ ៤០​គ្រួសារ ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ដោយសារ​លំនៅឋាន​របស់​ពលរដ្ឋ​ឋិត​នៅ ក្បែរ​ទីតាំង​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស។ លោកស្រី​ថា នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នោះ ហាក់​ស្ងប់ស្ងាត់​បន្តិច ក៏ប៉ុន្តែ​មាន​ជនជាតិ​ចិន​ជា​ក្រុមៗ បាន​ដឹក​គ្រឿងចក្រ​ចូល​កាន់តែ​ច្រើន។ លោកស្រី​បន្ថែម​ថា កន្លងទៅ ជនជាតិ​ចិន​បាន​ប្រើ​រំសេវ​បំផ្ទុះ​ថ្ម​ជារឿយៗ រំខាន​ដល់​ការរស់នៅ​របស់​អ្នកភូមិ ហើយ ពលរដ្ឋ ជាង ២០០​គ្រួសារ​ផ្សេងទៀត កំពុង​ប្រឈម​ការ​ជម្លៀស​ចេញពី​លំនៅឋាន៖ «ពលរដ្ឋ​ធ្វើ​ផ្ទះ​នៅ​ហ្នឹង ឥឡូវ​ឈូស​ឆាយ​ខ្ទេច​ចូល ៤០​គ្រួសារ។ ព្រួយបារម្ភ​ដែរ​ដេញ​គេ​ត្រ​ណាត់​ណែ​ង​បែប​ហ្នឹង​វា​ពិបាក​ដែរ។ ចិន​គេ​ព្យាយាម​ដេញចេញ​គ្រាន់តែ​ថា គេ​ចាប់​ស្ងាត់​មួយ​សារ ដល់ពេល​ឥឡូវ​គេ​ចាប់ផ្ដើម​រៀប​គម្រោង​ថ្មី ពី​តំបន់​ទឹកដី​រៀប​គម្រោង​ធ្វើ​រ៉ែ»

ឆ្លើយតប​រឿង​នេះ អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍ថា បច្ចុប្បន្ន​ពុំ​មាន​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នោះ​ទេ ដោយសារ​កន្លងទៅ​មាន​ក្រុមការងារ​អន្តរក្រសួង​ចុះ​ពិនិត្យ និង​បិទ​មិន​ឱ្យ​ដំណើរការ​ទៀត​ឡើយ។ លោក​បដិសេធ​ថា ពុំ​មាន​ការ​បណ្ដេញ​ពលរដ្ឋ​ណា​ម្នាក់​ចេញពី​លំ​ឋាន ដូច​ការ​លើកឡើង​របស់​ពលរដ្ឋ​នោះ​ទេ។

អាស៊ីសេរី​បាន​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក យស់ មុនីរ៉ាត់ ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ករណី​នេះ​ដែរ ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី៣ សីហា។

កាលពី​ចុងខែ​មីនា ឆ្នាំ​២០១៩ សមត្ថកិច្ច​ខេត្ត​កំពង់ធំ បាន​រឹបអូស​រំសេវ​បំផ្ទុះ​ថ្ម​ជាង ៣.០០០​តោន ដែល​ក្រុមហ៊ុន​ចិន បាន​លាក់​ទុក​នៅ​ចំណុច​កំណប់​នាង​ពៅ ក្នុង​ឃុំ​សុខ​ចិត្រ ដែល​ឋិត​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ឡង់ ខេត្ត​កំពង់ធំ។ អ្នកស្រុក​ថា អាជីវកម្ម​រ៉ែ​មាស​ទាំងនោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី មាន​អំណាច​ជា​អ្នក​កាង ឱ្យ​ថៅកែ​ជនជាតិ​ចិន​ធ្វើ​អាជីវកម្ម និង​បើក​ការដ្ឋាន​ចម្រាញ់​រ៉ែ​មាស​ខុសច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល