ជនជាតិ​ដើម​ភាគ​តិច​នៅ​ខែត្រ​រតនគិរី​បដិសេធ​ជា​ថ្មី​ទៀត​មិន​ឲ្យ​ក្រុមហ៊ុន​អង្គរ​ហ្គោល​ស្រាវជ្រាវ​រក​រ៉ែ

ដោយ អាស៊ីសេរី
2017-11-02
Share
តវ៉ា រ៉ែ រតនគិរី ៨៥៥ ពលរដ្ឋ​រស់​នៅ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខែត្រ​រតនគិរី តវ៉ា​​ប្រឆាំង​មិន​ឲ្យ​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ ស្រាវជ្រាវ​នៅ​តំបន់​ពួកគាត់​រស់​នៅ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៧។
Photo provided

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់​នៅ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខែត្រ​រតនគិរី ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​ស្រាវជ្រាវ​រ៉ែ​មាស​ដោយ​ក្រុមហ៊ុន អង្គរ ហ្គោល (Angkor Gold) របស់​ឥណ្ឌា។ សហគមន៍​បារម្ភ​ថា អាជីវកម្ម​នេះ​នឹង​គំរាមកំហែង​ធនធាន​ធម្មជាតិ និង​ជីវភាព​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​នោះ។ ចំណែក​អាជ្ញាធរ​ឃុំ​អះអាង​ថា ការ​ស្រាវជ្រាវ​នោះ​ពុំ​ទាន់​ប៉ះពាល់​ដល់​ប្រយោជន៍​ពលរដ្ឋ​នោះ​ទេ។

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ចំនួន ៤​ភូមិ ក្នុង​ឃុំ​ប៉ាតេ ប្រមាណ​ជាង ៧០០​នាក់ បាន​បដិសេធ​ជា​ថ្មី​ទៀត​មិន​ឲ្យ​ក្រុមហ៊ុន​អង្គរ ហ្គោល សិក្សា​ស្រាវជ្រាវ​រ៉ែ​តាម​អាជ្ញាប័ណ្ណ​ដែល​ក្រសួង​សាមី​បាន​អនុញ្ញាត​នោះ​ទេ។ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា សហគមន៍​បាន​លើក​គ្នា​តវ៉ា​នៅ​មុខ​សាលា​ឃុំ​ប៉ាតេ ដោយ​បង្ហាញ​ជំហរ​ប្រឆាំង​គម្រោង​សិក្សា​ស្រាវជ្រាវ​រ៉ែ​នេះ ដែល​ពួកគាត់​ចាត់​ទុក​ថា ប៉ះពាល់​ធនធាន​ធម្មជាតិ និង​សិទ្ធិ​រស់​នៅ​របស់​ជន​ជាតិ​ដើម​ភាគ​តិច។

ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ដែល​ចូលរួម​តវ៉ា​នោះ រស់​នៅ​ភូមិ​គងធំ ក្នុង​ឃុំ​ប៉ាតេ លោក លេះ វីរៈ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០១ វិច្ឆិកា ថា ប្រសិនបើ​ក្រុមហ៊ុន​នេះ​ចូល​ទៅ​ស្រាវជ្រាវ​រ៉ែ​នៅ​តំបន់​ពួកគាត់​រស់​នៅ នឹង​បង្ក​ផល​ប៉ះពាល់​រួម​មាន ការ​បាត់បង់​ព្រៃឈើ ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន។ លោក​ថា បើ​ទោះ​បី​ជា​ក្រុមហ៊ុន​នេះ​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ​ក្ដី ហើយ​អាជ្ញាធរ​ជំនាញ​បាន​ធានា​ស្វែង​រក​ដំណោះស្រាយ​នានា ជូន​ពលរដ្ឋ​យ៉ាង​ណា​ក្ដី ក៏​សហគមន៍​នៅ​តែ​ប្រកាន់​ជំហរ​បដិសេធ​មិន​ឲ្យ​ក្រុមហ៊ុន​ចូល​ជា​ដាច់​ខាត៖ «គាត់​និយាយ​ទៅ​កាន់​ខាង​ខ្ញុំ​ថា ការ​រុករក​មិន​ប៉ះពាល់​ទេ អ៊ីចឹង​ដឹង​ថា មាន​មាស មាន​រ៉ែ អត់? ខ្ញុំ​ថា បើ​មាន​មាស មាន​រ៉ែ ខាង​ក្រុមហ៊ុន​នឹង​ផ្ទេរ​សិទ្ធិ​ឲ្យ​គេ»

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៦ សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ឃុំ​ប៉ាតេ បាន​តវ៉ា​ទាមទារ​ឲ្យ​ក្រុម​ការងារ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ដក​ទីតាំង​ចេញ​ពី​ភូមិ និង​បដិសេធ​ច្រើន​លើក​មិន​ឯកភាព​ឲ្យ​ក្រុមហ៊ុន​ស្រាវជ្រាវ​នៅ​តំបន់​អ្នក​ភូមិ​រស់​នៅ។ ចំណែក​ក្រុមហ៊ុន និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ព្យាយាម​បង្ហាញ​ពី​លក្ខណៈ​បច្ចេកទេស និង​ធានា​មិន​ប៉ះពាល់​ប្រជាពលរដ្ឋ​ក្នុង​គម្រោង​សិក្សា​ស្រាវជ្រាវ​រ៉ែ​នេះ។

យុវជន​រស់​នៅ​ភូមិ​ប្លង់ ឃុំ​ប៉ាតេ លោក រចំ ទ្វីវ យល់​ថា សហគមន៍​ពុំ​មាន​ជំនឿ​លើ​ដំណោះស្រាយ​របស់​អាជ្ញាធរ និង​ក្រុមហ៊ុន​នោះ​ទេ បើ​ទោះ​បី​ជា​ក្រុមហ៊ុន និង​អាជ្ញាធរ​បាន​ព្យាយាម​បង្ហាញ​ពី​លក្ខណៈ​បច្ចេកទេស និង​ធានា​មិន​ប៉ះពាល់​បរិស្ថាន​ក្តី។ លោក​ថា កន្លង​ទៅ​ក្រុមហ៊ុន​នេះ​ធ្លាប់​ស្រាវជ្រាវ​នៅ​ឃុំ​មួយ​ចំនួន​ក្នុង​ខែត្រ​រតនគិរី ដោយ​ក្រោយ​ពី​ការ​ស្រាវជ្រាវ​រួច ក្រុមហ៊ុន​អង្គរ ហ្គោល បាន​វិនិយោគ​បន្ត​ឲ្យ​ក្រុមហ៊ុន​ផ្សេង​មួយ​ទៀត​ធ្វើ​អាជីវកម្ម​រ៉ែ បង្ក​ផល​ប៉ះពាល់​បរិស្ថាន រួម​មាន​ប៉ះពាល់​ទឹក​អូរ​ធម្មជាតិ ការ​បាត់បង់​ធនធាន​ធម្មជាតិ និង​រំលោភ​សិទ្ធិ​រស់នៅ​របស់​សហគមន៍៖ «រ៉ែ​ហ្នឹង​មាន​ផល​ប៉ះពាល់​ច្រើន​បាន​ខ្ញុំ​ព្រួយ​បារម្ភ។ ព្រោះ​អី​ជនជាតិ​ដើម​ភាគតិច​រស់​ដោយសារ​ធនធាន​ធម្មជាតិ បើ​អត់​មាន​ធនធាន​ធម្មជាតិ​រស់​អត់​បាន​ទេ បើ​រ៉ែ​ចូល​រុក​រក​ទៅ អត់​មាន​អី​ធ្វើ​បាន ខ្ញុំ​ព្រួយ​បារម្ភ»

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន​អង្គរ ហ្គោល ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា។

មេ​ឃុំ​ប៉ាតេ ក្នុង​ស្រុក​អូរយ៉ាដាវ លោក ឆាយ ធី មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​អង្គរ ហ្គោល មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ ក្នុង​ការ​ស្រាវជ្រាវ​រ៉ែ​តាំង​ពី​មុន​ឆ្នាំ​២០១៥  ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ផ្អាក​មួយ​រយៈ កាល​ពី​ចុង​ឆ្នាំ​២០១៥ បន្ទាប់​ពី​មាន​ការ​បដិសេធ​ពី​សហគមន៍ ហើយ​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​អង្គរ ថ្គោល នៅ​មិន​ទាន់​ចុះ​ស្រាវជ្រាវ​រ៉ែ​នៅ​តំបន់​នោះ​នៅ​ឡើយ​ទេ ហើយ​ពលរដ្ឋ​ដែល​មក​តវ៉ា​កន្លង​មក គ្រាន់តែ​សម្ដែង​ក្ដី​បារម្ភ។

លោក​បញ្ជាក់​ថា ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​នេះ មិន​ទាន់​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​ពលរដ្ឋ​ណា​ម្នាក់​នៅ​ឡើយ​ទេ នៅ​ឃុំ​ប៉ាតេ ហើយ​អាជ្ញាធរ​ឃុំ​បាន​បញ្ជូន​ជំទប់​ទី​១ និង​ទី​២ ចុះ​ទៅ​ពិនិត្យ និង​តាមដាន​បញ្ហា​នេះ​រួច​ហើយ៖ «គាត់​ចេះ​តែ​ដាក់​ញត្តិ​ថា កុំ​ឲ្យ​មាន​ក្រុមហ៊ុន អង្គរ ហ្គោល ក្នុង​ដី​គាត់​ហ្នឹង​វា​ត្រឹមត្រូវ​ហើយ សិទ្ធិ​គាត់! ប៉ុន្តែ​ទាល់​តែ​មាន​សកម្មភាព​អី​ប៉ះពាល់ ឬ​ក៏​គេ​ធ្វើ​អី ហ្នឹង​បាន​យើង​រក​ដំណោះស្រាយ​បាន តែ​បើ​គេ​មិន​ទាន់​ធ្វើ»

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជយ យល់​ថា ការ​ចរចា​ត្រី​ភាគី​រវាង​ក្រុមហ៊ុន អាជ្ញាធរ និង​សហគមន៍ គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​នានា ដែល​ធានា​ថា នឹង​មិន​ប៉ះពាល់​ប្រយោជន៍​ពលរដ្ឋ។ លោក​ថា  តំណាង​ក្រុមហ៊ុន​អង្គរ ហ្គោល ធ្លាប់​លើក​ឡើង​ពី​បទពិសោធន៍​របស់​ខ្លួន និង​របៀប​ធ្វើ​កិច្ច​ការងារ​នេះ៖ «ក្រុមហ៊ុន​អង្គរ ហ្គោល អាច​នឹង​ទទួល​យក​ការ​សំណូមពរ​របស់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់។ រឿង​ដែល​សំខាន់​គួរ​តែ​មាន​ការ​ចរចា​គ្នា​រវាង​ក្រុមហ៊ុន និង​ពលរដ្ឋ អញ្ជើញ​ខាង​រដ្ឋាភិបាល​ឲ្យ​ចូល​រួម​ដែរ»

​អ្នក​ភូមិ​អោយ​ដឹង​ថា ក្រសួង​រ៉ែ បាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន អង្គរ ហ្គោល សិក្សា​ស្រាវជ្រាវ​រ៉ែ​លោហៈ លើ​ផ្ទៃដី​ទំហំ ១៨៧​គីឡូម៉ែត្រក្រឡា នៅ​តំបន់​បរខាំ ស្រុក​អណ្ដូងមាស ស្រុក​បរកែវ និង​ស្រុក​អូរយ៉ាដាវ និង​ហាមឃាត់​ដាច់​ខាត​ការ​ស្រាវជ្រាវ​ទៅ​លើ​ដី​កម្មសិទ្ធិ​របស់​រដ្ឋ ដែល​កំណត់​ថា ជា​តំបន់​វប្បធម៌ ទីតាំង​ប្រវត្តិសាស្ត្រ និង​តំបន់​បេតិកភណ្ឌ​ជាតិ។

ទោះ​ជា​យ៉ាង​ណា អ្នក​ភូមិ​មិន​អាច​ទទួល​យល់ព្រម​លើ​គម្រោង​ស្រាវជ្រាវ​រក​រ៉ែ​លោហៈ​នេះ​បាន​ទេ ដោយសារ​ការ​រុករក​រ៉ែ​កន្លង​មក​បាន​បង្ក​ផល​ប៉ះពាល់​បរិស្ថាន រួម​មាន​ប៉ះពាល់​ទឹកអូរ​ធម្មជាតិ ការ​បាត់បង់​ធនធាន​ធម្មជាតិ និង​រំលោភ​សិទ្ធិ​រស់​នៅ​សហគមន៍​របស់​ពួកគាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល