សហគមន៍នៅខេត្តរតនគិរីបន្តហាមឃាត់ក្រុមហ៊ុនអូស្ត្រាលីមិនឲ្យចូលស្រាវជ្រាវរ៉ែ
2015.09.19

ក្រុមហ៊ុនស្រាវជ្រាវរ៉ែលោហៈ អង្គរ ហ្គោល (Angkor Gold) នៃប្រទេសអូស្ត្រាលី ខកខានសិក្សាស្រាវជ្រាវរ៉ែ តាមអាជ្ញាប័ណ្ណរបស់ខ្លួន បន្ទាប់ពីសហគមន៍ជនជាតិដើមភាគតិចភូមិតាំងម្លូ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ប្រឆាំងមិនឲ្យក្រុមហ៊ុនចូលទៅបោះទីតាំងស្រាវជ្រាវនៅតំបន់អ្នកភូមិរស់នៅ។ តំណាងក្រុមហ៊ុនកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងរ៉ែ និងថាមពល។
តំណាងក្រុមហ៊ុន អង្គរ ហ្គោល អះអាងថា មន្ត្រីក្រសួងរ៉ែ និងថាមពល មិនទាន់ឆ្លើយតបទៅនឹងលិខិតស្នើសុំជួយអន្តរាគមន៍ពីការប្រឆាំងរបស់សហគមន៍ភូមិតាំងម្លូ ទាក់ទិនគម្រោងចូលស្រាវជ្រាវរ៉ែលោហៈរបស់ក្រុមហ៊ុននៅឡើយ។
កាលពីចុងខែកក្កដា សហគមន៍ភូមិតាំងម្លូ បានបដិសេធដាច់ខាតទៅនឹងការសម្របសម្រួលរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុន និងមន្ត្រីអង្គការសង្គមស៊ីវិល ដែលបានលើកឡើងគោលការណ៍បីចំណុចស្ដីពីដំណោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋរួមមាន ការបង្កើតក្រុមការងារមានតំណាងសហគមន៍ពី៥ ទៅ ៧នាក់ ចូលរួមតាមដានពិនិត្យសកម្មភាពស្រាវជ្រាវរ៉ែរបស់ក្រុមហ៊ុន។ បង្កើតក្រុមទស្សនកិច្ចសិក្សាសហគមន៍ស្វែងយល់ពីតំបន់កំពុងសិក្សាស្រាវជ្រាវរ៉ែលោហៈរបស់ក្រុមហ៊ុន និងការចុះកិច្ចព្រមព្រៀងធានាផ្លូវច្បាប់ ប្រសិនក្រុមហ៊ុនបង្កផលប៉ះពាល់ប្រជាពលរដ្ឋ។
បន្ទាប់ពីការបដិសេធនោះ តំណាងក្រុមហ៊ុន លោក ម៉ា សំអាត ចាត់ទុកថា ការពិភាក្សាដោយសន្តិវិធីរបស់ក្រុមហ៊ុន និងសហគមន៍មិនអាចសម្រេចបានលទ្ធផល ហេតុនេះក្រុមហ៊ុនសម្រេចធ្វើលិខិតសុំឲ្យក្រសួងរ៉ែ និងថាមពល ជួយអន្តរាគមន៍ក្នុងរឿងនេះ៖ «យើងចង់ឲ្យក្រសួងឆ្លើយតបដើម្បីជួយអន្តរាគមន៍ឲ្យប្រជាពលរដ្ឋ គាត់យល់ព្រមដើម្បីក្រុមហ៊ុនចុះធ្វើការងារហ្នឹង។ យើងទទួលបានអាជ្ញាប័ណ្ណពីក្រសួងត្រូវឲ្យក្រសួងមានចំណាត់ការបន្ថែមលើអ្វីដែលយើងបានធ្វើកន្លងមក»។
ក្រុមហ៊ុន អង្គរ ហ្គោល បានធ្វើបទបង្ហាញចំនួន៤ លើកពីលក្ខណៈបច្ចេកទេស និងលិខិតបទដ្ឋានពាក់ព័ន្ធការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណស្រាវជ្រាវរ៉ែលោហៈពីក្រសួងរ៉ែ និងថាមពល។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដំបូងដែលព្យាយាមអនុវត្តគោលនយោបាយដោះស្រាយរាល់ផលប៉ះពាល់ប្រជាពលរដ្ឋឈរលើគោលការណ៍ពិភាក្សាឯកភាពគ្នារវាងក្រុមហ៊ុន និងសហគមន៍តាមច្បាប់ស្ដីពីសម្បទាន។
ទាក់ទិនលិខិតស្នើសុំរបស់ក្រុមហ៊ុន អង្គរ ហ្គោល នេះ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង ស័ក្កធារ៉ា បដិសេធថា ក្រសួងមិនបានឃើញលិខិតស្នើសុំរបស់ក្រុមហ៊ុននោះទេ ក៏ប៉ុន្តែជាគោលការណ៍ប្រសិនបើក្រុមហ៊ុនស្នើសុំក្រសួងជួយដោះស្រាយបញ្ហានោះ ក្រុមការងារថ្នាក់ក្រសួងនឹងត្រូវបង្កើតឡើងដើម្បីជួយសម្របសម្រួលបញ្ហានេះ៖ «នៅរង់ចាំរហូតដល់ពេលណាប្រជាពលរដ្ឋគាត់យល់ដឹង ហើយមានជំនឿថា អាហ្នឹងផ្តល់ប្រយោជន៍ដល់មូលដ្ឋានគាត់ដែរ គាត់ស្វាគមន៍វិនិយោគនោះដែរ បានយើងអនុញ្ញាតឲ្យបន្ត ពីព្រោះការវិនិយោគរ៉ែជាការវិនិយោគរយៈពេលវែង»។
សហគមន៍ភូមិតាំងម្លូ ចាប់ពីដើមខែសីហា បានបន្តលើស្លាកសរសេរអក្សរដាក់នៅមុខផ្លូវចូលភូមិហាមមិនឲ្យក្រុមហ៊ុន អង្គរ ហ្គោល ចូលទៅក្នុងភូមិជាការបង្ហាញឆន្ទៈមិនទទួលយកគម្រោងវិនិយោគមួយនេះ។
ចំណែកអភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ ឲ្យដឹងដែរថា អាជ្ញាធរស្រុកបានធ្វើរបាយការណ៍ទាក់ទិនការបដិសេធរបស់សហគមន៍ជូនអាជ្ញាធរខេត្តរួចហើយ ប៉ុន្តែអាជ្ញាធរខេត្តមិនទាន់មានវិធានការនៅឡើយ។ ដោយឡែកក្រុមហ៊ុនបានបន្តសិក្សាពីគម្រោងអភិវឌ្ឍន៍មូលដ្ឋានជាបណ្ដោះអាសន្ន រង់ចាំការសម្របសម្រួលពីថ្នាក់ជាតិ៖ «ខ្ញុំឃើញ អង្គរ ហ្គោល គេចុះទៅក្រុមការងារជួយប្រជាពលរដ្ឋស្អីខ្លះក្នុងភូមិ។ អ៊ីចឹងទាល់តែថ្នាក់លើជួយជ្រោមជ្រែង អាជ្ញាធរសម្របសម្រួលបីដងហើយ»។
ក្រសួងរ៉ែ និងថាមពល បានកំណត់ឲ្យក្រុមហ៊ុន អង្គរ ហ្គោល សិក្សាស្រាវជ្រាវរ៉ែលោហៈលើផ្ទៃដីទំហំជិត ២០០គីឡូម៉ែត្រក្រឡា នៅតំបន់បរខាំ ស្រុកអណ្ដូងមាស ស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ចាប់ពីថ្ងៃចេញអាជ្ញាប័ណ្ណរហូតដល់ចុងខែធ្នូ ឆ្នាំ២០១៦។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងរ៉ែ ឲ្យដឹងដែរថា គោលការពិភាក្សាជាមួយសហគមន៍នឹងត្រូវបន្តធ្វើរហូតទីបំផុតដោយឈរលើការគោរពសិទ្ធិសហគមន៍៕