ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធានការ​លើ​លោក អាឡិក បើ​មិន​ចេញ​ពី​កម្ពុជា

ដោយ ប្រាជ្ញ ចេវ
2015-02-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ចូល​រួម​​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ចូល​រួម​​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA

ក្រសួង​មហាផ្ទៃ ព្រមាន​ចាត់​វិធានការ​លើ​ជនបរទេស​មួយ​រូប គឺ​លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) អ្នក​ការពារ​ធនធាន​ធម្មជាតិ​តំបន់​អារ៉ែង ខណៈ​ដែល​ទិដ្ឋាការ​របស់​លោក​ត្រូវ​ផុត​កំណត់​នៅ​ទី​២០ ខែ​កុម្ភៈ ប្រសិនបើ​លោក​​​​មិន​ព្រម​​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ ទោះ​មាន​ការ​ព្រមាន​បែប​នេះ​ក្ដី លោក អាឡិក នៅ​តែ​អះអាង​ថា មិន​ទាន់​រៀបចំ​ខ្លួន​ដើម្បី​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា នៅ​ឡើយ​ទេ។

​មុន​មួយ​ថ្ងៃ​នៃ​ការ​ផុត​កំណត់​ទិដ្ឋាការ​របស់​​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិក មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បង្ហាញ​សារ​ព្រមាន​និរទេស​ខ្លួន​ជនបរទេស​រូប​នេះ។ ចំណែក​ក្រុម​យុវជន និង​ព្រះសង្ឃ​ថា នឹង​ប្រឆាំង​ចំណាត់​ការ​របស់​ក្រសួង​មាន​សមត្ថកិច្ច។

​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​នាយ​ឧត្ដមសេនីយ៍ ខៀវ សុភ័គ មាន​ប្រសាសន៍​ក្រសួង​មហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​លោក អាឡិក បន្ត​រស់​នៅ​ប្រទេស​កម្ពុជា ក្នុង​ពេល​ទិដ្ឋាការ​ផុត​កំណត់​ឡើយ បើ​តាម​ជា​គោលការណ៍​ផាក​វិន័យ​ជា​ប្រាក់​ចំពោះ​ជនបរទេស​ដែល​រស់​នៅ​ប្រទេស​កម្ពុជា ដែល​ផុត​ទិដ្ឋាការ​ក៏ដោយ។ ទោះ​មិន​ប្រាប់​ថា វិធានការ​នោះ​មាន​រូបភាព​បែប​ណា ប៉ុន្តែ​លោក ខៀវ សុភ័គ ថា សមត្ថកិច្ច​មិនមែន​ទៅ​សំពះ​អង្វរ​ឲ្យ​លោក អាឡិក ចាក​ចេញ​ពី​កម្ពុជា នោះ​ឡើយ៖ «ជន​ណា​ក៏ដោយ​ឲ្យ​តែ​ធ្វើ​ខុស​ច្បាប់ គឺ​មាន​វិធានការ​ហើយ។ ច្បាប់​មាន​ចរិត​បង្ខំ ច្បាប់​មិន​ថ្វាយបង្គំ​សុំ​ឲ្យ អាឡិក ចេញ​នោះ​ទេ»

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​ផ្លូវការ​មួយ​ច្បាប់​ឆ្លើយ​តប​នឹង​លិខិត​របស់​លោក សម រង្ស៊ី ថា​អាជ្ញាធរ​តម្រូវ​ឲ្យ​លោក អាឡិក ត្រូវ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា មួយ​រយៈ​សិន នៅ​ពេល​ផុត​ទិដ្ឋាការ​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ព្រោះ​លោក អាឡិក បាន​ប្រព្រឹត្ត​ខុស​នឹង​លក្ខន្តិកៈ​របស់​អង្គការ​មាតា​ធម្មជាតិ​ដែល​តម្កល់​ទុក​ក្នុង​ក្រសួង​មហាផ្ទៃ ដោយ​ញុះញង់​ប្រជាពលរដ្ឋ​បិទ​ផ្លូវ​សាធារណៈ និង​មិន​ឲ្យ​ក្រុម​ការងារ​របស់​អាជ្ញាធរ​ចុះ​ជួប​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ ប្រឆាំង​នឹង​ការ​សម្រេច​នេះ នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ស្អែក​នេះ បណ្ដាញ​យុវជន និង​បណ្ដាញ​ព្រះសង្ឃ ថា​នឹង​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ជាតិ ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋ​សភា និង​ព្រះមហាក្សត្រ​ដើម្បី​រក​កិច្ច​អន្តរាគមន៍​ឲ្យ​លោក អាឡិក អាច​បន្ត​រស់​នៅ​ប្រទេស​កម្ពុជា បាន។

អនុ​ប្រធាន​រដ្ឋ​សភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ លោក​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​ពី​ស្ថាប័ន​ព្រះមហាក្សត្រ និង​ប្រធាន​រដ្ឋ​សភា​ពី​ខ្លឹមសារ​លិខិត​របស់​លោក​នៅ​ឡើយ​ទេ។ លោក កឹម សុខា ថា ប្រសិនបើ​បណ្ដេញ​ជនបរទេស​ដែល​ការពារ​ធម្មជាតិ​ប្រទេស​កម្ពុជា​នេះ ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា គឺ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ៖ «ខ្ញុំ​អំពាវនាវ​ឲ្យ​គាត់​ពិចារណា​ឡើង​វិញ បើ​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេស​កម្ពុជា អស់​លោក​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ»

​ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​បណ្ដាញ​យុវជន ព្រះសង្ឃ និង​មេ​គណបក្ស​ប្រឆាំង ក្រុម​មន្ត្រី​រដ្ឋាភិបាល​នៃ​ក្រសួង​រ៉ែ និង​ថាមពល ស្ទើរ​មួយ​ស្ថាប័ន នាំ​គ្នា​ផ្ដិត​មេដៃ​គាំទ្រ​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ដែល​បន្ត​ទិដ្ឋាការ​ភា្លមៗ ជួន​សកម្មជន​បរទេស​ការពារ​បរិស្ថាន លោក អាឡិក។

​ទោះ​យ៉ាង​នេះ​ក្តី ម្ដង​ហើយ​ម្ដង​ទៀត លោក អាឡិក ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​អះអាង​ថា លោក​មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ជា​ថ្ងៃ​ដែល​ទិដ្ឋាការ​លោក​ផុត​កំណត់​នោះ​ទេ។ លោក អាឡិក ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ ពន្យល់​ហេតុផល​តាម​ផ្លូវ​ច្បាប់ ថា​ហេតុ​ដូចម្ដេច​បាន​បញ្ជូន​លោក​ចេញ នៅ​ពេល​ផុត​ទិដ្ឋាការ៖ «ខ្ញុំ​សុំ​ឲ្យ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មើល​ច្បាប់​សិន មុន​នឹង​បក​ស្រាយ ព្រោះ​គាត់​បក​ស្រាយ​អត់​មាន​ក្បាល​អត់​មាន​កន្ទុយ​ទេ»

​វិធានការ​ដ៏​រឹងមាំ​មិន​អនុញ្ញាត​ឲ្យ​លោក អាឡិក អាច​បន្ត​ស្នាក់នៅ​ប្រទេស​កម្ពុជា របស់​ក្រសួង​មហាផ្ទៃ បែប​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ពិចារណា​ថា គួរ​អភិរក្ស ឬ​ក៏​អភិវឌ្ឍ​តំបន់​អារ៉ែង ធ្វើ​ជា​ទំ​បន់​វារីអគ្គិសនី​ដែល​ក្រុមហ៊ុន​ចិន ឈ្មោះ ស៊ីណូ ហាយដ្រូ (Sino Hydro) សិក្សា​លើ​គម្រោង​ស្នើ​សុំ​វិនិយោគ​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (25)
Share

nida

ពី phnom penh

ខ្មុំឯកភាពជាមួយអ្នកដែលនិយាយថា​ស្រុកមានច្បាប់ ត្រូវតែធ្វើតាមច្បាប់ ខ្មុំសុំសួរទៅអ្នកវិញ ហេតុអ្វីបានជាមិនប្រើច្បាប់ជាមួយជនបរទេសដទៃទៀតដែលមករស់នៅក្នុងស្រុកខ្មែរខុសច្បាប់ អ្នកយល់យ៉ាងណាដែរ សូមជួយបកស្រាយជូនខ្ញុំផង

Feb 25, 2015 09:49 AM

អ្នក​អាន​អនាមិក

ប្រទេសមានច្បាប់ រស់នៅត្រូវគោរពច្បាប់ មិនអាចអានាធិបតេយ្យបានទេ

Feb 20, 2015 04:02 PM

អ្នក​អាន​អនាមិក

នេះហើយបានជាគេហៅថាអាគ្មានក្រោមលេខសូន្យ!ដូចនេះ
កុំខឹងគេ!មិនយល់ពាក្យសឬខ្មៅគឺខ្មែរ!អាក្រក់ខ្មែរសម័យ
នេះប្រែថាល្អ!អ្នកណាសំលាប់ជាតិឬបំផ្លាញជាតិបានបុណ្យ
ស័ក្តពាក់!អំពើលោកអាឡិចគឺផ្ទុយនឹងគំនិតលោកសែន
ដូចនេះគ្មានអីគួរអោយសង្ស័យទេពីភពលោកចែងច្បាប់ខុស
លោកសែនវិញឈ្នះៗត្រឹមត្រូវ!យកល្អលោកអាឡិចគួរកុំយក
ពេលដ៍មានដំលៃរបស់លោកមកបំរើទ្មឹលមិនគោរពសាសនា
១នគរនេះអី!គេមិនស្តាប់លោកទេគំរោងនោះមិនឈប់ទេ
ចង់មិនចង់គ្រោះថ្នាក់ដល់ជីវិត!បាតដៃទី៣-៤-៥-ដល់
ទៅទី១០ក៍មាន!សម័យ សូឡា ខ្មែរត្រឺមថាប៊ីន គេផលិត
យានយន្ត អេលិកត្រូនិចជុំវិញ ខ្មែរផលិតកូនអោយទៅធ្វើ
ខ្ញុំបរទេស!កណ្តូប-ចង្រិត-តាឡនតន-ដួង-កណុរ អាពិង
ខ្មែរឆីមិនរើសតើខ្មែរមានសល់អ្វី? គឺនៅសល់ឈ្មោះអាគ្មាន

Feb 20, 2015 03:55 AM

អ្នក​អាន​អនាមិក

ប្រសិនបើលោក អាឡិច ត្រូវគេបណ្តេញចេញមែននោះ អ្នកចំណេញគឺបក្សប្រឆាំង អោយនឹងមានប្រជាខ្មែរទូទាំងប្រទេសចាប់ផ្តើមយករឿង យូន ដែលរស់នៅពេញស្រុកមក និយាយរិះគន់ពេលបោះឆ្នោត ២០១៧ ២០១៨ ជាក់ជាមិនខាន។

Feb 20, 2015 03:45 AM

អ្នក​អាន​អនាមិក

ខ្ញុំហាក់ដូចជាមិនយល់​ន័យក្នុងវង់ក្រចកខាងក្រោម? 
(ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​បណ្ដាញ​យុវជន ព្រះសង្ឃ និង​មេ​គណបក្ស​ប្រឆាំង ក្រុម​មន្ត្រី​រដ្ឋាភិបាល​នៃ​ក្រសួង​រ៉ែ និង​ថាមពល ស្ទើរ​មួយ​ស្ថាប័ន នាំ​គ្នា​ផ្ដិត​មេដៃ​គាំទ្រ​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ដែល​បន្ត​ទិដ្ឋាការ​ភា្លមៗ ជួន​សកម្មជន​បរទេស​ការពារ​បរិស្ថាន លោក អាឡិក។)

Feb 20, 2015 01:26 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល