ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងថា រដូវវស្សា ចាប់ផ្ដើមចូលមកដល់ហើយ
2019.05.20

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងថា រដូវវស្សា បានចាប់ផ្ដើមចូលដល់ហើយ ចំណែកឥទ្ធិពលឡើងកម្ដៅ អ៊ែល នីណូ (El Nino) បានថយចុះជាបន្តបន្ទាប់។
ការព្យាករអាកាសធាតុបង្ហាញថា សីតុណ្ហភាព នៅចន្លោះថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ឧសភា នឹងធ្លាក់ចុះនៅចន្លោះពី ៣៣ ទៅ ៣៦អង្សាសេ។ បើទោះស្ថានភាពសីតុណ្ហភាពធ្លាក់ចុះបន្តិច ប៉ុន្តែ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅបន្តកើតមានច្រើនដដែល។
ចំណែកស្ថានភាពទឹកភ្លៀង នៅអំឡុងពេលចាប់ផ្ដើមចូលរដូវវស្សានេះ ពីថ្ងៃទី១៩ ដល់ទី២០ ឧសភា ភ្លៀងនឹងធ្លាក់ពីខ្សោយទៅមធ្យម នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ដោយសារទទួលរងឥទ្ធិពលជ្រលងសំពាធទាប និងខ្យល់មូសុងនិរតី។
នៅថ្ងៃទី២១ ដល់ថ្ងៃទី២៥ ឧសភា ជ្រលងសំពាធទាប និងខ្យល់មូសុងនិរតី នឹងកើនឡើង ហើយភ្លៀងនឹងធ្លាក់ច្រើននៅទូទាំងប្រទេស។
អាកាសធាតុឡើងកម្ដៅខ្លាំងនៅកម្ពុជា បានចាប់ពីខែមករា ដល់អំឡុងពាក់កណ្ដាលខែឧសភា។ អាកាសធាតុក្ដៅខ្លាំងបំផុត នៅកំឡុងខែមេសា គឺសីតុណ្ហភាព ចន្លោះពី ៤០ ទៅ ៤១អង្សាសេ។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រយៈពេល ៤ខែ ដើមឆ្នាំ២០១៩ បង្ហាញថា មនុស្សយ៉ាងហោចណាស់ ១៦នាក់ស្លាប់ និងប្រមាណ ៤០នាក់ទៀត រងរបួស ដោយសារខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ហើយផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ៣ពាន់ខ្នង និងកសិផលជាច្រើនហិកតារ រងការខូចខាត ដោយសារខ្យល់កន្ត្រាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។