ព្រះសង្ឃការពារព្រៃឈើដែលគង់នៅតំបន់ព្រៃសង្ឃសហគមន៍រុក្ខាវ័នខេត្តឧត្តមានជ័យខ្វះខាតចង្ហាន់ដោយសារតែមិនមានពុទ្ធបរិស័ទយកទេយ្យទានទៅប្រគេន។ ថ្វីត្បិតតែរដូវកាលកាន់បិណ្ឌនៅគ្រប់វត្តអារាមប្រហែលជាសម្បូរចង្ហាន់ក៏ដោយចុះក៏ព្រះសង្ឃដែលតែងតែខ្វល់ខ្វាយលើការអភិរក្សព្រៃធម្មជាតិគង់នៅព្រៃសង្ឃសហគមន៍រុក្ខាវ័នដោយគ្មានការឧបត្ថម្ភពីសំណាក់ពុទ្ធបរិស័ទដូចវត្តដទៃនោះឡើយ។
ព្រៃសង្ឃសហគមន៍រុក្ខាវ័នគឺជាព្រៃដែលមានព្រះសង្ឃការពារនិងបង្រ្កាបបទល្មើសជាហូរហែព្រោះជាតំបន់សម្បូរដោយសត្វព្រៃនិងឈើប្រណិតៗមួយចំនួនដែលបានអភិរក្សអស់រយៈពេលជាច្រើនឆ្នាំមកហើយតាំងពីរដ្ឋាភិបាលបានប្រកាសដាក់តំបន់នោះជាតំបន់ការពារ។ ប៉ុន្តែមកដល់ពេលនេះមានព្រះសង្ឃចាំព្រះវស្សាតែពីរអង្គប៉ុណ្ណោះខណៈដែលការចំណាយផ្សេងៗគឺព្រះសង្ឃទទួលខុសត្រូវដោយព្រះអង្គឯង។
ព្រះតេជគុណ សោម បូលីន ដែលគង់ប្រចាំនៅទីស្នាក់ការព្រៃសង្ឃរុក្ខាវ័នប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែកញ្ញានេះថា ព្រះសង្ឃដែលចាំព្រះវស្សានៅព្រៃសង្ឃសហគមន៍រុក្ខាវ័នឆ្នាំនេះមានតែពីរព្រះអង្គប៉ុណ្ណោះខណៈដែលចង្ហាន់ភាគច្រើនបានមកពីការឧបត្ថម្ភខ្លះពីពុទ្ធបរិស័ទនៅខាងក្រៅប្រទេសនិងពីវត្តប្រាសាទរាជាសំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យដែលព្រះអង្គធ្លាប់គង់នៅប៉ុន្តែមិនគ្រប់គ្រាន់នោះទេព្រោះត្រូវចំណាយច្រើនក្នុងមួយខែៗ។
ព្រះតេជគុណបន្ថែមថាការខ្វះខាតចង្ហាន់នេះបណ្ដាលមកពីប្រជាពលរដ្ឋភាគច្រើនមិនសូវចាប់អារម្មណ៍លើសកម្មភាពព្រះសង្ឃដែលតែងតែខ្វល់ខ្វាយលើបញ្ហាសង្គមរួមនឹងការអភិរក្សព្រៃធម្មជាតិផង។ ទោះបីបញ្ហាខ្វះចង្ហាន់នេះកើតមានជាយូរមកហើយក៏ដោយប៉ុន្តែព្រះសង្ឃដែលគង់នៅទីនោះមិនដែលគិតថា បោះបង់ក្នុងការបង្រ្កាបបទល្មើសព្រៃឈើនិងការចូលរួមអភិរក្សព្រៃសហគមន៍នេះឡើយ៖« ប៉ុន្តែការដែលចង្ហាន់វ័នចូលនេះ អាត្មាចេះតែខំតស៊ូព្រោះជាកេរ្ត៍តំណែលរបស់លោកគ្រូអតីតព្រះមេគណខេត្តផង និងជាសម្បត្តិរបស់សាធារណៈផងអាត្មាខំតាំងចិត្តតាំងកាយទាំងគ្រប់ព្រះអង្គគ្រប់គ្នាទាំងអស់ ហើយតស៊ូជួយការពារដើម្បីឱ្យកូនចៅជំនាន់ក្រោយហ្នឹងឱ្យបានដឹងបានឃើញ ឱ្យបានស្គាល់កុំឱ្យបានបាត់បង់ ដូចជាសត្វកម្រនិងព្រៃឈើទាំងនោះ » ។
ចំណែក អតីតព្រះសង្ឃនិងជាប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័នគឺលោក ប៊ុន សាលួត បានឱ្យដឹងថាតាំងពីមានព្រះសង្ឃគង់នៅទីស្នាក់ការសហគមន៍សង្ឃរុក្ខាវ័ននេះមកមិនដែលមានពុទ្ធបរិស័ទណាមួយរៀបចំចង្ហាន់វេនឬប្រគេននៅរដូវបុណ្យកាន់បិណ្ឌដូចបណ្ដាវត្តផ្សេងៗនោះទេដូច្នេះរាល់ចំណូលចំណាយទាំងអស់គឺពឹងទាំងស្រុងលើការឧបត្ថម្ភពីសំណាកពុទ្ធបរិស័ទដែលគោរពស្រឡាញ់នៅរាល់សកម្មភាពការពារព្រៃឈើប៉ុណ្ណោះ។
លោកបន្តថា កន្លងមកព្រះសង្ឃដែលគង់នៅចាំវស្សានៅក្នុងព្រៃសង្ឃរុក្ខាវ័នគឺសកម្មភាពស្ម័គ្រចិត្តដោយសារតែព្រះសង្ឃស្រឡាញ់ធម្មជាតិរួមនឹងការប្រឹងប្រែងពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋានដើម្បីចុះល្បាតបទល្មើសព្រៃឈើ៖ «វាមិនថ្មីនោះទេពេលនេះខ្ញុំមើលឃើញថា ទោះខ្ញុំមិនដែលបានសូវទៅលេងលោកមែនប៉ុន្តែ ចំពោះលោកនៅតែពីរបីអង្គទេ វាមិនសូវមានបញ្ហាប្រឈមទេអារឿង ប៉ុន្តែពុទ្ធបរិស័ទគាត់មិនដែលទៅធ្វើបុណ្យនៅកន្លែងនោះទេ ។ កាលពីខ្ញុំនៅផង គាត់ប្រកាន់គាត់ថា មិនបាច់ឱ្យលោកឆាន់ លោកការពារព្រៃឈើធ្វើអី ? ប៉ុន្តែខ្ញុំព្យាយាមពន្យល់គាត់រហូតដល់គាត់យល់ » ។
ជុំវិញរឿងនេះអភិបាលរងខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែកញ្ញានេះថា អាជ្ញាធរពាក់ព័ន្ធតែងតែខ្វាយខ្វល់នៅពេលដែលចុះទៅទីស្នាការព្រៃសង្ឃសហគមន៍រុក្ខាវ័នដែលមានព្រះសង្ឃគង់នៅហើយតែងតែយកអង្កររួមនិងទេយ្យទានមួយចំនួនទៅប្រគេនដល់ព្រះសង្ឃជារឿយៗដែរ។ ទោះយ៉ាងនេះ លោកបន្តថា ចាំមើលទទួលបានដំណឹងពីបញ្ហាជាក់លាក់នោះសិន៖ « ពាក់ព័ន្ធនឹងខ្ញុំមិនទាន់ទទួលបានរបាយការណ៍នៅឡើយ ប៉ុន្តែកន្លងមកខាងយើង ខាងអាជ្ញាធរឧស្សាហ៍ចុះទៅទីតាំងហ្នឹងណ៎ាមិនដែលដឹងថា ខាងព្រះសង្ឃហ្នឹងខ្វះខាតចង្ហាន់នោះទេ។ ហើយពេលនេះមក ខាងខ្ញុំពេលចុះទៅតែងយកទៅអង្ករយកអ៊ីទៅប្រគេនលោក » ។ចំណែកអង្គការសង្គមស៊ីវិលនិងព្រះសង្ឃដែលគង់នៅព្រៃសហគមន៍សង្ឃរុក្ខាវ័នក៏អំពាវនាវឱ្យមានការចូលរួមពីពលរដ្ឋគ្រប់ទិសទីទាំងអស់ក្នុងការឧបត្ថម្ភព្រះសង្ឃនិងប្រជាសហគមន៍ទៅតាមលទ្ធភាពដើម្បីជាការលើកទឹកក្នុងការអភិរក្សធនធានធម្មជាតិដែលកំពុងតែរងការបាត់បង់ដោយសារតែបទល្មើសនៅតែបន្តកើតមានហើយការចូលរួមឧបត្ថម្ភពីសំណាក់សាធារណជនគឺការរួមចំណែកក្នុងការថែរក្សាព្រៃឈើទាំងអស់គ្នា។
កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានសម្រេចរក្សាដីព្រៃជាង៣ម៉ឺនហិកតានេះទុកជាដែនជម្រកសត្វព្រៃឬជាតំបន់ព្រៃការពារដែលមានឈ្មោះថា «សង្ឃរុក្ខាវ័នដែនជម្រកសត្វព្រៃ»។ ព្រៃសហគមន៍សង្ឃរុក្ខាវ័ននេះមានទំហំសរុប៣ម៉ីន២រយ៥៦ហិកតា (៣០ ២៥៦ហិកតា) លាតសន្ធឹងក្នុងស្រុកចំនួន៣ រួមមាន ក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។