អាជ្ញាធរ​ឃុំ​ស្រែគរ​ថា ទំហំ​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​​កាន់​តែធំឡើង

ដោយ អាស៊ីសេរី
2017-10-27
Share
ទឹក​លិច​ភូមិស្រែគរ សេសាន ២០១៧ ៦២២ ស្ថានភាព​ទឹក​លិច​ភូមិ​ស្រែគរចាស់ នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០១៧។
Photo Provided

អ្នកឃ្លាំមើល​ផ្នែក​បរិស្ថាន និង​អាជ្ញាធរ​ឃុំ​ស្រែគរ​រក​ឃើញ​ថា ទំហំ​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​រីកធំឡើង នៅ​គ្រា​ដែល​ទំនប់​នេះ​បាន​បិទទ្វារ​ទឹកជា​ស្ថាពរ​ជាង​មួយ​ខែ​មក​ហើយ បង្ក​ឲ្យ​លិច​ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស​ចាស់​ទាំងស្រុង។ អាជ្ញាធរ​ឃុំ​ស្រែគរ​ថា ស្ថានភាព​ទឹក​ផ្នែក​ខាងលើ​ទំនប់ បាន​រាលដាល​ដល់​ភូមិ​ស្រែគរ​ថ្មី បណ្ដាល​ឲ្យ​លិច​ផ្លូវ​មួយ​ចំនួន ហើយ​ផលដំណាំ​ពលរដ្ឋ​១៥​គ្រួសារ​បាន​រង​ការខូចខាត។

អាជ្ញាធរ​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ តុលា​ថា អាជ្ញាធរ​ឃុំ​បាន​ស្រង់​ស្ថិតិ​ពី​ផល​ប៉ះពាល់​ផ្លូវ និង​ដីស្រែ​ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង នៅ​ភូមិ​ស្រែគរ​ថ្មី​រួចហើយ ដើម្បី​ធ្វើ​របាយការណ៍ រក​មធ្យោបាយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ឲ្យ​ទទួលខុស។

ស្ថានភាព​ទឹក​លិច​ភូមិ​ស្រែគរចាស់ នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០១៧។
ស្ថានភាព​ទឹក​លិច​ភូមិ​ស្រែគរចាស់ នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០១៧។
Photo Provided

មេឃុំ​ស្រែគរ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា ផ្លូវលំ​មួយ​ខ្សែ​នៅ​ភូមិ​ស្រែគរ​ថ្មី បាន​លិច​ប្រហែល​ជាង ២​រយ​ម៉ែត្រ បង្ក​រាំងស្ទះ​ដល់​ការ​ធ្វើ​ដំណើរ បន្ទាប់ពី​ក្រុមហ៊ុន​បាន​បិទទ្វារ​ទឹក​ទាំងស្រុង រីឯ​ផលដំណាំ​ពលរដ្ឋ​នៅ​ភូមិ​ស្រែគរ​ថ្មី ជាង ១០​ហិកតារ ស្មើ​នឹង ១៥​គ្រួសារ​ខូចខាត។ លោក​ថា អាជ្ញាធរ​ឃុំ​បាន​ជូនដំណឹង​ទៅ​ក្រុមហ៊ុន​រួច​ហើយ ឲ្យ​ចុះ​ពិនិត្យ​បញ្ហា​នេះ តែ​ពុំ​ទាន់​មាន​លទ្ធផល​នៅឡើយ។ ចំណែក​ស្ថានភាព​ទឹក​នៅ​ភូមិ​ស្រែគរចាស់ បាន​ពន្លិច​ផ្ទះ​ពលរដ្ឋ​ជិត ១​រយ​ខ្នង ផ្ទះ​ពលរដ្ឋ​ខ្លះ​នៅសល់​ដំបូល​ឡឹមៗ ផ្ទះ​ខ្លះ​លិច​ទាំងស្រុង បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ពលរដ្ឋ​មួយ​ចំនួន​ជម្លៀស​ចេញ​មិនទាន់៖ «ក្នុង​ការ​ចែក​ដី​ហ្នឹង ដី​ទឹក​លិច​នៅតែ​ចែក​ដី​ឲ្យ​ពលរដ្ឋ​ដែរ មិនមែន​តែ​ប្រឈម​តែ​ភូមិ​ចាស់​ទេ ភូមិ​ថ្មី​ក៏​ប្រឈម​ដែរ»

លោក សៀក មេគង្គ បន្ថែម​ថា នៅ​គ្រា​ដែល​ទឹក​កំពុង​គំរាមកំហែង​ជីវិត​ពលរដ្ឋ អ្នកភូមិ​ប្រមាណ ៣​គ្រួសារ​ថ្មី​ទៀត​បាន​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន និង​បាន​រស់នៅ​ភូមិ​ថ្មី ដែល​អាជ្ញាធរ និង ក្រុមហ៊ុន​ត្រៀម​ផ្ទះ និង​ដីស្រែ​ចម្ការ​សម្រាប់​ប្រគល់​ជូន ដោះដូរ​ជា​គោលនយោបាយ​សំណង។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរចាស់ ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន លោកស្រី សារុំ សាខុម ឲ្យ​ដឹង​នៅ​ថ្ងៃទី២៧ តុលា ថា មក​ទល់​ពេល​នេះ អ្នកភូមិ​ស្រែគរ​ចាស់ បាន​មក​តាំងទី​លំនៅ​ទី​ទួល​ខ្ពស់ និង​ដីចម្ការ​វិល​ជុំ បន្ទាប់ពី​បាន​ជញ្ជូន​សម្ភារៈ​ពី​ភូមិ​ចាស់​បាន​តិចតួច។ លោកស្រី​បារម្ភ​ថា នៅ​ទី​ទួល​ខ្ពស់ ដែល​អ្នកភូមិ​រស់នៅ​មាន​វិបត្តិ​ខ្វះ​ស្បៀងអាហារ និង​ទឹក​ស្អាត ហើយ​បច្ចុប្បន្ន​អ្នកភូមិ​បាន​ប្រើប្រាស់​ទឹក ក្នុង​ផ្ទៃ​អាង​ប្រើប្រាស់​ប្រចាំថ្ងៃ ដូចជា ដាំ​ស្ល និង​បោក​គក់​ជាដើម។

របាយការណ៍​អាជ្ញាធរ​ឃុំ​ស្រែគរ​អោយ​ដឹងថា រយៈពេល​ប្រមាណ ៣​ខែ​ចុង​ក្រោយនេះ ពលរដ្ឋ​ជាង ៦០​គ្រួសារ​ថ្មី​ទៀត នៅ​ឃុំ​ស្រែគរ បាន​យល់ព្រម​ទទួល​សំណង និង​ចាក​ចេញពី​ភូមិ​ចាស់ ទៅ​រស់នៅ​ភូមិ​ថ្មី ហើយ​បច្ចុប្បន្ន​ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស ៥៧​គ្រួសារ និង​ឃុំ​ស្រែគរ ជាង​៦០​គ្រួសារ​នៅ​មិនទាន់​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅឡើយ។

ពលរដ្ឋ​រស់នៅ​ភូមិ​ក្បាលរមាសចាស់ គឹម ឌឺង ជា​ជនជាតិ​ដើម​ភាគតិច​ព្នង ឲ្យ​ដឹង​ថា ស្ថានភាព​ទឹក​នៅ​ភូមិ​ក្បាលរមាស បាន​លិច​ភូមិ​ពលរដ្ឋ និង​លិច​ផ្នូរ​កប់​សព​ទាំងស្រុង។ អ្នកភូមិ​ខ្លះ​បាន​ធ្វើ​ក្បូន​បណ្ដែត​ទឹក និង​ប្រើប្រាស់​ទូក​ជា​មធ្យោបាយ​ធ្វើដំណើរ។ លោក​បារម្ភ​ថា ស្ថានភាព​ទឹក​នេះ​បង្ក​ឲ្យ​ពលរដ្ឋ លំបាក​ធ្វើ​កសិកម្ម កុមារ​បោះបង់​ការសិក្សា និង​គ្មាន​សេវា​សុខាភិបាល​ជាដើម៖ «ប្រជាពលរដ្ឋ​គេ​ជម្លៀស​តាម​ទី​ទួល​សុវត្ថិភាព​ខ្លួនឯង។ ក្បាល​រមាស​គេ​កំណត់​ទីតាំង​អស់ហើយ តែ​គ្រាន់​តែ​មិនទាន់​សង់​ជា​លំនៅឋាន»

ទី​ទួល​សុវត្ថិភាព​ដែល​អ្នក​ភូមិ​ស្រែគរ ទៅ​តាំង​ទីលំនៅ​បណ្ដោះអាសន្ន នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០១៧។
ទី​ទួល​សុវត្ថិភាព​ដែល​អ្នក​ភូមិ​ស្រែគរ ទៅ​តាំង​ទីលំនៅ​បណ្ដោះអាសន្ន នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០១៧។
Photo Provided

អ្នកស្រាវជ្រាវ​ផ្នែក​បរិស្ថាន លោក ភូ ប៊ុនថាន់ យល់ថា ទំហំ​ផល​ប៉ះពាល់​បាន​រាលដាល​បង្ក​ឲ្យ​លិច​ផ្លូវ​នៅ​ភូមិ​ស្រែគរ​ថ្មី និង​លិច​ស្រែ​ពលរដ្ឋ​នៅ​តំបន់​នោះ គឺជា​សញ្ញា​បង្ហាញ​ថា ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ មិន​បាន​អនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ឲ្យ​ត្រឹមត្រូវ​នោះ​ទេ ពោល​គឺ​ខ្វះ​ចន្លោះ​ច្រើន ហើយ​ការសិក្សា​លក្ខណៈ​បច្ចេកទេស​ក៏​មិនបាន​ច្បាស់លាស់ ដែល​ជា​មូលហេតុ​នាំ​ប៉ះពាល់​ជីវភាព​រស់​ពលរដ្ឋ។ លោក​យល់ថា គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ខែត្រ និង​ក្រុមហ៊ុន ត្រូវ​ពន្លឿន​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​លឿន​បំផុត ដើម្បី​សម្រាល​ការ​លំបាក​របស់​អ្នកភូមិ៖ «ក្រុមហ៊ុន ក៏​ដូចជា​រាជរដ្ឋាភិបាល​ត្រូវ​រៀបចំ​ផ្លូវ​ហ្នឹង ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»

លិខិត​ជូនដំណឹង​របស់​អភិបាលខែត្រ​ស្ទឹងត្រែង​លោក មុំ សារឿន ចុះ​ថ្ងៃ​ទី​១១ តុលា បញ្ជាក់​ថា ក្នុងក​រណី​ដែល​ពលរដ្ឋ​មិន​ទទួល​សំណង រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​បាន​ផ្ដល់​ជម្រើស​នានា ជូន​ពលរដ្ឋ​ដែល​ចង់​យក​ទីតាំង​ថ្មី ឋិត​នៅ​ក្បែរ​ភូមិ​ចាស់ និង​ធ្លាប់​អាស្រ័យ​ផល​ស្រាប់ ដែល​ជា​ទីតាំង​មាន​សុវត្ថិភាព ដើម្បី​សាងសង់​លំនៅឋាន​ថ្មី​រស់នៅ។ លើស​ពី​នេះ រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​អះអាង​ថា នឹង​បន្ត​សហការ​ដោះស្រាយ​ផល​ប៉ះពាល់ ផ្អែក​តាម​គោលនយោបាយ​សមស្រប ជូន​ពលរដ្ឋ​ផ្ទាល់។ ហើយ​បើ​ពលរដ្ឋ​នៅ​ពុំ​ទាន់​ទទួល​សំណង គណៈកម្មការ​ខែត្រ និង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​បាត់បង់ ផលប្រយោជន៍​របស់​ពលរដ្ឋ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល