លទ្ធផល​ជំរឿន​សត្វ​ត្មាត​បឋម សម្រាប់​ឆ្នាំ​២០២២ បង្ហាញ​ថា សត្វ​ត្មាត​មាន​ចំនួន ១២៨​ក្បាល

លទ្ធផល​ជំរឿន​សត្វ​ត្មាត​លើក​ទី​៣ សម្រាប់​ឆ្នាំ​២០២២ បង្ហាញ​ថា ចំនួន​សត្វ​ត្មាត​មាន​ចំនួន ១២៨​ក្បាល គឺ​ច្រើនជាង​ចំនួន​សត្វ​ត្មាត​ដែល​ក្រុម​អ្នក​អភិរក្ស​បាន​រក​ឃើញ​កាល​ពី​ឆ្នាំ ២០២១ ចំនួន ៧​ក្បាល។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃទី​១៨ ខែ​មិថុនា ឲ្យ​ដឹង​ថា លទ្ធផល​ជំរឿន​សត្វ​ត្មាត​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី ១៧ ខែ​មិថុនា នៅក្នុង​ដែនជម្រកសត្វព្រៃ​ក្នុង​ខេត្ត​ចំនួន ៤ រក​ឃើញ​សត្វ​ត្មាត​សរុប​ចំនួន ១២៨​ក្បាល​។

ក្នុង​នេះ សត្វ​ត្មាត​នៅ​ខេត្ត​ក្រចេះ​មាន​ចំនួន ២៤​ក្បាល នៅ​ខេត្ត​ស្ទឹងត្រែង​មាន​ចំនួន ៨០​ក្បាល ខេត្ត​ព្រះវិហារ​មាន​ចំនួន ១៥​ក្បាល និង​ខេត្ត​មណ្ឌលគិរី មាន​ចំនួន ៩​ក្បាល។

ក្រុម​អ្នក​អភិរក្ស​គ្រោង​នឹង​ធ្វើ​ជំរឿន​សត្វ​ត្មាត ចំនួន​ពីរ​លើក​ទៀត ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ពី​ការ​កើនឡើង​នៃ​ចំនួន​សត្វ​ត្មាត​។ ជំរឿន​លើក​ទី ៤ និង​លើក​ទី​៥ សម្រាប់​ឆ្នាំ ២០២២​នេះ នឹង​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា និង​ខែធ្នូ។

កាលពី​ជាង ១០​ឆ្នាំមុន សត្វ​ត្មាត​នៅ​កម្ពុជា ធ្លាប់​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ចំនួន​ជិត​បី​រយ​ក្បាល (២៨៩) ប៉ុន្តែ​ចាប់ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៤ ចំនួន​សត្វ​ត្មាត​បាន​បាត់បង់​ជិត​ពាក់កណ្ដាល នៅសល់​ប្រមាណ​ចន្លោះ​ពី ១២០​ក្បាល ទៅ​១៤០​ក្បាល។

ទោះបីជា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក​នេត្រ ភក្ត្រា អះអាង​ថា ស្ថានភាព​ត្មាត​នៅ​កម្ពុជា មាន​សញ្ញា​វិជ្ជមាន ថា​អាច​នឹង​កើនឡើង ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​អភិរក្ស​សត្វ​ត្មាត​យ៉ាងណាក្តី ក៏​ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ នៅ​មាន​ចំនួន​តិច​ជាង កាល​ពី ១០​ឆ្នាំមុន ជិត​ពាក់​កណ្តាល​ដដែល។

ទន្ទឹម​គ្នា​នេះ អ្នកគ្រប់គ្រង​ផ្នែក​ស្រាវជ្រាវ និង​តាមដាន​ជីវចម្រុះ​របស់​អង្គការ WWF លោក អៀម សំអ៊ន់ លើកឡើង​ថា សត្វ​ត្មាត​នៅ​កម្ពុជា កំពុង​ប្រឈម​បញ្ហា​ខ្វះ​ចំណី ដោយសារតែ​ចំនួន​សត្វព្រៃ និង​សត្វស្រុក​ដែល​ស្លាប់ កាន់​តែ​តិច​។ លោក​បន្ថែម​ថា បញ្ហា​ប្រឈម​នេះ តម្រូវ​ឲ្យ​ក្រុម​អភិរក្ស ត្រូវ​ផ្ដល់​ចំណី​បន្ថែម​ជាប្រចាំ​ខែ។

សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា មាន​ចំនួន ៣​ប្រភេទ រួមមាន​ត្មាត​ភ្លើង (Red-headed Vulture) ត្មាត​ត្នោត (Slender-billed Vulture) និង​ត្មាត​កសផេះ (White-rumped Vulture )​។ ត្មាត​ទាំងនេះ រស់​នៅ ក្នុង​ដែន​ជម្រកសត្វព្រៃ​ក្នុង​ខេត្ត​ចំនួន ៤ គឺ​ដែនជម្រកសត្វព្រៃ​សម្បូណ៌ ខេត្តក្រចេះ ដែន​ជម្រកសត្វព្រៃ​សៀមប៉ាង ខេត្តស្ទឹងត្រែង ដែន​ជម្រកសត្វព្រៃ​ឆែប ខេត្ត​ព្រះវិហារ និង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្ត​មណ្ឌលគិរី។

សត្វ​ត្មាត​ទាំង ៣​ប្រភេទ​នេះ ត្រូវ​បាន​អង្គការ​អន្តរជាតិ​ផ្នែក​អភិរក្ស​ធម្មជាតិ IUCN បាន​ចាត់​ទុក​ថា​ជា សត្វ​ជិត​ផុត​ពូជ៕