"ប្រេត​មាតា​ធម្មជាតិ ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ​សមុទ្រ"

ដោយ ថា ថៃ
2022.09.22
Share on WhatsApp
Share on WhatsApp
"ប្រេត​មាតា​ធម្មជាតិ ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ​សមុទ្រ"
រូបភាពពីពលរដ្ឋ

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ជិត ១០នាក់ នាំគ្នា​តុបតែង​ខ្លួន​ធ្វើ​ជា​ប្រេត​ ហើយ​រៀបចំ​សន្និសីទ​កាសែត ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន​ដាក់​កោះ​កុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ។ ការ​ទាមទារ​របស់​ក្រុម​យុវជន​នេះ គឺ​បន្ទាប់​ពី​ក្រសួង​បរិស្ថាន ​នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​បង្ហាញ​លទ្ធផល​នៃ​ការ​​សិក្សា​ស្រាវជ្រាវ និង​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​ដូច​ការ​ប្រកាស​របស់​ក្រសួង​នោះ​ទេ។

ជួន​ពេល​រដូវ​បុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ​ ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ជិត ១០នាក់ បាន​តុប​តែង​កាយ​ស្លៀក​ស និង​គូរ​មុខមាត់​ធ្វើជា​ប្រេត ​ហើយ​ធ្វើ​សន្និសីទ​កាសែត​ក្រោម​ប្រធាន​បទ'' ប្រេត​ស្រឡាញ់​កោះកុង​ក្រៅ» មាន​គោលបំណង ​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​បង្ហាញ​ជា​សាធារណ:​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កោះកុង​ក្រៅ ហើយ​ដាក់​កោះ​នេះ​ជា​ឧទ្យានជាតិ​សមុទ្រ''។ សន្និសីទ​កាសែត​នេះ​ ធ្វើឡើង​នៅ​ទីស្នាក់ការ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ​នៅ​រសៀល​ថ្ងៃ​ទី២២ ខែកញ្ញា។

សកម្មជន​ចលនា​មាតា​ធម្មជាតិ ​លោក លី ចាន់ដារ៉ាវុធ ថ្លែង​ថា ពួកគាត់​ជា​ប្រេត ដែល​ស្រឡាញ់​កោះកុង​ក្រៅ ហើយ​ចង់​ឲ្យ​ក្រសួង​បរិស្ថាន​ពន្លឿន​ដាក់​កោះកុង​ក្រៅ​ដែល​មាន​សក្ដានុពល​ធន​ធាន​ធម្មជាតិ និង​ជីវៈ​ចម្រុះ​ទៅ​ជា​ឧទ្យានជាតិ​សមុទ្រ ដើម្បី​ជា​ផល​ប្រយោជន៍​រួម​របស់​ជាតិ។ លោក​បន្ត​ថា អាជ្ញាធរ​ពាក់ព័ន្ធ តែង​ចំណាយ​ពេល​វេលា ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​យុវជន ដែល​ស្រឡាញ់​កោះកុង​ក្រៅ តែ​បែរ​ជា​គ្មាន​ឆន្ទៈ​បង្ហាញ ព័ត៌មាន​នៃ​លទ្ធផល​ស្រាវជ្រាវ​និង​ការ​ដាក់​កោះកុង​ជា​ឧទ្យាន​ជាតិ​សមុទ្រ​តាម​ប្រកាស​របស់​ក្រសួង​បរិស្ថាន​ឡើយ៖ «កាល​ពី​ឆ្នាំ២០២០ ក្រសួង​បរិស្ថាន​បាន​សន្យា​យ៉ាង​ច្បាស់​ក្នុង​លិខិត​របស់​ខ្លួន​ថា នឹង​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ​សមុទ្រ។ ហេតុនេះ​ក្នុង​សន្និសីទ​កាសែត​នេះ​ក្នុង​ឱកាស​ដាក់​បិណ្ឌ ​ប្រេត សុំ​ឱ្យ​ក្រសួង គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ផង កុំឲ្យ​ដូច​ពាក្យ​មួយ​កុហក​ក្មេង​ពេក។ យើង​សង្ឃឹម​ថា កោះកុង​ក្រៅ ​នឹង​ក្លាយ​ជា​ឧទ្យាន​ជាតិ​ ក្រោយ​ប្រេត​យើង​ធ្វើ​សន្និសីទ​កាសែត​នេះ​ហើយ។ ប្រេត​យើង ក៏​ចង់​សហការ​ជាមួយ​ក្រសួង​ណាស់​ដែរ ទាស់​តែ​ក្រសួង​មិន​ដែល​បើក​ចិត្ត ទូលាយ​ឆ្លើយតប​ជាមួយ​ពួក​យើង​សោះ។ បើ​ក្រសួង ​មាន​ការ​ផ្លាស់ប្ដូរ​ចិត្ត​គំនិត​ចង់​សហការ​វិញ ក្រសួង​អាច​អញ្ជើញ​មក​បាយ​បិណ្ឌ​ជុំ​គ្នា ដើម្បី​ជជែក​រឿង​បរិស្ថាន»

ជាមួយ​គ្នា​នេះ​ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ម្នាក់​ទៀត​ កញ្ញា​ ភួន កែវ រស្មី ​ព្រួយ បារម្ភ​ថា ប្រសិនបើ​ក្រសួងបរិស្ថាន ​មិន​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ​សមុទ្រ​ទេ កោះ​នេះ ​នឹង​អាច​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ឧកញ៉ា​ដែល​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​រឿង​បំផ្លាញ​ធន​ធម្មជាតិ៖ «ប្រសិនបើ​កោះ​នេះ​ មិនបាន​ដាក់​ជា​ឧទ្យានជាតិ​ ទេ ​យើង​ដឹង​ហើយ​ថា កោះ​នេះ​នៅ​ក្រោម​ដៃ​លោក​ឧកញ៉ា លី យ៉ុងផាត់ ​ហើយ​បងប្អូន​ ប្រេត​យើង​ច្រើន​ណាស់​នៅ​ខាងក្រោម​ដែល​ដឹង​ថា លោក​ឧកញ៉ា លី យ៉ុងផាត់ នេះ​ ពាក់ព័ន្ធ​នឹង​រឿង​រំលោភ​សិទ្ធិមនុស្ស​ច្រើន​ដូចជា​រឿង​ស្ករ​ឈាម ​កាល​ពី​ឆ្នាំ២០០៦​ផង រំលោភ​ពលកម្ម​កុមារ​ផង​ និង​ជាប់​ឈ្មោះ​លួច​លក់​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី​ផង។ ពួក​យើង ក៏​អាច​ថា ចាំផ្លូវ​គាត់​ដែរ​ តែ​មិន​ដឹង​ពេលណា​គាត់​ទៅ​ទេ។ អ៊ីចឹង យើង​មក​ដាស់​តឿន​ក្រែងលោ​ ធ្វើ​បុណ្យ​ធ្វើទាន​អាច​ថា​បុណ្យ​ខ្លះ​បាប​ខ្លះ​មិន​ធ្លាក់​នរក ​ទៅ​រង​​វេទនា​នៅ​ខាង​ក្រោម ឬ​ទៅ​បំផ្លាញ​ឋាន​យើង​នៅ​ខាងក្រោម។ ដូច្នេះ​យើង​ទាមទារ​ ឲ្យ​ក្រសួង​បរិស្ថាន​គោរព​ពាក្យ​សម្ដី​និង​ការ​រំពឹង​របស់​ខ្លួន​ឯង ដើម្បី​កុំ​ឲ្យ​គេ​ថា​ស្ដោះ​ហើយ​លេប​វិញ»

នៅ​ក្នុង​សន្និសីទ​កាសែត​នោះ ក្រុម​យុវជន​ដែល​តាំង​ខ្លួន​ធ្វើ​ប្រេត​ បាន​បើកឱកាស​ឲ្យ​អ្នកកាសែត​សួរដេញដោល​ ។ បន្ទាប់ពី​បញ្ចប់​សន្និសីទ ពួក​គាត់​នាំគ្នា​អុច​ទៀន​ធូប ចាក់​ទំនួញ​ប្រេត និង​នាំគ្នា​ដើរ​ដង្ហែ​តាម​ផ្សារ ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ ​បាន​ស្គាល់​កោះកុង​ក្រៅ ។

ការ​ទាមទារ​របស់​ក្រុម​យុវជន​ជា​បន្ត​បន្ទាប់​នៅ​ពេល​នេះ ដោយសារ​ក្រសួង​បរិស្ថាន កាល​ពី​ខែ​មិថុនា​ ឆ្នាំ២០២០ ​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ​ រៀបចំ​ឯកសារ ​និង​ទិន្នន័យ​ទាក់ទិន​នឹង​កោះកុង​ក្រៅ ​តាំង​ពី​ឆ្នាំ២០១៦ ហើយ​ក្រសួង​ថា នឹង​អាច​ប្រកាស​តំបន់​កោះកុង​ក្រៅ​នេះ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​នៅ​អំឡុង​ឆ្នាំ២០២១ ក្រោយ​បញ្ចប់​ការ​សិក្សា​រួច។ ប៉ុន្តែ​រយៈពេល​ជាង​ ៦ឆ្នាំ​មក​នេះ ​ ក្រសួង​មិន​បាន​បង្ហាញ​ជា​សាធារណៈ​អំពី​លទ្ធផល​នៃ​ការ​សិក្សាស្រាវជ្រាវ ​ឬ​ប្រកាស​តំបន់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ​សមុទ្រ ដូច​ការ​សន្យា​របស់​ក្រសួង​ឡើយ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ក្រុម​យុវជន ​បារម្ភ​ពី​ការ​បាត់បង់​តំបន់​ធម្មជាតិ​មួយ​នេះ ​ខណៈ​តំបន់​នោះ​បាន​ប្រគល់​ឱ្យ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ឧកញ៉ា លី យ៉ុង ផាត់ សម្រាប់​អភិវឌ្ឍន៍

ទាក់ទងនឹងរឿងនេះ ​វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន ​លោក នេត្រ ភក្ត្រា បានទេ ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។ ទោះជា​យ៉ាង​ណា​ក្ដី កន្លង​មក លោក នេត្រ ​ភក្ត្រា ធ្លាប់​លើក​ឡើង​ថា ក្រសួង​ពិតជា​មាន​បំណង​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ ប៉ុន្តែ​មិន​អាច​បញ្ជាក់​ពេល​វេលា​ច្បាស់​លាស់​បាន​ទេ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា​ សកម្មភាព​របស់​ក្រុម​យុវជន​នេះ​ គឺជា​ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី​ និង​ស្រប​តាម​ច្បាប់។ លោក​ ជំរុញ​ឲ្យ​ក្រសួង​បរិស្ថាន​ ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​ការ​ស្នើសុំ​របស់​ក្រុម​យុវជន​ ដោយ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ​​សមុទ្រ ​ប្រសិនបើ​មិន​ចង់​ឃើញ​​ពួកគាត់​ទាមទារ​ម្ដង​ហើយ​ម្ដង​ទៀត៖ «យើង​មើល​ឃើញ​ពី​គោលបំណង​នៃ​ការ​ទាមទារ របស់​ក្រុម​យុវជន​នេះ ​គឺ​ពួកគាត់​មិនមែន​ទាមទារ​ដើម្បី​ផលប្រយោជន៍​ខ្លួន​ឯង​ទេ​ គឺ​សម្រាប់​រក្សា​ទុក​ជា​ឧទ្យានជាតិ​ សម្រាប់​ជា​ប្រយោជន៍​រួម​របស់​ប្រទេសជាតិ​​ ដើម្បី​បង្ការ​កុំឲ្យ​វា​បាត់បង់​ទៅលើ​វិស័យ​ឯកជន​ណាមួយ។ ដូច្នេះ​ក្រសួង ​គួរតែ​មាន​ការ​ ពិនិត្យ​មើល​ឡើងវិញ​ អំពី​ការ​ទាមទារ​នេះ»

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​នេះ ​បាន​ធ្វើ​យុទ្ធនាការ​ទាមទារ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ​សមុទ្រ​នេះ​ជា​យូរ​មក​ហើយ​ ដូចជា​យុទ្ធនាការ​ជិះ​កង់ ការ​តាំង​ពិពណ៌​រូប កោះកុង​ក្រៅ ​និង​ការ​ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន​ជាដើម។ ប៉ុន្តែ​អាជ្ញាធរ​រដ្ឋាភិបាល មិន​ត្រឹមតែ​ឆ្លើយតប​ជា​វិជ្ជមាន​នោះ​ទេ ថែមទាំង​ប្រើ​កង​កម្លាំង​សមត្ថកិច្ច​​រាំង​ពួកគាត់​​ជា​រៀងរាល់​លើក​ថែម​ទៀត។

កោះកុង​ជា​កោះ​ដ៏​ធំ​ស្ថិតនៅ​ក្នុង​លំហ​សមុទ្រ​កម្ពុជា មាន​ទីតាំង​ក្នុង​ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង​ ខេត្ត​កោះកុង ​និង​មាន​ចម្ងាយ​ប្រមាណ ៣០គីឡូម៉ែត្រ​ពី​ក្រុង​ខេមរភូមិន្ទ។ កោះកុង​គ្រប​ដណ្ដប់​ដោយ​ព្រៃឈើ​ក្រាស់ឃ្មឹក អម​ដោយ​ទឹកជ្រោះ​ជាច្រើន​កន្លែង មាន​ជីវចម្រុះ​ជាច្រើន​ប្រភេទ ​ជាពិសេស​កោះ​នេះ មាន​ឆ្នេរ​ខ្សាច់​សក្បុស និង​ទឹក​សមុទ្រ​ពណ៌​ខៀវស្រងាត់។ ក្រុម​យុវជន​ដែល​ធ្លាប់​បាន​ទៅដល់​ទីនោះ ​បញ្ជាក់​ថា មូល​ហេ​​តុ​ដែល​កោះកុង​អាច​រក្សា​លក្ខណៈ​ធម្មជាតិ​ របស់​ខ្លួន​បាន គឺ​ដោយសារតែ​មិន​មាន​មនុស្ស​រស់នៅ និង​មិន​មាន​ការ​អភិវឌ្ឍ​ពី​ក្រុមហ៊ុន​ឯកជន។ ពួកគាត់ ​ចង់​ឃើញ​កោះ​នេះ ក្លាយ​ជា​ឧទ្យានជាតិ​សមុទ្រ ដើម្បី​ផល​ប្រយោជន៍​រួម​របស់​ជាតិ តាម​រយៈ​ការ​បម្រើ​វិស័យ​ទេសចរណ៍​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។