សកម្មជន​មាតា​ធម្មជាតិ​ប្ដេជ្ញា​បន្ត​ការងារ​បរិស្ថាន​ក្រោយ​បាន​នៅ​ក្រៅ​ឃុំ

ដោយ តាំង សារ៉ាដា
2018-02-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពី​ឆ្វេង​ទៅ​ស្តាំ លោក​ ឌឹម គុណឌី និង​ម្ដាយ លោក​ ហ៊ុន វណ្ណៈ និង​ម្ដាយ ថត​រូប​នៅ​មុខ​ពន្ធនាគារ​ខេត្ត​កោះកុង ក្រោយ​​ពេល​ត្រូវ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ នៅ​ព្រឹក​ថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
ពី​ឆ្វេង​ទៅ​ស្តាំ លោក​ ឌឹម គុណឌី និង​ម្ដាយ លោក​ ហ៊ុន វណ្ណៈ និង​ម្ដាយ ថត​រូប​នៅ​មុខ​ពន្ធនាគារ​ខេត្ត​កោះកុង ក្រោយ​​ពេល​ត្រូវ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ នៅ​ព្រឹក​ថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
រូបថត​ដោយ​អ្នកនាង លឹម គីមស័រ

សកម្មជន​មាតា​ធម្មជាតិ ២​រូប ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ហើយ នៅ​វេលា​ម៉ោងជាង ១១​ព្រឹក ថ្ងៃ​ទី១៣ កុម្ភៈ នេះ ក្រោយ​ជាប់ឃុំ​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​។ សកម្មជន​បរិស្ថាន​ទាំង​ពីរ​រូប​អះអាង​ដូចគ្នា​ថា ពួកគេ​នឹង​បន្ត​សកម្មភាព​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​ជា​បន្ត​ទៀត ដោយ​មិន​រាថយ​ឡើយ។

សកម្មជន​បរិស្ថាន​ទាំង​ពីរ​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី អះអាង​ដូចគ្នា​ថា ពន្ធនាគារ​ឃុំឃាំង​បានតែ​រូប​កាយ​ប៉ុណ្ណោះ តែ​មិន​អាច​ឃុំ​ចិត្តគំនិត និង​មនសិការ​របស់​ពួក​លោក​អំពី​រឿង​ការពារ​ធនធានធម្មជាតិ​បាន​នោះ​ឡើយ។ អ្នក​ទាំងពីរ​ប្ដេជ្ញា​ចិត្ត​រួចជាស្រេច​ហើយ​ថា នឹង​បន្ត​សកម្មភាព​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​តទៅទៀត តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ក្រោយ​បាន​នៅ​ក្រៅ​ឃុំ។

លោក ឌឹម គុនឌី ថ្លែងប្រាប់​អាស៊ីសេរី ក្រោយ​ចេញពី​ពន្ធនាគារ​ថា ចំណាត់​ការ​របស់​សមត្ថកិច្ច និង​តុលាការ​ខេត្ត​កោះកុង​ប្រឆាំង​នឹង​រូបលោក និង​លោក ហ៊ុន វណ្ណៈ នោះ គឺជា​រឿង​អយុត្តិធម៌ គួរ​ឱ្យ​អស់​សំណើច និង​ជា​រឿង​ដ៏​អាម៉ាស់ ព្រោះ​លោក​គិត​ថា ក្រុម​អាជ្ញាធរ​ទាំងនោះ​ធ្វើតាម​បញ្ជា​របស់​អ្នកមាន​លុយ​មានអំណាច ដែល​រកស៊ី​ខុសច្បាប់​នៅ​ខេត្ត​កោះកុង។ សកម្មជន​រូប​នេះ អះអាង​ថា ក្នុងនាម​ជា​អ្នក​ស្រឡាញ់​បរិស្ថាន​មួយ​រូប និង​ធ្លាប់​បាន​ចូល​ប្រឡូក​ក្នុង​ការងារ​ការពារ​បរិស្ថាន​ជាច្រើន​ឆ្នាំ លោក​នឹង​មិន​បញ្ឈប់​សកម្មភាព​ទាំងនោះ ត្រឹម​ការ​ចាប់ខ្លួន​លោក​ដាក់​ពន្ធនាគារ ៥ ខែ​នេះ​ទេ៖ «ការ​ចាប់​ចង​​ពួក​ខ្ញុំ​នេះ​ គឺ​ជា​ការ​​ខ្លាច​បែក​ព័ត៌មាន ​ឬ​ក៏​ខ្លាច​ពួក​យើង​លាត​​ត្រ​ដាង​ពី​​រឿង​អាស្រូវ​ ពី​រឿង​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​របស់​ពួក​គេ​។ ហើយ​ខ្ញុំ​គិត​ថា​វា​ជា​រឿង​អយុត្តិធម៌​ណាស់ ​ដែល​កាត់​ទោស​ឱ្យ​ពួក​យើង​ជាប់​មួយ​ឆ្នាំ ហើយ​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ​ ៥ ​ខែ នៅ​សល់ ៧ ​ខែ​ទៀត ដែល​យើង​​នៅ​តែ​ជាប់​ពិរុទ្ធ​​​ដដែល។ ក៏​ប៉ុន្តែ ការ​ឃុំ​ខ្លួន​បែប​នេះ ​មិន​ធ្វើ​ឱ្យ​ខ្ញុំ​ខ្លាច​រអា​នោះ​ទេ ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​ទៅ​ប្រ​ជា​ពល​រដ្ឋ​ថា ការ​ងារ​របស់​ពួក​យើង​គឺ​ពួក​យើង​នៅ​តែ​ធ្វើ​ដដែល ហើយ​ជាប់​គុក​ម្ដង យើង​ពេញ​កម្លាំង​ និង​​ឆន្ទៈ​ ដើម្បី​​បន្ត​ការ​ងារ​ទៅ​មុខ​ទៀត»

ចំណែក​សកម្មជន​មាតា​ធម្មជាតិ​មួយ​រូប​ទៀត គឺ​លោក ហ៊ុន វណ្ណៈ វិញ ឱ្យ​ដឹង​ដូចគ្នា​ដែរ​ថា លោក​នឹង​បន្ត​ការងារ​ដូច​ពីមុន​ដដែល គឺ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ទោះបីជា​អង្គការ​របស់​លោក​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​លុបឈ្មោះ​ចេញពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​រួច​ទៅ​ហើយ​ក្ដី។ លោក​នៅតែ​អះអាង​ថា លោក និង​សហការី មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​ដើម​បណ្ដឹង និង​តំណាង​អយ្យការ​នោះ​ទេ ហើយ​រឿង​ក្តី​ប្រឆាំង​នឹង​រូបលោក​នេះ គឺ​គ្រាន់តែ​ជា​ចេតនា​នៃ​ការ​គំរាមកំហែង​លើ​ពួក​លោក​តែប៉ុណ្ណោះ៖ «ពួក​ខ្ញុំ​ជឿ​ជាក់​ថា ​វា​ជា​ការ​ព្យាយាម​​គំរាម​កំហែង​ពួកខ្ញុំ ដោយ​សារ​តាំង​ពី​ដើម​មក ​អង្គការ​​មាតា​ធម្មជាតិ ធ្វើ​ការ​ប៉ះ​ពាល់​ជាមួយ​នឹង​បុគ្គល​ដែល​រក​ស៊ី​បំផ្លាញ​ធន​ធាន​ធម្មជាតិ ជា​ពិសេស​នៅ​ខេត្ត​កោះ​កុង​ គឺ​យើង​ធ្វើ​ការ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​គេ​យ៉ាង​ច្រើន​ គេ​មិន​សប្បាយ​ចិត្ត​ទេ។ ការ​ចាប់​ខ្លួន​ពួក​ខ្ញុំ​វា​ធ្វើឡើង​ក្នុង​​ឱកាស​មួយ​​ដែល​ពួក​គេ​មាន ស្រប​ពេល​ស្ថាន​ភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​យើង​មិន​ល្អ​ប្រសើរ​ផង​ គេ​អាច​មាន​​ឱ​កាស​​​ចាប់​ខ្លួន​ពួក​ខ្ញុំ​ដើម្បី​គំរាម​កំហែង»

លោក ហ៊ុន វណ្ណៈ និង​លោក​ ឌឹម គុនឌី ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ១ ឆ្នាំ តែ​អនុវត្ត​ទោស​តែ ៥ ខែ​ប៉ុណ្ណោះ​ ដោយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ​ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ម្នាក់​ ១ លាន​រៀល​ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល ក្រោយ​ពេល​ពួក​គេ​បាន​ជិះ​ទូក​ថត​រូបភាព​ និង​វីដេអូ សកម្ម​ភាព​កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា (Silica) ​ពីរ​គ្រឿង​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។ ដើម​បណ្តឹង​នៃ​​សំណុំ​រឿង​នេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​​កោះកុង ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​​ប្រជាជន​កម្ពុជា និង​ជា​អ្នក​រក​ស៊ី​នាំ​ចេញ​ខ្សាច់​នៅ​ខេត្ត​កោះ​កុង អស់​រយៈពេល​​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ទោះបីជា​សកម្មជន​បរិស្ថាន​ទាំងពីរ​រូប​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ក្តី អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ នៅតែ​ព្រួយ​បារម្ភ​ថា ពួក​គេ​ងាយ​​នឹង​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​វិញ​ ប្រសិន​បើ​ពួក​គេ​បន្ត​ការងារ​ការពារ​បរិស្ថាន​ដូច​កាល​​ពី​មុន។

អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ថ្លែង​ថា តុលាការ​មិន​គួរ​ផ្ដន្ទាទោស​សកម្មជន​ទាំងពីរ​នាក់​នេះ​ទេ ព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​ឡើយ។ លោក​ថា​សកម្មភាព​របស់​អ្នក​ទាំងពីរ ដែល​ចុះ​ស៊ើប​អង្កេត ស្រាវជ្រាវ ប្រមូល​ព័ត៌មាន​ និង​ទិន្នន័យ​​​នេះ គឺ​​ជា​ការ​អនុវត្ត​វិជ្ជាជីវៈ​ជា​សកម្មជន​បរិស្ថាន ដូច្នេះ​ចំណាត់​ការ​របស់​សមត្ថកិច្ច និង​តុលាការ​ខេត្ត​កោះកុង​ទៅលើ​​អ្នក​ទាំង​ពីរ​ គឺ​គ្រាន់​តែ​ជា​ការ​គំរាម​កំហែង និង​​បំបាក់​ស្មារតី​យុវជន​ដទៃ​ទៀត មិន​ឱ្យ​ចូល​រួម​ការងារ​ការពារ​បរិស្ថាន និង​ធន​ធាន​ធម្មជាតិ​​ប៉ុណ្ណោះ។

ចំណែក អ្នកនាង លឹម គីមស័រ ដែល​ជា​អតីត​សហការី​របស់​សកម្មជន​​​ទាំងពីរ​រូប​នេះ​វិញ បញ្ជាក់​ថា នាង​ត្រេកអរ​ដែល​តុលាការ​សម្រេច​ដោះលែង​អ្នក​ទាំងពីរ​ឱ្យ​នៅ​ក្រៅ​ឃុំ​ជួបជុំ​គ្រួសារ​ឡើង​វិញ បើ​ទោះ​ជា​សេរីភាព​នេះ​មិន​បាន​ពេញ​លេញ​ក៏​ដោយ។ ទោះជា​យ៉ាងណា ​នាង​នៅ​តែ​មិន​អស់​ចិត្ត​ចំពោះ​តុលាការ​ខេត្ត​កោះកុង ដែល​បាន​ផ្ដន្ទាទោស​​អ្នក​ទាំងពីរ ទាំង​ដែល​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ឡើយ «មិន​មែន​មាន​តែ​ពួក​យើង​ទេ​ដែល​ដឹង​ថា​រឿង​នេះ​ជា​រឿង​អយុត្ដិធម៌​​ ចំពោះ​អ្នក​ផ្សេង​ទៀត​ក៏​ដឹង​ថា​រឿង​នេះ​​ជា​រឿង​អយុត្តិធម៌​ដែរ​​ ហើយ​បើ​​​គេ​ព្យាយាម​ឃុំ​ខ្លួន​ពួក​គាត់​យូរ​ជាង​នេះ​​ទៀត រូបភាព​វា​​កាន់​តែ​អាក្រក់​​មើល។ អ៊ីចឹង​ទោះ​បី​យ៉ាង​ម៉េច​ក៏​ដោយ ក៏​ខ្ញុំ​​ចូល​រួម​ត្រេក​អរ​ជា​មួយ​ពួក​គាត់​ជាមួយ​​ក្រុម​គ្រួសារ​របស់​ពួកគាត់​ ហើយ​​សំណូមពរ​ឱ្យ​តុលាការ​ខេត្ត​កោះ​កុង ផ្ដល់​​ភាព​យុត្តិ​ធម៌​ដល់​ពួក​គាត់​ ជាង​នេះ​​ទៀត​ គឺ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​តែ​ម្ដង​ក៏​បាន​ដែរ ព្រោះ​​យើង​ដឹង​ស្រាប់ហើយ​ថា ​ពួក​គាត់​អត់​មាន​ខុស​អ្វី​ទេ។ ការ​ចោទ​ប្រ​កាន់​នេះ​​ គឺ​ដក​ហូត​សម្ភារៈ​របស់​ពួក​គាត់​​ទាំង​អស់​ដែល​ជា​អំណោយ​របស់​សប្បុរសជន​ និង​របស់​មួយ​ចំនួន​ដែល​គាត់​ខំ​ប្រឹង​រក​មក​ដោយ​ខ្លួន​ឯង»

សកម្មជន​បរិស្ថាន​ទាំងពីរ​រូប គឺ​លោក​ ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី អះអាង​ថា ពួក​លោក​នឹង​ពិភាក្សា​ជាមួយ​មេធាវី​ដើម្បី​ដាក់​បណ្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការ​ខេត្ត​កោះកុង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ព្រោះ​ពួក​លោក​យល់ថា ការ​ផ្ដន្ទាទោស​ពួក​លោក​ រួម​ទាំង​ការ​ដក​ហូត​យក​ឧបករណ៍​ផ្សេងៗ ដែល​បម្រើ​ឱ្យ​សកម្មភាព​ការពារ​បរិស្ថាន ដូច​ជា កាមេរ៉ា និង​​ប្រដាប់​វាស់​វែង​ផែន​ទី (GPS) ជា​ដើម ទៅ​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ទាំង​ដែល​ពួក​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ផង​នោះ គឺ​ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល