អនុស្សរណៈ​យោគយល់​ស្ដីពី​ការ​សាងសង់​អគារ​បៃតង

ក្រុមហ៊ុន​ម៉ាឡេស៊ី​ឈ្មោះ​ហ្គ្រីនរ៊ី (GreenRE) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ស្ដីពី​ការ​សាងសង់​អគារ​បៃតង ជាមួយ​ក្រុមប្រឹក្សា​អគារ​បៃតង​កម្ពុជា (CamGBC) ដើម្បី​ជួយ​អភិវឌ្ឍ​ផ្នែក​សំណង់​បៃតង និង​លើកស្ទួយ​បរិស្ថាន​នៅ​កម្ពុជា។

ក្រុមហ៊ុន ហ្គ្រីនរ៊ី ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ម៉ាឡេស៊ី នឹង​ផ្តល់​ការណែនាំ ពី​របៀប​សាងសង់​អគារ ឬ​ផ្ទះ​បរិស្ថាន​បៃតង ព្រមទាំង​ផ្តល់​ការ​ហ្វឹកហ្វឺន ដល់​សមាជិក​របស់​ក្រុមប្រឹក្សា​អគារ​បៃតង​កម្ពុជា រួមមាន ស្ថាបត្យករ និង​វិស្វករ​ផង​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​អគារ​បៃតង​កម្ពុជា លោក ជា ប៊ុនសេង ប្រាប់​កាសែត​ខ្មែរថាមស៍ នៅ​ថ្ងៃទី​២៣ ខែ​ឧសភា ថា តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ក្រុមហ៊ុន​លោក​អាច​ទទួល​បាន​ផលប្រយោជន៍ និង​ចំណេះដឹង​ច្រើន ពី​ស្តង់ដារ​នៃ​ការសាងសង់​អាគារ​បៃតង និង​ពង្រីក​ធនធានមនុស្ស​។ ក្រុមហ៊ុន​ហ្គ្រីនរ៊ី នឹង​ទទួល​បាន​កម្រៃ​៥% រាល់​គំរោង​សាងសង់​អគារ​បៃតង នៅ​ឆ្នាំ​ទី​១ នៃ​កិច្ចសន្យា ហើយនឹង​ទារ​តម្លៃ​សេវា ១០% នៅ​ឆ្នាំក្រោយៗ​ទៀត។

ក្រុមប្រឹក្សា​អគារ​បៃតង​កម្ពុជា ជា​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៩ ដែល​ប្រតិបត្តិការ​ស្ថិត​ក្រោម​សមាគម​ស្ថាបត្យករ​កម្ពុជា (AAC) ក្នុង​គោល​បំណង​សាងសង់​អគារ ឬ​ផ្ទះ​ប្រកប​ដោយ​បរិស្ថាន​បៃតង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។