រដ្ឋបាលជលផលនៃក្រសួងកសិកម្ម គ្រោងផ្ដល់ថវិកាគាំទ្រដល់សកម្មភាពអភិរក្សធនធានជលផលជូនសហគមន៍នេសាទ ក្នុងខេត្តស្ទឹងត្រែង ១០០កន្លែង ដើម្បីបង្កើនសមត្ថភាពគាំពារជីវចម្រុះក្នុងអាងទន្លេមេគង្គ។ មន្ត្រីជាន់ខ្ពស់រដ្ឋបាលជលផលអះអាងថា រដ្ឋាភិបាលនឹងផ្ដល់ថវិកា ៤លានរៀល សម្រាប់សហគមន៍នេសាទនីមួយៗ ក្នុងរយៈពេល ១ឆ្នាំ។
ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃក្រសួងកសិកម្ម លោក លាង សុផាត ថ្លែងបែបនេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្តទាក់ទិនផែនការគ្រប់គ្រងកន្លែងនេសាទរបស់សហគមន៍ក្នុងខេត្តស្ទឹងត្រែងកាលពីសប្ដាហ៍មុន។ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថា តើថវិកាទាំងនេះ នឹងផ្ដើមអនុវត្តពេលណានោះទេ ដោយលោកគ្រាន់តែប្រាប់ថា ក្រសួងសេដ្ឋកិច្ចបានឯកភាពលើកម្មវត្ថុនេះរួចហើយ។ លោកបញ្ជាក់ថា ថវិកានេះផ្ដោតសំខាន់លើការគាំទ្រសហគមន៍នេសាទ អភិរក្សមច្ឆាជាតិ៖ «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឯកភាពហើយ ជួយសហគមន៍ចំនួន ១០០សហគមន៍។ មួយឆ្នាំ ៤លាន បាន ១.០០០ពាន់ដុល្លា គាត់ថា បានឯកភាពប្រជុំនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែលុយហ្នឹងធ្លាក់លើរតនាគារខេត្តទេ។ ហ្នឹងគ្រាន់តែជាគោលការណ៍ តែចាំមើលដំណើរការទៅមុខទៀត » ។
ប្រធានអន្លង់អភិរក្សបង្គោលលេខ ៤១ ទន្លេមេគង្គ នៃសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង លោក ផែង សុជាតិ ឱ្យដឹងនៅថ្ងៃទី២៥ កញ្ញាថា បញ្ហាខ្វះថវិកាទ្រទ្រង់សកម្មភាពចុះល្បាត គឺជាឧបសគ្គកើតមានជាច្រើនឆ្នាំមកហើយ ដែលជាមូលហេតុធ្វើឱ្យសហគមន៍ជួបការលំបាក ក្នុងការចុះល្បាតចាប់ជនល្មើស។ លោកគាំទ្រ ចំពោះផែនការផ្ដល់ថវិកាជួយសហគមន៍ ក៏ប៉ុន្តែលោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការបន្ថែមទៀត ដើម្បីបង្ក្រាបបទល្មើសនេសាទឱ្យគ្រប់ជ្រុងជ្រោយ។ លោកបន្ថែមថា កន្លងទៅ នៅពេលសហគមន៍ប្រទះឃើញជនល្មើស ហើយរាយការណ៍ប្រាប់សមត្ថកិច្ច ទម្រាំមន្ត្រីចុះបង្ក្រាបដល់ទីតាំង ក្រុមជនល្មើសបានគេចខ្លួនបាត់៖ « ព្រួយបារម្ភហ្នឹងហើយ អនាគតក្រែងទប់ស្កាត់មិនបាន ហើយបទល្មើសខ្លាចវាមិនថយចុះ ព្រោះថា ធនធានជលផលរបស់យើងអត់សូវសំបូរ ដូចថា វាអត់កើនឡើង។ ឥឡូវគេប្រើឧបករណ៍ទំនើបៗ ទាំងក្ដៅ និងត្រជាក់ វាបូកគ្នា។ សម្ភារៈដូចជាទូក និងកាណូតម៉ាស៊ីនវាសុទ្ធតែកម្លាំងធំៗ ជាងសមត្ថកិច្ចយើង » ។
លោក ផែង សុជាតិ បញ្ជាក់ថា ក្រុមជនល្មើសមានឧបករណ៍ឆក់ក្ដៅ និងត្រជាក់ទំនើប អាចចាប់ត្រីមេពូជ ក្នុងអន្លង់អភិរក្សជាច្រើនគីឡូក្រាម ដែលជាហេតុនាំឱ្យធនធានជលផលក្នុងអាងទន្លេមេគង្គកាន់តែថយចុះ។ លោកថា សហគមន៍បានកំណត់មុខសញ្ញាក្រុមជនល្មើសមួយចំនួន ដែលឆក់ត្រីខុសច្បាប់ជាមុខរបរ ចិញ្ចឹមជីវិតនោះហើយ ហើយ សហគមន៍គ្រោងបញ្ជូនឈ្មោះជនសង្ស័យទាំងនេះឱ្យមន្ត្រីជំនាញអនុវត្តច្បាប់។
ឆ្លើយតបរឿងនេះ នាយខណ្ឌរដ្ឋបាលជលផល ខេត្តស្ទឹងត្រែង លោក ទំ នីរ៉ូ មានប្រសាសន៍ថា មន្ត្រីរដ្ឋបាលជលផលនៅខេត្តស្ទឹងត្រែងមានគ្នាតែ ៩នាក់ មិនអាចទប់ទល់បទល្មើសនេសាទខុសច្បាប់គ្រប់ជ្រុងជ្រោយទេ ហេតុនេះទាមទារឱ្យមានការចូលរួម ពីតួអង្គពាក់ព័ន្ធទាំងអស់ ទើបការបង្ក្រាបបទល្មើសនេសាទមានប្រសិទ្ធភាព។ លោកថា នៅខេត្តស្ទឹងត្រែងមានសហគមន៍នេសាទ ៥២កន្លែង និងមានអន្លង់អភិរក្សជីវចម្រុះ ៦០កន្លែង ដែលមន្ត្រីជលផលបានផ្ដួចផ្ដើមគាំទ្រឱ្យសហគមន៍ចូលរួមអភិរក្សជីវចម្រុះឱ្យមានប្រសិទ្ធភាព៖ « ការគ្រប់គ្រងតែផ្អែកលើរដ្ឋបាលជលផលតែមួយស្ថាប័នមិនអាចគ្រប់គ្រងបានសព្វគ្រប់ជ្រុងជ្រោយទេ។ មានតែចូលរួមពីតួអង្គពាក់ព័ន្ធទាំងអស់ មិនថា អាជ្ញាធរ មិនថា កងកម្លាំងប្រដាប់អាវុធ មិនថា ស្ថាប័នណាទេរួមទាំងអ្នកសារព័ត៌មាន ទាល់តែចូលគ្នាជាធ្លុងមួយទប់អាចគ្រប់គ្រងមានប្រសិទ្ធភាព » ។
នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី (3SPN Coordinator) លោក លាង ប៊ុនលាភ បារម្ភថា ឧបករណ៍ឆក់ត្រជាក់ ដែលក្រុមជនល្មើសប្រើប្រាស់ មានលទ្ធភាពចាប់ត្រីមេពូជធំៗ ចម្ងាយ ៥០ម៉ែត្របួនជ្រុង បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់មច្ឆាជាតិ និងជីវភាពប្រជាជន។ លោកជំរុញឱ្យអាជ្ញាធរត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ហើយ សហគមន៍មូលដ្ឋានក៏ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ និងអនុវត្តលក្ខន្តិកៈរបស់ខ្លួនឱ្យបានត្រឹមត្រូវដែរ៖ «ការប្រើឧបករណ៍នេសាទខុសច្បាប់ អាឆក់ត្រជាក់ គឺជារឿងមួយដែលលំបាក។ ក្បាលឆក់ត្រជាក់អាចហៅត្រី ឲ្យចូលក្បាលឆក់ហ្នឹងចម្ងាយ ៥០ម៉ែត្រហើយវា ដួសយកទៅតែម្ដង។ អាហ្នឹងហើយ ដែលវាបង្កឲ្យវាហិនហោចនោះ ហើយវិធីដែលកន្លងមកដែលយើងធ្លាប់អនុវត្ត យើងមានលុយកញ្ចប់លុយចុះទៅល្បាត វាថយពេលចុះល្បាត។ ប៉ុន្តែពេលចុះល្បាតបានតែមួយខែម្ដង ឬពីរដង ដោយឡែកសកម្មភាពបទល្មើសវាកើតមានជាប្រចាំ » ។
របាយការណ៍រដ្ឋបាលជលផលខេត្តស្ទឹងត្រែង បង្ហាញថា អំឡុងឆ្នាំ២០១៩ មកទល់ពេលនេះ មន្ត្រីជំនាញចាប់មងខុសច្បាប់បានចំនួន ៨ម៉ឺនម៉ែត្រ និងឃាត់ខ្លួនជនសង្ស័យបាន ៨នាក់ ទាក់ទិនករណីធ្វើសកម្មភាពឆក់ និងបោកគ្រាប់បែកដើម្បីចាប់ត្រី។ អាជ្ញាធរអះអាងថា ជនសង្ស័យដែលប្រើឧបករណ៍ឆក់ និងបោកគ្រាប់បែក សមត្ថកិច្ចនឹងចាប់ខ្លួនបញ្ជូនទៅតុលាការដើម្បីអនុវត្តច្បាប់ ក៏ប៉ុន្តែចំពោះពលរដ្ឋប្រើឧបករណ៍មង មន្ត្រីជំនាញគ្រាន់តែអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនោះប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
