ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ស្នើឲ្យអភិបាលខេត្តជួយថែរក្សាផ្ទៃបឹងធម្មជាតិទឹកសាប មានទីតាំងនៅទល់មុខក្រុមហ៊ុនស្រាបៀអង្គរ ស្ថិតក្នុងសង្កាត់លេខ១ ឲ្យបានគង់វង្ស ព្រោះពេលនេះកំពុងប្រឈមការបាត់បង់ ហើយត្រូវគេដឹកដីចាក់លុបបឹង និងបោះតម្រុយកំណត់ក្បាលដីធ្វើកម្មសិទ្ធិឯកជនស្ទើរទាំងស្រុង។
មន្ត្រីសង្គមស៊ីវិល ឲ្យដឹងថា បច្ចុប្បន្នផ្ទៃរងទឹកភ្លៀង ឬផ្ទៃបឹងទឹកសាបដែលមិនធ្លាប់រីងស្ងួតនៅគ្រប់រដូវកាលនាមូលដ្ឋាននេះ ត្រូវគេបូមទឹកចេញដើម្បីចាប់ត្រី និងចាក់ដីលុបចូលក្នុងផ្ទៃបឹងជាបណ្ដើរៗរួចហើយ។
សាធារណជន ពិសេសប្រជាពលរដ្ឋមានលំនៅឋានក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ បង្ហាញកង្វល់ខ្លាចបាត់បង់បឹងធម្មជាតិទឹកសាប មានទីតាំងនៅជាប់ផ្លូវជាតិលេខ៤ ទល់មុខក្រុមហ៊ុនស្រាបៀអង្គរ ដែលត្រូវគេបូមទឹកចេញពីផ្ទៃបឹងរីងទឹកស្ទើរទាំងស្រុង កាលពីដើមខែមករា ឆ្នាំ២០១៧ មក។
ពលរដ្ឋបានឲ្យដឹងថា ការបូមទឹកចេញពីផ្ទៃបឹងទឹកសាបមួយនេះ អាជ្ញាធរបកស្រាយថា ដើម្បីចាក់ដីស្ថាបនាពង្រីកផ្លូវជាតិឲ្យបានធំទូលាយ ដើម្បីឲ្យការធ្វើចរាចរឲ្យបានប្រសើរឡើង ព្រោះតំបន់នេះមានផ្លូវចង្អៀត និងតែងបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់នាពេលកន្លងមក។
ក្រុមប្រជាពលរដ្ឋព្រួយបារម្ភពីការឃុបឃិតរវាងមន្ត្រីស្ថាប័នពាក់ព័ន្ធនាខេត្តព្រះសីហនុ ឈានដល់ចាក់ដីរំលោភយកផ្ទៃបឹងទឹកសាបមួយនេះធ្វើកម្មសិទ្ធិឯកជន ព្រោះកន្លងមក ផ្ទៃបឹង ឬផ្ទៃរងទឹកភ្លៀងបឹងទឹកសាបនៅទល់មុខក្រុមហ៊ុនស្រាបៀអង្គរមួយនេះ ត្រូវគេចាក់ដីលុបចូលផ្ទៃបឹង យកដីសង់លំនៅឋានមួយចំនួនរួចហើយ។ ពលរដ្ឋបន្តថា បច្ចុប្បន្ន ផ្ទៃបឹងនេះបន្ទាប់ពីត្រូវបានគេបូមទឹកចេញពីផ្ទៃបឹងដើម្បីចាប់ត្រី ក៏ឃើញមានការបោះតម្រុយកំណត់ព្រំដី ឬក្បាលដីនៅលើផ្ទៃបឹងជាក់ស្តែងថែមទៀត។
មន្ត្រីឃ្លាំមើលការអភិវឌ្ឍសង្គម និងសាធារណជន ស្នើដល់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ជួយថែរក្សាបឹងធម្មជាតិទឹកសាបមួយនេះឲ្យបានគង់វង្ស និងត្រូវស្ដារអភិរក្សបឹងទឹកសាបមួយនេះឲ្យបានជ្រៅ ដើម្បីស្តុកទឹកទុកសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋមូលដ្ឋាននេះប្រើប្រាស់នាថ្ងៃអនាគត។
អ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែលបានចុះពិនិត្យផ្ទាល់ដល់ទីតាំងបឹងធម្មជាតិទឹកសាបនៅជាប់ផ្លូវចូលក្រុងព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខក្រុមហ៊ុនស្រាបៀអង្គរ កាលពីថ្ងៃអង្គា ទី៣១ ខែមករា។ លោកព្រួយបារម្ភខ្លាចចំណីមាត់បឹង ឬផ្ទៃរងទឹកភ្លៀងបឹងទឹកសាបមួយនេះ ត្រូវបាត់បង់ក្នុងពេលដ៏ឆាប់ខាងមុខ ព្រោះកន្លងទៅ ផ្ទៃបឹងនេះត្រូវគេចាក់ដីរំលោភយកធ្វើកម្មសិទ្ធិឯកជនអស់មួយចំនួនរួចហើយ ហើយពេលនេះត្រូវបានគេបូមទឹកចេញ និងបោះតម្រុយកំណត់ក្បាលដី ឬព្រំដីនៅលើផ្ទៃបឹង ដែលបានបូមទឹកចេញនោះថែមទៀត៖ « ស្នើស្ដារបឹងទឹកសាប ឬស្រះទឹកនេះឡើងវិញ និងត្រូវរៀបចំប្រព័ន្ធការពារបឹងនេះ មានដូចជាត្រូវដាំដើមឈើព័ទ្ធជុំវិញបឹង និងកាយព្រំកំណត់ផ្ទៃបឹង ព្រមទាំងធ្វើប្លង់កម្មសិទ្ធិការពារផ្ទៃបឹងនេះឲ្យបាន ព្រោះបឹងទឹកសាបមួយនេះអាចជួយផ្គត់ផ្គង់ទឹកស្អាតដល់បងប្អូនប្រជាពលរដ្ឋនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ និងអាចឲ្យពលរដ្ឋខ្លះអាចប្រកបមុខរបរចិញ្ចឹមជីវិតដោយដកព្រលឹត ឬបន្លែផ្សេងៗដែលដុះនៅក្នុងបឹងនេះសម្រាប់លក់ចិញ្ចឹមជីវិតផងដែរ »។
ឆ្លើយតបកង្វល់នេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលធ្លាប់ចុះទៅដល់ទីតាំងបឹងធម្មជាតិទឹកសាបនៅទល់មុខក្រុមហ៊ុនស្រាបៀអង្គរ កាលពីពេលថ្មីៗ បានឲ្យដឹងថា ការបូមទឹកចេញពីផ្ទៃបឹងទឹកសាបមួយនេះ គឺដើម្បីពង្រីកផ្លូវជាតិលេខ៤ ក្បែរជាយក្រុងទេសចរណ៍មួយនេះឲ្យបានទូលាយ ព្រោះផ្លូវនៅតំបន់នោះតូចចង្អៀត ពិបាកដល់រថយន្តតូចធំគ្រប់ប្រភេទធ្វើដំណើរទៅមក និងពិបាកជៀសគ្នា ជាដើម។ លោកបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ មានគម្រោងស្ដារ និងអភិវឌ្ឍបរិវេណនៅជុំវិញបឹងទឹកសាប មានទីតាំងនៅក្នុងសង្កាត់លេខ១ ទល់មុខក្រុមហ៊ុនស្រាបៀអង្គរ ធ្វើជាសួនច្បារសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋមកលំហែអារម្មណ៍ និងហាត់ប្រាណ ជាដើម នាពេលដ៏ខ្លីខាងមុខ៖ « តាមការពិត ក្នុងផែនការរបស់ខ្ញុំ នៅជុំវិញស្រះទឹក ឬបឹងទឹកសាបមួយនេះ ខ្ញុំមានគម្រោងអភិវឌ្ឍន៍ជាសួនច្បារសម្រាប់ផ្តល់ជូនសាធារណៈ ឬប្រជាពលរដ្ឋចូលមកកម្សាន្ត និងហាត់ប្រាណជាដើមនាថ្ងៃអនាគត។ ប៉ុន្តែពេលនេះជាជំហានដំបូង ឈូសឆាយពង្រីកធ្វើផ្លូវជាតិសិន »។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បង្ហាញទស្សនៈថា មកដល់ដំណាក់កាលនេះទៅហើយ គួរណាស់តែអាជ្ញាធរ ឬរដ្ឋបាលខេត្តព្រះសីហនុ រួមសហការគ្នាថែរក្សាទ្រព្យសម្បត្តិរដ្ឋ ឬធនធានធម្មជាតិផ្សេងៗមានដូចជា បឹង ទឹកសាប អូរធម្មជាតិ ព្រៃឈើ ព្រៃកោងកាង និងតំបន់ឆ្នេរជាដើម ដែលនៅសេសសល់នាមូលដ្ឋាននេះឲ្យបានគង់វង្ស និងរួមគ្នាអភិរក្សថែរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយប្រើប្រាស់ ប្រសើរជាងឃុបឃិតគ្នាបំផ្លាញទ្រព្យសម្បត្តិជាតិ ដោយអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញបានកំណត់ទៀតទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
