សកម្មជន​បរិស្ថាន​ហៅ​ការ​តែងតាំង​កូនប្រុស​លោក ស៊ុយ សែម ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ជា​គំរូ​អាក្រក់

ដោយ សុ ជីវី
2018-11-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ថ្លែង​ក្នុង​វេទិកា​អភិបាលកិច្ច​លើ​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។
រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ថ្លែង​ក្នុង​វេទិកា​អភិបាលកិច្ច​លើ​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហានឌ្រូ ហ្កាន់សាឡេស ដេវិតសិន ( Alejandro Gonzalez Davidson) ហៅ អា​ឡិច បារម្ភ​ថា​ផលប្រយោជន៍​ជាតិ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ថែមទៀត​នៅ​ក្រោយ​ពេល​ដែល​រដ្ឋមន្ត្រី ក្រសួង​រ៉ែ និង​ថាមពល​លោក ស៊ុយ សែម ដាក់​កូនប្រុស​ខ្លួនឯង​អោយ​កាន់​តំណែង​កាន់តែ​ខ្ពស់​ក្នុង​ក្រសួង​នេះ។ ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា បាន​តែងតាំង លោក ស៊ុយ ឌីម៉ង់ ដែល​ជា​កូនប្រុស​លោក​រដ្ឋមន្ត្រី ស៊ុយ សែម អោយ​ឡើង​តំណែង​ទៅជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល។

អា​ឡិច​បន្ត​ថា​ក្រៅ​តែ​ពី​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ បក្សពួកនិយម ករណី​នេះ​បង្ហាញ​នូវ​ភាព​អយុត្តិធម៌​ចំពោះ​យុវជន​ខ្មែរ និង​អ្នកមាន​សមត្ថភាព​ជាច្រើន​លាន​នាក់។ លោក​ថា ទង្វើ​បែបនេះ​បង្ហាញ​ថា កូនប្រុស​របស់​លោក ស៊ុយ សែម ទៅជា​អសមត្ថភាព​ទៅវិញ​ទេ បើ​ទោះ​ជា​លោក​រៀន​បាន​ខ្ពស់​កម្រិត​ណា​ក៏​ដោយ គឺ​បាន​តំណែង​បាន​តួនាទី​ដោយសារ​បុណ្យ​ឪពុក៖ «ពេល​ដែល​យក​កូន​ខ្លួនឯង សាច់ញាតិ​ខ្លួនឯង​មកកាន់​តួនាទី​ក្នុង​ក្រសួង​ហ្នឹង បញ្ហា​ដែល​ក្រសួង​រ៉ែ និង​ថាមពល​ឆ្លងកាត់​រយៈពេល​២០​ឆ្នាំ​មកនេះ​ខ្ញុំ​ថា វា​រិត​តែ​ធំ​ជាង​មុន ពុករលួយ​រឹត​តែ​ខ្លាំង​ជាង​មុន ហើយ​ខ្វះ​តម្លាភាព​ក៏​កាន់តែ​ខ្លាំង​ជាង​មុន ធ្ងន់ធ្ងរ​ជាង​មុន​ទៅទៀត។ ប្រទេស​ណា​ក៏​ដោយ​អោយ​តែ​រើស​យក​សាច់ញាតិ​ខ្លួនឯង​មក​ធ្វើការ​ដោយ​មិន​ជ្រើសរើស​ពលរដ្ឋ​ធម្មតា​ជាទូទៅ​តាម​សមត្ថភាព​អាច​ថា​អ្នក​អ្នក​កាន់​អំណាច​បក្សពួក​គាត់​គ្រួសារ​គាត់​រឹត​តែ​មាន​លុយ​មានអំណាច ប៉ុន្តែ​ជាតិ​ខាត អា​ហ្នឹង​មិនមែន​នៅតែ​ស្រុក​ខ្មែរ​ទេ គឺ​មាននៅ​ប្រទេស​មួយ​ចំនួន ទៀត​ដែល​ពោរពេញ​ដោយ​អំពើពុករលួយ»

សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា នៅមុន​ការតែងតាំង​នេះ លោក ស៊ុយ ឌីម៉ង់ គឺជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ ក្នុង​មុខងារ​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ ដែល​ផ្នែក​នេះ​ទទួលខុសត្រូវ​លើ​ផ្នែក​រដ្ឋបាល ព័ត៌មានវិទ្យា ផ្នែក​បុគ្គលិក គណនេយ្យ ហិរញ្ញវត្ថុ សហប្រតិបត្តិការ និង​កិច្ចការ​អាស៊ាន និង​នីតិកម្ម។

លោក អាឡិច លើកឡើង​ទៀត​ថា តាម​បទពិសោធន៍​របស់​លោក ជាមួយ​នឹង​ក្រសួង​រ៉ែ និង​ថាមពល​លោក​មើល​ឃើញ​ថា ក្រសួង​នេះ​ក្ដោប​ក្ដាប់​ធនធាន​រ៉ែ​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​បាន​បរាជ័យ​នៅ​ក្នុង​ការ​ថែរក្សា​ធនធាន​ទាំងនេះ ដើម្បី​ជា​ប្រយោជន៍​ជាតិ​ឡើយ។ លោក​ថា ធនធាន​ជាច្រើន​ត្រូវ​បាន​បំផ្លាញ​ដោយ​ពុំបាន​ផល​ចំណេញ​ដល់​ជាតិ​ឡើយ​រាប់ទាំង​ការ​ប្រមូល​ពន្ធ និង​សួយ​សារ​ផ្សេងៗ​ពី ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ទាំងឡាយ​នោះ ក៏​ដោយសារតែ​ការ​បំពេញ​ការងារ​របស់​ក្រសួង​នេះ​ពុំ​មាន​តម្លាភាព មាន​អំពើពុករលួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល