គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ប្រកាសជំហរជាថ្មីម្តងទៀត នឹងចាត់វិធានការច្បាប់ដល់ក្រុមហ៊ុន និងបុគ្គលណាដែលជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ និងដុតបំផ្លាញភស្តុតាងដែលបម្រើមធ្យោបាយដឹកជញ្ជូនឈើខុសច្បាប់នៅហ្នឹងកន្លែង។ សកម្មជនបរិស្ថាន និង ក្រុមជនជាតិដើមភាគតិច សាទរចំណាត់ការថ្មីនេះ តែពួកគេបារម្ភថា វិធានការនេះនឹងគ្មានប្រសិទ្ធភាព ប្រសិនបើស្ថាប័នមួយនេះ មិនចាត់វិធានការ មន្ត្រីខិលខូច ដែលប្រព្រឹត្តអំពើពុករលួយ និងក្រុមឧកញ៉ា ធ្វើអាជីវកម្មឈើខុសច្បាប់ដុះស្លែនោះទេ។
សហគមន៍ការពារព្រៃឈើ និងសកម្មជនបរិស្ថានរង់ចាំមើលការប្ដេជ្ញាចិត្តជាថ្មីទៀតរបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនេះ ថា តើមានចេតនាការពារព្រៃឈើពិតប្រាកដ ឬគ្រាន់តែធ្វើឡើងបង្គ្រប់កិច្ច។ ពួកគេថា ប្រសិនបើគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មានឆន្ទៈថែរក្សាព្រៃឈើ ឱ្យគង់វង្ស មែននោះ គឺត្រូវផ្តល់ឱកាសឱ្យសមត្ថកិច្ចមូលដ្ឋានតូចតាចគ្រប់លំដាប់ថ្នាក់ មានលទ្ធភាពបង្ក្រាបបទល្មើសព្រៃឈើ នៅមូលដ្ឋានជាក់ស្ដែង ប្រសើរជាងអនុវត្តច្បាប់បានតែមួយប្រាវ នៅគ្រាដែលមានបទបញ្ជាពីថ្នាក់លើ ម្ដងម្កាលនោះ។
គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅថ្ងៃទី៨ កក្កដា បានចេញសេចក្ដីប្រកាសព័ត៌មានថា ត្រូវអនុវត្តច្បាប់ ដល់បុគ្គល ឬក្រុមហ៊ុន និងបំផ្លាញមធ្យោបាយដែលពាក់ព័ន្ធបទល្មើសព្រៃឈើ។ គណៈកម្មការនេះ រកឃើញថា មានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនឈើខុសច្បាប់ និងបានដាក់ចេញវិធានការ ២ចំណុច ក្នុងទិសដៅដោះស្រាយបញ្ហាព្រៃឈើ គឺទី១- បុគ្គល ឬក្រុមហ៊ុនដែលពាក់ព័ន្ធបទល្មើសព្រៃឈើ នឹងត្រូវអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង។ ទី២- មធ្យោបាយបម្រើដឹកជញ្ជូនឈើរួមមានរថយន្ត គោយន្ត និង ម៉ូតូជាដើម ត្រូវបំផ្លាញចោលនៅហ្នឹងកន្លែង។
សហគមន៍ការពារព្រៃឡង់ ខេត្តស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ យល់ថា ប្រសិនបើគណៈកម្មការនេះធ្វើកិច្ចការងារ ដើម្បីផលប្រយោជន៍ជាតិ គួរតែអនុវត្តច្បាប់ដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធណា ដែលលាក់បាំង រាល់សកម្មភាពដឹកជញ្ជូនឈើ និងការធ្វើអាជីវកម្មឈើគ្រប់រូបភាព។ លើសពីនេះ គណៈកម្មការនេះ ត្រូវពិនិត្យមើលឡើងវិញ លើទីផ្សារផ្គត់ផ្គង់ឈើ និងមធ្យោបាយទាំងឡាយ ដែលសម្រួលដល់ការធ្វើអាជីវកម្មឈើ ជាពិសេសត្រូវចាត់វិធានការច្បាប់ដល់អាជីវកម្មប្រមូលទិញឈើ និងរោងសិប្បកម្មកែច្នៃឈើគ្រប់រូបភាព។ លោកអះអាងថា ប្រសិនបើចំណុចទាំងអស់នេះ គណៈកម្មការជំនាញមួយនេះ មិនអនុវត្តទេ លោកមិនសង្ឃឹមថា ការប្ដេជ្ញាចិត្តជាថ្មីទៀតនេះ នឹងមានប្រសិទ្ធភាពទេ៖ «ខ្ញុំនៅតែមានការព្រួយបារម្ភចំពោះការរឹតបណ្ដឹងច្បាប់ទាំងនេះ តើមានប្រសិទ្ធភាពប៉ុណ្ណា តែប្រសិនបើពុំមានការអនុវត្តច្បាប់ទេ វិធានការហ្នឹងក៏មិនអាចអនុវត្តបានទេ។ លោក អេង ហ៊ី គួរតែដាក់វិធានការក្ដៅចំពោះអាជ្ញាធរមូលដ្ឋាន ចៀសវាងបិទបាំងការដឹកជញ្ជូនឈើ និងការធ្វើអាជីវកម្មព្រៃឈើ»។
សហគមន៍ជនជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី លោក ក្រើង តុលា មានសង្ឃឹមតិចតួចណាស់ ពីប្រសិទ្ធភាពការងាររបស់មន្ត្រីជំនាញអនុវត្តច្បាប់ព្រៃឈើឱ្យមានប្រសិទ្ធភាព ព្រោះជំនួញឈើឆ្លងដែន និងការធ្វើអាជីវកម្មខុសច្បាប់ខ្នាតធំភាគច្រើន មានជាប់ពាក់ព័ន្ធមន្ត្រីគ្រាក់ៗ និងឧកញ៉ាមួយចំនួន ជាមេខ្លោង។ លោកគិតថា ចំណាត់ការថ្មីនេះ នឹងមានប្រសិទ្ធភាពតែរយៈពេលខ្លីប៉ុណ្ណោះ ព្រោះបេសកកម្មរបស់គណៈកម្មការមួយនេះកន្លងទៅ ធ្វើឡើងដូចភ្លើងចំបើង ឬមួយឆាវៗ ផ្អែកតាមទំហំកញ្ចប់ថវិការបស់រដ្ឋ និងបទបញ្ជាពីថ្នាក់លើម្ដងម្កាល៖ «វាប៉ះពាល់បក្សពួកនិយម វាប៉ះពាល់សាច់ញត្តិ វាប៉ះពាល់មិត្តភ័ក្ដិអ៊ីចឹងទៅ មិនអនុវត្តច្បាប់ឱ្យបាន ១០០ភាគរយទេ ខ្ញុំជឿអ៊ីចឹងហ្មង តែខ្ញុំជឿច្រើនជាងគេ គឺគាត់អនុវត្តបទបញ្ជា។ ទោះជាយ៉ាងណា ខ្ញុំនៅតែអបអរ ដែលបញ្ចេញកណ្ដាប់ដៃ ទោះជារយៈពេលប៉ុន្មានក៏ខ្ញុំអរគុណដែរ»។
សកម្មជនបរិស្ថានដែលចុះសង្កេតបទល្មើសព្រៃឈើ លោក ហេង ស្រស់ សង្កេតឃើញថា រយៈពេល ៥ឆ្នាំកន្លងមកនេះ វិធានការបង្ក្រាបបទល្មើសព្រៃឈើ របស់គណៈកម្មការជាតិ មានតែលើក្រដាស តែការអនុវត្តជាក់ស្ដែងវិញ គឺគ្មានប្រសិទ្ធភាពនោះទេ។ តែយ៉ាងណា លោកនឹងចាំអ៊ុតមើលថា តើគណៈកម្មការជំនាញនេះ ហ៊ានអនុវត្តច្បាប់ដល់ក្រុមឧកញ៉ា និងអ្នកមានអំណាច ដែលជ្រកក្រោមស្លាកដីសម្បទានសេដ្ឋកិច្ច ធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំ នៅខេត្តភាគឦសានឬទេ? ប្រសិនបើចង់សង្គ្រោះព្រៃឈើមែននោះ៖ «មានតែវិធីសាស្ត្រមួយ ចាប់បានហើយ ត្រូវតែកម្ទេចចោលតែម្ដង ត្រូវតែធ្វើឱ្យអ្នកទាំងអស់ហ្នឹងរាង និងចាប់ពួកហ្នឹងទៅដាក់គុកតែម្ដង ព្រោះពួកហ្នឹងជាក្រុមជនបំផ្លាញជាតិ ហើយមួយវិញទៀត ត្រូវចុះត្រួតពិនិត្យមន្ត្រីថ្នាក់ក្រោមទាំងអស់ដែរ ប្រព្រឹត្តអំពើពុករលួយជាមួយក្រុមឧក្រិដ្ឋជនហ្នឹង ចាប់អូសដាក់ពន្ធនាគារទាំងអស់ តែមានតែលើក្រដាស ពេលពួកគាត់ចុះទៅមិនយកក្រដាសហ្នឹងកាន់តាម»។
ទោះយ៉ាងណា អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ព្រមានធ្ងន់ៗថា ប្រសិនបើរកឃើញថា មានក្រុមហ៊ុនណា ប្រព្រឹត្តខុសច្បាប់ គណៈកម្មការជំនាញនឹងអនុវត្តតាមច្បាប់។ លោកថា បុគ្គលណាក្តី ឱ្យតែរកឃើញថា មានជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសព្រៃឈើ ត្រូវតែអនុវត្តច្បាប់ ដោយបញ្ជូនសំណុំរឿងទៅតុលាការ។ លោកបញ្ជាក់ថា គណៈកម្មការជាតិនឹងចុះឆែកឆេរ ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយចំនួន ហើយប្រសិនបើរកឃើញថា ក្រុមហ៊ុនណាមួយ មានជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើនឹងត្រូវអនុវត្តច្បាប់ជាធរមាន៖ «ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបានរៀបចំផែនការ ជាមួយយន្តការការងារច្បាស់លាស់ ដូច្នេះលោកឧត្ដមសេនីយ៍ឯក ហុង វិណុល គាត់នឹងដឹកនាំកម្លាំងចម្រុះ ចុះទៅធ្វើការងារគ្រប់កន្លែងទាំងអស់ ពាក់ព័ន្ធករណីល្មើសច្បាប់។ ប្រសិនបើរកឃើញថា ក្រុមហ៊ុនណា ប្រព្រឹត្តល្មើសច្បាប់នឹងត្រូវអនុវត្តច្បាប់។ មន្ត្រីណាក៏ដោយ ឱ្យតែរកឃើញថា ខុសច្បាប់ គឺយើងអនុវត្តទៅតាមច្បាប់»។
របាយការណ៍របស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបង្ហាញថា អំឡុងឆ្នាំ ២០១៦ គណៈកម្មការនេះបានរឹបអូសឈើប្រណិតបានជាង ៧ ម៉ឺនម៉ែត្រគួប និងបញ្ជូនសំណុំរឿងទៅកាន់តុលាការចំនួនជិត ៦០ករណី (៥៧) ហើយឈើដែលរឹបអូសបានត្រូវបានលក់ បង្វិលកញ្ចប់ថវិកាចូលរដ្ឋ។ ទន្ទឹមនឹងនេះ អំឡុងឆ្នាំ២០១៨ គណៈកម្មការនេះបង្ក្រាបបទល្មើសព្រៃឈើបាន ៣៣៨លើក ឃាត់ខ្លួនមនុស្សជាង ១០០នាក់ ក្នុងនោះបញ្ជូនទៅតុលការ ៦៥នាក់ និងបានរឹបអូសឈើចំនួនជាង ៤ពាន់ម៉ែត្រគួប។ ក៏ប៉ុន្តែមន្ត្រីសង្គមស៊ីវិលរិះគន់ថា គណៈកម្មការនេះមិនបានអនុវត្តច្បាប់ដល់ក្រុមឧក្រិដ្ឋជនមានងារជាឧកញ៉ាជួញដូរឈើឆ្លងដែន ដុះស្លែណាម្នាក់នោះទេ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែងថា វិបត្តិព្រៃឈើ គឺជាចំណុចរសើបមួយ ដែលគណៈកម្មការជាតិ មានចេតនាបណ្ដោយឱ្យជនល្មើស ដែលជាក្រុមឧកញ៉ា និងបុគ្គលមានអំណាច ដែលពាក់ព័ន្ធបទល្មើសព្រៃឈើដុះស្លែ រស់នៅដោយសេរី ដោយពុំបាននាំខ្លួនពួកគេ បញ្ជូនទៅតុលាការ។ លោកថា បើទោះបីជារកឃើញ វត្ថុតាងជាក់ស្ដែងជាច្រើនមានជាប់ពាក់ព័ន្ធឧកញ៉ាមួយចំនួនក្តី ក៏ប៉ុន្តែគណៈកម្មការមួយនេះ មិនបាននាំខ្លួន ជនសង្ស័យទាំងនោះទៅកាន់តុលាការ អនុវត្តច្បាប់នោះទេ៖ «បទល្មើសឧក្រិដ្ឋនៅប្រទេសកម្ពុជា វាទុំជោរមិនអាចបង្ក្រាបបាន បើទោះបីបង្កើតគណៈកម្មការ ហើយមានការគាំទ្រថ្នាក់ដឹកនាំរដ្ឋ ប្រើឧទ្ធម្ភាគចក្រ យ៉ាងម៉េចក៏ដោយ ឃើញតែរឹបអូសរាប់ម៉ឺនម៉ែត្រគូប តែអត់មានឆន្ទៈនាំខ្លួនក្រុមឧក្រិដ្ឋជនទៅតុលាការ។ យើងឃើញថា បណ្ដោយឱ្យកាប់បំផ្លាញព្រៃឈើតទៅទៀត»។
សកម្មជនបរិស្ថាន និងសហគមន៍ព្រៃឈើសង្កេតឃើញថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសព្រៃឈើកើតមានច្រើន ឋិតក្នុងតំបន់ព្រៃការពារធម្មជាតិ ដែលការពារដោយអនុក្រឹត្យ និងព្រះរាជក្រឹត្យ និងព្រៃសហគមន៍ ដែលឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ លើសពីព្រៃអភិរក្សទាំងនោះ ក្រុមឧកញ៉ា និងឈ្មួញទុច្ចរិត បានប្រើគ្រប់មធ្យោបាយ ប្រមូលឈើមូលៗធំ មានតម្លៃ ធ្វើអាជីវកម្ម កាប់ និងដឹកជញ្ជូនលក់ទៅប្រទេសវៀតណាម និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
មន្ត្រីជាន់ខ្ពស់ ក្រសួងបរិស្ថានធ្លាប់អះអាងថា ខ្លួនបានគ្រប់គ្រងតំបន់ព្រៃការពារធម្មជាតិជិត ៦០កន្លែង ដែលមានផ្ទៃដីជាង ៧លានហិកតារ (៧,៥ លាន) នៅទូទាំងប្រទេស និងមានមន្ត្រីឧទ្យានរក្សជាង ១ ពាន់ ២ រយនាក់ (១.២២១)។ មន្ត្រីឧទ្យានុរក្ស ក្នុងម្នាក់ៗត្រូវគ្រប់គ្រងផ្ទៃដី ៥ម៉ឺនហិកតារ ហេតុនេះការគ្រប់គ្រងព្រៃការពារធម្មជាតិ នៅតំបន់នីមួយៗនៅមានកម្រិតនៅឡើយ។ ក្រសួងបានចែករំលែកការទទួលខុសត្រូវភារកិច្ច គ្រប់គ្រងធនធនធានធម្មជាតិទៅឱ្យស្ថាប័នផ្សេងៗ សហការចូលរួមអភិរក្ស។
ទោះជាយ៉ាងណា ការរក្សាការពារធនធានធម្មជាតិគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ដែលអ្នកសង្កេតការណ៍មើលឃើញថា រដ្ឋាភិបាលកម្ពុជាបរាជ័យក្នុងការធ្វើបេសកកម្មនេះ។
កាលពីអំឡុងឆ្នាំ២០១៨ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ២០ស្ថាប័នរកឃើញថា ប្រទេសវៀតណាមនៅតែគាំទ្រឱ្យមានឧក្រិដ្ឋកម្មព្រៃឈើខុសច្បាប់ទ្រង់ទ្រាយធំ ដោយមានការឃុបឃិតជាប្រព័ន្ធរវាងអាជ្ញាធរកម្ពុជា និងវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
