យុវជន​និង​មន្ត្រីសិទ្ធិ​មនុស្ស​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ទាមទារ​អោយ​ដោះលែង​សកម្មជន​បរិស្ថាន

0:00 / 0:00

ការ​ទាមទារ​នូវការ​ដោះលែង​យុវជនការពារ​បរិស្ថាន​នេះធ្វើឡើង​ខណៈរដ្ឋាភិបាល​លោក ហ៊ុន សែន ​បង្កើន​ការ​ចាប់ខ្លួន​សកម្មជន​ស្រឡាញ់​បរិស្ថាន​ដាក់​ពន្ធនាគារ។ យុវជន និង​មន្ត្រី​សង្គមស៊ីវិល​បាន​កាន់​បដា​និង​បង្ហោះរូបថត​របស់​ពួកគេ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកដោយ​សរសេរ​ឃ្លាដំបូង​ថា «ខ្ញុំ​ស្រឡាញ់​បរិស្ថាន»។​ ឃ្លាបន្ទាប់​ពួកគាត់​សរសេរ​ឈ្មោះ​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​ច្បាប់​ខ្លួន​ម្នាក់​មួយៗ​ដោយ​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​ទាំង​នោះ។

មជ្ឍមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា​បង្ហោះ​សារលើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្លួន​ថា«ភាព​សកម្មនិយម​ក្នុង​កិច្ចការពារ​បរិស្ថាននិង​ធនធានធម្មជាតិមិនមែន​ជា​សកម្មភាព​ខុស​ច្បាប់​ទេ»

ដូចគ្នានេះដែរ អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ក៏​បង្ហោះ​សារ​ទាមទារ​នេះ​ដែរ។ អង្គការ​លីកាដូស្នើ​ឱ្យ​មាន​ការ​ចូលរួម​ក្នុង​កិច្ច​ការ​ពារ​បរិស្ថាន​និង​ជួយគាំទ្រ​ដល់​អ្នកការពារ​បរិស្ថាន​ដែល​កំពុងជាប់ឃុំ។

អ្នក​សម្របសម្រួល​គម្រោង​តស៊ូ​មតិ និង​ចងក្រងនៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) ម៉ើ ចាន់ដារ៉ា សរសរ​លើ​ហ្វេសប៊ុក​លោក​ទាមទារ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​ចំពោះ​សកម្មជន​ទាំងអស់​ ដែលពួកគេ​បាន​ចំណាយ​ សាច់ស្រស់​ ឈាមស្រស់​ បូជា​ និងពលី​ ដើម្បី​ដែន​ដី​សុវណ្ណភូមិ​មួយ​នេះ។ យុវជនរូ​បនេះឱ្យ​អាស៊ីសេរី​ដឹង​ថាការ​បំពេញ​ការងារ​របស់​យុវជន​ពិត​ជា​តម្លៃនិង​ជាការ​បំពេញ​ភាព​ចន្លោះ​ប្រហោង​របស់​អាជ្ញាធ​រមូលដ្ឋាន​ក្នុង​កិច្ចការពារ​បរិស្ថាន។ លោក​រំពឹង​ថារដ្ឋាភិបាល​ឬ​តុលាការ​គួរ​សម្រេច​ចិត្តឡើងវិញដោយ​ទម្លាក់ការចោទ​​​​​​​​​​​​​​​​​លើក្រុមយុវជន​ទាំង​នេះ៖ «បើ សិន​យើង​មើល​ឃើញ​ថា នៅតែ​មានការ​បង្អាក​សកម្មភាព​របស់​ពួកគាត់ ( សកម្មជនបរិស្ថាន ) តើ​ការ​ប្ដេជ្ញា​ចិត្ត​មន្ត្រីរដ្ឋាភិបាល​ហើយ​ហ្នឹង​ច្បាប់​ដែល​យើង​ផ្ដល់​សច្ចាប័ន​សម្រាប់​មក​អនុវត្តន៍​តើ​ច្បាប់​ទាំង​ហ្នឹង​យើង​អនុវត្តមាន​ប្រសិទ្ធភាព​ដែរ​ឬ​អត់ »

ជុំវិញ​ការ​ទាមទារ​នេះអាស៊ីសេរី​មិន​អាច​សុំការបំភ្លឺពី​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញលោក តាំង ស៊ុនឡាយ បានទេ ដោយ​ទូរស័ព្ទចូល​គ្មាន​អ្នក​ទទួល​នៅថ្ងៃទី២៨ ខែមិថុនា។ ចំណែក ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន អះអាងថា​ សកម្មជន​បរិស្ថាន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​មិន​បាន​ធ្វើសកម្មភាពបម្រើសង្គមនោះទេ ប៉ុន្តែអ្នកទាំងនោះបំពានច្បាប់។ លោកថា អ្នកទាមទារឱ្យដោះលែងយុវជន​ទាំងនោះ​គ្មាន​សិទ្ធិ​មកសម្លុត​រដ្ឋាភិបាល​ឱ្យដោះលែង​សកម្មជន​បរិស្ថាន​ទាំង​នោះ​ឡើយ៖ «មិនបាច់អំពាវ​ឱ្យដោះលែង​ទេ ហើយ​មិនដឹង​មាន​សិទ្ធិ​អំណាច​អី​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ត្រូវដោះលែង​ជាបន្ទាន់​និង​ឥតលក្ខណ្ឌនោះ​វា​អត់​ប្រយោជន៍ទេ »។

សមត្ថកិច្ច​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បង្កើន​ការ​ចាប់ខ្លួន​អ្នកធ្វើ​ការងារ​បរិស្ថាន​ជាបន្តបន្ទាប់​ហើយ​សកម្មជន​បរិស្ថាន​ចុង​ក្រោយ​គេដែល​ត្រូវបាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារនោះគឺ​សមាជិកនៃ​ចនលា​មាតា​ធម្មជាតិ៣រូបរួមមាន៖ កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និង​យុវជន លី ចាន់ដារ៉ាវុធ ដោយចោទ​ប្រកាន់​ពីរួមគំនិត​ក្បត់និង​ប្រមាថ​ព្រះមហាក្សត្រ។ នៅមុន​ពេល​ការចាប់ខ្លួន​នេះ​របប​លោក​ហ៊ុន សែន ក៏បាន​ចាប់សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិបីនាក់​ផ្សេង​ទៀត រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលអ្នក​ទាំងអស់​នោះកំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ។ ក្រៅពី​យុវជន​ទាំងនោះក៏នៅ​មាន ​សកម្មជន​​​នយោបាយ ​សង្គម និង​​បរិស្ថាន​ប្រមាណ ​៨០ ​នាក់ទៀត​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ដែរ ដោយ​ភាគ​ច្រើន​​ ត្រូវ​បាន​តុលាការ​ចោទប្រកា​​​​​ន់​ពី​បទ​ញុះញង់ និង​រួមគំនិត​ក្បត់ ដោយ​សារ​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់​។

​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត និយាយថា បញ្ហា​បរិស្ថាន​ជាបញ្ហា​រួម​របស់​សង្គមជាតិដូច្នេះទើប​មានការ​ទាមទារ​ពី​អង្គការ​សង្គមស៊ីវិល អង្គទូត និង​អ្នក​ធ្វើការងារ​ផ្នែក​បរិស្ថានឱ្យ​ដោះលែង​ពួកគេ ។​ លោក អំ សំអាត ​ដែលបាន​ចូលរួម​ក្នុង​ការ​ទាមទារ​នេះ​ដែរ​យល់​ថាការឃុំខ្លួន​សកម្មជន​បរិស្ថាន​ពេល​នេះហាក់បី​ដូច​ជួយផ្ដល់​ឱកាស​ដល់​ជនខិលខូចឱ្យ​បន្តបំផ្លាញ​បរិស្ថានឬ​បំផ្លិចបំផ្លាញ​ព្រៃឈើ​តទៅ​ទៀត៖ «បញ្ហាបរិស្ថាន​ជាបញ្ហារួម​របស់​ពិភពលោក​និងបណ្ដា​ប្រទេស​នីមួយៗ អ៊ីចឹង​អ្នកការពារ​បរិស្ថាន​ត្រូវ​បាន​លើកទឹក​ចិត្ត​ចូលរូម​មិន​មែន​អ្នក​ការពារ​បរិស្ថាន​ត្រូវ​បាន​ចាប់​ឬ​ក៏ផ្ដន្ទាទោស​នោះទេ »

នេះមិនមែន​ជាលើកទី១​ទេ​ដែលមាន​ការទាមទារ​ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន។ កាលពីពេលថ្មីៗ​នេះ អ្នក​ការពារ​បរិស្ថាន​ល្បីឈ្មោះ​លំដាប់​ពិភពលោក ​កញ្ញា ហ្គ្រែតា ធុនប៊ែរ៍ហ្គ (Greta Thunberg) បាន​ចេញ​មុខ​អំពាវនាវ​ឱ្យ​មនុស្ស​គ្រប់​គ្នា​​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន ៣នាក់​នៅ​កម្ពុជា។ ចំណែកស្ថានទូត​អាមេរិក​និង​ស្ថានទូត​ប្រទេស​លោក​សេរី​មួយ​ចំនួន​ក៏ទាមទារ​ឱ្យដោះលែង​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់ឃុំ​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។