សង្គម​ស៊ីវិល​​​ចាត់​ទុក​ការ​សម្រេច​របស់​លោក ​​ហ៊ុន សែន កាត់​ដី​គម្រប​ព្រៃ​ឈើ​ជាង ​៤០​ហិកតារ​​នៅ​ខេត្ត​ព្រះសីហនុ​ឱ្យ​កូន​​របស់​លោក​​ថា ​ជា​ការ​ឱ្យ​ធ្វើ​ហិនហោច​សម្បត្តិ​ជាតិ

ដោយ វ៉ែន សុមេធ
2020-11-24
Share
Alejandro Gonzalez Davidson 2018 លោក​ ​អាឡិច ​ហេន​ដ្រូហ្កាន់​សាឡេស ​ដេវិធ​សុន ​(Alejandro Gonzalez Davidson) សកម្មជន​បរិស្ថាន​ ​និង​ជា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​។
RFA

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​ រិះគន់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​បាន​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​​​ជាង​៤០​ហិកតារ​នៅ​ខេត្ត​ព្រះសីហនុ​​ទៅ​ឱ្យ​កូន​របស់​លោក​ចំនួន​​២នាក់​និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។ ពួក​គេ​ព្រួយ​បារម្ភ​ថា ​ទង្វើ​របស់​រដ្ឋាភិបាល​នេះ ជា​ការ​ធ្វើ​ឱ្យ​ហិនហោច​សម្បត្តិ​ជាតិ​ ហើយ​អាច​បង្ក​ឱ្យ​មាន​ទំនាស់​​រវាង​ពលរដ្ឋ​និង​អ្នក​មាន​លុយ​និង​មាន​អំណាច​នៅ​ពេល​ខាង​មុខ។

ស្ថាបនិក​អង្គការ​មាតា ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez Davidson) ថ្លែង​នៅ​ថ្ងៃ​ទី២៤ វិច្ឆិកា​ថា លោក ហ៊ុន សែន មិន​គួរ​កាត់​គម្រប​ព្រៃ​ឈើ​ជាង ៤០ហិកតារ​នោះ​ទៅ​ឱ្យ​កូន​ស្រី​របស់​ខ្លួន និង​មន្ត្រី​មាន​អំណាច​បែប​នេះ​ឡើយ។ លោក​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​ស៊ុមគ្រលុំ​គ្នា​លួច​ដី​របស់​រដ្ឋ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ធ្វើ​ឱ្យ​ទ្រព្យ​សម្បត្តិ​របស់​ជាតិ​ធ្លាក់​លើ​ដៃ​បុគ្គល៖ «ភាគ​ច្រើន​លក់​ទៅ​ឱ្យ​ជនជាតិ​ចិន​មក​រស់​នៅ អាច​នឹង​សាងសង់​រីសត ឬ​ក៏​ទីក្រុង​រណប​ សម្រាប់​ប្រយោជន៍​របស់​ជនជាតិ​ចិន ។ ខ្ញុំ​ឃើញ​កូន​របស់​លោក​ហ៊ុន សែន​ ក្រោយ​ពី​ទទួល​ដី​របស់​ហ្នឹង​កម្រ​​ទៅ​អភិវឌ្ឍន៍​អី​ជាក់​ស្ដែង​ខ្លួន​ឯង​ទេ​។ភាគ​ច្រើន​គាត់​យក​ទៅ​លក់​ត​ អា​ហ្នឹង​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់​ណាស់​បើ​យើង​មើល​ច្បាប់​នៅ​ស្រុក​ខ្មែរ​ហ្នឹង​​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់​ណាស់​យើង​ដី​របស់​រដ្ឋ​ហ្នឹង​យក​ទៅ​លក់​ឆៅ​ឱ្យ​កូន​ខ្លួន​ឯង​ ដើម្បី​ប្រយោជន៍​របស់​ជន​បរទេស។ អាហ្នឹង​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ណាស់​អ្នក​ខ្លះ​អាច​និយាយ​ថា វា​មិន​ខុស​ពី​សកម្មភាព​ក្បត់​ជាតិ​ទេ»

ចំណែក​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះសីហនុ​ អ្នក​ស្រី​ ជៀប សុធារី ​ព្រួយបារម្ភ​ខ្លាច​ការ​កាត់​ឆ្វៀល​ដី​នេះ​ អាច​នឹង​ប៉ះពារ​លើ​ដី​របស់​ពលរដ្ឋ​ បង្ក​​​ទៅ​ជា​ទំនាស់​​រវាង​ពលរដ្ឋ​និង​​អ្នក​មាន​លុយ​មាន​អំណាច​ ប្រសិន​បើ​អាជ្ញាធរ​មិន​បាន​​ពិនិត្យ​រឿង​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​។​អ្នក​ស្រី​បន្ថែម​​ថា ​ដី​នៅ​តំបន់​នោះ​​​​​ស្ថិត​នៅ​ក្បែរ​តំបន់​មាន​ការ​អភិវឌ្ឍន៍ ហើយ​​ប្រជាពលរដ្ឋ​តែង​ផ្ទុះ​ការ​តវ៉ា​ពាក់ព័ន្ធ​នឹង​​ជម្លោះ​ដីធ្លី​ជា​ញឹកញាប់៖ «បើ​យើង​និយាយ​ពី​ដី​ភោគ​គឺ​ចេតនា​កាន់កាប់​ពិត​ប្រាកដ​ គោលបំណង យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ ដូច​ជា​មាន​ការ​ប្រើប្រាស់​​ជាប់​ជា​ប្រចាំ​ដោយ​ឥត​អាក់ខាន​។អីចឹង​យើង​ក៏​មិន​ដឹង​ថា ​ការ​កាន់​កាប់​របស់​គាត់​ហ្នឹង​របៀប​ម៉េច​ គាត់​បាន​ប្រើប្រាស់​ដី​ហ្នឹង​ទេ​ បាន​ធ្វើ​ចម្ការ​ដំណាំ​ឬ​ក៏​បាន​សង់​ផ្ទះ។ ប៉ុន្តែ​បើ​សិន​គាត់​បាន​កាន់​កាប់​ជាក់​ស្ដែង​ ប្រើ​ប្រាស់​ដី​ជាង​៤០​ហិកតារ​ហ្នឹង​គឺ​គ្មាន​ទំនាស់​ទេ​ ដោយសារ​តែ​ប្រជាពលរដ្ឋ​ម៉េច​ចូល​បាន​បើ​​គាត់​បាន​ប្រើប្រាស់​ជា​ប្រចាំ​ អីចឹង​ពលរដ្ឋ​ចង់​ចូល​​ទៅ​កាត់​ឆ្វៀល​ឬ​សង់​អី​ក៏​ម្ចាស់​គេ​ដឹង​ដែរ»

ប្រតិកម្ម​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​​ចុះ​ថ្ងៃ​ទី១៧ កក្កដា ឆ្នាំ២០២០ បាន​កាត់​ឆ្វៀល​ដី​​ចំនួន​ជាង ៤៤ហិកតារ ស្ថិត​នៅ​ក្នុង​ដែន​គម្រប​ព្រៃ​ឈើ​២០០២ ក្នុង​ភូមិ​ចំណោត​រាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ប្រគល់​ឱ្យ​កូន​ស្រី​​របស់​លោក គឺ​លោកស្រី ហ៊ុន ម៉ាណា និង​លោកស្រី ហ៊ុន ម៉ាលី និង​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​នាក់​ទៀត​ មាន​ដូច​​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ជុំ សាវុឌ្ឍ និង​ ​អ្នក​ស្រី ម៉ុក ប៉ូប៉ុនរិទ្ធ ជា​ភរិយា​លោក ពេជ្រ សោភ័ណ រដ្ឋលេខាធិការ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ជា​ដើម។ ការ​កាត់​ឆ្វៀល​គម្រប​ដី​ព្រៃ​ឈើ​ជាង ៤០ហិកតា​នេះ គឺ​ដើម្បី​ឲ្យ​ពួក​គាត់​ប្រើប្រាស់​ដី​នេះ​ជា​ប្រយោជន៍​បុគ្គល។

ទាក់ទង​នឹង​បញ្ហា​នេះ​ មេឃុំ​​​បិត​ត្រាំង លោក មាច ចាន់ ប្រាប់​អាស៊ី​សេរី​ថា ​ដី​នោះ​គ្មាន​ទំនាស់​អ្វី​ទេ ពីព្រោះ​ជា​ដី​កម្មសិទ្ធិ​ឯកជន​​បាន​កាន់​កាប់​​​និង​ដាំ​ដើម​អាកាស​ស្យា​ប្រមាណ​​១០ឆ្នាំ​មក​ហើយ៖ «ដើម​អាកាស្យា​នៅ​ពេញ​ហ្នឹង​ ប៉ុន្តែ​ក្រោយ​មក​គាត់​ដាក់​ឈូស​ឆាយ​ធ្វើ​របង​ហ្នឹង​ ដើម្បី​មាន​គោលការណ៍​វិនិយោគ​ប៉ុន្តែ​មិន​ដឹង​វិនិយោគ​ផ្នែក​អី​យើង​អត់​ទាន់​ដឹង។ ដើម​អាកាស្យា​កាល​ពី​មុខ​ពេញ​តាំង​ពី​ខ្ញុំ​មិន​ទាន់​ធ្វើ​មេឃុំ»

អាស៊ី​សេរី​​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ លោក​ សេង ឡូត និង​​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​អត្ថាធិប្បាយ​​បន្ថែម​ជុំ​វិញ​បញ្ហា​នេះ​​បាន​ទេ​នៅ​ថ្ងៃ​ទី២៤ វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​​ជា​ច្រើន​ដង ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​លោក ផៃ ស៊ីផាន ​​​បាន​ប្រាប់​សារព័ត៌មាន​វីអូឌី (VOD) ថា ដី​នោះ ជា​កម្មសិទ្ធិ​ឯកជន​​បាន​កាន់កាប់​ជា​យូរ​ឆ្នាំ​មក​ហើយ។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សិទ្ធិមនុស្ស​ អ្នក​ស្រី ជៀប សុធារី​ ឱ្យ​ដឹង​ថា ជា​ទូទៅ​កន្លែង​ដែល​មាន​វិវាទ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ភាគ​ច្រើន​ជា​តំបន់​ដែល​មាន​ការអភិវឌ្ឍន៍​ ហើយ​ដី​មាន​តម្លៃ​ខ្ពស់។ អ្នក​ស្រី​ ប្រាប់​ថា ដី​នៅ​ក្នុង​ឃុំ​បិតត្រាំង ដែល​លោក​ហ៊ុន​ សែន កាត់​ឆ្វៀល​ឱ្យ​កូន​របស់​ខ្លួន​នោះ ធ្លាប់​មាន​វិវាទ​បង្ក​ហិង្សា​ដាក់​គ្នា​រវាង​ពលរដ្ឋ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ម្ដង​រួច​មក​ហើយ។

កាលពី​ខែ​មករា ​ឆ្នាំ​២០១៩​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ៣​រយ​នាក់ បាន​ចុះ​បង្ក្រាប និង​បាន​បាញ់​​រះ​គ្រាប់​កាំភ្លើង​ពិត​ទៅកាន់​ក្រុម​អ្នក​តវ៉ា​ដី​ធ្លី ​ក្នុង​ពេល​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​​កំពូល ដែល​បានសម្រេច​ផ្ដល់​ដី​ទំនាស់​ជាង ៧០ហិកតារ​ទៅ​ឲ្យ​អ្នក​មាន​លុយ​មាន​អំណាច​កាន់កាប់​មួយ​ចំនួន ខណៈ​ដី​នោះ​មាន​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​កំពុង​រស់នៅ​​​។ ក្នុង​​​ហេតុការណ៍​នោះ បណ្ដាល​ឱ្យ​កម្មករ​សំណង់​ម្នាក់​អាយុ ២៨ឆ្នាំ ឈ្មោះ ពៅ សារ័ត្ន បាន​រង​របួស​ដោយ​គ្រាប់កាំភ្លើង​ចំ​ស្មា​ពី​ផ្នែក​ខាងក្រោយ បៀម​គ្រាប់​ជាប់​នឹង​ឆ្អឹងខ្នង ហើយ​ក្លាយ​ជា​ជន​ពិការ​ដល់​សព្វ​ថ្ងៃ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ យល់​ថា ការ​កាត់​ឆ្វៀល​ដី​នេះ​ ក៏​មិន​ខុស​គ្នា​ដែរ ប្រសិន​បើ​អាជ្ញាធរ​មិន​បាន​រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​ នោះ​ប្រជាពលរដ្ឋ​អាច​នឹង​ផ្ទុះ​ការ​តវ៉ា​ដូច​ពេល​មុខ​ទៀត៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល