ពលរដ្ឋ​បារម្ភ​ពី​ការ​រើ​ទីលំនៅ​ចេញ​ពី​តំបន់ អភិវឌ្ឍន៍​លើ​ដី​ជាង ១ពាន់​ហិកតារ​នៅ​មាត់​សមុទ្រ ខេត្ត​កោះកុង

មន្ត្រី​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង ឲ្យ​ដឹង​ថា ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ពី​ការ​បង្ខំ ឬ​បណ្ដេញ​ចេញ​ពី​ឃុំ​ជ្រោយប្រស់ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ថា រដ្ឋបាល​ខេត្ត​កោះកុង បាន​សម្រេច​ផ្ដល់​ដី ១.១០២ហិកតារ តាម​ការ​ស្នើសុំ​ពី​ក្រសួង​ការពារ​ជាតិ​ ដើម្បី​យក​ទៅ​អភិវឌ្ឍន៍ នៅ​តំបន់​ឃុំ​ជ្រោយប្រស់ ក្នុង​ស្រុក​កោះកុង។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ​នៅ​ខេត្ត​កោះកុង លោក ហ៊ូរ អ៊ីន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​មុន​នេះ​បន្តិច​ថា លោក​នៅ​មិន​ទាន់​ដឹង​ថា មាន​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍ នៅ​តំបន់​ឃុំ​ជ្រោយ​ប្រស់​នៅ​ឡើយ​ទេ ដោយសារ​ទាំង​ក្រសួង​ការពារ​ជាតិ និង​រដ្ឋបាល​ខេត្ត​កោះកុង នៅ​មិន​ទាន់​បង្ហាញ​លំអិត​ពី​គម្រោង​នេះ​នៅ​ឡើយ។ លោក​ថា ពលរដ្ឋ​មួយ​ចំនួន ដែល​ជា​អ្នក​នេសាទ កំពុង​បារម្ភ ពី​បញ្ហា​ជីវភាព​រស់នៅ​របស់​ពួក​គាត់៖ « យើង​មិន​ដឹង​ថា តើ​គម្រោង​នេះ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែរ ឬ​អត់ មាន​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ឬ​អត់។ ប៉ុន្តែ​ខ្ញុំ​បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​នៅ​ឃុំ​ជ្រោយប្រស់ បារម្ភ​ដែល​ពួក​គាត់​ត្រូវ​ឲ្យ​រ៉ើ​ចេញ​មក​នៅ​ទីតាំង​ថ្មី។ ពួក​គាត់​ជា​អ្នក​នេសាទ ដែល​ធ្លាប់​រស់នៅ​លើ​ទឹក ២០ ឬ ៣០ឆ្នាំ​មក​ហើយ។ របរ​រកស៊ី​របស់​គាត់ គឺ​ងាយ​ស្រួល ចេញ​ពី​ព្រឹក​ទៅ​អាច​រក​បាន ហើយ​បើ​សិន​ជា​នៅ​ទីតាំង​ថ្មី មិន​ដឹង​ថា ត្រូវ​រកស៊ី​ដូច​ម្ដេច

ក្ដី​បារម្ភ​របស់​ពលរដ្ឋ​ទាំង​នោះ ក្រោយ​ដែល​ក្រសួង​ការពារ​ជាតិ មាន​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​ឃុំ​ជ្រោយប្រស់ និង​តំបន់​មួយ​ចំនួន​ទៀត​ នៅ​ក្នុង​ស្រុក​កោះកុង ដោយ​ដាក់​ឈ្មោះ​ថា «សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ និង​តំបន់​វិស្សមកាល​ក្រសួង​ការពារ​ជាតិ»។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រសួង​គ្រោង​រៀបចំ​ ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ នៅ​តាម​បណ្ដោយ​មាត់សមុទ្រ​ចាប់ពី​តំបន់​តារា​សាគរ រហូត​ដល់​ទី​រួម​ខេត្ត​កោះកុង។ ក៏​ប៉ុន្តែ លោក​នៅ​មិន​ទាន់​បញ្ជាក់​ពី​ពេល​វេលា ដែល​ត្រូវ​ចាប់​ផ្ដើម​នៅ​ឡើយ​ទេ ហើយ​ថា បច្ចុប្បន្ន​ក្រុម​ការងារ​កំពុង​ជជែក ពិភាក្សា​គ្នា​លម្អិត លើ​គម្រោង​អភិវឌ្ឍន៍​នេះ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង លោក ទៀ បាញ់ ដើម្បីសាកសួរបន្ថែម អំពីគម្រោងនេះ ថា តើ​នឹង​យក​ប្រាក់​ពី​ណា​មក ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន ហើយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ឬ​ក្រុមហ៊ុន​ឯកជន​របស់​ចិន​ដែរ ឬ​ទេ នៅ​ថ្ងៃ​ទី៧ ខែកក្កដា ដោយសារ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​ទទួល៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។