មន្ត្រីសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិពលរដ្ឋ និងបរិស្ថានមើលឃើញថា ដែនជម្រកសត្វព្រៃដែលរបបក្រុងភ្នំពេញបង្កើតឡើង នាពេលកន្លងមក ពុំទាន់ត្រូវបានការពារឱ្យមានប្រសិទ្ធភាពនៅឡើយទេ។
ការលើកឡើងនេះបន្ទាប់ពីរបបក្រុងភ្នំពេញ កាលពីថ្ងៃទី៥ ខែតុលា បានសម្រេចបង្កើតដែនជម្រកសត្វព្រៃថ្មីមួយក្នុងខេត្តក្រចេះ ឈ្មោះ ដែនជម្រកសត្វព្រៃ “ព្រែកប្រសព្វ” ដែលមានផ្ទៃសរុបជាង ១ម៉ឺន (១២.៧៧០) ហិកតារ។ ដែនជម្រកសត្វព្រៃ “ព្រែកប្រសព្វ”នេះ គ្របដណ្តប់ ឃុំមួយចំនួននៅក្នុងស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ក្នុងខេត្តក្រចេះ។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ការបង្កើតតំបន់មួយ ទៅជាដែនជម្រកសត្វព្រៃ ដើម្បីឱ្យពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធចូលរួមការពារ ប៉ុន្តែលោកសង្កេតឃើញថា កន្លងមក សមត្ថកិច្ចមិនបានយកចិត្តទុកដាក់នៅក្នុងការអនុវត្តច្បាប់ ឱ្យបានត្រឹមត្រូវនោះទេ។
លោកបន្ថែមថា ប្រសិនបើសមត្ថកិច្ចនៅតែមិនអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ឬបង្កើតជាដែនជម្រកសត្វព្រៃហើយ បន្ទាប់មកចេញអនុក្រឹត្យ កាត់ចេញវិញ ដើម្បីយកផ្នែកណាមួយទៅវិនិយោគវិញនោះ ទាំងធនធានធម្មជាតិ និងសត្វព្រៃ គឺនៅតែបន្តបាត់បង់ដដែល៖ «សំខាន់ថាតើរដ្ឋាភិបាលមានឆន្ទៈយ៉ាងណា ក្នុងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។ ហ៊ានដាក់ទោសលើមន្ត្រីរបស់ខ្លួន នៅពេលដែលមន្ត្រីរបស់ខ្លួនមិនបានទទួលខុសត្រូវ លើតួនាទីរបស់ខ្លួនក្នុងការការពារ ពេលខ្លះវាអាចពាក់ព័ន្ធជាមួយនឹងអំពើពុករលួយជាមួយជនល្មើសថែមទៀតផង។ យើងគិតថា វាមិនមែនត្រឹមតែលិខិតទេ សូម្បីតែការអនុវត្តជាក់ស្ដែងក្នុងការការពារធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃ ក៏វាមាននិរន្តរភាពដែរ។ វាសំខាន់ណាស់សម្រាប់ការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ហើយការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព លុះត្រាតែ អ្នកដែលធ្វើខុសហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់»។
របបក្រុងភ្នំពេញអះអាងថា ការបង្កើតដែនជម្រកសត្វព្រៃភ្នំ ដើម្បីធានា ឱ្យមានការថែទាំជម្រករបស់សត្វព្រៃ សត្វស្លាប និងប្រព័ន្ធអេកូឡូស៊ី រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងលើកទឹកចិត្តឱ្យពលរដ្ឋសហគមន៍មូលដ្ឋានចូលរួមការពារ និងប្រើប្រាស់ធនធានធម្មជាតិជាដើម។
ផ្ទៃដីនៃដែនជម្រកសត្វព្រៃ “ព្រែកប្រសព្វ” នេះមិនរាប់បញ្ចូលដីកម្មសិទ្ធិឯកជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
