មន្ត្រីបរិស្ថានមួយចំនួន ដែលប្រចាំនៅទីស្នាក់ការស្រុកសៀមបូកខេត្តស្ទឹងត្រែង រងការចោទថា ជំរិតទារលុយពីពលរដ្ឋដឹកជញ្ជូនឈើខុសច្បាប់ចេញពីដែនជម្រកសត្វព្រៃឡង់។ អ្នកភូមិថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន បានបង្ខំឱ្យពួកគេបង់លុយច្រើនលានរៀលជាថ្នូរមិនអនុវត្តច្បាប់បរិស្ថាន។
ពលរដ្ឋរស់នៅភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៧ កុម្ភៈថា អ្នកភូមិប្រមាណ ៤០នាក់ បានបង្ខំចិត្តរំដោះគោយន្ត ៦គ្រឿងចេញពីមន្ត្រីបរិស្ថាន កាលពីយប់ថ្ងៃទី២៤ កុម្ភៈ ដោយសារពួកគេគ្មានប្រាក់គ្រប់គ្រាន់ សម្រាប់បង់ឱ្យមន្ត្រីបរិស្ថានចំនួនជាង ៤លានរៀល (៤២០.០០០) ឬស្នើជាង ១ពាន់ដុល្លារ ជាថ្នូរមិនឃាត់គោយន្តរបស់ពួកគេមករក្សាទុក។
ពលរដ្ឋរស់នៅភូមិអូរឡង់ លោកស្រី សែម ហេង រំឭកថា កាលពីយប់ថ្ងៃទី២៤ កុម្ភៈអ្នកភូមិបានចូលព្រៃដើម្បីអារឈើលក់ និងធ្វើជាគ្រឿងផ្ទះនៅចំណុចស្រែបាច ក្នុងដែនជម្រកសត្វព្រៃឡង់ តែត្រូវបានមន្ត្រីបរិស្ថានមានគ្នា ៧នាក់ប្រដាប់ដោយអាវុធ ៣ដើម ស្ទាក់ចាប់តាមផ្លូវ។ លោកស្រីថា មន្ត្រីបរិស្ថានទាំងនោះបានតម្រូវឱ្យពួកគេបង់ប្រាក់ក្នុងមួយគោរយន្ត ៧០ម៉ឺនរៀល សរុប សម្រាប់គោយន្តចំនួន៦គោយន្ត ជាថ្នូរមិនអនុវត្តច្បាប់ ហើយពួកគេពុំមានប្រាក់គ្រប់គ្រាន់នោះទេ រហូតឈានដល់ការផ្ទុះអាវុធចំនួន ៣គ្រាប់។ ចំណែកអ្នកភូមិ ៤០នាក់ បាននាំគ្នារំដោះគោយន្តទាំងនោះមកលំនៅឋានរៀងៗខ្លួន៖ «ដោយសារប្រជាជនយកគោយន្តមកវិញមិនបានបង់ប្រាក់។ បង់ឱ្យគេ៧០ហើយ តែសល់គោយន្តមួយគេអត់យក ប្រមូលឱ្យគេតែអត់គ្រប់គ្នាគាត់ ( មន្ត្រីបរិស្ថាន ) អត់យក គាត់អត់ឱ្យគោយន្តមក»។
ឆ្លើយតបការចោទប្រកាន់នេះ ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក អេង ភីរុង ឱ្យដឹងថា ក្រុមពលរដ្ឋទាំងនោះបានសារភាពទោសកំហុសរួចហើយ រីឯលោកបានផ្ញើសំណុំរឿងនេះទៅក្រសួងសាមីរួចអស់ហើយដែរ។ លោកបញ្ជាក់ថា ពលរដ្ឋឈ្មោះ សែម ហេង គឺជាអ្នកដែលប្រព្រឹត្តបទល្មើសព្រៃឈើ៖ «សារភាពទោសរបស់គាត់មានអស់ហើយខ្ញុំបានទៅក្រសួងអស់ហើយ។ប្រជាជនឈ្មោះ សែម ហេង ជាអ្នកប្រព្រឹត្តិបទល្មើស។ អ៊ីចឹងរឿងហ្នឹងទាក់ទងទៅក្រសួងបរិស្ថានទៅព្រោះអីភស្តុតាងអីខ្ញុំបានផ្ញើទៅអស់ហើយ អ្នកប្រព្រឹត្តិបទល្មើសអីគាត់បានសារភាពអស់ហើយ»។
សហគមន៍ការពារព្រៃឡង់ ខេត្តស្ទឹងត្រែង លោក សែម សុធា សង្កេតឃើញថា ពលរដ្ឋរស់នៅភូមិអូរឡង់ ប្រមាណ ៨០ភាគរយ សុទ្ធសឹងជាអ្នករកស៊ីអារឈើ និងចូលព្រៃអារឈើខុសច្បាប់ ជារបរអាជីព បន្ទាប់ពីធ្វើស្រែចម្ការ។ លោកថា ដើមហេតុរឿងនេះ ដោយសារដឹកជញ្ជូនឈើខុសច្បាប់ ហើយមន្ត្រីបរិស្ថានគួរតែអនុវត្តច្បាប់ព្រៃឈើឱ្យពិតប្រាកដ ដោយមិនត្រូវយកលុយពីជនល្មើស ជាថ្នូរមិនអនុវត្តច្បាប់នោះទេ៖ «ចង់សុំទៅមន្ត្រីឧទ្យានុរក្សឱ្យអនុវត្តច្បាប់ឱ្យបានពេញលេញតែម្ដង។ មិនគួរយកលុយអ៊ីចឹង ពីព្រោះយើងដឹងហើយថា នៅក្នុងច្បាប់ដែនតំបន់ការពារ គឺគេមានច្បាប់មួយ ដែលនិយាយពីពិន័យអន្តរកាល យកតែលុយហើយនិងវត្ថុតាងទាំងអស់ត្រូវបានដោះលែងវិញ។ អាហ្នឹងខ្ញុំគិតថា ចាប់ផ្ដើមអនុវត្តខុសហើយ។ ដល់អ៊ីចឹងមានន័យថា ជំរុញឱ្យក្រុមបទល្មើសដែលប្រព្រឹត្តបទល្មើសព្រៃឈើហ្នឹងគាត់មិនរាងចានទេ»។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ការដឹកជញ្ជូនឈើ គឺជាទង្វើខុសច្បាប់ ដែលទាមទារឱ្យមន្ត្រីជំនាញអនុវត្តច្បាប់ព្រៃឈើឱ្យម៉ឹងមាត់ ។ ក៏ប៉ុន្តែបើមន្ត្រីជំនាញ យកតួនាទី ជំរិតទារប្រាក់ពីអ្នកដឹកឈើ ជាថ្នូរមិនអនុវត្តច្បាប់ គឺជាប្រភេទនៃអំពើពុករលួយ។ លោកសង្កេតឃើញថា បាតុភាពនេះតែងតែកើតមានជារឿយៗ ដោយមានការព្រមព្រៀងគ្នាពីអ្នកដឹកឈើ និងមន្ត្រីជំនាញ ដែលលោកចាត់ទុកថា ជាប្រភពនៃវិនាសកម្មព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
