ក្រុមអ្នកឃ្លាំមើលនិយាយថា កម្ពុជា ត្រូវបង្កើតការលប់បំបាត់ការកាប់បំផ្លាញព្រៃឈើឲ្យមានប្រសិទ្ធភាព ដើម្បីគាំទ្រដល់យុទ្ធនាការដាំកូនឈើថ្មីនេះ។
ក្រសួងទេសចរណ៍ នៅថ្ងៃពុធ នេះ បានផ្សព្វផ្សាយយុទ្ធនាការមួយ ដែលមានឈ្មោះថា "ទេសចរម្នាក់ ដើមឈើមួយដើម" ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ដល់កិច្ចការពារផ្នែកបរិស្ថាន។
ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ បានដកស្រង់សម្ដីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះផ្សាយថា ក្រសួងទេសចរណ៍ បានរៀបចំឲ្យមានសួនទេសចរណ៍នៅតាមខេត្តចំនួន១១ រួមមានខេត្តសៀមរាប បណ្ដាខេត្តនៅតាមតំបន់ឆ្នេរសមុទ្រ ដូចជាខេត្តព្រះសីហនុ និងខេត្តដែលមានប្រព័ន្ធការពារបរិស្ថាន ដូចជាខេត្តក្រចេះ ជាដើម។
សួនទេសចរណ៍នេះមានទំហំដី ៥ហិកតារ ដែលរចនាឡើងដើម្បីទាក់ទាញភ្ញៀវទេសចរណាដែលស្រឡាញ់បរិស្ថាន ដូច្នេះពួកគេអាចទៅលេងសួននោះបាន ហើយអាចយកគ្រាប់ធញ្ញជាតិទៅដាក់ដាំនៅទីនោះបានថែមទៀត។
លោក ថោង ខុន ថ្លែងថា យុទ្ធនាការដាំកូនឈើថ្មីនេះ គឺជាគំនិតឆ្នៃប្រឌិតមួយ ដើម្បីផ្តល់អនុស្សាវរីយ៍ល្អៗដល់ភ្ញៀវទេសចរ ហើយក៏ជាយុទ្ធសាស្ត្រមួយដើម្បីទាក់ទាញពួកគេឲ្យមកកម្ពុជា វិញ ដើម្បីមើលកូនឈើដែលពួកគេបានដាំដោយផ្ទាល់ដៃ។
ជាមួយគ្នាផងដែរ លោក ឈឹម សាវុធ មន្ត្រីឃ្លាំមើលខាងផ្នែកព្រៃឈើ និងបរិស្ថានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងថា លោកសាទរចំពោះយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរតាមរយៈយុទ្ធនាការដាំកូនឈើ ប៉ុន្តែដើម្បីឲ្យយុទ្ធនាការនេះធ្វើឡើងមានប្រសិទ្ធភាព និងមាននិរន្តរភាពនោះ រដ្ឋាភិបាលត្រូវលប់បំបាត់ការកាប់បំផ្លាញព្រៃឈើដែលកំពុងកើតមានយ៉ាងគំហុកក្នុងប្រទេស។
លោក ឈឹម សាវុធ៖ «វាផ្ទុយគ្នាមួយរយភាគរយតែម្តង ព្រោះការដាំដើមឈើមួយដើមរបស់ភ្ញៀវទេសចរ ហើយនិងការកាប់ព្រៃឈើរាប់ម៉ឺនរាប់សែនរាប់លានហិកតារនៅស្រុកខ្មែរនេះ គឺខុសគ្នាដូចមេឃហើយនិងដីអ៊ីចឹង។ អ៊ីចឹង វាគ្រាន់តែជាសិល្បៈមួយធ្វើឲ្យល្អមើលទេ នេះបើតាមទស្សនៈរបស់ខ្ញុំផ្ទាល់ មិនមែនជាចេតនាមួយក្នុងការពង្រីកធនធានធម្មជាតិនោះទេ»។
របាយការណ៍របស់ក្រសួងទេសចរណ៍ បង្ហាញថា ចំនួនភ្ញៀវទេសចរកាលពីឆ្នាំ២០១២ មានចំនួនជិតបួនលាននាក់ ហើយចំណូលបានមកពីវិស័យនេះមានជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ក្រុមអ្នកឃ្លាំមើលបរិស្ថាន និយាយថា ចំណូលក្នុងវិស័យទេសចរណ៍អាចកើនឡើងច្រើនជាងនេះ ប្រសិនបើកម្ពុជា អាចរក្សាព្រៃឈើ និងបរិស្ថានរបស់ខ្លួនឲ្យបានប្រសើរជាងមុននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
