ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ចោទ​ក្រុមហ៊ុន​ឧកញ៉ា កុក អាន ថា ធ្វើ​ទំនប់​បិទ​ទឹក​ស្អុយ​បណ្ដាល​ឱ្យ​លិច​ភូមិឋាន

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ចោទ​ប្រកាន់​​ក្រុមហ៊ុន​​ទឹក​​ស្អាត អាន ​កូ របស់​លោក​ឧកញ៉ា កុក អាន ថា បាន​ធ្វើ​ទំនប់​ព័ទ្ធជុំវិញ​ភូមិ​អ្នកស្រុក ដែល​បណ្ដាល​​ឱ្យ​​ផ្ទះ​​ពលរដ្ឋ​​ប្រមាណ​ ១៤០​គ្រួសារ ​ត្រូវ​​លិច​លង់​​ដោយ​​ទឹក​​ស្អុយ​​ពេញ​​ភូមិឋាន​​របស់​​ពួក​គេ។

ប៉ុន្តែ​អភិបាលខេត្ត​ព្រះសីហនុ​ថ្លែង​ថា ក្រុមហ៊ុន​ធ្វើ​ដូច្នោះ​គឺ​ដើម្បី​បង្ខាំង​ទឹក​ស្អុយ​ដែល​ហូរ​ចេញ​ពី​ផ្ទះ​ពលរដ្ឋ​ហូរ​ទៅ​កន្លែង​ស្តុក​ទឹក​ស្អាត។

ពលរដ្ឋ​ត្អូញត្អែរ​ថា ទឹក​ស្អុយ​បាន​ចូល​ដល់​ក្នុង​ផ្ទះ​ពួកគេ​ជាច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​មិនទាន់​ឃើញ​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណា​បង្ហូរទឹក​កខ្វក់​ទាំង​នោះ​ចេញ​នោះ​ទេ។

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ទឹក​ស្អុយ​ម្នាក់ លោក ស៊ុំ សារឿន ថា ពេលនេះ​ទឹក​កខ្វក់​ដែល​ហូរ​ពី​ភូមិឋាន​ពលរដ្ឋ និង​ទឹក​សំអុយ​ហូរ​ចេញពី​រោងចក្រ​ក្នុង​តំបន់​នេះ​កំពុង​លិច​ភូមិ​របស់​ពួកគេ ដោយ​ទឹក​នោះ​មិនបាន​ហូរ​ចេញ​ទៅ​ណា​ទេ នៅ​ពេល​ក្រុមហ៊ុន​ទឹក​ស្អាត អាន កូ ធ្វើ​ទំនប់​ព័ទ្ធជុំវិញ​ភូមិ​អ្នកស្រុក​ដូចនេះ។ លោក​ព្រួយបារម្ភ​ថា បើ​បញ្ហា​នេះ​នៅ​អូស​បន្លាយ​យូរ​តទៅទៀត​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ ខណៈ​ពលរដ្ឋ​មួយ​ចំនួន​កំពុង​កើត​កន្ទួល​រមាស់​និង​សម្បូរ​មូស​ថែម​ទៀត​ផង៖ «ខ្ញុំ​រាយការណ៍​ទៅ​មេភូមិ​ផង​មេឃុំ​ផង​ឱ្យ​ដឹង​រឿង​ហ្នឹង​ដើម្បី​គាត់​ជួយ​បន្ត​ទៀត​ប៉ុន្តែ​មិន​ឃើញ​លទ្ធផល​ទេ ទឹក​នៅតែ​ហូរ​បណ្ដើរៗ​ចឹ​ង​ទៅ»។

ពលរដ្ឋ​ថា ក្រុមហ៊ុន អានកូ បាន​ធ្វើ​ទំនប់​ទប់ទឹក​ស្អុយ​នេះ​ជាង​បី​ឆ្នាំ​មក​ហើយ ហើយ​ពួកគេ​បាន​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​ដែរ ប៉ុន្តែ​មិន​ឃើញ​អាជ្ញាធរ​បង្ហាញ​ដំណោះស្រាយ​នោះ​ទេ​។ ពួកគេ​ថា កាល​ពី​ប៉ុន្មាន​ខែ​មុន ក្រោយពេល​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ចុះ​មក​ត្រួតពិនិត្យ​តំបន់​ឃើញ​អាជ្ញាធរ​បាន​កាយ​បង្ហូរទឹក​ស្អុយ​ចេញ​បាន​ខ្លះ ប៉ុន្តែ​ពេលនេះ​បញ្ហា​នៅ​កើតមាន​ដដែល គឺ​គ្មាន​អ្នក​ពាក់ព័ន្ធ​ណា​កាយ​ទំនប់​រំដោះ​ទឹក​នេះ​ចេញ​ទេ។

​ទាក់ទង​ការចោទប្រកាន់​នេះ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​ទឹក​ស្អាត អានកូ សាខា​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ ដោយ​បុគ្គលិក​ក្រុមហ៊ុន​ថា ពួកគេ​គ្មាន​តួនាទី​អាច​ឆ្លើយ​បំភ្លឺ​ករណី​នេះ​ទេ។

អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន ឱ្យ​អាស៊ី​សេរ​ដឹង​ថា ក្រុមហ៊ុន អាន​កូន គ្មាន​ទឹក​កខ្វក់​ទេ ប៉ុន្តែ​ទឹក​កខ្វក់​ទាំងនោះ​គឺ​ចេញ​ពី​ផ្ទះ​របស់​ក្រុម​ពលរដ្ឋ​ក្នុង​តំបន់​នេះ​។ លោក​បាន​ថ្លែង​ការពារ​ចំណាត់​ការ​របស់​ក្រុមហ៊ុន អាន កូ ដែល​ធ្វើ​ទំនប់​នេះ​ថា គឺ​ដើម្បី​ការពារ​មិន​ឱ្យ​ទឹក​កខ្វក់​ទាំងនោះ​ហូរ​ចូល​ទៅ​ប្រភព​ទឹក​ស្អាត​ដែល​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ការ​ប្រើប្រាស់​នៅ​ខេត្ត​នេះ៖ «អាងទឹក​ហ្នឹង​គឺ​យើង​ស្តុក​សម្រាប់​រក្សា​ទឹក​ស្អាត​សម្រាប់​ចែកចាយ​អ្នក​ម៉ាក្រុង​ប្រើប្រាស់ ប៉ុន្តែ​មានការ​បង្ហូរ​ចូល​ការប្រើប្រាស់​ពី​ប្រជាពលរដ្ឋ​ចូល​ទៅ​ក្នុង​ហ្នឹង​ទើប​គេ​បិទ​ធ្វើ​ទំនប់​មិន​ឱ្យ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​អាង​នែក​ស្តាប់​ឱ្យ​បញ្ហា​កុំ​ទៅ​បញ្ច្រាស​អ៊ីចឹង»។

លោក​បន្ត​ថា អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ​ធ្វើ​ទំនប់​ដើម្បី​បញ្ចៀស​ការ​លិច​លង់​របស់​ពលរដ្ឋ និង​បញ្ជៀស​ទឹក​ស្អុយ​កុំ​ឱ្យ​ចូល​ហូរ​ទៅ​កន្លែង​ផ្ទុក​ទឹក​ស្អាត​។ ចំណែក អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត ភក្ត្រា ធ្លាប់​ឱ្យ​អាស៊ីសេរី​ដឹង​ដែរ​ថា នៅ​ពេល​ទំនប់​ថ្មី​ធ្វើ​រួចរាល់ នឹង​បង្ហូរទឹក​កខ្វក់​នេះ​ចេញ​ដើម្បី​រំដោះ​ទឹក​កុំ​ឱ្យ​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ ហើយក៏​ដើម្បី​កុំ​ឱ្យ​ទឹក​ស្អុយ​នេះ​ចូល​ទៅ​ក្នុង​អាង​ស្តុក​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ខេត្ត​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែល​បាន​អង្កេត​លើ​រឿង​នេះ​មាន​ប្រសាសន៍​ថា ការរស់នៅ​របស់​ពលរដ្ឋ​ដែល​ហ៊ុំ​ព័ន្ធ​ដោយ​ទឹក​កខ្វក់​នេះ គឺ​ប្រឈម​នឹង​បញ្ហា​សុខភាព​។ មន្ត្រី​សង្គម​រូប​នេះ ជំរុញ​ទៅ​អាជ្ញាធរ​និង​ក្រុមហ៊ុន​អាន​កូ ពន្លឿន​ការ​ដោះស្រាយ​បង្ហូរទឹក​កខ្វក់​នេះ​ចេញ​ឱ្យ​បាន​ឆាប់រហ័ស៖ «តើ​ខាង​អាជ្ញាធរ​និង​ខាង​ក្រុមហ៊ុន​បាន​ជួយ​ដោះស្រាយ​ទឹក​កខ្វក់​ដែល​ប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ​ហ្នឹង​គួរ​ដោះស្រាយ​របៀប​ម៉េច​ដើម្បី​ឱ្យ​គាត់​បាន​ដឹង​ផង ហើយ​តើ​ប្រើ​រយៈពេល​ប៉ុន្មាន​ដើម្បី​បញ្ចៀស​ទឹក​កខ្វក់​កុំ​ហូរ​ចូល​តំបន់​ប្រជាពលរដ្ឋ​រស់នៅ​ត្រូវ​ប្រាប់​ពលរដ្ឋ​ឱ្យ​ដឹង​ផង»។

អ្នកស្រី ជៀប សុធារី បន្ត​ថា ចំពោះ​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ពួកគេ​អាច​ទិញ​ដី​ចាក់​ឱ្យ​ភូមិ​ខ្លួន​ខ្ពស់​អាច​ជៀស​ផុត​ពី​ការ​លិចលង់ ប៉ុន្តែ​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​គ្មាន​លុយ​ទិញ​ចាក់​ឱ្យ​ខ្ពស់​គឺ​ត្រូវ​លិចលង់​ផ្ទះ​របស់​ខ្លួន​ហើយ​ត្រូវ​រស់នៅ​យ៉ាង​លំបាក​ជាមួយ​ទឹក​កខ្វក់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។