អ្នក​ភូមិ​នៅ​មណ្ឌលគិរី​ទទូច​ឲ្យ​ក្រុមហ៊ុន​រ៉ែ​មាស​ចិន​បញ្ឈប់​បង្ហូរ​សារធាតុ​ពុល​ចូល​ទឹកអូរ​ធម្មជាតិ

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ក្នុង​ភូមិ​ចំនួន ៣ ក្នុង​ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី បាន​នាំ​គ្នា​ផ្តិត​មេដៃ ដាក់​ញត្តិ​ស្នើ​ឲ្យ​អាជ្ញាធរ​ជាតិ អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ចិន ឲ្យ​បញ្ឈប់​បង្ហូរ​សារធាតុពុល ចូល​ទឹកអូរ​ធម្មជាតិ ដែល​ពួកគេ​ប្រើប្រាស់ បង្ក​ឲ្យ​សត្វ​ពាហនៈ​អ្នកស្រុក​ងាប់​រាប់​រយ​ក្បាល​ជា​បន្តបន្ទាប់។ អ្នកភូមិ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចិន​ទទួលខុសត្រូវ ពី​ផល​ប៉ះពាល់​ជាក់ស្ដែង​រួម​ទាំង​អាយុជីវិត​មនុស្ស សត្វ និង​បរិស្ថាន។

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ភូមិ​ពូទង់ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវស៊ីមា ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​នៅ​ថ្ងៃទី១៤ តុលា ថា ក្រុមហ៊ុន​ចិន រ៉ុង ឆេង ធ្វើ​អាជីវកម្ម​រ៉ែ​មាស ជា​យូរ​មក​ហើយ នៅ​ឃុំ​ចុងផ្លាស់ ប៉ុន្តែ​ពុំ​ដែល​មាន​អាជ្ញាធរ​ណា ប្រកាស​បង្ហាញ​អាជ្ញាប័ណ្ណ​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នោះ​ឡើយ។ អ្នកភូមិ​ថា មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ចិន រ៉ុង ឆេង នៅតែ​បន្ត​អាជីវកម្ម​រ៉ែ​មាស​ដដែល កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ដេក​ភ័យ​ពី​អាយុជីវិត សុខភាព និង​សុវត្ថិភាព​សត្វ​ពាហនៈ។

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ភូមិ​ពូទង់ លោក ប្រច ច្រេស មាន​ប្រសាសន៍​ថា ហេតុផល​ដែល​អ្នកភូមិ​មូលមតិ​គ្នា​ផ្ដិតមេដៃ​ដាក់​ញត្តិ​នេះ ដោយសារ សត្វ​ពាហនៈ​អ្នកស្រុក​ងាប់​ឥត​ឈប់ឈរ រីឯ​ទឹកអូរ​នៅ​តែ​មាន​ជាតិពុល​មិន​អាច​ប្រើប្រាស់​បាន បង្ក​គ្រោះ​មហន្តរាយ​ដល់​អាយុជីវិត​ពួកគាត់។ លោក​ថា នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​គ្រួសារ លោក​ងាប់​ក្របី អស់ ៥​ក្បាល ដោយសារ​ពុល​ទឹកអូរ ដែល​ក្រុមហ៊ុន​ចិន​បង្ហូរ​កាកសំណល់​ចូល ហើយ​លោក​បាន​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឃុំ តែ​គ្មាន​ដំណោះស្រាយ៖ «ញត្តិ​ហ្នឹង​ធ្វើ​ហើយ​តាំងពី​ខែ​មិន តែ​មិន​ទាន់​បាន​យក​ទៅ​សាលាខេត្ត​ទេ ប្រុង​ថា ធ្វើ​ឲ្យ​ពលរដ្ឋ​ផ្ដិត​រួចហើយ យក​ទៅ​ខេត្ត​តែម្ដង។ គោក្របី​ងាប់​ច្រើន​ណាស់ គ្មាន​មើល​ជា​ទេ តែ​ចាប់ផ្ដើម​ងាប់​ហើមពោះ​រួច ចាក់​ថ្នាំ​ទៅ​តែម្ដង។ ងាប់​ច្រើន​ក្បាល​ណាស់ ប្រមាណ ៤​ទៅ ៥​រយ​ក្បាល​ហើយ ងាប់​គ្រប់​ភូមិ គ្រាន់​មួយ​ផ្ទះ ៣​ទៅ​៤​ក្របី ជូន​កាល​ងាប់​អស់ និង​អត់​ហ៊ាន​ទុក​ទេ​លក់ និង​មាន​ខ្លះ​ទៀត​ងាប់​ចោល​ក្នុង​ព្រៃ»។

បុរស​ដដែល​បន្ថែម​ថា ពលរដ្ឋ​ចំនួន ៣ភូមិ ក្នុង​ឃុំ​ចុងផ្លាស់ គឺ​ស្ទើរតែ​គ្រប់​ក្រុម​គ្រួសារ ទទួលរង​គ្រោះ ដោយសារ ងាប់​គោក្របី​ជា​បន្តបន្ទាប់ ដោយ​សង្ស័យ​ពុល​ទឹកអូរ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​តែងតែ​រុញច្រាន​ការទទួលខុសត្រូវ​ដាក់​គ្នា​ទៅវិញទៅមក៖ «ក្រុមហ៊ុន​ចិន វា​ធ្វើ​រ៉ែ​អត់​ទុក​ដាក់​ជាតិគីមី​ហ្នឹង វា​ហូរហៀរ​តាម​ទឹកភ្លៀង​មក។ ឥឡូវ​វា​ធ្វើ​អាង តែ​ពេល​ធ្វើ​ទៅ​នៅតែ​ចេញ​ចំហាយ​មក​ដដែល​ហ្នឹង ។ គោក្របី មេភូមិ​ក៏​ងាប់​ដែរ»។

ជនជាតិ​ដើម​ភាគតិច​ម្នាក់ទៀត រស់នៅ​ឃុំ​ស្រែឈូក ស្រុក​កែវសីមា លោក ប្រក់ ជួប ចោទ​ថា មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ចិន រ៉ុង ឆេង នៅតែ​ប្រើ​រំសេវ​បំផ្ទុះ​ថ្ម នៅ​រណ្ដៅ​រ៉ែ​មាស ចំនួន ៣​រណ្តៅ និង​មាន​រណ្ដៅ​ខ្លះ ក្រុមហ៊ុន​បាន​បង្ហួរ​កាកសំណល់​ចូល​អាង​ស្តុក​ទឹក ក៏ប៉ុន្តែ​នៅ​គ្រា​ដែល​មាន​ភ្លៀង​ធ្លាក់ អាង​ស្តុក​ទឹក​នោះ ហៀរ​ទឹក​ចូល​អូរ​ធម្មជាតិ ដែល​អ្នកភូមិ​ធ្លាប់​ប្រើ​ប្រាស់។ លោក​ថា ក្រុមហ៊ុន​ចិន បាន​បន្ថែម​កម្លាំង​សន្តិសុខ​យាមល្បាត​យ៉ាង​ប្រុងប្រយ័ត្ន និង​រឹតត្បិត​មិន​ឲ្យ​អ្នក​ប្លែក​មុខ​ចេញចូល​តំបន់​នោះ។ លោក​បារម្ភ​ថា ជនជាតិ​ដើម​ភាគតិច មិន​ហ៊ាន​ចេញមុខ​តវ៉ា និង​ទាមទារ​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​នោះ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ។ លោក​កត់​សម្គាល់​ថា កន្លងទៅ ពលរដ្ឋ​រស់នៅ​ភូមិ​ចក់ចា ឃុំ​ស្រែឈូក ងាប់​គោក្របី អស់​ជាង ៦០​ក្បាល ដោយសារ​ពុល​ទឹកអូរ​ទេរ ដែល​ពួកគេ​ចោទ​ថា ក្រុមហ៊ុន​ចិន រ៉ុង ឆេង គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង បាតុភាព​នេះ ហើយ​រហូត​មក​ទល់​ពេល​នេះ ពួកគាត់​នៅតែ​មិន​អាច​ប្រើប្រាស់​ទឹកអូរ​ធម្មជាតិ​វិញ​បាន៖ «គេ​នៅតែ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​រហូត ខ្មែរ​យើង​ចូល​មិនកើត​ទេ បានតែ​គ្នា​គេ​ទេ គឺ​ចិន​ទាំងអស់។ ទូទៅ​ឥឡូវនេះ ពុំ​សូវ​ហ៊ាន​បម្រះ មិនសូវ​ហ៊ាន​ទាមទារ​អី​ទេ ឲ្យ​តែ​អ្នកណា​ដែល​និយាយ​បញ្ហា​អ៊ីចឹងៗ​ច្រើនតែ​គេ ចោទប្រកាន់ ឃោសនា​នយោបាយ។ ចេះតែ​បំភ្លឺ​ពលរដ្ឋ ដើម្បី​ប្រយ័ត្ន​ជាតិពុល អ៊ីចឹង​គេ​ថា យើង​ដើរ​បំផុស​បំផុល»។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង តំណាង​ក្រុមហ៊ុន​ចិន រ៉ុង ឆេង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី១៤ តុលា។ រីឯ​មេឃុំ​ចុងផ្លាស់ លោក លាដ លឹមគុណ បដិសេធ​មិន​ផ្ដល់​បទ​សម្ភាស​ដល់​អាស៊ីសេរី ដោយ​លោក​ប្រាប់​ថា ទូរស័ព្ទ​ស្ដាប់​មិន​ឮ។

ក្រុមហ៊ុន​ចិន រ៉ុង ឆេង ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ក្រុមហ៊ុន រង់ ឈីង អ៊ិនដាសស្ទៀល អ៊ិនវេសមេន RONG CENG INDUSTRIAL INVESTMENT ( CAMBODIA ) CO ., LTD គឺជា​សាខា របស់​ក្រុមហ៊ុន ឡោ យ៉ាង រ៉ុង ឆេង LUO YANG RONG CHENG នៅ​ប្រទេស​ចិន ដែល​មាន​ទីតាំង​ឋិត​នៅ​ក្រុង​លូន​យ៉ាង ខេត្ត​ហឺ​ណាន នៃ​សាធារណៈ​ប្រជាមានិត​ចិន​។ ក្រុមហ៊ុន​នេះ ក៏​ជា​សាខា​របស់​ក្រុមហ៊ុន លីងប៉ាវ ហ្គោល LINGBAO GOLD HOLDING COMPANY ដែល​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជិកា​ផ្សារ​ហ៊ុន ក្នុង​ទីក្រុង​ហុងកុង ឈ​លំដាប់​លេខ​ទី ២ ក្នុង​ប្រទេស​ចិន ដែល​ល្បី​ខាង​អាជីវកម្ម​រ៉ែ​មាស។

អភិបាលរង​ខេត្ត​មណ្ឌលគិរី លោក ម៉ឹង សុចាន់ថា ធ្លាប់​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន រ៉ុង ឆេង មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដែល​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​អនុលោម​តាមច្បាប់​ផ្ដល់​សិទ្ធិ​អោយ។ ចំណែក​សហគមន៍ អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​លក្ខណៈ​សហគមន៍​នោះ​ទេ ដោយ​លើក​ហេតុផល​ថា ដោយសារ​ពួកគេ​មិន​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​អាជ្ញាធរ​ជំនាញ។

កាលពីដើម​ឧសភា​កន្លងទៅ ពលរដ្ឋ​រស់នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ជិត ២០​នាក់ បាន​ស្លាប់ និង​ជាង ៤០០ នាក់​ឈឺ ដោយសារ​ពុល​ទឹកអូរ និង​ទឹក​ព្រែក​ទេរ ដែល​ក្រុមហ៊ុន​រ៉ែ​មាស​ខុសច្បាប់​ទាំងនោះ បង្ហូរ​កាកសំណល់​គីមី​ចូល​ក្នុង​ទឹក។ លើស​ពី​នេះ កាល​ពី​អំឡុង ខែ​កក្កដា​កន្លងទៅ ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​អាជីវកម្ម​រ៉ែ​មាស​ក្នុង​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ជាប់​ភូមិសាស្ត្រ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ២​នាក់ បាន​ស្លាប់ និង ៤៨ នាក់​ទៀត​ឈឺ ប៉ុន្តែ​ក្រសួងសុខាភិបាល​បាន​អះអាង​ថា អ្នកភូមិ​ធ្លាក់ខ្លួន​ឈឺ និង​ស្លាប់​នោះ ដោយសារ​ទទួលទាន​ស្រា​ស ដែល​ការ​សំអាង​របស់​ក្រសួង​សុខាភិបាល​នេះ​ត្រូវ​បាន​ថ្កោលទោស​ពី​អ្នកភូមិ និង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នកសង្កេតការណ៍​។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហន់ដ្រូ ហ្គន់សាឡេស ដេវិតសិន ( Alejandro Gonzalez Davidson ) ធ្លាប់​អះអាង​ថា បើ​របប​លោក ហ៊ុន សែន ចង់​ស្ដារ​វិស័យ​រ៉ែ​ឡើងវិញ គួរ​តែ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ណា​ចេះ​ទទួលខុសត្រូវ​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ជាពិសេស គឺ​ប្រើប្រាស់​សារធាតុ​ហ្សានីដ (Cyanide) ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ និង​សង្គមជាតិ ប្រសើរ​ជាង​ការ​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​វៀតណាម​រកស៊ី​ផ្លូវ​ងងឹត ឬ​ខុសច្បាប់ មិន​គិត​ពី​ផល​ប៉ះពាល់​អាយុជីវិត​ពលរដ្ឋ និង​បរិស្ថាន។ លោក​រក​ឃើញ​ថា របប​លោក ហ៊ុន សែន បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​គ្រប់គ្រង​វិស័យ​រ៉ែ​នៅ​កម្ពុជា ព្រោះ​អាជីវកម្ម​រ៉ែ​ភាគច្រើន មិន​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ និង​សង្គមជាតិ​ទេ ប៉ុន្តែ​មាន​ផលប្រយោជន៍​តែ​ក្រុមហ៊ុន​ចិន និង​មន្ត្រី​ខិលខូច​មួយ​ចំនួន​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។