ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ព្រំដែន​ប៉ោយប៉ែត​ថា​មិន​រៀបចំ​ដើម្បី​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ

ដោយ អាស៊ីសេរី
2017-10-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គំនរ​សំរាម​តាម​ដង​ផ្លូវ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូប​ថត​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០១៧។
គំនរ​សំរាម​តាម​ដង​ផ្លូវ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូប​ថត​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ​២០១៧។
RFA

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រិះគន់​អាជ្ញាធរ​ក្រុង​នេះ​ថា មិន​ព្រម​រៀបចំ​ទុកដាក់​ធុងសំរាម នៅ​តាម​ដង​ផ្លូវ​នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ឲ្យ​បាន​ត្រឹមត្រូវ ដែល​នាំ​ឲ្យ​ជះ​ក្លិន​ស្អុយ​ដល់​អ្នក​ទេសចរណ៍។

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត លើក​ឡើង​ថា ការ​មិន​រៀបចំ​ទុក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខ​ម៉ាត់​របស់​ប្រទេស។

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់ ថ្លែង​នៅ​ថ្ងៃ​ទី​១៩ តុលា ថា ពួកគាត់​រស់នៅ​ក្រុង​ប៉ោយប៉ែត​សោកស្ដាយ​យ៉ាង​ខ្លាំង ទៅ​នឹង​អាជ្ញាធរ​ក្រុង​មួយ​នេះ ដែល​បណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ​បោះចោល​សំរាម​ពាសវាលពាសកាល​តាម​ដង​ផ្លូវ ជាពិសេស​រង្វង់​មូល​ច្រក​ព្រំដែន​តែម្ដង ពីព្រោះ​ពុំ​មាន​ធុង​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ ពលរដ្ឋ​រូប​នេះ អះអាង​ថា ពួកគាត់​ខ្មាស​អ្នក​ទេសចរណ៍​អន្តរជាតិ​ដែរ ក៏​ប៉ុន្តែ​ដោយសារ​គ្មាន​អំណាច ដើម្បី​រៀបចំ​បោសសំអាត​ផ្លូវ​ចេញ​ចូល​នៅ​ច្រក​ព្រំដែន​មួយ​នេះ​ឲ្យ​បាន​ស្អាត​ដូច​នៅ​ប្រទេស​ថៃ។

អាស៊ីសេរី​ពុំ​ទាន់​អាច​ទាក់ទង​អភិបាលក្រុង​ប៉ោយប៉ែត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​១៩ តុលា។

ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា បញ្ហា​ការ​ទុកដាក់​សំរាម​រញ៉េរញ៉ៃ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កើតឡើង​ជាង​២០​ឆ្នាំ​ហើយ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ លោក​កត់សំគាល់​ទៀត​ថា បញ្ហា​នេះ ដោយសារ​ខ្វះ​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ក្រុង​មួយ​នេះ​តែម្ដង ហើយ​កន្លងមក​ទាំង​ប្រជាពលរដ្ឋ នៅ​ក្រុង​ប៉ោយប៉ែត និង​អ្នក​ទេសចរណ៍​ឆ្លងកាត់ តែងតែ​រិះគន់​រឿង​ខ្វះ​អនាម័យ​នៅ​ច្រក​ព្រំដែន​មួយ​នេះ​ញឹកញាប់ នៅតែ​គ្មាន​ដោះស្រាយ។

លោក ស៊ុំ ច័ន្ទគា បន្ថែម​ទៀត​ថា បញ្ហា​នេះ​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍ គេ​មិន​ចង់​មកលេង​កម្ពុជា ព្រោះ​ពួកគេ​បារម្ភ​ខ្លាច​ការ​ខ្វះ​អនាម័យ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។

កាលពី​ឆ្នាំ​ដើម​ឆ្នាំ​២០១៧ ក្រសួងទេសចរណ៍​វាយតម្លៃ​ក្រុង​ប៉ោយប៉ែត​នេះ ជាប់​ជាទី​ក្រុង​ស្អាត ទទួល​បាន​ផ្កា​រំដួល ១​ទង។ ប៉ុន្តែ ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ ថា​ការ​វាយតម្លៃ​នេះ​មិន​ឆ្លុះបញ្ចាំង​ការពិត​ទេ ត្បិត​អី​ទីក្រុង​ជាប់​ព្រំដែន​មួយ​នេះ នៅ​រដូវវស្សា​តាម​ផ្លូវ​បែក​ភក់ ហើយ​ដី​ហុយ​នៅ​ពេល​ផ្លូវ​ស្ងួត រីឯ​នៅ​តាម​ដង​ផ្លូវ​ក៏​ពុំ​មាន​ការរៀបចំ​ធុងសំរាម សម្រាប់​ដាក់​សំរាម​ដើម្បី​រក្សា​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល