ពលរដ្ឋ​ដាំ​បន្លែ​លើទឹក​បឹងទំពុន​បារម្ភ​បាត់បង់​មុខរបរ ខណៈ​គ្រឿង​ចក្រ​ជា​ច្រើន​កំពុង​ដឹក​ដី​ចាក់​លុប

0:00 / 0:00

ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ពឹង​អាស្រ័យ​លើ​ការ​ដាំ​បន្លែ​បណ្ដែត​ទឹក​នៅ​បឹងទំពុន ព្រួយបារម្ភ​ខ្លាច​បាត់បង់​មុខរបរ របស់​ពួកគេ​សព្វថ្ងៃ ដោយសារ​ឃើញ​សកម្មភាព​រថយន្ត​ធុន​ធំ​ជាច្រើន​គ្រឿង​កំពុង​មមាញឹក​ដឹក​ដី​ចាក់​លុប​បឹង​ជា​រៀងរាល់ថ្ងៃ​។ រីឯ​អាជ្ញាធរ​វិញ​ហាក់​មិន​អើពើ​ចំពោះ​ការ​បារម្ភ​របស់​ពលរដ្ឋ​នោះ​ទេ។

បឹងទំពុន​មាន​ផ្ទៃដី​ចំនួន​៥២០​ហិកតារ​ស្ថិត​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ដែល​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​រស់នៅ​ជុំវិញ​អាស្រ័យ​ផល។ ទោះបីជា​បឹង​ធម្មជាតិ​មួយ​នេះ បាន​ផ្ដល់​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ពឹង​ផ្អែកលើ​ការ​ដាំ​បន្លែ​ក៏ដោយ​ក្ដី ប៉ុន្តែ​បច្ចុប្បន្ន បឹងទំពុន​កំពុង​ប្រឈម​នឹង​ការបាត់បង់​ដូច​បឹងកក់​ដែរ ដោយសារ រដ្ឋាភិបាល​បាន​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន ក្រោម​គម្រោង​អភិវឌ្ឍន៍។

ដៃ​ទាំងពីរ​កំពុង​ប្រមូល​កញ្ឆែត​ដាក់​ថង់ ដើម្បី​ថ្លឹង​លក់​ទៅ​ឲ្យ​ម៉ូយ​លោកស្រី អួន សារ៉ន បាន​រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គ្រួសារ​របស់​គាត់​បាន​រស់នៅ និង​ប្រកប​របរ​ដាំ​កញ្ឆែត​នៅ​បឹងទំពុន​នេះ ប្រមាណ ៣០ ឆ្នាំ​មក​ហើយ ដោយ​ក្នុង​មួយថ្ងៃ គាត់​រក​ចំណូល​បាន​ជិត​៣ ម៉ឺន​រៀល ដែល​អាច​ដោះស្រាយ​បញ្ហា​ជីវភាព​គ្រួសារ និង​កូន​រៀន​បាន។

ទោះបី​ដៃ​មមាញឹក​ស្ត្រី​វ័យ​៥០​ឆ្នាំ​បាន​ឆ្លៀត​មក​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ទាំង​ទឹកមុខ​ស្រពោន ថា រូប​គាត់​មានការ​សោកស្ដាយ និង​ព្រួយបារម្ភ​ខ្លាច​បាត់បង់​មុខរបរ ដោយសារ បច្ចុប្បន្ន​រថយន្ត​របស់​ក្រុមហ៊ុន​ជាច្រើន​គ្រឿង​កំពុង​ជីក និង​ដឹក​ដី​លុប ខណៈ​ផ្ទៃ​បឹង​ធម្មជាតិ​មួយ​នេះ ក៏​កាន់តែ​រួម​តូច​ទៅ។

លោកស្រី អួន សារ៉ន ថា បើ​បឹង​ធម្មជាតិ​កណ្ដាល​ក្រុង​ត្រូវ​បាន​លុប​បាត់​នា​ពេល​ខាងមុខនេះ វា​មិនមែន​ប៉ះពាល់​តែ​មុខរបរ​របស់​លោក​ស្រី និង ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ត្នោតជុំ​ទី​៣​ជាច្រើន​គ្រួសារ​ដែល​ដាំ​កញ្ឆែត​នោះ​ទេ ប៉ុន្តែ​វា​ក៏​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ដែល​ធ្វើ​ឲ្យ​លិច​ទីក្រុង​ភ្នំពេញ​ផង​ដែរ។

ជាក់ស្ដែង​ថ្មីៗ​នេះ ភ្លៀង​ធ្លាក់​មិន​ដល់ ២​ម៉ោង​ផង ទឹកភ្លៀង​បាន​ជន់​លិច ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ស្ទើរតែ​ទាំងអស់​។ បញ្ហា​នេះ​អ្នកការពារ​បរិស្ថាន​ថា អាច​បណ្ដាល​មក​ពី​ការ​ចាក់ដី​លុប​បឹង​ដែល​ជា​កន្លែង​រំដោះ​ទឹក​ចេញ​ពី​ទីក្រុង។

លោកស្រី អួន សារ៉ន៖ «គេ​មក​ប្រាប់​តើ​គេ​ប្រាប់​យើង​តាំងពី​យូរ​ដែរ​មក​ហើយ គេ​ប្រាប់​យើង​ថា លុប​បឹង​លុប​អី​គេ​ឲ្យ​បាន ១០០​ដុល្លារ ថ្លៃ​ខូចខាត​កញ្ឆែត គ្មាន​សំណង​គ្មាន​អី​ទេ»។

លោកស្រី​ថា កន្លងមក​អាជ្ញាធរ​បាន​ចុះ​មក​ប្រាប់​ពួកគាត់​ឲ្យ​រុះរើ​រោង​ដែល​ធ្វើ​សម្រាប់​ចាំ និង​បេះ​កញ្ឆែត​ចេញ​ឲ្យ​អស់ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ បើ​ទោះបី​ជា​ពួកគាត់​បាន​អាស្រ័យ​ផល​នៅ​ទីនេះ​រយៈពេល​៣០ ឆ្នាំ​ហើយក៏​ដោយ។

កញ្ឆែត បឹងទំពន់១.jpg
ពលរដ្ឋប្រកបរបរ​ដាំ​កញ្ឆែត​ នៅក្នុងបឹងទំពន់ រាជធានីភ្នំពេញ។ RFA File

កំពុង​ឈរ​មើល​រថយន្ត ដឹក​ដី​ចាក់​លុប​បឹង ក្នុង​ទាំង​ទឹកមុខ​អស់សង្ឃឹម លោក វ៉ែត វឿន បាន​រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កន្លងមក​ពួកគាត់​បាន​ស្នើ​ទៅ​រដ្ឋាភិបាល ដើម្បី​បញ្ឈប់​ឲ្យ​ក្រុមហ៊ុន​ចាក់​ដី​លុប​បឹង​ធម្មជាតិ​មួយ​នេះ​ទៀត ដោយសារ បឹងទំពុន​បាន​ផ្ដល់​ផលប្រយោជន៍​ច្រើន​សម្រាប់​ទាំង​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ និង​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​សំណើ​របស់​ពួកគាត់​មិនបាន​ផល​ឡើយ​។​ក្រៅពី​មិន​យកចិត្តទុកដាក់​សំណើ​របស់​ពួកគាត់​ហើយ បុរស​វ័យ​៥៥​ឆ្នាំ​រូប​នេះ រៀបរាប់​​ថា នៅពេល​ពួកគាត់​ទៅ​ស្នើសុំ​ប័ណ្ណ​ក្រីក្រ ពី​អាជ្ញាធរ ដើម្បី​ស្នើសុំ​ថវិកា​ខ្លះ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​និង​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ពេល​មាន​ជំងឺ​ម្ដងៗ ក៏​មិន​ទទួល​បាន​ដែរ។

លោក​ថា ពួកគាត់​រស់នៅ​បច្ចុប្បន្ន​គឺ​មាន​អង្គការក្រៅរដ្ឋាភិបាល​ជួយ នៅពេល​ជួប​ការ​លំបាក​ម្ដងៗ ប៉ុន្តែ​សម្រាប់​អាជ្ញាធរ​វិញ​មិន​ដែល​បាន​ជួយ​ឡើយ។

បុរស​មាន​សម្បុរ​ខ្មៅ​រាង​ទាប​រូប​នេះ​និយាយ​ថា សព្វថ្ងៃ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ បាន​នាំគ្នា សាងសង់​ផ្ទះ ដោយ​សសរ​ធ្វើ​ពី​ដើម​ប្រេងខ្យល់ ជញ្ជាំង​បាំង​ក្ដារ​កុងផ្លាកេ​ចាស់ៗ ហើយ​ដំបូល​ប្រក់​ស័ង្កសី ដែល​មាន​សភាព​ទ្រុឌទ្រោម ខណៈ​កន្លែង​សម្រាក និង​កន្លែង​ដាំ​ស្ល​នៅ​លាយឡំ​គ្នា​ផង​ដែរ។

លោក វ៉ែត វឿន៖ «​ខុសគ្នា​ឆ្ងាយ​ណាស់​ពីមុន​មាន​ស្រែ​មានអី​ពេលណា​នេះ​អ៊ីចឹង​ទៅ គេ​ដាំពោត​ដល់​ឥឡូវ​មាន​កន្លែង​ណា​ដាំ​ទៀត​អស់ហើយ ដុះ​បុរី​អស់ហើយ​កើត​ថ្ម​អស់​ហើយ​ហ្នឹង ពីមុន​ធំ​ណាស់​ពេល​ខែវស្សា​មើល​ដូច​សមុទ្រ​អ៊ីចឹង មើលទៅ​ដាច់​កន្ទុយភ្នែក អត់​យើង​វា​លំបាក​អ៊ីចឹង​មានតែ​រកមុខ​របរ​ទៀត​ទៅ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ នៃ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី លើកឡើង​ថា បឹងទំពុន​សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង ព្រោះ​វា​ជា​កន្លែង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ​ផង និង​ជា​កន្លែង​ដែល​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល​ប្រចាំថ្ងៃ​ផង​ដែរ។ លោក​ទទូច​ទៅ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឲ្យ​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​សមរម្យ និង​សិក្សា​ពី​ផល​ប៉ះពាល់​នានា មុននឹង​ចាក់​ដី​លុប​បឹង​ធម្មជាតិ​នេះ​បន្ត​ទៀត។

លើស​ពី​នេះ​លោក​ថា អាជ្ញាធរ​គួរ​ចុះ​សិក្សា​ស្រាវជ្រាវ​និង​វាយតម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្ដល់​ប័ណ្ណ​សមធម៌ ឬ​ប័ណ្ណ​ក្រីក្រ​ជូន​ទៅ​ដល់​ពួកគាត់ ឲ្យ​សមស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​មាន​ស្រាប់​ផង​ដែរ។

លោក អៀង វុទ្ធី៖ «ប្រជាពលរដ្ឋ​ដែល​រស់​នៅ​លើ​បឹងទំពុន​ដែល​ប្រកប​របរ​កសិកម្ម​ដូចជា​ការ​ដាំ​បន្លែ​ជាដើម​ពួកគាត់​នឹង​បាត់បង់​ប្រភព​ចំណូល យើង​សង្ឃឹមថា​រដ្ឋាភិបាល​និង​ក៏ដូចជា​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ទាំងអស់​និង​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​បញ្ហា​ប្រជាពលរដ្ឋ​ទាំង​ជីវភាព​ទាំង​សុខភាព​ក៏ដូចជា​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​នឹង​ប្រឈម​ផល​ប៉ះពាល់»។

លោក​បន្ថែម​ទៀត​ថា កន្លង​មក អង្គការ​របស់​លោក និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត បាន​ចេញ​របាយការណ៍​ជា​បន្តបន្ទាប់ ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ ក្រោយ​ពី​រដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​ដល់​ក្រុមហ៊ុន ដោយ​ចាក់​ដី​លុប​បឹង​ធម្មជាតិ​កណ្ដាល​ក្រុង ក្រោម​គម្រោង​អភិវឌ្ឍន៍​នានា ដោយ​មិនបាន​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​ពលរដ្ឋ។

យោង​តាម​របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត កាល​ដើមឆ្នាំ​២០២២ បាន​រក​ឃើញ​ថា ប្រជា​សហគមន៍​ក្រីក្រ ៤២​សហគមន៍ ក្នុង​ទីក្រុង​ភ្នំពេញ ប្រឈមមុខ​នឹង​បញ្ហា​សន្តិសុខ សិទ្ធិ​កាន់កាប់​ដីធ្លី ការ​ទទួល​បាន​អាហារ និង សេវា​សាធារណៈ ហើយ​បញ្ហា​ទាំងអស់​នេះ អាជ្ញាធរ​មូលដ្ឋាន និង រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ជាបន្ទាន់។

របាយការណ៍​នេះ​ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​ក្រីក្រ​ប្រកប​ដោយ​តម្លាភាព និង​កិច្ច​សន្ទនា​ជា​បន្តបន្ទាប់​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ត្រូវ​តែ​មាន​ភាព​ចាំបាច់ នៅ​ពេល​មាន​គម្រោង​អភិវឌ្ឍ​នានា ដែល​អាច​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ទីលំនៅ និង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។

កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤ បាន​ចេញ​របាយការណ៍​ស្ដីពី ការ​រំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ​បរិស្ថាន​នៅពេល​មានការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ឯកជន ដោយ​រក​ឃើញ​ថា តំបន់​បឹងទំពុន​នៅសល់​ផ្ទៃដី​ត្រឹម​ទំហំ ១០៧ ហិកតារ​តែ​ប៉ុណ្ណោះ។

បឹងទំពុន​ជា​បឹង​ធម្មជាតិ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌមានជ័យ នៃ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។ បឹង​មួយ​នេះ​មាន​ផ្ទៃដី​សរុប​ប្រមាណ ២៦០០​ហិកតារ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៨ រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ត្រឹម ៥២០​ហិកតារ​ប៉ុណ្ណោះ ជា​ផ្ទៃ​បឹង​រក្សាទុក និង​កំណត់​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។