ពលរដ្ឋចំនួន ៥ភូមិ រស់នៅខេត្តព្រៃវែង បានផ្ដិតមេដៃទាមទារឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពរបស់ក្រុមឈ្មួញមានឥទ្ធិពលនៅមូលដ្ឋាន បានចាក់ដីលុបព្រែកជីផុចឱ្យគោករាក់ជាថ្មីទៀត ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បង្កឱ្យប៉ះពាល់ដីស្រែចម្ការ និងកន្លែងនេសាទត្រីយ៉ាងសំខាន់របស់អ្នកស្រុក។
ពលរដ្ឋយ៉ាងហោចណាស់ ៥០០គ្រួសារ រស់នៅក្នុងភូមិចំនួន ៥ ក្នុងឃុំជីផុច ស្រុកមេសាងបានស្នើឱ្យអាជ្ញាធរខេត្តព្រៃវែង ពន្លឿនដោះស្រាយករណីក្រុមឈ្មួញ៣នាក់ជាអ្នកមានលុយមានអំណាច បន្តធ្វើសកម្មភាពលុបព្រែកជីផុចជាថ្មីទៀត ឋិតនៅខាងត្បូងផ្លូវ។
ពួកគាត់ថា ទង្វើនេះនឹងធ្វើឱ្យផ្ទៃទឹកព្រែក កាន់តែរួមតូចរាំងស្ទះចរន្តទឹករដូវវស្សា អាចនឹងលិចស្រូវកសិកម្មរបស់អ្នកភូមិរាប់រយគ្រួសារ នៅក្បែរតំបន់នោះ។
ពលរដ្ឋរស់នៅភូមិជីផុច លោក ហំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ មិថុនាថា មកទល់ពេលនេះជាងកន្លះខែមកហើយ ដែលអ្នកភូមិផ្ដិតមេដៃស្នើឱ្យអាជ្ញាធរឃុំជីផុច និងអាជ្ញាធរស្រុកមេសាង ដោះស្រាយករណីនេះ តែបែរជាស្ងាត់ឈឹង។
លោកថា ក្រុមឈ្មួញបានប្រើគ្រឿងចក្រកាយដីលុបព្រែកជាបន្តបន្ទាប់ អស់ជាច្រើនហិកតារ ធ្វើឱ្យរាំងស្ទះចរន្តទឹក ប៉ះពល់ដីកសិកម្មរបស់ពលរដ្ឋចំនួន ៥ភូមិ។
លោកថ្លែងបន្តថា ពលរដ្ឋចំនួន ៥ភូមិកំពុងប្រឈមខូចខាតស្រូវទាំងស្រុង ប្រសិនបើអាជ្ញាធរមិនជំរុញឱ្យកាយដី ដែលចាក់លុបនោះវិញទេ។
លោក ហំ សំអាត៖«៥ភូមិលិចគ្មានបានស្រូវស៊ីទេ មួយឆ្នាំៗ។ ពួកហ្នឹងធ្វើផ្សងព្រេងទេ លុបខាងហ្នឹងចាស់។ ធ្វើស្រែហើយខែកត្តិកដឹងតែភ័យ មិនដឹងថា បានច្រូតតែមិនបានច្រូតទេ។ ផ្ដល់ព័ត៌មានអ៊ីចឹងអ្នកមានៗ គេចាក់យក។ អ្នកមានប្រហែល ៣ ទៅ ៤នាក់»។
អ្នកភូមិថា កន្លងទៅក្រុមឈ្មួញនៅមូលដ្ឋាន បានចាក់ដីលុបព្រែកជីផុចនៅខាងជើងផ្លូវអស់រាប់រយហិកតារ ដើម្បីយកដីលក់ និងធ្វើអាជីវកម្មនៅមិនទាន់ឃើញអាជ្ញាធរខេត្តព្រៃវែងមានវិធានការច្បាប់នៅឡើយទេ។ តែផ្ទុយទៅវិញ សកម្មភាពចាក់ដីលុបព្រែកមួយនេះ នៅតែបន្តកើតឡើង ឋិតនៅខាងត្បូងផ្លូវ។
ព្រែកជីផុច មានទំហំផ្ទៃទឹករាប់រយហិកតារធំទូលាយ ដោយមានបណ្ដាញទឹកខ្វាត់ខ្វែង ភ្ជាប់នឹងបឹងមេសាង ឆ្ពោះទៅកាន់ទន្លេវ៉ៃគោ ក្នុងខេត្តស្វាយរៀង។ អ្នកស្រុកចាត់ទុកព្រែកនេះ ជាប្រភពប្រាក់ចំណូល និងផ្ដល់ប្រយោជន៍ច្រើនដល់ប្រជាកសិករជាច្រើនពាន់គ្រួសារ ធ្វើកសិកម្មគ្រប់រដូវ។
ក៏ប៉ុន្តែនៅរយៈពេលជាង ២ឆ្នាំកន្លងទៅនេះ សកម្មភាពចាក់ដីលុបព្រែកនេះឱ្យគោករាក់ ដើម្បីយកដីពុះឡូលក់ ធ្វើលំនៅឋាន និងសំណង់អគារមានតម្លៃរាប់ម៉ឺនដុល្លារក្នុងមួយប្លង់ៗ ធ្វើឱ្យព្រែកនេះកាន់តែរួមតូច។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យសាលាខេត្តព្រៃវែង លោក ឈាង សុវណ្ណារ៉ា បាននៅឡើយទេ នៅថ្ងៃទី១៩ ខែមិថុនា។
លោក ហំ សំអាត បន្ថែមថា ទីតាំងត្រីពងកូន និងជាកន្លែងអភិរក្សត្រីបន្សល់តាំងពីបុរាណកាលមក នឹងបាត់បង់ទាំងស្រុងប៉ះពាល់ជីវភាពពលរដ្ឋក្រីក្រនេសាទចិញ្ចឹមជីវិតលក្ខណៈគ្រួសារ។
លោក ហំ សំអាត៖ « ណាមួយអស់ជម្រកត្រី អស់កន្លែងស្តុកទឹកទុក ពលរដ្ឋគាត់ទៅប្ដឹង ៥ភូមិមិនមែនតិចឯណា » ។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា ព្រែក បឹងបួ និងត្រពាំងជាដើម ជាទ្រព្យសាធារណៈរបស់រដ្ឋ ប្រសិនបើមានជនណារំលោភបំពាន គឺជាទង្វើល្មើសច្បាប់។
លោកថា តំបន់ព្រែកជាធនធានធម្មជាតិដែលគ្រប់គ្រងដោយក្រសួងធនធានទឹក ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ហើយក្រសួងទាំងបីនេះមិនត្រូវបណ្ដែតបណ្ដោយឱ្យមានការចាក់ដីលុបព្រែកធម្មជាតិខុសច្បាប់នោះទេ។
លោក ប៉ែន ប៊ុណ្ណារ៍៖ « មេឃុំគឺកាលណា គាត់ដឹង គាត់ជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវបង្កសំណុំរឿងទៅមន្ត្រីនគរបាលយុត្តិធម៌ ជាមន្ត្រីបរិស្ថាននិងមន្ត្រីធនធានទឹក ដើម្បីឱ្យពួកគេចុះមកស៊ើបអង្កេត កសាងសំណុំរឿងបញ្ជូនទៅតុលាការ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះចាត់ទុកទង្វើនេះ ជាគំរូអាក្រក់ ឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់ទន់ខ្សោយ របស់អាជ្ញាធរខេត្តព្រៃវែង មិនអើពើការពារភោគទ្រព្យជាតិ ស្របតាមរដ្ឋធម្មនុញ្ញ និងអនុក្រឹត្យ៕
