អាជីវករ​ផ្សារ​ក្រុង​ស្ទឹងសែន​ខេត្ត​កំពង់ធំ​ស្នើសុំ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​សំរាម

0:00 / 0:00

អាជីវករ​លក់​សម្លៀកបំពាក់ ស្បែក​ជើង និង​របស់​របរ​ផ្សេង​ទៀត​នៅ​ក្នុង​ផ្សារ​ចាស់ ឬ​ផ្សារ​ស្ទឹងសែន ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្អូញត្អែរ​ចំពោះ​បញ្ហា​សំរាម​ស្អុយ​រលួយ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់។ ពលរដ្ឋ​ទាំង​នោះ ស្នើ​ឲ្យ​អាជ្ញាធរ​លៃលក​យ៉ាង​ណា​យក​សំរាម​ចេញ​ពី​តំបន់​នោះ ឬ​ក៏​មាន​វិធានការ​លើ​ក្រុមហ៊ុន​ប្រមូល​សំរាម​ឲ្យ​ប្រមូល​ទាន់​ពេលវេលា ជៀសវាង​ប៉ះពាល់​សុខភាព​ពលរដ្ឋ​ត​ទៅ​ទៀត។

នៅ​ពេល​ដើរ​ចូល​ក្នុង​ផ្សារ​ចាស់ ឬ​ផ្សារ​ស្ទឹងសែន នៅ​ជាប់​ដង​ស្ទឹង​សែន​ទិស​ខាង​លិច គឺ​មាន​ភាយ​ក្លិន​ស្អុយ​ស្ទើរ​តែ​ទ្រាំ​មិន​បាន។ លើស​ពី​នេះ​ទៀត នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ក្បែរ​ផ្សារ អ្នក​ដំណើរ​ភាគ​ច្រើន គឺ​យក​ដៃ​ខ្ទប់​ច្រមុះ​នៅ​ពេល​ឆ្លង​កាត់​តំបន់​ផ្សារ​កន្លែង​ផ្ញើ​ម៉ូតូ​កង់។ ក្លិន​ស្អុយ​ទាំង​នោះ គឺ​ចេញ​ពី​គំនរ​សំរាម​ដែល​ដាក់​នៅ​ម្ខាង​ផ្លូវ ជាប់​មាត់​ស្ទឹង​សែន​ក្នុង​អាង​ស្តុក​សំរាម​មួយ។

ពលរដ្ឋ និង​អាជីវករ​ផ្សារ​ទាំងអស់ នាំ​គ្នា​រអ៊ូរទាំ​ចំពោះ​បញ្ហា​នេះ ដោយ​ពួក​គាត់​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ក្រុង និង​ម្ចាស់​ភាស៊ី​ផ្សារ ឬ​អ្នក​ប្រមូល​សំរាម ដោះស្រាយ​បញ្ហា​សំរាម​នេះ​ជា​បន្ទាន់។

អាជីវករ​លក់​សម្លៀកបំពាក់​នៅ​ក្នុង​ផ្សារ​ស្ទឹង​សែន អ្នកស្រី អ៊ុន ចន្ធូ មាន​ប្រសាសន៍​ថា បញ្ហា​ក្លិន​ស្អុយ​ចាប់​ផ្ដើម​កើត​មាន​តាំង​ពី​គេ​បង្កើត​កន្លែង​ដាក់​សំរាម​នៅ​ទីនោះ​ប្រមាណ ២​ឆ្នាំ​មក​ម្ល៉េះ។ អ្នកស្រី​ថា មូលហេតុ​បណ្ដាល​ឲ្យ​មាន​ក្លិន​ស្អុយ គឺ​ដោយសារ​ការ​ប្រមូល​សំរាម​មិន​បាន​ស្អាត និង​មិន​បាន​ទាន់​ពេលវេលា​ជាដើម៖ «គេ​ប្រមូល​ដែរ ប៉ុន្តែ​នៅ​តែ​ធុំ គេ​ប្រមូល​មិន​អស់។ ប្រមូល​មិន​អស់​ធុំ​រាល់​ថ្ងៃ វា​ខូច​សុខភាព​អាជីវករ​នៅ​ក្នុង​ហ្នឹង​ផង។ ចា៎! លក់​អត់​ដាច់​ទេ​ពូ គ្រាន់​តែ​គេ​ចូល​មក​គេ​ខ្ទប់​ច្រមុះ​គេ​ធុំ​ពេក»

ដោយ​ឡែក​អាជីវករ​លក់​ស្បែក​ជើង និង​មួក​មួយ​រូប​ទៀត អ្នកស្រី សុខ លាងនី ស្នើ​ឲ្យ​អាជ្ញាធរ​ក្រុង ជួយ​ដោះស្រាយ​ចំពោះ​បញ្ហា​សំរាម​នេះ ពីព្រោះ​ក្រៅ​តែ​ពី​លក់​ដូរ​ទំនិញ​មិន​សូវ​ដាច់​ដោយសារ​តែ​មាន​ក្លិន​ស្អុយ​ហើយ ពេល​ខ្លះ​ពួក​គាត់​ពិសា​បាយ ឬ​នំ​ចំណី​ក៏​ពិបាក​ដែរ។ ម្យ៉ាង​ក្លិន​ស្អុយ​នោះ គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពួក​គាត់ ពិសេស​ក្មេងៗ៖ «​ចា៎! មិន​ដឹង​យ៉ាង​ម៉េច​ដែរ ខេត្ត​កំពង់ធំ ទទួល​បាន​ផ្កា​ពីរ​ទង​យ៉ាង​ស្រស់ ឥឡូវ​វា​ប្រែ​ក្លាយ​ជា​ស្អុយ​រលួយ​ហើយ​ណា។ ខេត្ត​កំពង់ធំ ទីក្រុង​ស្អាត​មិន​គួរ​អ៊ីចឹង​ទេ»

ម្ចាស់​តូប​អ៊ុត​សក់​ក្នុង​ផ្សារ​ម្នាក់​ទៀត អ្នកស្រី ឆេង ស៊ាវហួយ និយាយ​ថា បញ្ហា​សំរាម គឺ​កើត​ចេញ​ពី​អ្នក​ប្រមូល​សំរាម​មិន​បាន​ស្អាត​ផង និង​កើត​ចេញ​ពី​ពលរដ្ឋ​ខ្លះ​ផង ពីព្រោះ​មាន​អាជីវករ​លក់​បន្លែ​ខ្លះ យក​សំរាម​ទៅ​ដាក់​នៅ​ខាង​ក្រៅ​អាង​ស្តុក​សំរាម ទើប​បណ្ដាល​ឲ្យ​អ្នក​យក​សំរាម​ទៅ​តាម​ក្រោយ​ពិបាក​ចូល ហើយ​ក៏​ចេះ​តែ​បោះ​នៅ​ខាង​ក្រៅ​អាង​ទៅ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ប្រមូល​សំរាម​ប្រមូល​មិន​បាន​ស្អាត។

យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​ភាគី​ម្ចាស់​ភាស៊ី​ផ្សារ និង​ក្រុមហ៊ុន​ប្រមូល​សំរាម​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ មេសា។

យ៉ាង​ណា អភិបាល​ក្រុង​ស្ទឹងសែន លោក សុខ វិន មាន​ប្រសាសន៍​ថា បញ្ហា​នេះ គឺ​មាន​ក្រុមហ៊ុន​ដឹក​សំរាម​ជា​អ្នក​ប្រមូល​ចេញ​ពី​កន្លែង​ស្តុក​សំរាម​ទាំង​នោះ។ លោក​បន្ថែម​ថា ការ​ប្រមូល​សំរាម​មិន​អាច​កក​ស្ទះ​យូរ​ថ្ងៃ​បាន​ទេ ប៉ុន្តែ​អាច​ការ​ប្រមូល​សំរាម​នោះ​មិន​បាន​អស់ ឬ​មិន​បាន​ស្អាត ទើប​នាំ​ឲ្យ​មាន​ក្លិន​ស្អុយ​បែប​នេះ។ តែ​យ៉ាង​ណា លោក​ថា​នឹង​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​មួយ​នេះ៖ «ប៉ុន្តែ​អត់​អី​ទេ ខ្ញុំ​ទទួល​ព័ត៌មាន ខ្ញុំ​នឹង​ជំរុញ​បន្ថែម​អំពី​ការ​ខិតខំ​ប្រមូល​ចេញ​ពី​កន្លែង​ដេប៉ូ​ស្តុក​សំរាម»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អាជីវករ​ខ្លះ​និយាយ​ថា អាជ្ញាធរ​មិន​គួរ​ឲ្យ​មាន​កន្លែង​ស្តុក​សំរាម​នៅ​ជាប់​មាត់​ស្ទឹង​ដូច​នេះ​ឡើយ ពីព្រោះ​វា​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​កង្វក់​ទឹក​ស្ទឹង​ថែម​ទៀត ពិសេស​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ ទឹក​ចេញ​ពី​សំរាម​ស្អុយ​រលួយ​ទាំង​នោះ នឹង​ហូរ​ចូល​ទៅ​ក្នុង​ទឹក​ស្ទឹង​តែ​ម្ដង។ អាជីវករ​ថា ប្រសិន​បើ​មិន​មាន​ការ​ដោះស្រាយ​ទេ នោះ​ពួក​គាត់​នឹង​ធ្វើ​លិខិត​ស្នាម​ដាក់​ទៅ​អាជ្ញាធរ​ក្រុង ឬ​ខេត្ត​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។