សហគមន៍​ព្រៃ​ព្រះ​រកា​ថា មន្ត្រី​យោធា​យក​អំណាច ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ ចេញ​ពី​ព្រៃ​ព្រះ​រកា

ដោយ សេក បណ្ឌិត
2019-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​កែច្នៃ​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​នៅ​ពេល​ថ្ងៃ និង​ពេល​យប់ ចេញ​ពី​តំបន់​ត្រពាំង​រមាស និង​វាល​ស្រែ​ស្នូល ក្នុង​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០១៩។
រថយន្ត​កែច្នៃ​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​នៅ​ពេល​ថ្ងៃ និង​ពេល​យប់ ចេញ​ពី​តំបន់​ត្រពាំង​រមាស និង​វាល​ស្រែ​ស្នូល ក្នុង​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ សហគមន៍

សហគមន៍ការពារព្រៃឈើព្រះរកា រស់​នៅ​ឃុំ​ព្រីង​ធំ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា មន្ត្រី​យោធា មក​ពី​កង​ពល​លេខ ៣ ដែល​ពួក​គេ​មិន​ស្គាល់​អត្តសញ្ញាណ បាន​យក​អំណាច ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា។ សហគមន៍​ថា មន្ត្រី​យោធា​ទាំង​នោះ​បាន​បញ្ជូន​រថយន្ត​កែច្នៃ​ជា​ច្រើន​គ្រឿង​ដឹក​ជញ្ជូន​ឈើ​មូល​ធំៗ ជា​ប្រភេទ​ឈើ​ទាល និង​ត្រាច ដែល​ជនជាតិ​ដើម​ភាគ​តិច​ដុត​យក​ជ័រ​ទឹក។

ជនជាតិដើមភាគតិច និង​សហគមន៍ការពារ​ព្រៃ​ព្រះ​រកា នៅ​ថ្ងៃ​ទី១៧ ខែ​មករា អំពាវនាវ​ជា​ថ្មី​ទៀត ឲ្យ​ក្រសួង​បរិស្ថាន​ស៊ើប​អង្កេត​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ ដឹក​ចេញ​ពី​ព្រៃ​ព្រះ​រកា នៅ​ចំណុច​អូរ​ស្កាច ក្នុង​ភូមិ​ទឹក​ខ្មៅ​ចាស់ ឃុំ​ព្រីងធំ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។

តំណាងសហគមន៍ការពារព្រៃឈើព្រះរការរស់នៅឃុំព្រីងធំ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ មាន​រថយន្ត​ប៉ាងកុង​ចាប់​ពី ៦ទៅ ១៥គ្រឿង ដឹក​ឈើ​មូល​ធំៗ ដែល​ជា​ប្រភេទ​ឈើ​ផលិត​ជ័រ​ទឹក​របស់​អ្នក​ស្រុក​ចេញ​ពី​ព្រៃ​ព្រះរកា។ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ បាន​កំរើក​ឡើង​វិញ​ជា​ថ្មី​ទៀត​ចាប់​តាំង​ពី​ចុង ខែ​វិច្ឆិកា ឆ្នាំ២០១៨ រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ស្ថាប័ន​ណា​មួយ​ទប់​ស្កាត់​នោះ​ទេ។ លោក​បន្ថែម​ថា សហគមន៍​បាន​ផ្តល់​ដំណឹង​នេះ ទៅ​មន្ត្រី​បរិស្ថាន ដែល​ប្រចាំ​ការ​នៅ​តំបន់​នោះ តែ​គ្មាន​លទ្ធផល៖ «គ្រាន់​តែ​អា​រ៉េវ ១៥គ្រឿង​ចូល​ដឹក​ឈើ​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា បាន​បន្ត​ការ​កាប់​ឈើ ព្រឹក​មិញ​ខ្ញុំ​ជួប ៦គ្រឿង​គ្រាន់​តែ​ដឹក​ឈើ​ចេញ។ ឈើ​ទាល និង​ឈើ​ត្រាច ដែល​បង​ប្អូន​ចោះ​ជ័រ ដែល​គេ​លួងលោម​ទិញ​ឲ្យ​បង​ប្អូន​លក់​ឲ្យ គឺ​ទាហាន​គេ​ថា មក​ពី​កងពល​លេខ៣»

ពលរដ្ឋម្នាក់ទៀត ដែលជាម្ចាស់ច្បោះ លោកស្រី មីង សមុទ្រ បារម្ភថា ប្រសិន​បើ​ក្រសួង​បរិស្ថាន​មិន​ប្រញាប់​ទប់ស្កាត់ បទល្មើស​ព្រៃ​ឈើ​ទាំង​នោះ​ទេ ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​លោក​ស្រី​ជាង ២រយ​ដើម នឹង​បាត់បង់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ លោកស្រី​ថា អ្នក​មាន​អំណាច​ដែល​ជា​មន្ត្រី​យោធា​ខ្លះ កំពុង​លួងលោម​អ្នក​ភូមិ ប្រមូល​ទិញ​ដើម​ច្បោះ​ធ្វើ​អាជីវកម្ម​ក្នុង​ព្រៃ​ព្រះរកា។ លោកស្រី​បន្ថែម​ថា គ្រួសារ​លោកស្រី មាន​ដើម​ច្បោះ ២៥០ដើម និង​បាន​ដុត​យក​ជ័រ​ទឹក​លក់​លើ​ទីផ្សារ​ក្នុង​មួយ​ខែ ១លាន​រៀល៖ «ព្រួយ​ខ្លាំង​មែនទែន គឺ​ព្រួយ​ចង់​ដេក​មិន​លក់ ខ្លាច​គេ​លួច​កាប់​ដើម​ច្បោះ បើ​ថា​ឲ្យ​ខ្ញុំ​លក់ គឺ​ខ្ញុំ​មិន​លក់​ទេ»

មេឃុំព្រីងធំ លោក ហេង ស្រូច ទទួលស្គាល់ថា មានការដឹកជញ្ជូនឈើដោយរថយន្តកែច្នៃ ចេញ​ពី​ព្រៃ​ព្រះ​រកា ហើយ​លោក​បាន​ផ្តល់​ដំណឹង​នេះ​ទៅ​មន្ត្រី​បរិស្ថាន​រួច​ហើយ។ លោក​ថា អាជ្ញាធរ​ឃុំ​កំពុង​រក​មធ្យោបាយ​ដោះ​ស្រាយ​រឿង​នេះ ដោយ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន និង​សហគមន៍​ឲ្យ​ចុះ​ទប់ទល់​បទល្មើស​ព្រៃ​ឈើ​ជាក់​ស្តែង និង​ថត​រូបភាព​ទុក​ជា​ភស្តុតាង ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ស៊ើប​អង្កេត​រក​អ្នក​ទទួល​ខុស​ត្រូវ៖ «ខ្ញុំ​បាន​ទទួល​ដំណឹង ខ្ញុំ​កំពុង​មាន​វិធានការ​ប្រាប់​ប៉ុស្តិ៍​នគរបាល និង​ប្រជា​ការពារ​ឲ្យ​ជួយ​ទប់​ស្កាត់ ហើយ​ខ្ញុំ​បាន​ហៅ​ម្ចាស់​ច្បោះ​មក​ចូលរួម​ធ្វើ​ការងារ​នេះ។ ខ្ញុំ​កំពុង​ហៅ​ខាង​ប្រជាជន​ក្នុង​ព្រៃ​ឲ្យ​ចូល​មក​វិញ ហើយ​ខ្ញុំ​ផ្សព្វផ្សាយ ប្រាប់​សហគមន៍ បើ​មាន​គេ​កាប់​លើក​ក្រោយ ត្រូវ​ប្រមូល​គ្នា​ទៅ​ចាប់​អា​កន្លែង​កាប់​ឈើ​តែ​ម្តង»

រូបភាព​រថយន្តកែច្នៃដឹកជញ្ជូន​ឈើ​ហ៊ុប​នៅ​ពេល​ថ្ងៃ និង​ពេល​យប់ ចេញ​ពី​ព្រៃ​ព្រះរកា ដែល​អាស៊ី​សេរី​ទទួល​បាន នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឃើញ​ក្រុម​កម្មករ​ពី ៣ ទៅ ៤នាក់ អង្គុយ​លើ​ឈើ​ហ៊ុប​ធំៗ  ដែល​គេ​កំពុង​ដឹក​ជញ្ជូន​ឈើ​មូល ចេញ​ពី​តំបន់​ត្រពាំង​រមាស និង​វាល​ស្រែ​ស្នូល ក្នុង​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភ័ត្ត្រា មាន​ប្រសាសន៍​ថា ក្រសួង​នឹង​ប្រមូល​ព័ត៌មាន​ពី​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នោះ ដើម្បី​ពិនិត្យ​នឹង​ចាត់​វិធានការ​ចំពោះ​ជន​ណា ដែល​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់។ លោក​ថា ក្រសួង​បរិស្ថាន នឹង​ធ្វើ​កិច្ច​ការងារ​នេះ​ជាមួយ​មន្ត្រី​បរិស្ថាន​នៅ​ខេត្ត​ព្រះវិហារ ដើម្បី​ចាត់​វិធានការ​រឿង​នេះ។ លើស​ពី​នេះ​ទៀត ប្រសិន​បើ​មាន​មន្ត្រី​យោធា ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ព្រះ​រកា​មែន ក្រសួង​នឹង​បើក​ស៊ើប​អង្កេត​តាម​នីតិវិធី៖ «យើង​នឹង​ប្រមូល​យក​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​បទ​ល្មើស ក្នុង​ព្រៃ​ព្រះ​រកា​នេះ ដើម្បី​ពិនិត្យ និង​ចាត់​វិធានការ​ចំពោះ​ជន​ទាំង​ឡាយ​ណា ដែល​កាប់​ព្រៃ​ខុស​ច្បាប់​នៅ​កន្លែង​តំបន់​នោះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ការងារ​រឿង​នេះ​ជាមួយ​មន្ត្រី​ជំនាញ​នៅ​ខេត្ត​ព្រះវិហារ​តែ​ម្តង ដើម្បី​ពិនិត្យ​ថា តើ​មាន​ការ​កើន​ឡើង​បទ​ល្មើស​ដូច្នេះ​ទេ។ បើ​សិន​ជា​កើត​មាន ថា តើ​យើង​អាច​ចាត់​វិធានការ​យ៉ាង​ដូច​ម្តេច ចំពោះ​ជន​ល្មើស​នោះ»

មន្ត្រី​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ​ លោក ប៉ិក សោភ័ណ សង្កេត​ឃើញ​ថា ដើម​ច្បោះ​ជ័រ​ទឹក គឺ​ជា​មុខ​របប​របស់​សហគមន៍ ដែល​អាស្រ័យ​ផល​តាំង​ពី​បុរាណ​មក និង​បាន​ចំណូល​ជា​ទៀងទាត់ ហើយ​ប្រសិន​បើ​មាន​ការ​កាប់​បំផ្លាញ ដោយ​អ្នក​មាន​អំណាច ហាក់​ដូច​ជា​បំផ្លាញ​ជីវភាព​រស់នៅ​ជន​ជាតិ​ដើម​ភាគ​តិច និង​បរិស្ថាន​ធម្មជាតិ​ដូច្នេះ​ដែរ។ លោក​យល់​ថា ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ស៊ើប​អង្កេត​រក​អ្នក​ទទួល​ខុស​ត្រូវ​មក​អនុវត្ត​ច្បាប់ ដើម្បី​សង្គ្រោះ​បរិស្ថាន និង​មុខ​របប​ជនជាតិ​ដើម​ភាគ​តិច៖ «កាល​ណា​គាត់​ថែ​រក្សា​ដើម​ច្បោះ​របស់​គាត់​គង់​វង្ស មាន​ន័យ​ថា គាត់​ថែ​រក្សា​ព្រៃ​បៃតង រក្សា​បាន​ទឹក​ភ្លៀង និង​អាកាសធាតុ។ បើ​សិន​ជា​ការ​កាប់​ដើម​ច្បោះ​ជ័រ​របស់​ពួក​គាត់ មាន​ន័យ​ថា បំផ្លាញ​ព្រៃ​ឈើ​ទូទាំង​ប្រទេស​តែ​ម្តង»

មន្ត្រីសង្គមស៊ីវិលរូបនេះគិតថា អាជ្ញាធរខេត្តព្រះវិហារ ក៏ជាអ្នកទទួលខុសត្រូវយ៉ាងសំខាន់ ពី​ការ​បាត់បង់​ដើម​ច្បោះ​ជ័រ​ទាំង​នេះ​ដែរ ដោយ​មិន​ត្រូវ​ឆ្លើយ​គេច​វេស​នោះ​ទេ។ លោក​ថា ព្រៃ​ព្រះ​រកា​ភាគ​ច្រើន នៅ​សល់​តែ​ដើម​ឈើ​ធំៗ ប្រភេទ​ឈើ​ទាល និង​ត្រាច ដែល​ជា​ឈើ​អាច​ដុត​យក​ជ័រ​ទឹក លក់​នៅ​លើ​ទីផ្សារ ខណៈ​ដែល​ឈើ​ប្រណិត ដូច​ជា​បេង នាង​នួន និង​ធ្នង់​ជា​ដើម ត្រូវ​គេ​កាប់​អស់​ទាំង​ស្រុង​ហើយ។

ព្រៃ​ព្រះរកា ដែល​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ជាង ៩​ម៉ឺន ៦​ពាន់​ហិកតារ នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប របស់​ខែត្រ​ព្រះវិហារ គឺ​ទទួល​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ដែល​គ្មាន​ស្ថាប័ន​ណា​មួយ​មាន​សមត្ថភាព​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​បាន​ពេញលេញ ដើម្បី​ឲ្យ​ពលរដ្ឋ​ស្ងប់​អារម្មណ៍​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល