សហគមន៍ការពារព្រៃឈើព្រះរកា រស់នៅឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឲ្យដឹងថា មន្ត្រីយោធា មកពីកងពលលេខ ៣ ដែលពួកគេមិនស្គាល់អត្តសញ្ញាណ បានយកអំណាច ធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំ ក្នុងដែនជម្រកសត្វព្រៃព្រះរកា។ សហគមន៍ថា មន្ត្រីយោធាទាំងនោះបានបញ្ជូនរថយន្តកែច្នៃជាច្រើនគ្រឿងដឹកជញ្ជូនឈើមូលធំៗ ជាប្រភេទឈើទាល និងត្រាច ដែលជនជាតិដើមភាគតិចដុតយកជ័រទឹក។
ជនជាតិដើមភាគតិច និងសហគមន៍ការពារព្រៃព្រះរកា នៅថ្ងៃទី១៧ ខែមករា អំពាវនាវជាថ្មីទៀត ឲ្យក្រសួងបរិស្ថានស៊ើបអង្កេតអាជីវកម្មឈើទ្រង់ទ្រាយធំ ដឹកចេញពីព្រៃព្រះរកា នៅចំណុចអូរស្កាច ក្នុងភូមិទឹកខ្មៅចាស់ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តំណាងសហគមន៍ការពារព្រៃឈើព្រះរការរស់នៅឃុំព្រីងធំ ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ឲ្យដឹងថា ស្ទើរជារៀងរាល់ថ្ងៃ មានរថយន្តប៉ាងកុងចាប់ពី ៦ទៅ ១៥គ្រឿង ដឹកឈើមូលធំៗ ដែលជាប្រភេទឈើផលិតជ័រទឹករបស់អ្នកស្រុកចេញពីព្រៃព្រះរកា។ សកម្មភាពដឹកជញ្ជូនឈើទាំងនោះ បានកំរើកឡើងវិញជាថ្មីទៀតចាប់តាំងពីចុង ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតមកទល់ពេលនេះ នៅមិនទាន់មានស្ថាប័នណាមួយទប់ស្កាត់នោះទេ។ លោកបន្ថែមថា សហគមន៍បានផ្តល់ដំណឹងនេះ ទៅមន្ត្រីបរិស្ថាន ដែលប្រចាំការនៅតំបន់នោះ តែគ្មានលទ្ធផល៖ «គ្រាន់តែអារ៉េវ ១៥គ្រឿងចូលដឹកឈើចេញពីដែនជម្រកសត្វព្រៃព្រះរកា បានបន្តការកាប់ឈើ ព្រឹកមិញខ្ញុំជួប ៦គ្រឿងគ្រាន់តែដឹកឈើចេញ។ ឈើទាល និងឈើត្រាច ដែលបងប្អូនចោះជ័រ ដែលគេលួងលោមទិញឲ្យបងប្អូនលក់ឲ្យ គឺទាហានគេថា មកពីកងពលលេខ៣ » ។
ពលរដ្ឋម្នាក់ទៀត ដែលជាម្ចាស់ច្បោះ លោកស្រី មីង សមុទ្រ បារម្ភថា ប្រសិនបើក្រសួងបរិស្ថានមិនប្រញាប់ទប់ស្កាត់ បទល្មើសព្រៃឈើទាំងនោះទេ ដើមឈើផលិតជ័រទឹករបស់លោកស្រីជាង ២រយដើម នឹងបាត់បង់ក្នុងពេលដ៏ខ្លីខាងមុខ។ លោកស្រីថា អ្នកមានអំណាចដែលជាមន្ត្រីយោធាខ្លះ កំពុងលួងលោមអ្នកភូមិ ប្រមូលទិញដើមច្បោះធ្វើអាជីវកម្មក្នុងព្រៃព្រះរកា។ លោកស្រីបន្ថែមថា គ្រួសារលោកស្រី មានដើមច្បោះ ២៥០ដើម និងបានដុតយកជ័រទឹកលក់លើទីផ្សារក្នុងមួយខែ ១លានរៀល៖ «ព្រួយខ្លាំងមែនទែន គឺព្រួយចង់ដេកមិនលក់ ខ្លាចគេលួចកាប់ដើមច្បោះ បើថាឲ្យខ្ញុំលក់ គឺខ្ញុំមិនលក់ទេ » ។
មេឃុំព្រីងធំ លោក ហេង ស្រូច ទទួលស្គាល់ថា មានការដឹកជញ្ជូនឈើដោយរថយន្តកែច្នៃ ចេញពីព្រៃព្រះរកា ហើយលោកបានផ្តល់ដំណឹងនេះទៅមន្ត្រីបរិស្ថានរួចហើយ។ លោកថា អាជ្ញាធរឃុំកំពុងរកមធ្យោបាយដោះស្រាយរឿងនេះ ដោយសហការជាមួយនគរបាលប៉ុស្តិ៍មូលដ្ឋាន និងសហគមន៍ឲ្យចុះទប់ទល់បទល្មើសព្រៃឈើជាក់ស្តែង និងថតរូបភាពទុកជាភស្តុតាង ដើម្បីជំរុញឲ្យមន្ត្រីជំនាញស៊ើបអង្កេតរកអ្នកទទួលខុសត្រូវ៖ «ខ្ញុំបានទទួលដំណឹង ខ្ញុំកំពុងមានវិធានការប្រាប់ប៉ុស្តិ៍នគរបាល និងប្រជាការពារឲ្យជួយទប់ស្កាត់ ហើយខ្ញុំបានហៅម្ចាស់ច្បោះមកចូលរួមធ្វើការងារនេះ។ ខ្ញុំកំពុងហៅខាងប្រជាជនក្នុងព្រៃឲ្យចូលមកវិញ ហើយខ្ញុំផ្សព្វផ្សាយ ប្រាប់សហគមន៍ បើមានគេកាប់លើកក្រោយ ត្រូវប្រមូលគ្នាទៅចាប់អាកន្លែងកាប់ឈើតែម្តង » ។
រូបភាពរថយន្តកែច្នៃដឹកជញ្ជូនឈើហ៊ុបនៅពេលថ្ងៃ និងពេលយប់ ចេញពីព្រៃព្រះរកា ដែលអាស៊ីសេរីទទួលបាន នៅថ្ងៃទី១៧ ខែមករា ឃើញក្រុមកម្មករពី ៣ ទៅ ៤នាក់ អង្គុយលើឈើហ៊ុបធំៗ ដែលគេកំពុងដឹកជញ្ជូនឈើមូល ចេញពីតំបន់ត្រពាំងរមាស និងវាលស្រែស្នូល ក្នុងព្រៃព្រះរកា ខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភ័ត្ត្រា មានប្រសាសន៍ថា ក្រសួងនឹងប្រមូលព័ត៌មានពីបទល្មើសព្រៃឈើនៅតំបន់នោះ ដើម្បីពិនិត្យនឹងចាត់វិធានការចំពោះជនណា ដែលកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់។ លោកថា ក្រសួងបរិស្ថាន នឹងធ្វើកិច្ចការងារនេះជាមួយមន្ត្រីបរិស្ថាននៅខេត្តព្រះវិហារ ដើម្បីចាត់វិធានការរឿងនេះ។ លើសពីនេះទៀត ប្រសិនបើមានមន្ត្រីយោធា ដឹកជញ្ជូនឈើចេញពីព្រៃព្រះរកាមែន ក្រសួងនឹងបើកស៊ើបអង្កេតតាមនីតិវិធី៖ «យើងនឹងប្រមូលយកព័ត៌មានដែលពាក់ព័ន្ធបទល្មើស ក្នុងព្រៃព្រះរកានេះ ដើម្បីពិនិត្យ និងចាត់វិធានការចំពោះជនទាំងឡាយណា ដែលកាប់ព្រៃខុសច្បាប់នៅកន្លែងតំបន់នោះ ហើយខ្ញុំនឹងធ្វើការងាររឿងនេះជាមួយមន្ត្រីជំនាញនៅខេត្តព្រះវិហារតែម្តង ដើម្បីពិនិត្យថា តើមានការកើនឡើងបទល្មើសដូច្នេះទេ។ បើសិនជាកើតមាន ថា តើយើងអាចចាត់វិធានការយ៉ាងដូចម្តេច ចំពោះជនល្មើសនោះ » ។
មន្ត្រីផ្នែកតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ សង្កេតឃើញថា ដើមច្បោះជ័រទឹក គឺជាមុខរបបរបស់សហគមន៍ ដែលអាស្រ័យផលតាំងពីបុរាណមក និងបានចំណូលជាទៀងទាត់ ហើយប្រសិនបើមានការកាប់បំផ្លាញ ដោយអ្នកមានអំណាច ហាក់ដូចជាបំផ្លាញជីវភាពរស់នៅជនជាតិដើមភាគតិច និងបរិស្ថានធម្មជាតិដូច្នេះដែរ។ លោកយល់ថា ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ត្រូវស៊ើបអង្កេតរកអ្នកទទួលខុសត្រូវមកអនុវត្តច្បាប់ ដើម្បីសង្គ្រោះបរិស្ថាន និងមុខរបបជនជាតិដើមភាគតិច៖ «កាលណាគាត់ថែរក្សាដើមច្បោះរបស់គាត់គង់វង្ស មានន័យថា គាត់ថែរក្សាព្រៃបៃតង រក្សាបានទឹកភ្លៀង និងអាកាសធាតុ។ បើសិនជាការកាប់ដើមច្បោះជ័ររបស់ពួកគាត់ មានន័យថា បំផ្លាញព្រៃឈើទូទាំងប្រទេសតែម្តង » ។
មន្ត្រីសង្គមស៊ីវិលរូបនេះគិតថា អាជ្ញាធរខេត្តព្រះវិហារ ក៏ជាអ្នកទទួលខុសត្រូវយ៉ាងសំខាន់ ពីការបាត់បង់ដើមច្បោះជ័រទាំងនេះដែរ ដោយមិនត្រូវឆ្លើយគេចវេសនោះទេ។ លោកថា ព្រៃព្រះរកាភាគច្រើន នៅសល់តែដើមឈើធំៗ ប្រភេទឈើទាល និងត្រាច ដែលជាឈើអាចដុតយកជ័រទឹក លក់នៅលើទីផ្សារ ខណៈដែលឈើប្រណិត ដូចជាបេង នាងនួន និងធ្នង់ជាដើម ត្រូវគេកាប់អស់ទាំងស្រុងហើយ។
ព្រៃព្រះរកា ដែលលាតសន្ធឹងលើផ្ទៃដីជាង ៩ម៉ឺន ៦ពាន់ហិកតារ នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប របស់ខែត្រព្រះវិហារ គឺទទួលរងការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់ជាច្រើនឆ្នាំណាស់មកហើយ ដែលគ្មានស្ថាប័នណាមួយមានសមត្ថភាពអនុវត្តច្បាប់ព្រៃឈើបានពេញលេញ ដើម្បីឲ្យពលរដ្ឋស្ងប់អារម្មណ៍នៅឡើយទេមកទល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
