បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ អះអាងថា មន្ត្រីបរិស្ថាននៅតែព្យាយាមតាមចាប់កំហុសរបស់សហគមន៍ព្រៃឡង់ម្ដងហើយម្ដងទៀត ខណៈពួកគេនៅតែរកឃើញបទល្មើសព្រៃឈើកើតមានក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរគួរព្យាយាមតាមចាប់ជនល្មើសប្រសើរជាងតាមធ្វើទុក្ខបុកម្នេញទៅលើអ្នកការពារព្រៃឈើ។
បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ ដែលតែងតែចុះល្បាត និងរកឃើញបទល្មើសព្រៃឈើនៅក្នុងតំបន់ការពារព្រៃឡង់ អះអាងថា មន្ត្រីបរិស្ថាននៅតែតាមចាប់កំហុសរបស់សហគមន៍ តែមិនព្រមអនុវត្តច្បាប់ និងស្វែងរកជនល្មើស និងអ្នកជាប់ពាក់ព័ន្ធយកទៅចាត់វិធានការតាមច្បាប់។
បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ខេម សុឃី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែមករា ថា មន្ត្រីបរិស្ថានបានទទួលស្គាល់ថា មានបទល្មើសព្រៃឈើពិតប្រាកដមែន ប៉ុន្តែមន្ត្រីទាំងនោះមិនបានខ្នះខ្នែងស្វែងរកបទល្មើស និងជនល្មើសជាប់ពាក់ព័ន្ធ នឹងការកាប់ឈើនិងការកាប់ទន្ទ្រានដីព្រៃ ក្នុងតំបន់ព្រៃឡង់នោះទេ ផ្ទុយទៅវិញមន្ត្រីបរិស្ថានគ្រាន់តែចង់ចាញ់ឈ្នះជាមួយសហគមន៍តែប៉ុណ្ណោះ។ លោកទទូចទៅអាជ្ញាធរពាក់ព័ន្ធឲ្យបង្ហាញភាពស្មោះត្រង់ជាមួយសហគមន៍ ក្នុងការចុះល្បាតបង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់ពិតប្រាកដ មិនគួរមានល្បិចចង់ធ្វើបាបសហគមន៍ដែលមានចិត្តការពារព្រៃឈើនោះទេ។
លោក ខេម សុឃី៖ «ដែលរងគ្រោះគឺរងគ្រោះទាំងអស់គ្នា អ៊ីចឹងស្នើឲ្យមានភាពស្មោះត្រង់គ្នានិងគ្នា ជាការទទូចរបស់ខ្ញុំដែលជាបណ្ដាញសហគមន៍ព្រៃឡង់ គឺសុំឲ្យក្រសួងបរិស្ថានអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ទីមួយគឺអនុវត្តច្បាប់ទៅលើអ្នកប្រព្រឹត្តបទល្មើសទីពីរ គឺអនុវត្តឲ្យបានតឹងរ៉ឹងទៅលើមន្ត្រីថ្នាក់ក្រោយរបស់ខ្លួនមន្ត្រីក្រោមឱវាទកុំឲ្យចេះតែបណ្ដែតបណ្ដោយឲ្យមានការកាប់ឈើនៅក្នុងតំបន់របស់ខ្លួន»។
នៅចុងឆ្នាំ២០២៣ បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ប្រមាណ ៣០នាក់ បានចុះល្បាតស្រាវជ្រាវរកបទល្មើសក្នុងតំបន់ព្រៃឡង់ អស់រយៈពេល ៣យប់ ៤ថ្ងៃ ដោយរកឃើញបទល្មើសព្រៃឈើជាច្រើនករណីស្ថិតនៅចំណុច ភ្នំគគឹល កំប៉ុល យោក ជាំតាង៉ុត អូរអាចម៌ដែក និង ព្រានអាំ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ បន្ទាប់មកនៅថ្ងៃទី៨ ខែមករា មន្ត្រីបរិស្ថានខេត្តព្រះវិហារ បានកោះហៅបណ្ដាញសហគមន៍ព្រៃឡង់ថា សហការរួមគ្នាដើម្បីចុះល្បាតនៅក្នុងតំបន់ការពារព្រៃឡង់ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីបរិស្ថាន ឲ្យសហគមន៍ទៅបង្ហាញគល់ឈើ និងការកាប់ទន្ទ្រានដីព្រៃ។

ជុំវិញរឿងនេះ អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មាស ញឹម ទទួលស្គាល់ថា ពិតជាមានបទល្មើសព្រៃឈើត្រង់ចំណុចទាំងអស់ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ហើយមន្ត្រីរបស់លោកបានស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់ហើយដែរ។ លោកក៏បានបញ្ជាក់បន្ថែមថា បណ្ដាញសហគមន៍ព្រៃឡង់ ត្រូវចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានជាមុនសិន ទើបអាចសហការជាមួយមន្ត្រីបរិស្ថានចុះល្បាតក្នុងតំបន់ព្រៃឡង់រួមគ្នាបាន។
លោក មាស ញឹម៖ «កន្លែងហ្នឹងយើងមានវិធានការរួចហើយ ខ្ញុំបានមានវិធានការប្រហែលពីរថ្ងៃមុននេះ គឺខ្ញុំមានវិធានការគ្រាន់តែខ្ញុំចង់ជម្រាបជូនបងប៉ុណ្ណឹង សម្រាប់ការសហការក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្សមិនដែលជំទាស់ទេ ក៏ប៉ុន្តែស្នើសុំឲ្យគាត់ចុះMOUកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានដើម្បីឲ្យយើងសហការគ្នាល្អតាមផ្លូវច្បាប់»។
បណ្ដាញសហគមន៍ព្រៃឡង់ អះអាងថា ពួកគេនៅតែបន្តចុះល្បាតស្វែងរកបទល្មើស និងទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ បើទោះបីក្រសួងបរិស្ថានបានហាមឃាត់ពួកគេមិនឲ្យចុះល្បាតយ៉ាងណាក្ដី ដោយពួកគេសំអាងថា ព្រៃអភិរក្សនេះ ជាសម្បត្តិជាតិ និងជាកេរ្តិ៍មរតកដូនតា។
កាលពីឆ្នាំ២០២៣ កន្លងទៅ សហគមន៍ព្រៃឡង់ សកម្មជនបរិស្ថាននិងអង្គការជាតិ -អន្តរជាតិ បានរកឃើញថា នៅជុំវិញតំបន់ព្រៃឡង់ មានក្រុមហ៊ុនចំនួន ២ គឺក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) និងក្រុមហ៊ុន ស៊ីងបាយអូថេក (Think Biotech (Cambodia) CO,Ltd) បានបញ្ជូនកម្មករចូលទៅកាប់និងដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃព្រៃឡង់យ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរថ្នាក់ជាតិក៏បានរកឃើញឈើជាច្រើនកំណាត់ នៅក្នុងបរិវេណក្រុមហ៊ុនស៊ីងបាយអូថេក (Think Biotech (Cambodia) CO,Ltd) ប៉ុន្តែគេមិនទាន់ឃើញមានវិធានការ និងរកអ្នកទទួលខុសត្រូវចំពោះរឿងនេះនៅឡើយទេរហូតមកដល់ពេលនេះ។
ទាក់ទងនឹងបញ្ហានេះ អ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា មន្ត្រីបរិស្ថានដែលឈរការពារនៅតំបន់នោះ ត្រូវតែទទួលខុសត្រូវ ក្នុងការបណ្ដែតបណ្ដោយឲ្យមានបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ និងឈប់ចោទប្រកាន់លាបពណ៌ទៅលើបណ្ដាញសហគមន៍ព្រៃឡង់តទៅទៀត ពីព្រោះរាល់ការរាយការណ៍របស់សហគមន៍បានឆ្លុះបញ្ចាំងពីការពិតអំពីបទល្មើសព្រៃឈើនៅក្នុងតំបន់អភិរក្សមួយនេះ។
លោក អួត ឡាទីន៖ «ងាយមកសហប្រតិបត្តិការជាមួយបណ្ដាញសហគមន៍ព្រៃឡង់ ហើយផ្ដល់សិទ្ធិអំណាចដល់សហគមន៍ព្រៃឡង់ ឲ្យគាត់អាចអនុវត្តសិទ្ធិរបស់ពួកគាត់ស្របតាមច្បាប់រដ្ឋធម្មនុញ្ញមាត្រា៣៩ ស្របតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិឲ្យគាត់ចូលរួមការពារព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ ដោយសេរីនិងមិនមានលក្ខខណ្ឌ»។
បណ្ដាញសហគមន៍ព្រៃឡង់ ឲ្យដឹងទៀតថា បើទោះបីមន្ត្រីបរិស្ថានទទួលស្គាល់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការយ៉ាងណាក្ដី ក៏ជនល្មើសទាំងនោះមិនរាងចាល និងមិនខ្លាចរអាមន្ត្រីបរិស្ថាននោះទេ ដោយសារកន្លងទៅមន្ត្រីទាំងអស់នោះ បានទទួលសំណូកពីជនល្មើសជាញឹកញយ។
ព្រៃឡង់ដើរតួយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ជីវភាព ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះប្រមាណជាង ២សែននាក់ ភាគច្រើនជាជនជាតិដើមភាគតិចកួយ។ ព្រៃមួយនេះសម្បូរទៅដោយជីវចម្រុះគ្រប់ប្រភេទ។ ដែនជម្រកសត្វព្រៃព្រៃឡង់ មានផ្ទៃដីជាង៤សែន (៤៨៩.៦៦៣)ហិកតារ គ្របដណ្ដប់ក្នុងភូមិសាស្ត្រខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាល បង្កើតជាតំបន់ដែនជម្រកសត្វព្រៃនៅក្នុងឆ្នាំ២០១៦ ។ ប៉ុន្តែរយៈពេលជាង ៧ឆ្នាំមកនេះ អង្គការជាតិ និងអន្តរជាតិ បានចេញរបាយការណ៍ជាបន្តបន្ទាប់ថា ដែនជម្រកសត្វព្រៃព្រៃឡង់តែងតែរងការកាប់ឈើធ្វើអាជីវកម្ម និងការកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច នៅជុំវិញតំបន់នោះយ៉ាងអនាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
