អភិបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការ ឬផាកពិន័យទៅលើប្រជាពលរដ្ឋ ឬប្រតិបត្តិករទេសចរទាំងឡាយណាដែលបោះចោលសំរាមគ្មានរបៀបរៀបរយ នាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះ។
បញ្ហានេះ មន្ត្រីមន្ទីរទេសចរណ៍ខេត្តបានរិះគន់ថា ប្រតិបត្តិករទេសចរភាគច្រើនមិនទាន់អនុវត្តតាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុងការទុកដាក់សំរាម ឬកាកសំណល់កខ្វក់ឲ្យបានត្រឹមត្រូវមួយរយភាគរយនៅឡើយទេ។
អភិបាលខេត្តព្រះសីហនុ លោក ឈិត សុខុន មានប្រសាសន៍ថា បញ្ហាទុកដាក់កាកសំណល់ ឬសំរាម នៅតែជាបញ្ហាចោទសម្រាប់ខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ។
ផ្ដើមពីបញ្ហានេះ អាជ្ញាធរខេត្តត្រៀមលើកយកសកម្មភាពបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់ ដាក់ជូនប្រធានក្រុមប្រឹក្សាខេត្ត និងស្នើសុំពិនិត្យផ្លូវច្បាប់ឈានដល់ផាកពិន័យអ្នកចោលសំរាមនៅតាមឆ្នេរ ឬតាមទីសាធារណៈឲ្យបានធ្ងន់ធ្ងរក្នុងពេលឆាប់ៗនេះ៖ «ខាងកាកសំណល់ ឬសំរាមនេះ គឺយើងបាននិយាយជាញឹកញាប់មកហើយ ហើយទំហំនៃការបោះចោលសំរាមក្នុងខេត្តនេះ គឺអ្នកយកមកចោលគ្មានសណ្ដាប់ធ្នាប់មានចំនួនច្រើនឡើងៗ។ យើងនឹងពិនិត្យឡើងវិញពីច្បាប់ផាកពិន័យ ចំពោះការចោលសំរាមអនាធិបតេយ្យនៅខេត្តជាប់ឆ្នេរសមុទ្រមួយនេះ។ ហើយបញ្ហានេះ យើងនឹងស្នើយោបល់ទៅក្រុមប្រឹក្សាខេត្ត ដើម្បីឲ្យការផាកពិន័យនេះស្របតាមច្បាប់»។
សារព្រមានរបស់អភិបាលខេត្តទេសចរណ៍រូបនេះ កើតឡើងបន្ទាប់ពីមានសាធារណជនមួយចំនួនរិះគន់ថា មានប្រតិបត្តិករទេសចរមួយចំនួនមានដូចជាម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ សំណង់បឹងកាឡូ ភោជនីយដ្ឋាន និងហាងផឹកស៊ីរាំច្រៀងជាដើម មានទីតាំងនៅតាមតំបន់ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ ឆ្នេរកាំសាប ឆ្នេរសុខា និងឆ្នេរកំពេញ ជាដើម ហើយម្ចាស់ទីតាំងទាំងនេះមិនបានទុកដាក់កាកសំណល់រឹងរាវឲ្យបានត្រឹមត្រូវទេ។
ត្រង់ចំណុចនេះ លោក សុខ សុខុម ប្រធានអង្គការស៊ីអ៊ិនរ៉ូ (CNRO) ប្រចាំខេត្តព្រះសីហនុ ក៏បានរិះគន់ប្រតិបត្តិករទេសចរមួយចំនួនក្នុងខេត្តនេះ ដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនបានចូលរួមសហការសម្អាតអនាម័យជាមួយអាជ្ញាធរខេត្តឲ្យបានត្រឹមត្រូវ។ មន្ត្រីសង្គមស៊ីវិលរូបនេះ បានសាទរវិធានការផាកពិន័យទៅលើប្រតិបត្តិករទេសចរ ឬប្រជាពលរដ្ឋទាំងឡាយណាដែលបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ៖ «មានសំរាម គឺនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងចំនួនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះនាថ្ងៃអនាគត។ ភ្ញៀវទេសចរបើកាលណាគេឃើញមានបរិស្ថានមិនស្អាត ឬមានសំរាមចោលរាយប៉ាយពេញឆ្នេរ ឬនៅតាមទីសាធារណៈ ពួកគេនឹងមិនមកទស្សនា ឬមកកម្សាន្តខេត្តព្រះសីហនុ ទៀតទេ ហើយបញ្ហានេះ គឺនាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះនាថ្ងៃខាងមុខ។ ខ្ញុំគាំទ្រវិធានការផាកពិន័យតាមផ្លូវច្បាប់របស់អាជ្ញាធរខេត្ត ទៅលើការទុកដាក់សំរាមមិនបានត្រឹមត្រូវនាថ្ងៃអនាគត»។
ទាក់ទិនបញ្ហានេះ លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានទទួលស្គាល់ថា សព្វថ្ងៃនេះប្រតិបត្តិករទេសចរ ឬក្រុមអាជីវករ មិនទាន់ចូលរួមសម្អាតបរិស្ថាន ឬអនាម័យតាមការអំពាវនាវរបស់ក្រសួងទេសចរណ៍ ឬអាជ្ញាធរខេត្តបានត្រឹមត្រូវទេ។ លោកថា ភាពគ្មានអនាម័យនៅតាមទីសាធារណៈ ឬតំបន់ឆ្នេរ នាំឲ្យប៉ះពាល់ដល់ផែនការយុទ្ធសាស្ត្រ ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាខេត្តជាប់មាត់សមុទ្រមួយនេះ។
បញ្ហានេះ លោក នូ សុផល បានទទូចដល់ប្រជាពលរដ្ឋ ពិសេសប្រតិបត្តិករទេសចរទាំងអស់ ត្រូវចូលរួមសហការសម្អាតបរិស្ថាន ឬទុកដាក់កាកសំណល់រឹងរាវឲ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកទាក់ទាញចំនួនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តនេះបានច្រើនថែមទៀត។
ស្ថិតិទេសចរណ៍ ៣ខែដើមឆ្នាំ២០១៥ របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បង្ហាញថា ខេត្តនេះមានភ្ញៀវទេសចរសរុប ៥៣៣.៨៣០នាក់ បានមកទស្សនាខេត្តនេះ។ ចំនួននេះកើនជិត ២០ភាគរយ (១៩,៩៥%) បើប្រៀបធៀប ៣ខែដើមឆ្នាំ២០១៤។ ក្នុងនោះ ភ្ញៀវជាតិមាន ៥០៦.៦០៩នាក់ កើនជិត ២៤ភាគរយ (២៣,៨២%) និងភ្ញៀវអន្តរជាតិមាន ១២៧.២២១នាក់ កើនជាង ៩ភាគរយ (៩,០៥%)។
ខេត្តព្រះសីហនុ មានសណ្ឋាគារចំនួន ៥៩កន្លែងស្មើជិត ៣ពាន់បន្ទប់ (២.៨៨៦បន្ទប់)។ ផ្ទះសំណាក់មាន ២៣២កន្លែង ស្មើជាង ៣ពាន់បន្ទប់ (៣.០០៨បន្ទប់)។ ភោជនីយដ្ឋានមានជាង ១០០កន្លែង (១០១កន្លែង)។ ហាងម៉ាស្សាមាន ១៦កន្លែង និងហាងខារ៉ាអូខេមាន ៩កន្លែង ស្មើ ១៥២បន្ទប់។ ឌីស្កូថេកមាន ២កន្លែង។ កីឡាទេសចរណ៍មាន ៨កន្លែង។ ទីភ្នាក់ងារទេសចរណ៍មាន ២៤កន្លែង។ ទូកដឹកភ្ញៀវទេសចរមានចំនួន ១២កន្លែង និងរមណីយដ្ឋាន ឬកន្លែងកម្សាន្តមានចំនួន ២២កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។