សហគមន៍​ព្រៃឡង់​៤​ខេត្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ការពារ​ព្រៃឡង់

ដោយ អ៊ុក សាវបូរី
2015-05-27
Share
សិក្ខា​សាលា ព្រៃឡង់ ៦២០ ​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី​ព្រៃឡង់ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Ouk Savborey

សហគមន៍​ការពារ​ព្រៃឡង់ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ការពារ​ព្រៃឡង់។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី​ព្រៃឡង់ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ដែល​មាន​មនុស្ស​ជាង ១០០​នាក់​ចូល​រួម។ ​សហគមន៍​ការពារ​ព្រៃឡង់ ៤​ខេត្ត អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ការពារ​ព្រៃឡង់។

ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ ស្ដីពី​ព្រៃឡង់ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ដែល​មាន​ព្រះសង្ឃ មន្ត្រី​ក្រសួង​ពាក់ព័ន្ធ អង្គការ​ក្រៅ​រដ្ឋាភិបាល សហគមន៍​ការពារ​ព្រៃឡង់ និស្សិត​ជាង ១០០​នាក់ ពិភាក្សា​រក​វិធី​ការពារ​ដើមឈើ និង​ជីវចម្រុះ ក្នុង​ព្រៃឡង់ ឲ្យ​គង់វង្ស។

អ្នក​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី​ព្រៃឡង់​នេះ គឺ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា បណ្ឌិត តឹក វណ្ណារ៉ា ថ្លែង​ថា បទល្មើស​ព្រៃឈើ​ជាក់ស្ដែង ក្នុង​តំបន់​ព្រៃឡង់ ត្រូវ​បាន​សហគមន៍​ព្រៃឡង់ ៤​ខែត្រ លើក​មក​បង្ហាញ​ក្នុង​ការ​ប្រជុំ​នេះ ហើយ​រក​វិធី​ដោះស្រាយ ព្រោះ​បញ្ហា​ឡើង​កម្ដៅ​ផែនដី គឺ​ដោយសារ​តែ​គម្រប​ព្រៃឈើ​បាន​ថយ​ចុះ៖ «ស្នើ​ឲ្យ​ដាក់​ព្រៃឡង់ ទៅ​ជា​ព្រៃ​តំបន់​ការពារ ដើម្បី​ធានា​ថា ព្រៃឡង់ គឺ​ត្រូវ​បាន​គ្រប់គ្រង​ប្រកប​ដោយ​និរន្តរភាព ហើយ​និង​អាច​ក្លាយ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​សម្រាប់​ទាញ​ផលប្រយោជន៍​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​សម្រាប់​សហគមន៍ ហើយ​អាច​ជា​តំបន់​មាន​ការ​ប្រើប្រាស់​ព្រៃ​ប្រកប​ដោយ​និរន្តរភាព និង​អភិរក្ស​​សម្រាប់​ធានា​ប្រព័ន្ធ​ទឹក​គ្រប់គ្រាន់​ទៅ​ដល់​បឹង​ទន្លេសាប»

​ក្នុង​សិក្ខាសាលា​នោះ​ដែរ បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង លោក ជា សុខហឿន ថ្លែង​ថា ដើម​ឈើ​ក្នុង​ព្រៃឡង់ បាន​រង​នូវ​ការ​កាប់​ឲ្យ​រេចរឹល​ជា​ស្នាដៃ​ជន​ចំណូល​ថ្មី កាប់​រាន​យក​ដី និង​ឈើ​លក់ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​ជាង ៥០​ក្រុមហ៊ុន​ឯកជន ឲ្យ​ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម និង​រុករក​រ៉ែ។

ទន្ទឹម​នោះ សហគមន៍​ការពារ​ព្រៃឡង់ មិន​ទាន់​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​ព្រៃ។ ទើប​សហគមន៍​ការពារ​ព្រៃឡង់ សុំ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ទទួល​ស្គាល់​សហគមន៍ ដែល​ជួយ​ការពារ​ព្រៃឡង់​នេះ៖ «សម្បទាន​មួយ​លាត​សន្ធឹង​ពី​ស្រុក​សំបូរ ខេត្ត​ក្រចេះ ក្រុមហ៊ុន​កូរ៉េ ស៊ីបាយអូតិច លូក​ចូល​ទៅ​ដល់​មួយ​ចំណែក ដី​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង ហើយ​ក្រុមហ៊ុន​មួយ​ទៀត​ជា​ក្រុមហ៊ុន​របស់​ចិន ប៉ុន្តែ​ខ្ញុំ​មិន​បាន​ស្គាល់​ឈ្មោះ​ទេ ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​កូនជ្រូក ធ្វើ​អាជីវកម្ម​រ៉ែ​ដែរ វា​សណ្ដូក ៤​ឃុំ គឺ​ឃុំ​ស្រែឫស្សី ឃុំ​ចំការលើ ឃុំ​អន្លង់ភេ និង​​ឃុំ​អន្លង់ជ្រៃ។ ក្រុមហ៊ុន​ចិន ដែល​យក​ថ្មម៉ាប នៅ​ចំណុច​ក្បាល M ហ្នឹង គឺ​ឋិត​នៅ​ក្នុង​ឃុំ​ចំការលើ»

​ចំណែក​បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​ក្រចេះ លោក ថៃ ប៊ុនលាង បន្ទោស​ថា មាន​ការ​ចូល​កាប់​ឈើ និង​ស៊ី​ឈ្នួល​ដឹក​ជញ្ជូន​ឈើ​លក់​ពី​ព្រៃឡង់ ក្រោម​លេស​សម្បទាន​ដី​សេដ្ឋកិច្ច ការ​រុក​រក​រ៉ែ​ក្នុង​ព្រៃឡង់ ការ​ទន្ទ្រាន​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​ដី​របស់​ឯកជន​នោះ ព្រៃឡង់​នឹង​វិនាស។

លោក​បញ្ជាក់​ថា ទំហំ​ព្រៃឡង់ បច្ចុប្បន្ន​នៅ​សល់​តែ​ប្រមាណ ៣៦​ម៉ឺន​ហិកតារ ដែល​ពី​មុន​នៅ​ក្នុង​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃឡង់ គឺ​មាន​ផ្ទៃដី​ទំហំ​ជាង ៦១​ម៉ឺន​ហិកតារ លាត​សន្ធឹង​ចាប់​ពី​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង៖ «ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ទប់​ស្កាត់​ទៅ​លើ​ការ​កាប់​បំផ្លាញ​ព្រៃ​បែប​អានាធិបតេយ្យ ហើយ​និង​បំផ្លាញ​ឈើ​បែប​អានាធិបតេយ្យ​ផង​ដែរ»

អគ្គលេខាធិការ​រង​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​សម្បទាន​សង្គមកិច្ច​ថ្នាក់​ជាតិ ក្រសួង​រៀបចំ​ដែនដី បណ្ឌិត សារេត បូរ៉ាមី ថ្លែង​ថា ព្រៃឡង់ រួម​តូច​ដោយសារ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល បាន​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​ដី​ឯកជន តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ទន្ទ្រាន​ព្រៃ​មាន​សិទ្ធិ​កាន់កាប់ និង​អាស្រ័យផល។

បណ្ឌិត សារេត បូរ៉ាមី៖ «អ៊ីចឹង​ខាង​សម្បទាន​ដី​សង្គមកិច្ច នៅ​ពេល​ដែល​ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ ហើយ​ពួកគាត់​​ពិត​ជា​រស់​នៅ​លើ​ដី​ហ្នឹង​បាន ៥​ឆ្នាំ ហើយ​គាត់​អាច​មាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​ប័ណ្ណ​កម្មសិទ្ធិ​បាន​ហើយ។ ចុង​ក្រោយ​បំផុត គឺ​គាត់​ក្លាយ​ទៅ​ជា​អ្នក​ដែល​មាន​ដី ពី​អត់​ដី​ទៅ​មាន​ដី គឺ​កម្មវិធី​នេះ​ជា​កម្មវិធី​​ដ៏​ល្អ​មួយ​ដែល​រាជរដ្ឋាភិបាល​បាន​គិតគូរ ក្រោយ​ពី​ច្បាប់​ភូមិបាល​ចូល​ជា​ធរមាន ដើម្បី​កុំ​ឲ្យ​មាន​ការ​​ចូល​ទៅ​ទន្ទ្រាន​ដី​រដ្ឋ ជាពិសេស​ដី​សាធារណៈ​របស់​រដ្ឋ»

ក្នុង​កិច្ច​ការពារ​ព្រៃឈើ​ធនធាន​ធម្មជាតិ​នេះ​ដែរ តំណាង​ក្រសួង​បរិស្ថាន លោក ឃុន គឹមស្រេង ថ្លែង​ថា គោលនយោបាយ​ការពារ​ព្រៃឈើ និង​ការពារ​ធនធាន​ធម្មជាតិ គឺ​ប្រែប្រួល​ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល។ លោក​ថា បច្ចុប្បន្ន​សម្រាប់​កំណើន​សេដ្ឋកិច្ច​ជាតិ រដ្ឋាភិបាល​​បាន​ចាត់​ទុក​វិស័យ​ឯកជន​ជា​ប្រភព​ចំណូល​សំខាន់៖ «ទេសចរ​ធម្មជាតិ គឺ​ភាគ​ច្រើន​ផ្ដោត​កន្លែង​ណា​ដែល​សំបូរ​ធនធាន។ អ៊ីចឹង​កន្លែង​ដែល​សំបូរ​ធនធាន គឺ​ជា​កន្លែង​ដែល​យើង​ចង់​ការពារ។ ឧទាហរណ៍​តំបន់​ដែល​មាន​សត្វ​ពង​កូន កន្លែង​បង្ក​ពូជ​កន្លែង​អី​ហ្នឹង​យើង​ងាយ​ឃើញ​សត្វ ប៉ុន្តែ​កន្លែង​តំបន់​ហ្នឹង​គឺ​ថា ភ្ញៀវ​ទេសចរ​ចង់​ទៅ​មើល​ឃើញ​សត្វ ហ្នឹង​គាត់​ចង់​ចូល​ទៅ​សត្វ​ហ្នឹង អ៊ីចឹង​ការ​អនុញ្ញាត​ឲ្យ​វិនិយោគ​នៅ​លើ​កន្លែង​ហ្នឹង គឺ​មាន​ចំនួន​តិច»

ព្រៃឡង់​ត្រូវ​បាន​ព្រឹទ្ធ​បុរស​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ព្រៃឈើ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង លោក វន មុនិន្ទ ពន្យល់​ថា ទំហំ​ព្រៃឡង់ រួម​តូច​ដោយសារ​អាជីវកម្ម​ព្រៃឈើ និង​ការ​បម្លែង​ដី​ព្រៃ​ឈើ។ ការ​បម្លែង​ដី​ព្រៃ​ឈើ​មាន ៤​ប្រភេទ គឺ​ការ​រីក​រាលដាល​នៃ​កសិកម្ម​ពនេចរ​នៅ​ក្នុង​ព្រៃ មិន​ទាន់​មាន​ការ​គ្រប់គ្រង​ច្បាស់លាស់ ប្រពលវប្បកម្ម​លើ​វិស័យ​កសិកម្ម ដែល​ធ្វើ​ឲ្យ​ដី​ព្រៃឈើ​ក្លាយ​ទៅ​ជា​ដី​កសិកម្ម​អចិន្ត្រៃយ៍ ការ​បម្លែង​ដី​ព្រៃ​ឈើ​ទៅ​ជា​វិស័យ​កសិកម្ម​អចិន្ត្រៃយ៍​ខ្នាត​តូច និង​ឧស្សាហកម្ម​ខ្នាត​ធំ ដែល​នាំ​ឲ្យ​គម្រប​ព្រៃឈើ​លើ​ពិភពលោក​ប្រែប្រួល។ លោក​ថា ព្រៃ​ធម្មជាតិ​​គឺ​បាត់បង់ ប៉ុន្តែ​វា​បាន​ជំនួស​មក​វិញ​ដោយ​ការ​ដាំ​ព្រៃ​ថ្មី ដូចជា​ចម្ការ​ដំឡូង ស្វាយ កៅស៊ូ​ជាដើម។

បញ្ហា​ព្រៃឡង់ ត្រូវ​បាន​សហគមន៍​ការពារ​ព្រៃឡង់ បង្ហាញ​ថា មនុស្ស​រុករាន​កាប់​ឈើ​លក់ និង​ទន្ទ្រាន​យក​ដី​កាន់កាប់ ដែល​នាំ​ឲ្យ​ព្រៃឡង់ វិនាស និង​រេចរឹល។ បញ្ហា​នេះ​អភិបាល​រង​ខេត្ត​កំពង់ធំ លោក ប្រាក់ សារ៉ាត ថ្លែង​ថា បច្ចុប្បន្ន​ទោះ​ជា​ល្បី​ថា ព្រៃឡង់​មាន​ការ​កាប់​ឈើ​អានាធិបតេយ្យ និង​ការ​ទន្ទ្រាន​យក​ដី​យ៉ាង​ច្រើន​ក៏ដោយ ប៉ុន្តែ​ព្រៃឡង់ ​នៅ​មាន​ព្រៃ និង​ដើម​ឈើ​ធំៗ​ច្រើន​ណាស់​ដែល​លោក​មិន​អាច​ដើរ​មើល​ក្នុង​ព្រៃ​ដោយ​គ្មាន​អ្នក​នាំ​ផ្លូវ​បាន​ទេ៖ «កសិករ​ពនេចរ គាត់​ទៅ​ពី​កន្លែង​ផ្សេង គាត់​កាប់​ព្រៃឈើ​ហ្នឹង​ធ្វើ​ស្រែ។ ដល់​ពេល​ដី​ហ្នឹង​ត្រូវ​ថ្លៃ គាត់​លក់​ឲ្យ​អ្នក​ដទៃ​ទៀត ហើយ​គាត់​ទៅ​កាប់​កន្លែង​ផ្សេង​ទៀត ហើយ​អាជ្ញាធរ​យើង​ប្រឹង​ទប់ស្កាត់​​ណាស់ ហើយ​ដល់​ទប់ស្កាត់​ពេក​ទៅ គាត់​ថា យើង​ហ្នឹង​ក៏​ចេះតែ​ថា​ទប់​គាត់​ពេកៗ»

​បន្ថែម​លើ​នេះ អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​វិភាគ​ឯករាជ្យ បណ្ឌិត កែម ឡី ថ្លែង​ថា ព្រៃឡង់​មាន​ទន្លេ​៣ ហូរ​កាត់​ក្នុង​ខេត្ត​ទាំង​៤​នោះ។ លោក​ថា ប្រសិន​បើ​ទុក​ព្រៃឡង់ ជា​តំបន់​អេកូ​ទេសចរណ៍ គឺ​ប្រសើរ​​បំផុត ព្រោះ​វា​បង្ក​ការ​ទាក់ទាញ​អ្នក​ទេសចរ​ដោយសារ​ព្រៃ​ធម្មជាតិ​ដុះ​អម​ដង​ទន្លេ​ទាំង​នោះ៖ «យើង​ចង់​ឲ្យ​ព្រៃឈើ​ហ្នឹង​គង់វង្ស​ភាគ​ច្រើន យើង​ដាក់​តំបន់​ព្រៃឡង់​ហ្នឹង ជា​ព្រៃ​អភិរក្ស​ពិសេស​ថែម​ទៀត​ទៅ ដូច​តំបន់​អភិរក្ស​សត្វព្រៃ តំបន់​ឧទ្យាន​ជាតិ​អ៊ីចឹង​ទៅ»

​អតីត​និស្សិត​បរិស្ថាន​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា សេរី រ័ត្ន ថ្លែង​ថា គាត់​ធ្លាប់​ឮ​អំពី​ព្រៃឡង់ ពី​ការ​តវ៉ា និង​ការ​ដណ្ដើម​ដី​គ្នា​កាន់កាប់។ ការ​ប្រជុំ​នេះ បាន​ធ្វើ​ឲ្យ​ពួកគាត់​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ព្រៃ​នៅ​ក្នុង​ស្រុក​ខ្មែរ និង​ការ​កាប់​បំផ្លាញ ដែល​ត្រូវ​រួម​គ្នា​ការពារ និង​អភិរក្ស។

​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា បណ្ឌិត តឹក វណ្ណារ៉ា ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្រមូល​យោបល់​ពី​មន្ត្រី​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ក្ដី​បារម្ភ​របស់​សហគមន៍​ការពារ​ព្រៃឡង់ រួចរាល់ អង្គការ​នេះ​នឹង​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​សុំ​សហការ​ពន្លឿន​ចុះ​បញ្ជី​ព្រៃឡង់ ជា​តំបន់​ព្រៃ​ការពារ ពិសេស ជំរុញ​ការ​គ្រប់គ្រង​ព្រៃឈើ​ឲ្យ​បាន​ប្រសើរ បង្ការ​បាតុភូត​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​កម្ដៅ​ផែនដី​កំពុង​កើន​ឡើង ខ្យល់​កន្ទ្រាក់ និង​ការ​រីង​រាក់​នៃ​ដៃ​ទន្លេសាប​ទាំង ១១ ដែល​វា​ជា​តំបន់​ស្តុក និង​បង្កាត់​ពូជ​ត្រី​ធម្មជាតិ ដោយសារ​តែ​ការ​មិន​អាច​គ្រប់គ្រង​ការ​រុករាន​ព្រៃឈើ​នោះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល