ប្រជា​សហគមន៍​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ​រក​ឃើញ​បទ​ល្មើស​ព្រៃឈើ​ជិត ១០០ករណី​ពាក់ព័ន្ធ​ក្រុមហ៊ុន​វៀតណាម​មួយ

ដោយ សុជីវី
2021-10-26
Share
ប្រជា​សហគមន៍​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ​រក​ឃើញ​បទ​ល្មើស​ព្រៃឈើ​ជិត ១០០ករណី​ពាក់ព័ន្ធ​ក្រុមហ៊ុន​វៀតណាម​មួយ (រូបឯកសារ) ឈើគេអាររំលំ​នៅចំណុចឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ដែល​ក្រុមអ្នក​ល្បាតព្រៃប្រទះឃើញ ពេលចុះល្បាតព្រៃឡង់ កាល​ពី​ថ្ងៃ​ទី២១ ខែមីនា ឆ្នាំ២០២១។
រូប៖ លោក ខេម សុឃី សកម្មជន​ព្រៃ​ឡង់

ប្រជា​សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ​រក​ឃើញ​បទល្មើស​ព្រៃឈើ ៨៦ករណី​ជាថ្មី​ទៀត ដែល​មាន​ជាប់​ពាក់ព័ន្ធ​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT Co., Ltd.) នៅតែ​បញ្ជូន​កម្មករ​រាប់​សិប​នាក់ ចូល​ព្រៃឡង់ អារ​ឈើ​មូល​ធំៗ ធ្វើ​អាជីវកម្ម។ ពួកគេ​លើក​ឡើង​ថា រក​ឃើញ​នេះ ក្រោយពី​ចុះ​ល្បាត​ដោយ​លួចលាក់​រយៈ​ពេល ៥ថ្ងៃ ដើម្បី​ប្រមូល​ភស្តុតាង និង​ឃ្លាំមើល​ពី​ស្ថានភាព​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់។

ប្រជា​សហគមន៍​ព្រៃ​ឡង់ និង​សកម្មជន​ការពារ​ព្រៃ​ឈើ មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល នៅ​តែ​មិន​ចាប់អារម្មណ៍ ទៅ​លើ​មន្ត្រី​ខិលខូច​នៅ​ខេត្ត​ព្រះវិហារ ដែល​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ដដែលៗ កើត​ឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

ពួក​គេ​រក​ឃើញ​ថា ក្រោយពី​ចុះ​ល្បាត​រយៈ​ពេល​ជិត ១សប្ដាហ៍​ចាប់​ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី២៣ តុលា កន្លង​ទៅ​ប្រទះ​ឃើញ​កម្មករ​របស់​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី ជា​ច្រើន​ក្រុម បាន​បោះតង់​ស្នាក់​នៅ​ក្នុង​ព្រៃ​ប្រដាប់​ដោយ​វិទ្យុ​ទាក់ទង​ស្ទើរ​គ្រប់​ដៃ រណា​យន្ត និង​គោយន្ត ១៥គ្រឿង ដើម្បី​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់ នៅ​ចំណុច​យាង​ប្រាសាទ​គោល អូរ​អាចម៍​ដែក និង​ជាំ​តាង៉ុត ឆ្ពោះ​ទៅ​ដេប៉ូ​ស្តុក​ឈើ របស់​ក្រុមហ៊ុន​មួយ​នេះ ឋិត​ជាយ​ព្រៃ​ឡង់​ក្នុង​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ។

ប្រធាន​សហគមន៍​ព្រៃឡង់ លោក ស្រី ថី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ តុលា​ថា សកម្មភាព​កាប់​ឈើ​ទ្រង់​ទ្រាយ​ធំ​ក្នុង​ព្រៃ​អភិរក្ស​នេះ គឺ​មាន​ការ​ឃុបឃិត​គ្នា​រវាង​មន្ត្រី​បរិស្ថាន និង ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី។ លោក​ថា ដើម​ឈើ​ធំៗ មាន​មុខ​កាត់ ៦តឹក ដល់​ជាង ១ម៉ែត្រ នៅ​តែ​ប្រឈម​កាប់​ផ្ដួល​ធ្វើអាជីវកម្ម​ពី​សំណាក់​កម្មករ​ក្រុមហ៊ុន​វៀតណាម រាប់​សិប​នាក់​បាន​ពង្រាយ​ក្នុង​ព្រៃ ដើម្បី​កាប់​ឈើ​នៅ​ចំពោះ​មុខ​មន្ត្រី​បរិស្ថាន​រយៈ​ពេល​ជាង ២សប្ដាហ៍​មក​ហើយ។ លោក​អំពាវ​នាវ​ជា​ថ្មី​ទៀត ឱ្យ​រដ្ឋាភិបាល​ចាប់​អារម្មណ៍​លើ​មន្ត្រី​ខិលខូច​របស់​ខ្លួន​ដែល​នៅតែ​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​ដដែលៗ ធ្វើ​ឱ្យ​ព្រៃ​ឡង់​វិនាស​ហិនហោច៖ «ព្រៃ​ឡង់​រលាយ​ហើយ​ បើ​រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍​លើ​មន្ត្រី​ខិលខូច​នៅ​ខាង​ក្រោម។ ដឹង​តែ​វា​រលាយ​ហើយ​ មិន​អាច​ទប់​បាន​ទេ បើ​ខ្ញុំ​ទៅ​សួរ ​អ្នក​អារ​ឈើ​ឱ្យ​ទៅ ឃើញ​មន្ត្រី​បរិស្ថាន​មក​អត់ គេ​ថា មក​តែ​មក​ដោះ​ស្រាយ​បាយ​ទឹក​តិចតួច​ក៏​ចប់​ទៅ។ ការ​បើក​ដៃ​ពី​មន្ត្រី​នៅ​តែ​មាន​ដដែលៗ វា​មិន​ថមថយ​ទេ ​បទល្មើស​ព្រៃ​ឈើ​នៅ​តែ​កើន​ឡើង​ដដែល។

លោក ស្រី ថី បន្ថែម​ថា កម្មករ​របស់​ក្រុមហ៊ុន​នេះ មាន​អាវុធ​កែច្នៃ ២ដើម បាន​គំរាម​បាញ់​ពួក​លោក ក្នុង​ពេល​ចុះ​ឃ្លាំមើល​បទល្មើស​ព្រៃ​ឈើ។ រីឯ​មន្ត្រី​បរិស្ថាន​ដែល​ឈរជើង​យាម​ព្រៃ​នៅ​ទី​នោះ មិន​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នោះ​ទេ បែរ​ជា​ព្យាយាម​ស្វែង​រក​អ្នក​ការពារ​ព្រៃ​ឈើ ដើម្បី​អនុវត្ត​ច្បាប់។

ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ​ជិត ៨ពាន់​ហិកតារ (.៩០០) នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ឆ្នាំ២០១០ ក្រោម​កិច្ចសន្យា​រយៈ​ពេល ៧០ឆ្នាំ។ ក្នុង​កិច្ចសន្យា ក្រុមហ៊ុន​នេះ​វិនិយោគ​ដំណាំ​ខ្លឹម​ច័ន្ទ ចន្ទី និង​ដំណាំ​រួម​ផ្សំ​ផ្សេងៗ ទៀត ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ក្រុមហ៊ុន​មិនបាន​ដាំ​ដុះ​តាម​កិច្ចសន្យា​នោះ​ទេ ដោយ​ផ្ដោត​លើ​ការ​កាប់​ឈើ​ទៅ​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​លោក អេង ហ៊ី បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា ឱ្យ​តែ​មាន​បទ​ល្មើស​ព្រៃឈើ គឺ​អាជ្ញាធរ​ដែនដី​តែងតែ​អនុវត្ត​ច្បាប់។ លោក​ជំរុញ​ឱ្យ​ប្រជា​សហគមន៍​ផ្តល់​ព័ត៌មាន​នេះ ទៅ​អាជ្ញាធរ​ខេត្ត ដែល​ជា​សេនាធិការ​របស់​គណៈកម្មការ​ជាតិ ដើម្បី​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ៖ «សូម​ឱ្យ​គាត់​ទំនាក់​ទំនង​ទៅ​អាជ្ញាធរ​ដែនដី ក្នុង​ករណី ដែល​អាជ្ញាធរ​ដែនដី​មិន​បង្ក្រាប អា​ហ្នឹង​បាន គណៈកម្មការ​ជាតិ ​ចុះ​ទៅ​បង្ក្រាប​ តែ​ធម្មតា​តូចៗ អនុគណៈកម្មការ​គេ​ទៅ​បង្ក្រាប​ហើយ»

ដោយឡែក តំណាង​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី ជា​ជនជាតិ​តៃវ៉ាន់ (Taiwan) ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​អាច​បំភ្លឺ​រឿង​នេះ​តាម​ទូរស័ព្ទ​បានទេ។

ជុំវិញ​រឿង​នេះ សកម្មជន​ការពារ​ព្រៃឈើ​លោក ហេង ស្រស់ ចាត់​ទុក​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នេះ ជា​ចេតនា​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ដែល​ឃុបឃិត​គ្នា ជាមួយ​ក្រុមហ៊ុន​វៀតណាម​រក​ស៊ី​ឈើ​ខុស​ច្បាប់។ លោក​សង្កេត​ឃើញ​ថា មន្ត្រី​បរិស្ថាន មិនមែន​ការពារ​ព្រៃឈើ​នោះ​ទេ បែរ​ជា​កាង​ការពារ​ជន​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ ក្នុងពេលដែល​ប្រជា​សហគមន៍​ព្រៃ​ឡង់ ចង់​ល្បាត​ព្រៃ ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ​តែ​បែរ​ទទួល​រង​ការ​គំរាមកំហែង និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​មន្ត្រី​បរិស្ថាន​ទៅ​វិញ៖

«នេះ​គ្រាន់តែ​មួយ​ខេត្ត​ទេ ​ហើយ​ព្រៃ​ឡង់​ទាំង​អស់ ៤ខេត្ត ហើយ​យើង​គ្មាន​លទ្ធភាព​ណា ដើម្បី​ចូល​ព្រៃ​ឡង់​បាន​ទេ ព្រោះ​ព្រៃ​ឡង់​គ្រប់​ដណ្ដប់​ដោយ​មន្ត្រី​បរិស្ថាន ហើយ​កាង​ការពារ​ដោយ ​មិន​ឱ្យ​ពួក​យើង​ចូល សូម្បី​តែ​ឈរ​អែប​មាត់​ព្រៃ បើ​សិន​ជា​យើង​មើល ពី​បទល្មើស​ ហើយ​អ្នក​រក​ស៊ី​កាប់​បំផ្លាញ​ព្រៃឈើ បែរ​ចូល​ព្រៃ​យ៉ាង​រលូន គេ​មាន​តែ​កាង ​ហើយ​បើក​ដៃ»

កាលពី​ចុង​ឆ្នាំ២០២០ ប្រជា​សហគមន៍​ព្រៃ​ឡង់ ប្រទះឃើញ​ឈើ​មូល​ធំៗ ជាង ៥០០ដើម ត្រូវ​គេ​កាប់​ចេញពី​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ដឹក​ជញ្ជូន​ចូល​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន ភីអ៊ិនធី ជា​បន្ត​បន្ទាប់ ដើម្បី​អារ​ច្រៀក​ធ្វើ​អាជីវកម្ម។ ប្រជា​សហគមន៍ និង​ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​មាន​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ខ្នាត​ធំ ៤គ្រឿង និង​មាន​រថយន្ត​កែច្នៃ​ជិត ១០គ្រឿង សម្រាប់​ដឹក​ឈើ​ធ្វើ​អាជីវកម្ម។

សកម្មជន​បរិស្ថាន​បន្ថែម​ថា បើ​ទោះ​បី​ជា​រក​ឃើញ​ភស្តុតាង​ជា​ច្រើន​ដែល​បង្ហាញ​ថា ក្រុមហ៊ុន ភីអ៊ិនធី​ និង​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​ខ្នាត​ធំ​ជាប់​តំបន់​ព្រៃ​ឡង់​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​មិន​ត្រឹម​តែ​គ្មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​រដ្ឋាភិបាល​នោះ​ទេ ផ្ទុយ​ទៅ​វិញ​សកម្មភាព​កាប់​ឈើ​ធំៗ នៅ​តែ​កើត​មាន​ឥត​ស្រាកស្រាន្ត៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល