ពលរដ្ឋរស់នៅស្រុកមេសាង ខេត្តព្រៃវែង ស្នើរដ្ឋាភិបាលអាណត្តិថ្មី សង្គ្រោះព្រែកជីផុច នៅតែបន្តទទួលរងការចាក់ដីលុបឱ្យគោករាក់ អស់ស្ទើរតែទាំងស្រុង ដោយគ្មានការអនុវត្តច្បាប់នៅឡើយទេ មកទល់ពេលនេះ។
អ្នកភូមិខ្លះ បានដាក់បណ្តាសាអាជ្ញាធរខេត្តនេះថា ឃុបឃិតជាប្រព័ន្ធច្បាមយកសម្បត្តិជាតិ ផ្គើននឹងបទបញ្ជារបស់រដ្ឋាភិបាល។
សកម្មភាពចាក់ដីលុបព្រែក និងបឹងបួ ក្នុងស្រុកមេសាង ខេត្តព្រៃវែង ឱ្យគោករាក់ ដើម្បីរំលោភយកដីសាធារណៈរបស់រដ្ឋ លក់ធ្វើអាជីវកម្ម នៅតែបន្តកើតមានច្រើន ដោយគ្មានវិធានការច្បាប់នៅឡើយទេមកទល់ពេលនេះ។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋចោទប្រកាន់ អតីតអភិបាលខេត្តព្រៃវែង លោក ជា សុមេធី បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថា ឃុបឃិតគ្នា កេងប្រវ័ញ្ចសម្បត្តិជាតិដោយមិនក្រែងចិត្តពលរដ្ឋ និងមិនញញើតច្បាប់ឡើយ។
ព្រះតេជព្រះគុណ គង់នៅវត្តមួយ ក្នុងស្រុកមេសាង ខេត្តព្រៃវែង ព្រះនាម ផន ភាន់ មានថេរដីកាថា ព្រែកជីផុច ជាកន្លែងស្តុកទឹកយ៉ាងសំខាន់សម្រាប់ពលរដ្ឋជាច្រើនពាន់គ្រួសារទាញទឹកធ្វើកសិកម្ម និងនេសាទត្រីចិញ្ចឹមជីវិត ត្រូវគេចាក់លុបឱ្យគោករាក់អស់ជាច្រើនហិកតារ ដោយគ្មានការទប់ស្កាត់នៅឡើយទេ។

ព្រះតេជព្រះគុណបន្ថែមថា អាជ្ញាធរខេត្តនេះ មិនយកចិត្តទុកដាក់ថែទាំ សម្បត្តិជាតិឱ្យគង់វង្សឡើយ តែផ្ទុយទៅវិញ បណ្តែតបណ្តោយឱ្យមានការចាក់ដីលុបព្រែក និងបឹងបួ ស្ទើរគ្រប់តំបន់។
ព្រះអង្គ ផន ភាន់៖ «កាលណាលុប ព្រែក ស្ទឹង សម្បត្តិសាធារណៈរបស់រដ្ឋ ណាមួយប៉ះពាល់ជីវភាពពលរដ្ឋ ទឹកជន់លិចហូរពេលភ្លៀង ខែវស្សា ជូនទៅខែប្រាំងអត់មានទឹក។ ទំនៀមទម្លាប់ប្រពៃណី គាត់នៅតែអាស្រ័យផល ខែប្រាំង និងវស្សា មានតែបឹងបួ ស្ទឹងព្រែកហ្នឹងហើយ»។
ព្រែកជីផុច មានទំហំផ្ទៃទឹករាប់រយហិកតារធំទូលាយ ដោយមានបណ្ដាញទឹកខ្វាត់ខ្វែង ភ្ជាប់នឹងបឹងមេសាង ដែលអ្នកស្រុកចាត់ទុកថា ជាប្រភពប្រាក់ចំណូលមិនរីងស្ងួត និងផ្តល់ប្រយោជន៍ច្រើនដល់ប្រជាកសិកររាប់ពាន់គ្រួសារ ធ្វើកសិកម្មគ្រប់រដូវ។
បច្ចុប្បន្នបឹងនេះ បានក្លាយជាដីគោករាក់អស់រាប់សិបហិកតារ ដោយមានផ្នែកខ្លះសង់អគារ សំណង់រឹង កន្លែងលម្ហែ លក់អចលនទ្រព្យ និងរបងថ្ម ដោយក្រុមអ្នកមានលុយមានអំណាច ឃុបឃិតជាមួយអាជ្ញាធរខេត្តនេះ។
សកម្មភាពចាក់ដីលុបព្រែកធម្មជាតិនេះ ធ្វើឡើងជាបន្តបន្ទាប់នៅរយៈពេលជាង ១ឆ្នាំចុងក្រោយនេះ។
ពលរដ្ឋសោកស្តាយ ធនធានធម្មជាតិទាំងនេះ បន្សល់តាំងពីបុរាណកាលមក បែរជាហិនហោច នៅជំនាន់នេះ។
ពលរដ្ឋម្នាក់ទៀត លោក ហ៊ិន សុផានី បារម្ភថា នៅពេលមានផ្ទះច្រើន សង់ជាប់នឹងផ្ទៃព្រែកដែលទើបនឹងចាក់លុបថ្មីៗ ចៀសមិនផុត នឹងមានការបង្ហូរកាក់សំណល់ ទឹកលូបង្គន់ និងសំរាមចូលព្រែក ធ្វើឱ្យប៉ះពាល់សុខភាពសាធារណៈ និងសម្រស់ធម្មជាតិ។
លោក ហ៊ិន សុផានី៖ «ការចាក់លុបកាន់តែធ្ងន់ធ្ងរ ព្រែកជីផុចគេធ្វើផ្ទះ និងកញ្ចុះជុំជិតអស់ មេរៀនព្រែកជីផុច ខ្ញុំខ្នះខ្នែងយកមេដៃពលរដ្ឋ ដើម្បីកុំឱ្យរីករាលដាល ទៅបឹងមេសាងទៀត»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យសាលាខេត្តព្រៃវែង និងជាអភិបាលរងខេត្ត លោក ឡៃ វណ្ណារ៉ា បាននៅឡើយទេ នៅថ្ងៃទី១២ កញ្ញា។
ថ្មីៗនេះ អ្នកភូមិបានចុះដល់ទីតាំងចាក់លុបព្រែកនេះដោយថតវីដេអូ និងរូបភាព ដើម្បីបង្ហាញភស្តុតាងជាក់ស្តែង ពីទិដ្ឋភាពសំណង់រឹងមាំ និងកន្លែងពុះដីឡូលក់សង់លើផ្ទៃព្រែក មានអគារធំៗ របងថ្ម និងដីក្រហម ដែលគេទើបតែចាក់ចូលព្រែកឱ្យក្លាយជាគោករាក់។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ស្នើឱ្យរដ្ឋាភិបាលអាណត្តិថ្មី អនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួន ដោយជំរុញឱ្យអាជ្ញាធរខេត្តព្រែវែងទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងរឿងនេះ និងកាយដីដែលចាក់លុបព្រែកឱ្យដូចទម្រង់ដើមវិញ។
លោក ប៉ែន ប៊ុណ្ណារ៍៖ «តាមផ្លូវច្បាប់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ អត់មានអាជ្ញាយុកាលទេ។ កាលចូលកាន់កាប់ទាំងឡាយណា ដែលផ្ទុយពីច្បាប់ វានៅតែជាទ្រព្យរបស់រដ្ឋ។ ពលរដ្ឋរស់នៅ ដឹងរឿងហ្នឹង ត្រូវតែដាក់បណ្តឹងបរិហារ។ កាលចូលកាន់កាប់ទ្រព្យរបស់រដ្ឋ ជាល្មើសព្រហ្មទណ្ឌ ត្រូវជំរុញឱ្យដកហូត មកជាសម្បត្តិសាធារណៈរបស់រដ្ឋវិញ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ ចាត់ទុកទង្វើនេះ ជាគំរូអាក្រក់មួយ ឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់ទន់ខ្សោយ និងអសមត្ថភាព ការពារភោគទ្រព្យជាតិ ស្របតាមរដ្ឋធម្មនុញ្ញ និងអនុក្រឹត្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
